សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ប្រារព្ធ​ខួប​ទី១៥​ នៃ​ការ​បាញ់​សម្លាប់​មេ​សហជីព លោក ជា វិជ្ជា និង​​ទទូច​ទាមទារ​យុត្តិធម៌

ដោយ ថន ថារ៉ូ
2019-01-22
ដោយ អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ម៉ាន់ សេងហាក់ អនុ​ប្រធាន​សហព័ន្ធ​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធី​រំលឹក​ខួប​ទី១៥ នៃ​ព្រឹត្តិការណ៍​បាញ់​សម្លាប់​លោក ជា វិជ្ជា មេ​សហជីព​នេះ។ រូបថត ហ្វេសប៊ុក​របស់​សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
លោក ម៉ាន់ សេងហាក់ អនុ​ប្រធាន​សហព័ន្ធ​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធី​រំលឹក​ខួប​ទី១៥ នៃ​ព្រឹត្តិការណ៍​បាញ់​សម្លាប់​លោក ជា វិជ្ជា មេ​សហជីព​នេះ។ រូបថត ហ្វេសប៊ុក​របស់​សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា


សហជីព​គ្មាន​សង្ឃឹម​ថា​របប​លោក ហ៊ុន សែន អាច​រក​ឃាត​ករ​សម្លាប់​លោក ជា វិជ្ជា ឃើញ


សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២២ មករា បាន​ដឹក​នាំ​កម្មករ ​ប្រារព្ធ​ខួប​​ទី១៥​ នៃ​ការ​បាញ់​សម្លាប់​អតីត​​​ប្រធាន​សហជីព លោក ជា វិជ្ជា នៅ​ទីតាំង​តម្កល់​រូប​​សំណាក់ នៅ​សួន​ច្បារ​​ម្ដុំ​មុខ​វត្ត​លង្កា រាជធានី​ភ្នំពេញ គឺ ក្បែរ​កន្លែង​ឃាតក ​បាញ់​សម្លាប់ លោក ជា វិជ្ជា​​ កាល​ពី​ ១៥​ឆ្នាំ​​មុន។ សហជីព​ និង​សង្គម​ស៊ីវិល ទាមទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ ស្វែង​រក​​ចាប់​​ខ្លួន​​ឃាតក និង​​អ្នក​​បញ្ជា​​ពី​​ក្រោយ​ឲ្យ​​បាន​ ដើម្បី​បញ្ចៀស​វប្បធម៌ និទ្ទណ្ឌភាព។

អនុ​ប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា លោក ម៉ាន់ សេហាក់ ថ្លែង​ថា បើ​ទោះ​ជា​លោក​មិន​សង្ឃឹម​ថា ​នឹង​ទទួល​បាន​យុត្តិធម៌ លោក នៅ​តែ​ទទូច​ឲ្យ​សមត្ថកិច្ច និង​ស្ថាប័ន​តុលាការ ផ្ដល់​យុត្តិធម៌ ជូន​​ លោក ជា វិជ្ជា ដោយ​ត្រូវ​​ចាប់​ខ្លួន ឃាតក និង​ជន​បញ្ជា​ពី​ក្រោយ មក​ផ្ដន្ទាទោស៖ « អស់​រយៈ​ពេល​ ១៥ឆ្នាំ​ហើយ សូម្បី​តែ​លោក​ ជា វិជ្ជា ដែល​បាន​ស្លាប់​ទៅ​ ក៏​ទន្ទឹង​រង់ចាំ​ ឃាតក​ពិត ទៅ​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់​ដែរ ហើយ​ថ្នាក់​ដឹក​នាំ សហព័ន្ធ​សហជីព​សេរី​កម្មករ ក៏​រំពឹង​ថា ជំរុញ​ឲ្យ​រដ្ឋាភិបាល​នឹង​បន្ត និង​ពន្លឿន​ការ​ស៊ើប​អង្កេត​នេះ បន្ត​ទៅ​ទៀត! បាទ»

ការ​ប្រារព្ធ​ទិវា​រំលឹក​ខួប​ព្រឹត្តិការណ៍​បាញ់​សម្លាប់​លោក ជា វិជ្ជា នៅ​ឆ្នាំ​នេះ ក៏​​រង​ការ​រឹតត្បិត​ពី​អាជ្ញាធរ ដូច​រាល់​ឆ្នាំ​មុនៗ ដែរ។ ប៉ុន្តែ​ លោក ម៉ាន់ សេងហាក់ ប្រាប់​ថា មិន​មាន​ការ​រារាំង​ពី​អាជ្ញាធរ​ទេ ហើយ​ក៏​គ្មាន​ការ​ដើរ​ហែ​ក្បួន​ដែរ គឺ​ជួបជុំ​គ្នា​ ជាង​១៥០នាក់ និង ថ្លែង​សារ​ទាមទារ​យុត្តិធម៌ ​​ដោយ​ក្រុម​កម្មករ បណ្ដា​មេដឹកនាំ​សហជីព សមាគម ​និង​​​​មិន​បាន​អញ្ជើញ​​អ្នក​នយោបាយ​ចូលរួម​ទេ ដោយសារ​ រដ្ឋបាល​​រាជធានី​ភ្នំពេញ ហាម​សិទ្ធិ​​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ ចំនួន​១១៨​នាក់ មិន​ឲ្យ​ចូលរួម ដាក់​កម្រង​ផ្កា រំលឹក​ខួប​ នៃ​ការ​បាញ់​សម្លាប់ លោក ជា វិជ្ជា។

លោក ជា វិជ្ជា ត្រូវ​បាន​កម្មករ និង​សហជីព​​ចាត់​ទុក​ជា​មេដឹកនាំ​សហជីព​ដ៏​ក្លាហាន ហ៊ាន​ដឹកនាំ​ការ​តវ៉ា ​ដើម្បី​ផលប្រយោជន៍​​កម្មករ ដោយ​មិន​ខ្លាច​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​គំរាម​បាញ់​សម្លាប់។ លោក​ត្រូវ​បាន​ឃាតក​បាញ់សម្លាប់ ​នៅ​​ព្រឹក​​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ នៅ​តូប​លក់​កាសែត​មួយ​ ជាប់​របង​​វត្ត​លង្កា ក្រុងភ្នំពេញ គឺ​ក្នុង​ពេល ​ដែល​ប្រទេស​កម្ពុជា កំពុង​ជួប​វិបត្តិ​នយោបាយ​ រវាង​គណបក្ស​ចំនួន​៣ ក្រោយពេល​បោះឆ្នោត ឆ្នាំ​២០០៣ គឺ​គណបក្ស​ ហ៊្វុនស៊ិនប៉ិច គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ សម រង្ស៊ី។ ក្រៅពី​​​មេដឹកនាំ​សហជីព​ លោក ជា វិជ្ជា ​ក៏​ជា​សកម្មជន​គណ​បក្ស សម រង្ស៊ី ដែរ។ លោក​​តែងតែ​​ដឹក​នាំ​​កម្មករ​ធ្វើ​​បាតុកម្ម​​ប្រឆាំង​​របប​​ក្រុង​​ភ្នំពេញ​ ដើម្បី​ទាមទារ​ផល​ប្រយោជន៍​​ផ្សេងៗ ​ជូន​កម្មករ។

ការ​បាញ់​សម្លាប់​ លោក ជា វិជ្ជា កើត​ឡើង ​​បន្ទាប់ពី​ លោក​បាន​​ប្រកាស​ឲ្យ​សមាជិក​នៃ​សហជីព​សេរី​កម្មករ​​ ​គាំទ្រ​គណបក្ស សម រង្ស៉ី។ ទោះ​បី​មាន​សារ​គំរាម​សម្លាប់​ក្តី លោក ជា វិជ្ជា មិន​ព្រម​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ឡើយ ព្រោះ​លោក​​អះអាង​ថា ចង់​តស៊ូ​ដើម្បី​ផលប្រយោជន៍​កម្មករ សិទ្ធិ​សេរីភាព និង​​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អតីត​ស្នងការ​រាជធានី​ភ្នំពេញ លោក ហេង ពៅ ដែល​ពាក់ព័ន្ធ​​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម លោក ជា វិជ្ជា ធ្លាប់​ប្រាប់​កាសែត​បរទេស មុន​ពេល​អាជ្ញាធរ​របប​លោក ហ៊ុន សែន មិន​ទាន់​ចាប់​ខ្លួន​ ពី​ប្រទេស​ម៉ាឡេស៊ី ថា អតីត​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា លោក ហុក ឡងឌី បាន​បញ្ជា​ឲ្យ​លោក​ចាប់​មនុស្ស​ពីរ​នាក់ គឺ​លោក សុខ សំអឿន និង​លោក ប៊ន សំណាង ដើម្បី​ឲ្យ​ធ្វើ​ជា​ឃាតក​ក្លែងក្លាយ បន្ទាប់​ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ​រង​សម្ពាធ​ខ្លាំងក្លា​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ឲ្យ​ចាប់​ឃាតក​សម្លាប់​លោក ជា វិជ្ជា។ តែ​ថ្មីៗ នេះ មន្ត្រី​របប​លោក ហ៊ុន សែន បាន​បដិសេធ​ការ​អះអាង​របស់​លោក ហេង ពៅ។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក សុខ សំអឿន និង​លោក ប៊ន សំណាង ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ក្រោយ​ពេល​តុលាការ​កំពូល​ប្រកាស​ថា អ្នក​ទាំង​ពីរ​គ្មាន​ទោស ប៉ុន្តែ​ត្រូវ​ឃុំ​ខ្លួន​ប្រមាណ ៥ឆ្នាំ​រួច​ទៅ​ហើយ ដោយ​គ្មាន​សំណង​ទៀត​ផង។

មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន កាល​ពី​ខែ​កញ្ញា ឆ្នាំ២០១៥ បញ្ជា​ឲ្យ​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ស៊ើប​អង្កេត​ពិសេស លើ​ឃាតកម្ម​សម្លាប់​លោក ជា វិជ្ជា និង​មេ​សហជីព​ពីរ​រូប​ផ្សេង​ទៀត គឺ​លោក ហ៊ី វុទ្ធី និង​លោក រស់ សុវណ្ណារ៉េត ប៉ុន្តែ ២​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ២០១៧ របប​ក្រុង​ភ្នំពេញ​ប្រកាស​និរាករណ៍​ចោល ហើយ​បន្ត​គ្មាន​តម្រុយ​ណាមួយ​ពី​ការ​ស៊ើប​អង្កេត​នេះ​នៅ​ឡើយ មក​ដល់​ពេល​នេះ។

ជុំវិញ​សំណុំរឿង ​លោក ជា វិជ្ជា អាស៊ី​សេរី ​មិន​អាច​សុំ​ការ​បំភ្លឺ ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ្គ និង ​លោក ផាត សុផានិត បាន​ទេ នៅ​ថ្ងៃ​ទី២២ មករា។ ប៉ុន្តែ​ លោក ខៀវ សុភ័គ្គ ធ្លាប់​ប្រាប់​អាស៊ី​សេរី និង​សារ​ព័ត៌មាន​ដទៃ​ទៀត​ដដែល​រៀង​រាល់​ឆ្នាំ​ថា សមត្ថកិច្ច​នៅ​តែ​បន្ត​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​​លើ​លោក ជា វិជ្ជា ដដែល។

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​ អ្នកស្រី យ៉ាង សុភ័ណ្ឌ ដែល​បាន​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ លោក ជា វិជ្ជា មិន​មាន​ជំនឿ​ថា អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ អាច​រក​យុត្តិធម៌ ជូន​លោក ជា វិជ្ជា បាន​ទេ។ អ្នក​ស្រី បន្ត​ថា យុត្តិធម៌​សម្រាប់​លោក ជា វិជ្ជា មាន​សារៈសំខាន់​ណាស់ សម្រាប់​ផ្លូវ​ចិត្ត​របស់​កម្មករ និង​សហជីព ដែល​កំពុង​ធ្វើ​ការ​ ក្នុង​វិស័យ​នេះ៖ «ត្រូវ​ត្រួត​ពិនិត្យ​ឡើង​វិញ​ថា ធ្វើ​ម្ដេច​ជំរុញ​ឲ្យ​គណៈកម្មការ (គណៈកម្មការ​ស្រាវជ្រាវ​ការ​បាញ់​សម្លាប់​ មេ​ដឹក​នាំ​សហជីព បង្កើត​ឡើង​កាលពី​ឆ្នាំ២០១៥) ហ្នឹង ដើរ​ទៅ​មុខ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព ក្នុង​ការ​វែក​មុខ​ឃាតក ជូន​ លោក ជា វិជ្ជា និង​ក្រុម​គ្រួសារ ក៏​ដូច​ជា កម្មករ»

អ្នកគ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ ស៊ើប​អង្កត នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត សម្ដែង​ការ​សោក​ស្ដាយ​ ចំពោះ​សមត្ថកិច្ច​ ដែល​បណ្ដែត​បណ្ដោយ ១៥​ឆ្នាំ ដោយ​គ្មាន​យុត្តិធម៌ និង​គ្មាន​ឆន្ទៈ ក្នុង​ការ​ផ្ដល់​យុត្តិធម៌ ​ជូន​សព​លោក ជា វិជ្ជា។ អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រូប​នេះ ចាត់​ទុក​ការ​​មិន​ចាប់​ឃាតក និង​អ្នក​បញ្ជា​ពី​ក្រោយ​នេះ ជា​វប្បធម៌​និទ្ទណ្ឌភាព ហើយ​វប្បធម៌​បាញ់​សម្លាប់​ ដោយ​គ្មាន​ទោស​បែប​នេះ នឹង​ជះ​ឥទ្ធិពល​មិន​ល្អ ដល់​សហជីព​​ផ្សេង​ទៀត៖ « វា​ជា​វប្បធម៌​និទ្ទណ្ឌភាព​មួយ ដែល​បង្ក​ឲ្យ​មាន​ការ​ភ័យខ្លាច ទាំង​ស្មារតី និង​ផ្លូវ​ចិត្ត សម្រាប់​មេ​ដឹក​នាំ​សហជីព​ ក្រោយៗ ទៀត ពីព្រោះ​ មើល​ឃើញ​ថា​ ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា ក៏​ដូច​ជា មេ​ដឹក​នាំ​សហជីព​ផ្សេង​ទៀត​នោះ ពុំ​ទាន់​មាន​​យុត្តិធម៌​ទេ។ វា​ហាក់​បី​ជា​នៅ​ឆ្ងាយ​ដូច​ជើង​មេឃ​អ៊ីចឹង។ អ៊ីចឹង ការ​ធ្វើ​ការ គឺ​នៅ​កម្រិត ហើយ​នៅ មាន​ការ​ភិតភ័យ ដោយសារ​យុត្តិធម៌​សម្រាប់​លោក ជា វិជ្ជា អត់​ត្រូវ​បាន​រក​ឃើញ»

ចំណែក​អតីត​ប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ម្នាក់​ទៀត គឺ​លោក ជា មុនី ជា​ប្អូន​ប្រុស​បង្កើត​លោក ជា វិជ្ជា អះអាង​ថា របប​ឯក​បក្ស​របស់​ លោក ហ៊ុន សែន មាន​សមត្ថភាព​គ្រប់​គ្រាន់​ ក្នុង​ការ​ស្វែង​រក​ឃាតក និង​អ្នក​បញ្ជា​ពី​ក្រោយ ព្រោះ​ជន​ដៃ​ដល់ ​ដែល​បាញ់​សម្លាប់​លោក ជា វិជ្ជា វា​មាន​អត្តសញ្ញាណ​អស់​ហើយ មិន​អាច​រត់​រួច​ទេ ប៉ុន្តែ​សំខាន់​នៅ​ត្រង់​ថា របប​មួយ​នេះ មាន​​ឆន្ទៈ​នឹង​ផ្ដល់​យុត្តិធម៌​ឲ្យ​លោក ជា វិជ្ជា ឬ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment