វិស័យ​ឯកជន​៣៩ ​សរសេរ​លិខិត​ទៅ​គណៈ​កម្មការ​អឺរ៉ុប​ប្រាប់​ពី​ផល​ប៉ះ​ពាល់​ផ្សេងៗ​ដែល​កើត​ឡើង​បើ​ដក EBA​

ដោយ វណ្ណ សុគន្ធា
22/01/2019
RFI

media
លោក ឧកញ៉ា គិត ម៉េង
@Internet


តំណាង​វិស័យ​ឯកជន​ចំនួន​៣៩​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី២១ ខែមករា ម្សិលមិញ​នេះ បាន​សរសេរ​លិខិត​មួយ​ទៅ​កាន់​មេដឹក​នាំ​គណៈកម្មការ​អឺរ៉ុប និង​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ទៀត ដោយ​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ចំពោះ​ដំណើរ​ការ​ដក​ប្រព័ន្ធ​អនុពន្ធ EBA ពី​កម្ពុជា​។ ដោយ​មើល​ឃើញ​ពី​ផល​ប៉ះ​ពាល់​ដែល​នឹង​កើត​ចេញ​បញ្ហា​នេះ តំណាង​វិស័យ​ឯកជន​ទាំង​៣៩ បាន​អំពាវ​នាវ​កុំ​ឲ្យ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុពន្ធ​ពី​កម្ពុជា​។ 

តំណាង​វិស័យ​ឯកជន​ចំនួន​៣៩​នេះ រួម​មាន​ជា​អាទិ៍ លោក​ឧកញ៉ា​គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក Arnaud Darc ប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក​ឧកញ៉ា វ៉ាន់ សូអៀង ប្រធាន​សមាគម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា ក៏​ដូច​ជា​លោក ស្រី Sandra D ‘Amico អនុ​ប្រធាន​សមាគម​សម្ព័ន្ធ​ពាណិជ្ជកម្ម និង​និយោជិត​ជា​ដើម​។ នៅ​ក្នុង​លិខិត​នោះ ពួក​គេ​បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ដំណើរ​ការ​ដក​ប្រព័ន្ធ​អនុពន្ធ EBA ពី​កម្ពុជា​។ តាម​តំណាង​វិស័យ​ឯកជន​ទាំង​នេះ ការ​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA នឹង​ប៉ះ​ពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​កម្ពុជា និង ជា​ការ​មិន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​វិស័យ​ឯកជន​នៅ​កម្ពុជា​ដែល​បាន​ប្រតិបត្តិ​ទៅ​តាម​គុណ​តម្លៃ និង​គោល​នយោបាយ​នៃ​គម្រូ​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប​។

ជា​ការ​កត់​សម្គាល់ លិខិត​របស់​ក្រុម​តំណាង​វិស័យ​ឯកជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​សហភាព​អឺរ៉ុប បាន​ប្រកាស​យក​ពន្ធ​គយ​លើ​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​សហ​អឺរ៉ុប​។ វា​ក៏​បាន​កើត​ឡើង​ស្រប​ពេល​គណៈកម្មការ​អឺរ៉ុប​កំពុង​រៀប​ចំ​ឯកសារ​ដំណើរ​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​​ពន្ធ​ EBA​ (Eve​-ry​thing But Arms) ពី​កម្ពុជា ក្រោម​ហេតុផល​កម្ពុជា​រំលោភ​សិទ្ធិ​មនុស្ស និង​ដើរ​ផ្ទុយ​ពី​គោល​ការណ៍​នៃ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះពន្ធ​EBA​ពី​សហភាព​អឺរ៉ុប​សម្រាប់​ប្រទេស​កម្ពុជា​។

សម្រាប់​ក្រុម​តំណាង​វិស័យ​ឯកជន ប្រសិន​បើ​សហ​ភាព​អឺរ៉ុប​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មែន វា​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ដល់​ជីវភាព​រស់​នៅ​របស់​កម្មករ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​រាប់​លាន​នាក់ ដែល​អាស្រ័យ​ការងារ​នៅ​ក្នុង​វិស័យ​កាត់​ដេរ​។ មិន​តែ​ប៉ុណ្ណោះ វា​ក៏​នឹង​រុញ​ច្រាន​ពួក​គេ​ជា​ថ្មី​ម្តង​ទៀត​ទៅ​រក​ហានិភ័យ​នៃ​ការ​វិល​ត្រឡប់​ទៅ​រក​ភាព​ក្រីក្រ​ឡើង​វិញ​។

តាម​ការ​ប៉ាន់​ស្មាន​មិន​ផ្លូវ​ការ ​ប្រសិន​បើ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ពី​កម្ពុជា នោះ​កម្ពុជា​អាច​នឹង​ខាត​បង់​ប្រមាណ​ពី​៦០០​ទៅ​៧០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ដែល​នេះ​ហើយ​ជា​អ្វី​ដែល​វិស័យ​ឯកជន ជាពិសេស នៅ​ក្នុង​វិស័យ​កាត់​ដេរ​កំពុង​មាន​ការ​ព្រួយ​បារម្ភ​។ ប្រឈម​នឹង​បញ្ហា​នេះ តំណាង​វិស័យ​ឯក​ជន​ទាំង​៣៩ បាន​ស្នើ​ដល់​គណៈ​កម្មការ​អឺរ៉ុប​ឲ្យ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ស្ថាន​ភាព​ថ្មីៗ​នៅ​កម្ពុជា ដោយ​សង្កេត​មើល​ពី​ប្រវត្ដិសាស្រ្ត​ដ៏​លំបាក​របស់​ប្រទេស​កម្ពុជា​។ ជាមួយ​គ្នា​នេះ ពួក​គេ​ក៏​បាន​អំពាវ​នាវ​ទៅ​កាន់​គណៈកម្មការ​អឺរ៉ុប និង​ប្រទេស​ជា​សមាជិក​ទាំង​អស់​បន្ត​ជួយ​ដល់​ការ​អភិវឌ្ឍ​របស់​កម្ពុជា ដោយ​មិន​ធ្វើ​សកម្មភាព​ណា​ដែល​នឹង​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍ និង​ជីវភាព​រស់​នៅ​របស់​ប្រជាពល​រដ្ឋ​កម្ពុជា​៕

What Next?

Recent Articles

3 Responses to "វិស័យ​ឯកជន​៣៩ ​សរសេរ​លិខិត​ទៅ​គណៈ​កម្មការ​អឺរ៉ុប​ប្រាប់​ពី​ផល​ប៉ះ​ពាល់​ផ្សេងៗ​ដែល​កើត​ឡើង​បើ​ដក EBA​"

  1. so chết says:

    That these personalities are reassured, the big brother is behind the Hun Sen regime
    In case of anxiety they will only have to ask the accounts of the psychopathic regime Hun sen Miracle according to Hun Sen the Khmer regime of this psychopath will be the tiger of south east Asia

  2. En La says:

    That these personalities are reassured, the big brother is behind the Hun Sen regime
    In case of anxiety they will only have to ask the accounts of the psychopathic regime Hun sen Miracle according to Hun Sen the Khmer regime of this psychopath will be the tiger of south east Asia

  3. Anonymous says:

    Why need to write to EUROPE ?? cambodia is the tiger economy in this area(ASEAN) ??? haha

Leave a Reply

Submit Comment