លោក ហ៊ុន សែន ថា​ ជំនួយ​ចិន​នាំ​មក​នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ឯករាជ្យ​ភាព​ជាតិ

ដោយ ទីន ហ្សាការីយ៉ា
2019-01-21
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ក្នុង​ពេល​ជួប​និស្សិត​ខ្មែរ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០១៩។ រូបថត៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister
លោក ហ៊ុន សែន ក្នុង​ពេល​ជួប​និស្សិត​ខ្មែរ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០១៩។ រូបថត៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister


មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន ថ្លែង​សរសើរ​ប្រទេស​ចិន​ជា​ថ្មី​ទៀត​ថា ជំនួយ​របស់​ប្រទេស​មហា​អំណាច​មួយ​នេះ បាន​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ពង្រឹង​ឯករាជ្យ​ភាព​របស់​កម្ពុជា។ អ្នក​វិភាគ​នយោបាយ​យល់​ថា ជំនួយ​របស់​ចិន​មួយ​ផ្នែក​បាន​ផ្ដល់​ប្រយោជន៍​ដល់​​កម្ពុជា ក៏​ប៉ុន្តែ​ជំនួយ​ទាំងនោះ​ក៏​បាន​ធ្វើ​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​ដំណើរ​ធាក់​ថយ​ក្រោយ​ផង​ដែរ។ ​

មេ​ដឹក​នាំ​របប​ឯក​បក្ស លោក ហ៊ុន សែន ថ្លែង​ប្រាប់​ក្រុម​និស្សិត​ខ្មែរ​ជិត ៥០០ នាក់ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី២០ មករា​ថា ជំនួយ​របស់​មហាអំណាច​កុម្មុយនិស្ត​មួយ​នេះ បាន​ជួយ​ឱ្យ​កម្ពុជា​មាន​ការ​អភិវឌ្ឍ និង​​កាន់​តែ​មាន​ឯករាជភាព​ខាង​នយោបាយ។ លោក​បន្ត​ថា ជំនួយ​របស់​ចិន​បាន​ជួយ​ទប់​ស្កាត់​ការ​ជ្រៀត​ជ្រែក​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ ដែល​លោក​អះអាង​ថា មាន​បំណង​ចង់​ផ្តួល​រំលំ​របប​របស់​លោក​គ្រប់​រូបភាព​ទាំងអស់។

លោក​ ហ៊ុន សែន​ ថ្លែង​បែបនេះ ខណៈ​លោក​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​​​ប្រទេស​ចិន​ ជា​ឱកាស​មួយ​ដែល​លោក​គ្រោង​នឹង​ខ្ចី​បំណុល​ចិន​បន្ថែម​ទៀត​សម្រាប់​ការ​​​ស្ថាបនា​គម្រោង​ធំៗ មួយ​ចំនួន​នៅ​ក្នុង​ប្រទេស។ លោក​ក៏​បាន​អះអាង​ទៀត​ថា របប​របស់​លោក​កំពុង​ខិតខំ​ពង្រីក​ទីផ្សារ​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត ក្រៅពី​ទីផ្សារ​អាមេរិក​ និង​អឺរ៉ុប មាន​ដូច​ជា ប្រទេស​ចិន​ អាហ្វ្រិក​ មជ្ឈិមបូព៌ា និង​កូរ៉េ ជាដើម​ ដើម្បី​បញ្ចេញ​ទំនិញ និង​ផលិតផល​កសិកម្ម​របស់​កម្ពុជា។

អ្នក​វិភាគ​នយោបាយ​ លោក គឹម សុខ ដែល​ធ្លាប់​បាន​សិក្សា​នៅ​ប្រទេស​ចិន​ដែរ​នោះ​ មើល​ឃើញ​ថា លោក​ ហ៊ុន សែន កំពុង​និយាយ​បន្លំ​សាធារណជន​អំពី​រឿង​ជំនួយ​ចិន​នេះ ព្រោះ​លុយ​ដែល​ចិន​ផ្ដល់​ឱ្យ​របប​ក្រុង​ភ្នំពេញ​មួយ​ចំណែក​ធំ​ គឺ​កម្ចី​មាន​ការ​ប្រាក់​​ មិន​មែន​ជា​ជំនួយ​ឥត​សំណង​នោះ​ឡើយ។ លោក​ទទួល​ស្គាល់​ថា ជំនួយ​ខ្លះ​របស់​ចិន​បាន​ផ្ដល់​ប្រយោជន៍​ដល់​កម្ពុជា ប៉ុន្តែ​វា​ក៏​បាន​ធ្វើ​ឱ្យ​របប​នេះ​ដើរ​កាន់​តែ​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ និង​បង្កើត​ឱ្យ​មាន​បរិយាកាស​វិនិយោគ​មួយ​ដែល​គ្មាន​តម្លាភាព និង​គណនេយ្យភាព​សង្គម៖ «នៅ​ពេល​ដែល​ក្រុម​លោក ហ៊ុន សែន ប្លន់​យក​អំណាច តាម​រយៈ​ការ​បោះឆ្នោត​ក្លែង​ក្លាយ​ឆ្នាំ២០១៨ ចិន​បាន​ប្រកាស​គាំទ្រ ហើយ​បន្ត​​ផ្ដល់​ជំនួយ​ដែល​អត់​តម្លាភាព និង​ធ្វើ​ទំនាក់​ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ស្ថិត​នៅ​ក្រោម​កន្ទុយ​ក្បិន​ចិន។ ដូច្នេះ​រឿង​អស់​នេះ​វា​ប៉ះពាល់​ខ្លាំង​ណាស់​ទៅដល់​ប្រជាធិបតេយ្យ​នៃ​ប្រទេស​កម្ពុជា ពី​ព្រោះ​ពលរដ្ឋ​ខ្មែរ​ជាង​កន្លះ​នគរ​​ចង់​ឃើញ​ការ​ប្រកួត​ប្រជែង​ត្រឹម​ត្រូវ​ ក៏​ប៉ុន្តែ​ចិន​បែរ​ជា​ប្រឆាំង​នឹង​ឆន្ទៈ​របស់​​ពលរដ្ឋ​ខ្មែរ ហើយ​គាំទ្រ​តែ​មនុស្ស​​មួយ​ក្រុម​តូច។ នេះ​ជា​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​ទាំង​ស្រុង»

ដោយសារ​តែ​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា របប​ក្រុង​ភ្នំពេញ​កំពុង​ប្រឈម​នឹង​ទណ្ឌកម្ម​ពី​ក្រុម​ប្រទេស​​លោក​ខាងលិច មាន​ជា​អាទិ គម្រោង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង​គម្រោង​ស្នើ​ច្បាប់​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP របស់​សមាជិកសភា​សហរដ្ឋអាមេរិក ជាដើម​។ ចំណែក​ទណ្ឌកម្ម​រឹត​ត្បិត​ទិដ្ឋាការ​លើ​មន្ត្រី​ជាន់ខ្ពស់​របប​ក្រុង​ភ្នំពេញ និង​ការ​កាត់​ផ្ដាច់​ជំនួយ​​បច្ចេកទេស​មក​របប​នេះ​វិញ ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ដាក់​ចេញ​រួច​ទៅ​ហើយ តាំង​តែ​ពី​មាន​ការ​រំលាយ​គណបក្ស សង្គ្រោះ​ជាតិ កាល​ពី​ចុង​ឆ្នាំ២០១៧ មក​ម្ល៉េះ។

ប្រឈម​មុខ​នឹង​វិបត្តិ​ទណ្ឌកម្ម​ទាំងនេះ របប​ក្រុង​ភ្នំពេញ​បាន​ស្វះស្វែង​រក​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​ពី​ប្រទេស​ចិន​ ហើយ​មហាអំណាច​កុម្មុយនិស្ត​មួយ​នេះ​ក៏​​បាន​ផ្ដល់​ជំនួយ​ និង​កម្ចី​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដល់​របប​លោក​ ហ៊ុន សែន។ ក្រុង​ប៉េកាំង​ក៏​បាន​​ហាម​ប្រាម​ប្រទេស​ដទៃ​ ពិសេស​ប្រទេស​ប្រជាធិបតេយ្យ​លោក​ខាងលិច​ កុំ​ឱ្យ​លូក​ដៃ​ជ្រៀត​ជ្រែក​កិច្ច​ការងារ​ផ្ទៃក្នុង​របស់​កម្ពុជា​ទៀត​ផង ហើយ​កាល​ពី​ខែ​ធ្នូ​កន្លងទៅ ប្រទេស​ចិន​ទើប​តែ​បាន​ផ្ដល់​ជំនួយ​ និង​កម្ចី ២រយ​លាន​ដុល្លារ​បន្ថែម​ទៀត ដល់​របប​ក្រុង​ភ្នំពេញ។

ប្រធាន​អង្គការ​សម្ពន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ថ្លែង​ថា ការ​ជំពាក់​បំណុល​ចិន​​កាន់​តែ​ច្រើន​ គឺ​ជា​រឿង​មួយ​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ ហើយ​និន្នាការ​បែប​នេះ​មិន​អាច​ឱ្យ​កម្ពុជា​មាន​ឯករាជ្យភាព​ពេញ​លេញ​បាន​ឡើយ​​នៅ​លើ​វិស័យ​សេដ្ឋកិច្ច និង​នយោបាយ៖ «ការ​អភិវឌ្ឍ​ប្រទេស​ហ្នឹង គេ​មិន​មែន​ត្រូវ​ពឹង​ផ្អែក​លើ​តែ​ខាង​ណាមួយ​ទេ។ កម្ចី​ ឬក៏​ការ​ប្រើប្រាស់​ជំនួយ​ហ្នឹង​ត្រូវ​តែ​មាន​តុល្យភាព​រវាង​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ រវាង​លោក​សេរី ​និង​លោក​កុម្មុយនិស្ត។ មាន​តុល្យភាព​គ្នា​ វា​អាច​ជួយ​កុំ​ឱ្យ​មាន​បញ្ហា​ណាមួយ​ដែល​អាច​កើត​មាន​ឡើង​នៅ​ពេល​អនាគត»

គិត​ត្រឹម​ចុង​ឆ្នាំ ២០១៨ កន្លងទៅ កម្ពុជា​ជំពាក់​បំណុល​ចិន​ជាង ៤ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ចំណោម​បំណុល​បរទេស​សរុប​ជាង ៩ពាន់​លាន​ដុល្លារ។ របប​ក្រុង​ភ្នំពេញ​បាន​បន្ថែម​ថវិកា​ជាតិ​ដល់​រហូត​ដល់ ៦ពាន់ ៧រយ​លាន​ដុល្លារ កើន​ឡើង​ជាង ១១ភាគ​រយ​លើស​ឆ្នាំ​ចាស់ ដើម្បី​បង្គ្រប់​ការ​ចំណាយ​សម្រាប់​ឆ្នាំ ២០១៩ ខាង​មុខ ​​ខណៈ​​ចំណូលជាតិ​​មាន​ត្រឹម​តែ​ជាង ៥ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។ របប​នេះ​គ្រោង​នឹង​ខ្ចី​បំណុល​ពី​ដៃគូ​អភិវឌ្ឍន៍​​ប្រមាណ​ ២ ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​នៅ​ឆ្នាំ ២០១៩ ហើយ​ប្រភព​កម្ចី​ធំ​ជាង​គេ​ទំនង​ជា​ប្រទេស​​ចិន​ ដោយសារ​ក្រុង​ភ្នំពេញ​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ខ្លាំង​នឹង​ក្រុង​ប៉េកាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles