មន្ត្រី​បក្ស​ប្រឆាំង​នៅ​ក្រុង​ប៉ោយប៉ែត​លោក​ ចៅ វាសនា ​ត្អូញត្អែរ​ពី​ការ​លំបាក​ដោយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាការ​ព្រៃស​

ដោយ មាន ឫទ្ធិ
2019-01-22
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ចៅ​សង្កាត់​រង​ទី​២ សង្កាត់​ប៉ោយប៉ែត មក​ពី​គណបក្ស សម រង្ស៊ី លោក ចៅ វាសនា អង្គុយ​នៅ​ការិយាល័យ​គណបក្ស​សង្គ្រោះ​ជាតិ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo Provided
ចៅ​សង្កាត់​រង​ទី​២ សង្កាត់​ប៉ោយប៉ែត មក​ពី​គណបក្ស សម រង្ស៊ី លោក ចៅ វាសនា អង្គុយ​នៅ​ការិយាល័យ​គណបក្ស​សង្គ្រោះ​ជាតិ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo Provided


សាច់ញាតិ​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ក្រុង​ប៉ោយប៉ែត​​ ទទូច​ឲ្យ​តុលាការ​របប​ក្រុង​ភ្នំពេញ​ពន្លឿន​នីតិវិធី​សំណុំ​រឿង​លោក ចៅ វាសនា ដើម្បី​បញ្ជូន​ត្រឡប់​មក​​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​វិញ។ ការ​ទទូច​នេះ​ដោយសារ​តែ​លោក ចៅ វាសនា បាន​ត្អូញត្អែរ​ពី​ភាព​​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស ហើយ​ពិបាក​រស់​នៅ។

ភរិយា​អតីត​ចៅសង្កាត់​ប៉ោយប៉ែត​ អ្នក​ស្រី​ វង្ស គឹមហុង​ ថ្លែង​ប្រាប់​អាស៊ី​សេរី​ព្រឹក​ថ្ងៃ​ទី​២១​មករា​ថា អ្នក​ស្រី​អាក់ខាន​​ទៅ​ជួប​លោក​ចៅ វាសនា ជាង​៣ខែ​ហើយ ដោយសារតែ​តុលាការ​បាន​ប្ដូរ​ទៅ​ឃុំ​ខ្លួន​ស្វាមី​នៅ​ពន្ធនាគារ​ព្រៃស នៅ​រាជធានី​ភ្នំពេញ។អ្នក​ស្រី​បន្ថែម​ទៀត​ថា ការ​ប្ដូរ​ពន្ធនាគារ​នេះ​បង្ក​ការ​លំបាក​យ៉ាង​ខ្លាំង​ដល់​ក្រុម​គ្រួសារ​ ព្រោះ​ត្រូវ​ចំណាយ​ពេល​ច្រើន​ថ្ងៃ​និង​ចំណាយ​ថវិកា​ច្រើន​ដើម្បី​​ទៅ​សួរសុខទុក្ខ។អ្នកស្រី​ថា​ អំឡុង​ពេល​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​នោះ​ ​លោក​ចៅ វាសនា​ បាន​ត្អូញត្អែរ​ពី​ការ​ចង្អៀត​ណែន​ ធ្វើ​អោយ​ពិបាក​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ព្រមទាំង​ត្រូវ​ប្រឈម​នឹង​ការ​ឈ្លោះ​ប្រកែក​គ្នា​របស់​អ្នក​ទោស​ក្នុង​ពន្ធនាគារ៖ «យប់​ឡើង​គាត់​ទូរស័ព្ទ​មក​ក៏​និយាយ​គ្នា​មួយ​សន្ទុះ​ក៏​ឈប់​ទៅ​ ខ្ញុំ​នឹក​ឃើញ​អាណិត​ស្រណោះ​ប្ដី​ដែរ​ យប់​ព្រលប់​អី​ធ្លាប់​និយាយ​លែង​ជា​មួយ​គាត់​ពេល​រស់​ជា​មួយ​គ្នា​ ដល់​ពេល​បែក​គ្នា​យូរ​អាណិត​គាត់​ តែ​មិន​ធ្វើ​ម៉េច​យើង​ចេះ​តែ​ទ្រាំ​ទៅ។ អ្នក​ខ្លះ​ដែកៗ គេ​វាយ​គ្នា​យំ​ស្រែ​ពេញ​កន្លែង​ដេក​ គាត់​ដេក​មិន​បាន​ទេ​រវល់​តែ​អ្នក​ទោស​ឈ្មោះ​គ្នា​ ហើយ​ចង្អៀត​អា​ខ្លះ​ដេក​ផ្ទុយ​គ្នា​ទៅ»

មន្ត្រី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​បាន​បញ្ជូន​លោក ចៅ វាសនា ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស តាំងពី​ថ្ងៃ​ទី​១៤ ខែ​តុលា​មិន​ទាន់​បញ្ជូន​ត្រឡប់មកវិញ​នៅឡើយ​ទេ ដោយ​មន្ត្រី​ពន្ធនាគារ​ប្រាប់​ភរិយា​លោក​ចៅ វាសនា​ថា ការ​ប្ដូរ​ទីតាំង​ឃុំ​ខ្លួន​នេះ​ ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើ​នីតិវិធី​នៅ​សាលាឧទ្ធរណ៍។

ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​៧ មិថុនា ឆ្នាំ​២០១៨ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក ចៅ វាសនា និង​កម្មករ​អូស​រទេះ​ចំនួន ៧​នាក់​ផ្សេងទៀត​ដាក់​ពន្ធនាគារ​ម្នាក់ ៥​ឆ្នាំ។ ភ្លាមៗ ក្រោយពី​ប្រកាស​សាលក្រម​មេធាវី​ការពារ​ក្ដី​លើ​សំណុំ​រឿង​នេះ​ លោក​ ជួង ជុងី​ បាន​ដាក់​ពាក្យ​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍ ​ស្នើសុំ​ឲ្យ​​ទម្លាក់​អង្គសេចក្ដី​របស់​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ សាលាឧទ្ធរណ៍​មិនទាន់​ជម្រះក្ដី​រឿង​នេះ​នៅឡើយ​ទេ៖ «បើ​គិត​ទៅ​វា​៣ដង​ហើយ​លើក​ទី​មួយ​សុំ​នៅ​ក្រៅ​គេ​បដិសេធ​ទៅ​ដល់​តុលាការ​កំពូល​ លើក​ទី​២​គេ​ឧទ្ធរណ៍​បដិសេធ យើង​ប្ដឹង​ទៅ​កំពូល​ដែរ​ហើយ​ និង​លើក​ទី​៣​អង្គសេចក្ដី​គេ​មិន​ទាន់​កាត់​ក្ដី​នៅ​សាលាឧទ្ធរណ៍​។គឺ​ចំណាត់​ការ​នេះ​យូរ​ និង​មាន​ការ​យឺតយ៉ាវ​ ហើយ​តុលាការ​ហាក់​ដូច​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​កិច្ច​ការ​របស់​ខ្លួន»

លោក ចៅ វាសនា ជា​ចៅសង្កាត់​ប៉ោយប៉ែត​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ដើមកំណើត​ខ្មែរ​ក្រោម។ ចៅសង្កាត់​រូប​នេះ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​នេះ កាលពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ២០១៧ គឺ​នៅ​មុន​ពេល​បោះឆ្នោត​ឃុំ​សង្កាត់ កាលពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រើ​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស។

ទាក់ទង​នឹង​បញ្ហា​នេះ​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​លោក សន កែវ​ មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា ការ​គ្រប់គ្រង​​ក្នុង​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​បាន​កែសម្រួល​​ភាព​ចង្អៀត​ណែន បាន​ល្អ​ប្រសើរ​ជាង​មុខ ដូចជា​ការ​បាន​សាងសង់​អាគារ​បន្ថែម​នៅ​ក្នុង​ពន្ធនាគារ​មួយ​ចំនួន​ជា​ដើម៖ «ជា​ទូទៅ​យើង​នៅ​ទូទាំង​ប្រទេស​តែ​ម្ដង​ដែល​យើង​ដោះស្រាយ​បែប​នេះ​នៅ​តាម​អង្គការ​ភាព​ផ្ទាល់។ដោយឡែក​សម្រាប់​កម្រិត​នៅ​ក្រសួង​ រដ្ឋាភិបាល​គឺ​ក្រសួង​បាន​ដោះស្រាយ​ដោយ​សាងសង់​អាគារ​សាខា​ទី​មួយ​នៅ​មណ្ឌល​កែប្រែ​ទី​៤ បាន​ប្រាំបី​អាគារ។ ដូច្នេះ​ប្រាំបី​អាគារ​នេះ យើង​អាច​ដាក់​បាន​ប្រហែល​ ១ពាន់​ ៥០០​នាក់​ ហើយ​យើង​ទៅ​ពី​កន្លែង​ចង្អៀតៗ មក​យក​ទៅ​បញ្ចេញ​ទៅ​ទីនោះ»

ទោះ​ជា​យ៉ាង​ណា​ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា​ ការ​រស់​នៅ​របស់​អ្នក​ទោស​ក្នុង​ពន្ធនាគារ​នៅ​តែ​មាន​បញ្ហា​ចង្អៀត​ណែន ហើយ​​របប​លោក ហ៊ុន សែន មិន​ទាន់​​ដោះស្រាយ​ពន្ធនាគារ​ណា​មួយ​ឲ្យ​ប្រសើរ​នៅ​ឡើយ​ទេ។ លោក​បន្ថែម​ថា ការ​រស់​នៅ​​ដោយ​ចង្អៀត​ណែន​នេះ​ គឺ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​អារម្មណ៍​របស់​អ្នក​ជាប់ឃុំ​ ដូច​ជា​ការ​​ថប់​អារម្មណ៍​​ ហើយ​បង្ក​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខុស​ប្រក្រតី​និង​កើត​ជំងឺ​ឆ្លង​ឆាប់រហ័ស៖ «ហើយ​ការ​ចេញ​ចូល​ដើម្បី​យក​ខ្យល់​អាកាស​នោះ កាល​ណា​អ្នក​ទោស​កំណើន​ច្រើន​ពេក​ហើយ​កម្លាំង​សមត្ថកិច្ច​មិន​ឆ្លើយ​តប គឺ​មិន​អាច​ចេញ​ទៅ​ក្រៅ​បាន​ទាំង​អស់​គ្នា​ទេ​ គឺ​មាន​ការ​ប្ដូរ​វេន​គ្នា​រឿង​នេះ​សុទ្ធ​តែ​មាន​ការ​ប៉ះពាល់​ ដូច្នេះ​វា​ប៉ះពាល់​ដល់​សុខ​ភាព​ធ្ងន់ធ្ងរ​ប្រសិន​បើ​កំណើន​ភាព​ចង្អៀត​ណែន​នេះ​​មាន​ការ​កើន​ឡើង​ថែម​ទៀត ហើយ​មួយ​ទៀត​ ប្រសិន​ជា​មាន​បញ្ហា​អី​កើត​ឡើង​គឺ​មាន​ការ​លំបាក​ពី​ព្រោះ​មនុស្ស​ច្រើន​ ហើយ​បើ​សិន​ជា​មាន​បញ្ហា​ឈ្លោះ​គ្នា​បញ្ហា​អី​នៅ​ក្នុង​បន្ទប់​នោះ​ទៀត​កាន់​តែ​មាន​បញ្ហា​កើត​ឡើង»

កន្លង​មក​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។ លោក ស ខេង បញ្ជាក់​ថា​ស្ថានភាព​ចង្អៀត​ណែន​បាន​កើត​ឡើង​នៅ​ស្ទើរ​គ្រប់​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស ហើយ​គិត​ត្រឹម​ចុងខែ​កញ្ញា ឆ្នាំ​២០១៨ ជន​ជាប់ឃុំ​សរុប​មាន​ជាង ៣​ម៉ឺន​នាក់(៣០.០០០) ក្នុង​នោះ​អ្នក​ជាប់ឃុំ​ដែល​ស្ថិត​ក្នុង​នីតិវិធី​តុលាការ​មាន​ជាង​២​ម៉ឺន​នាក់(២០.០០០) ស្មើនឹង​ជិត ៧២​ភាគរយ។

ចំណែក​អង្គការ​ លីកាដូ​ វិញ​រក​ឃើញ​ថា ពន្ធនាគារ​ចំនួន​ ១៨​ក្នុងចំណោម​ ២៨​កន្លែង​នៅ​ទូទាំង​ប្រទេស​មាន​អ្នក​ជាប់ពន្ធនាគារ​ច្រើនជាង ១ ភាគ ៣ គឺជា​អ្នក​ដែល​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​។ ចំណែក​នៅ​ក្នុង​ពន្ធនាគារ​មួយ​ចំនួន​អ្នក​ជាប់ឃុំ​ច្រើនជាង​ពាក់​កណ្ដាល មិនទាន់​ត្រូវ​បាន​តុលាការ​បើកសវនាការ​ជំនុំជម្រះ​នៅឡើយ។ ជាមួយ​គ្នា​នេះ​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​៣០ នាក់ ម្ដាយ​ចំនួន ១៣៥​នាក់ និង​កុមារ​អាយុ​ក្រោម ៣ឆ្នាំ ចំនួន ១៣៨នាក់​កំពុង​រស់នៅ​ក្នុង​ពន្ធនាគារ​ចំនួន ១៨កន្លែង​នៅ​ទូទាំង​ប្រទេស។ អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​លោក សន កែវ បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ទៅ​ខាង​ស្ថាប័ន​តុលាការ​ដែល​យឺតយ៉ាវ​ក្នុង​ការ​ជម្រះ​ក្ដី​ ហើយ​បាន​បញ្ជូន​ជនសង្ស័យ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​កាន់​តែ​ច្រើន​បញ្ហា​នេះ​ ខណៈ​ដែល​ពន្ធនាគារ​មាន​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ឃុំ​ខ្លួន។

លោក អំ សំអាត លើក​ឡើង​ថា​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​លុះ​ត្រា​តែ​តុលាការ​ត្រូវ​ពិនិត្យ​ឡើង​វិញ​រាល់​សំណុំ​រឿង​ណា​ដែល​មិន​ទាន់​កាត់​ក្ដី​ត្រូវ​ពន្លឿន​ជម្រះ​ក្ដី​ឲ្យ​បាន​លឿន​ និង​ឲ្យ​អ្នក​ជាប់​ឃុំ​កម្រិត​ស្រាល​បាន​នៅ​ក្រៅ​បណ្ដោះអាសន្ន ហើយ​ជា​ពិសេស​ទៅ​ទៀត​ការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​មុន​នឹង​ធ្វើ​ការ​ឃុំ​ខ្លួន ដូច​ជា​មិន​ត្រូវ​ឃុំ​ខ្លួន​ជនសង្ស័យ​ដែល​មាន​បទ​ល្មើស​កម្រិត​ស្រាល​ជា​ដើម ដោយ​តុលាការ​អាច​ដាក់​លក្ខខ័ណ្ឌ​ផ្សេង​ ដើម្បី​ឲ្យ​ពួកគាត់​រស់​នៅ​ខាង​ក្រៅ​ពន្ធនាគារ​ ហើយ​អ្វី​ដែល​សំខាន់​របប​ក្រុង​ភ្នំពេញ​ត្រូវ​ផ្សព្វផ្សាយ​និង​ទប់​ស្កាត់​កុំឲ្យ​មាន​បទល្មើស​កើត​ឡើង​ច្រើន​ ជាពិសេស​បញ្ហា​ចោរកម្ម​ និង​ ការ​ជួញដូរ​គ្រឿងញៀន​ ព្រោះ​អ្នក​ទោស​ភាគ​ច្រើន​កើត​ចេញ​ពី​បញ្ហា​ទាំង​អស់​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment