សហភាពអឺរ៉ុបអះអាងជាថ្មី​​​ថា ខ្លួន​រក្សា​ជំហរ​ពិភាក្សាជាមួយកម្ពុជា​ទាក់ទងនឹង EBA


|
https://www.vodhotnews.com

លោកស្រី Cecilia Malmström សមាជិកគណៈកម្មការអ៊ឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្ម (រូបភាព៖ Twitter EU Trade/ Screenshot)

មេដឹកនាំសហភាពអឺរ៉ុប ​អះអាង​ជាថ្មី​ថា នៅតែបន្តរក្សាជំហរ​ពិភាក្សាជាមួយកម្ពុជា​ទាក់ទងនឹង​ប្រព័ន្ធអនុគ្រោះពន្ធគ្រប់​បែបយ៉ាងលើកលែងតែអាវុធ (EBA) ខណៈដែលក្រុមអ្នកជំនួញនៅកម្ពុជា​មកពី៤០ស្ថាប័នស្នើកុំឲ្យដកប្រព័ន្ធនេះ។

ស្នងការនៃគណៈកម្មការអឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្ម លោកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រុម បង្ហោះ​នៅលើបណ្តាញទំនាក់ទំនងសង្គម Tweeter កាលពីម្សិលមិញថា លោក​ស្រីបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា​ លោក ប្រាក់ សុខុន ជជែក​ពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ (EBA)។ 

លោកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រុម សរសេរថា៖ «ជួបជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជា លោកប្រាក់សុខុននាថ្ងៃនេះ។ យើងបានពិភាក្សាអំពីកិច្ចព្រមព្រៀង EBA និងលទ្ធភាពនៃការដកប្រព័ន្ធលើកលែងពន្ធនេះ​។ (សហភាពអឺរ៉ុប) លើកឡើងជាថ្មី ម្តងទៀតនូវកង្វល់របស់យើង ទាក់​ទងនឹងលទ្ធិប្រជាធិបតេយ្យសិទិ្ធមនុស្សនិងនីតិរដ្ឋ។ សហភាពអឺរ៉ុប បន្តរក្សាច្រក​នៃកិច្ចពិភាក្សា។»

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់​ សុខុន កំពុង​ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចស៊ែល ប្រទេស​ប៊ែ​ល​ហ្សិច តបតាមការអញ្ចើញពីតំណាងជាន់ខ្ពស់សហភាពអឺរ៉ុប លោកស្រី ហ្វេដីរីកា ប៉ូហ្គេរីនី ទទួលបន្ទុក​កិច្ចកា​រ​ប​​​​រ​ទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធាននៃគណៈកម្មាធិការអឺរ៉ុប។

ក្រៅពីកិច្ចប្រជុំនេះ ភាគីកម្ពុជាក៏នឹង​ជួបដាច់ដោយឡែកជាមួយម​ន្ត្រីជាន់ខ្ព​ស់មួយ​ចំ​នួន​ផ​ង​ដែរ ដូចជា ជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប របស់ប៊ែលហ្ស៊ិច លោក ឌីឌ៉្យេរ រ៉េនឌ័រ ជួប​ជា​មួ​​យស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រុម និងជួបគណៈប្រតិភូផ្សេងទៀត។ 

ស្របពេលជាមួយគ្នានេះ ក្រុមអ្នកជំនួញកម្ពុជារួមមានមេដឹកសភាពាណិជ្ជកម្មកម្ពុជា លោក គិត ម៉េង មេដឹកនាំសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា លោក Arnaud Darc ព្រមទាំងមេដឹកនាំវិស័យឯកជននានាសរុបទាំងអស់ចំនួន៤០ស្ថាប័នកាលពីម្សិលមិញ បានចុះហត្ថលេខាលើលិខិតផ្ញើទៅកាន់ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រុម ឲ្យ​ចៀសវាងការដកប្រព័ន្ធអនុគ្រោះពន្ធ។ ក្រុម​អ្នកជំនួញ​ទាំងនោះលើកឡើង ថាការ​ដក ​EBA អាចនាំឲ្យប៉ះពាល់ដល់ប្រយោជន៍និងជីវភាពរបស់ប្រជាជនកម្ពុជា។

ក្រុម​ពាណិជ្ជករទាំងនោះ បាន​សសរសេក្នុងលិខិតនោះ​ថា៖ «ការដក EBA នឹងមានផលប៉ះពាល់ដល់ជីវភាពរបស់កម្មកររាប់លាននាក់ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ ដែលពឹងផ្អែកទៅលើវិស័យកាត់ដេរ។​ ការដក EBA មានឥទ្ធិពលអវិជ្ជមានកាន់តែខ្លាំង ទៅដល់ស្ដ្រី៨៥ភាគរយរស់នៅតាមជនបទ ដែលជាកម្មការិនីកាត់ដេរ ក្នុងចំណោមអ្នកកាត់ដេរ៧០០,០០០នាក់»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរដ្ឋាភិបាល លោក ឈឹម ផលវរុណ ប្រាប់ VOD នៅរសៀលនេះថា នៅតែបន្តសហកិច្ចប្រតិបត្តិការជាមួយដៃគូអន្តរជាតិដោយឈរលើគោលការណ៍គោរពនិងមិនលូកលាន់កិច្ចការគ្នា។

លោក ឈឹម ផលវរុណ មានប្រសាសន៍ថា៖ «បន្តសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ប៉ុន្តែ រាល់កិច្ចសហប្រតិបត្តិការគឺយើងពង្រឹងពង្រីកដោយឈរលើគោលការណ៍ឯករាជ្យ អធិបតេយ្យភាពជាតិ ដោយមិនប្តូរយកជំនួយឬការអនុគ្រោះណាដោយជាន់ឈ្លីនិងឯករាជ្យអធិបតេយ្យភាពជាតិទេ។ ប៉ុន្តែយើងមានជំហរពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាទ្វេភាគីនិងពហុភាគីក្នុងតំបន់ ទាំងក្នុងពិភពលោក គឺយើងធ្វើទាំងអស់ តែឈរលើគោលការណ៍គោរពផលប្រយោជន៍គ្នាទៅវិញទៅមក ហើយនិងមិនលូកលាន់កិច្ចការផ្ទៃក្នុងផងគ្នា បាទ!»។

គណៈកម្មាអឺរ៉ុប កាលពីថ្ងៃទី៥ ខែ​តុលា ឆ្នាំ​២០១៨ បានជូនដំណឹងមករដ្ឋាភិបាលកម្ពុជា អំពីដំណើរការព្យួរ ឬដកប្រព័ន្ធអនុ​គ្រោះព​ន្ធ​ពី​ក​ម្ពុជា ​ក្រោយពីរកឃើញថា រដ្ឋាភិបាលមិនបានធ្វើឲ្យប្រសើរឡើងវិញ​នូវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ បន្ទាប់​ពី​គណបក្សសង្គ្រោះ​ជាតិមិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការឡើងវិញ និងការបោះ​ឆ្នោត​ជាតិមិន​ត្រូវ​បាន​ធ្វើ​ឡើងតាម​យន្តកា​រ​ប្រជាធិបតេ​យ្យនោះ​ឡើយ។

សហភាពអឺរ៉ុប គឺជាទីផ្សារធំជាងគេ​របស់កម្ពុជា​សម្រាប់ផលិតផលសម្លៀកបំពាក់កាត់ដេរ និងផលិតផលកសិកម្ម ដែល​មាន​ចំណែក​ធំ​បំផុត​ក្នុង​ចំណោម​ផលិត​ផល​ដទៃ​ទៀត​ដែល​ត្រូវ​​បាន​នាំ​ចេញ​ពី​កម្ពុជា​ចូល​ទៅ​ទីផ្សារ​រួម​មួយ​នេះ។ របាយការណ៍​រដ្ឋាភិបាល​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ទំនិញ​ដែល​នាំ​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​សហគមន៍ បាន​រួច​ផុត​ពី​កាតព្វកិច្ច​បង់​ពន្ធ​ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ដល់​ទៅ​ជិត ៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment