ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប ​នៅតែ​​ខ្វល់​​ពី​បញ្ហា​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា

ដោយ មាន ឫទ្ធិ
2019-01-22
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប អ្នកស្រី សេស៊ីលីយ៉ា ម៉ាស្ត្រុម (Cecilia Malmstrom) (Screenshot: Cecilia Malmstrom Twitter)
ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប អ្នកស្រី សេស៊ីលីយ៉ា ម៉ាស្ត្រុម (Cecilia Malmstrom) (Screenshot: Cecilia Malmstrom Twitter)


ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប អ្នកស្រី សេស៊ីលីយ៉ា ម៉ាស្ត្រុម (Cecilia Malmstrom) បាន​គូស​បញ្ជាក់​ជាថ្មី​ម្ដង​ទៀត អំពី​កង្វល់​នានា​របស់​សហភាព​អឺរ៉ុប​ ​ជុំវិញ​បញ្ហា​ប្រជាធិបតេយ្យ​ ​ការរំលោភ​សិទ្ធិ​មនុស្ស​ និង​នីតិរដ្ឋ​នៅ​កម្ពុជា​។ ​ការ​គូស​បញ្ជាក់​នេះ​ធ្វើឡើង​នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី​មួយ​រវាង​អ្នកស្រី​ ​និង​ប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​លោក​ ​ប្រាក់​ ​សុខុន ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ ​នៅ​មុន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​-​អឺរ៉ុប​លើក​ទី ២២ ​នៅ​ទីក្រុង​ព្រុចសែល (Brussels) ប្រទេស​បែលហ្សិក (Belgium) កាលពី​ថ្ងៃ​ទី២១ មករា។

ក្រោយ​ជំនួប​ទ្វេ​ភាគី​មួយ​ជាមួយ​ប្រមុខ​ការទូត​កម្ពុជា​លោក​ ​ប្រាក់​ ​សុខុន ​អ្នកស្រី​ ​សេស៊ីលីយ៉ា ​ម៉ាស្ត្រុម​ ​ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប​ ​ដែល​បច្ចុប្បន្ន​កំពុង​ពិចារណា​រឿង​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​«​គ្រប់​មុខ​ទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» ​ឬ​ EBA ​នោះ​ ​បាន​សរសេរ​នៅ​លើ​ទំព័រ​ ទ្វីធ័រ ​(Twitter) ​របស់​អ្នកស្រី​ថា​ ​អ្នកស្រី​បាន​ពិភាក្សា​រឿង​កិច្ចព្រមព្រៀង​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​របស់​សហភាព​អឺរ៉ុប​នេះ​ ​ជាមួយ​នឹង​លោក​ ​ប្រាក់​ ​សុខុន ​ហើយក៏​បាន​លើកឡើង​អំពី​លទ្ធភាព​នៃ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ពី​កម្ពុជា​ដែរ។ អ្នកស្រី​សរសេរ​បន្ត​ថា​ ​អ្នកស្រី​នៅតែ​គូស​បញ្ជាក់​ឡើង​វិញ​ដដែល​អំពី​កង្វល់​នានា ​របស់​សហភាព​អឺរ៉ុប​ ​ជុំវិញ​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ​ ​សិទ្ធិ​មនុស្ស​ និង​នីតិរដ្ឋ​នៅ​កម្ពុជា​។ ​យ៉ាងណា​ក៏ដោយ​ ​អ្នកស្រី​ថា​ ​សហភាព​អឺរ៉ុប​នៅតែ​បន្ត​រក្សា​បើក​ចំហ​ឲ្យ​មាន​នូវ​កិច្ច​សន្ទនា​ជាមួយ​កម្ពុជា​ ​មុននឹង​ឈាន​ទៅ​រក​ការសម្រេច​ជា​ស្ថាពរ​លើ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​នា​ពេល​អនាគត ​ឬ​យ៉ាងណា​នោះ។

លោក​ ​ប្រាក់​ ​សុខុន ​មិន​បាន​ឲ្យ​ដឹង​ពី​លទ្ធផល​ជាក់លាក់​នៃ​ជំនួប​នោះ​ទេ ដោយ​លោក​គ្រាន់តែ​ សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ថា លោក​បាន​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប ​នៅ​ក្រៅ​កិច្ចប្រជុំ​លើក​ទី ២២ ​នៃ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប។

ស្រប​ពេល​ដែល​មាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប​លើក​ទី ២២ នេះ​ ​តំណាង​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​ដឹកនាំ​ដោយ​លោក​ ​គិត​ ​ម៉េង​ ​រួម​ទាំង​ក្រុម​មេដឹកនាំ​មកពី​វិស័យ​ឯកជន​របស់​បរទេស​មួយ​ចំនួន​ សមាគម​កាត់ដេរ​នៅ​កម្ពុជា​ ​ហៅ​កាត់​ថា​ GMAC ​សមាគម​ និង​សហជីព​ស្និទ្ធ​នឹង​របប​ក្រុង​ភ្នំពេញ​ ​បាន​សរសេរ​លិខិត​រួមគ្នា​មួយ​ចុះ​ថ្ងៃ​ទី ២១ មករា ​ផ្ញើ​ទៅកាន់​ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប​អ្នកស្រី​ ​អ្នកស្រី​ ​សេស៊ីលីយ៉ា ​ម៉ាស្ត្រុម​ ​ដោយ​អំពាវនាវ​ទៅ​ដល់​គណៈកម្មការ​អឺរ៉ុប​ និង​បណ្ដា​រដ្ឋ​សមាជិក​អឺរ៉ុប​ទាំងអស់​ កុំ​ឲ្យ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពិសេស​នេះ​ពី​កម្ពុជា​ ​និង​ឲ្យ​បន្ត​ផ្តល់​ការ​គាំទ្រ​របស់​ខ្លួន​ដល់​ដំណើរការ​អភិវឌ្ឍ​នៅ​កម្ពុជា​ ​ដោយ​មិន​ត្រូវ​ចាត់​ចំណាត់​ការ​ណាមួយ​ដែល​ពួក​គេ​យល់​ថា​ ​ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អត្ថប្រយោជន៍​ ​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ទេ​។​ ក្រុម​តំណាង​វិស័យ​ឯកជន ​សមាគម​ និង​សហជីព​ទាំងនោះ​ ទទួលស្គាល់​ថា​ ​បន្ទាប់ពី​គណៈកម្មការ​អឺរ៉ុប​បាន​ប្រកាស​យក​ពន្ធ​លើ​អង្ករ​កម្ពុជា​ ​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ២០១៩ ​កន្លង​ទៅ​ ​ការ​គំរាម​ដាក់ទណ្ឌកម្ម​នានា​បាន​ក្លាយ​ជា​ការពិត​ ​ហើយ​បាន​ធ្វើឲ្យ​មាន​ការភ័យខ្លាច​ថា​ ​សហភាព​អឺរ៉ុប​អាច​នឹង​ត្រៀមខ្លួន​រួចរាល់​ ​បែរ​ខ្នង​ចេញ​ពី​កម្ពុជា​ ​ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ភាព​មិន​ប្រាកដ​ប្រជា​អំពី​អនាគត​នៅ​កម្ពុជា​ ​ដែល​ពួកគេ​ថា​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ដល់​វិស័យ​នាំចេញ​ ​និង​ការងារ​នៅ​កម្ពុជា។

ដោយឡែក​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ​លោក​ សម ​រង្ស៊ី ​ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ដាច់ដោយឡែក​មួយ​ ​រំឭក​ដល់​សហភាព​អឺរ៉ុប​ ស្រប​ពេល​ដែល​ស្ថាប័ន​នេះ​ ​កំពុង​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​-​អឺរ៉ុប​លើក​ទី ២២។

លោក​ សម ​រង្ស៊ី​ ​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា​ របប​ក្រុង​ភ្នំពេញ​បច្ចុប្បន្ន​នៅ​តែ​ជា​របប​ខុស​ច្បាប់​ ​ដែល​ពុំ​ទទួល​បាន​ភាព​ស្រប​ច្បាប់​ជា​អន្តរជាតិ​នោះ​ទេ ​ដោយសារ​តែ​របប​នេះ​បាន​រៀបចំ​ការ​បោះ​ឆ្នោត​ផ្ទុយពី​ក្របខ័ណ្ឌ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ​ហើយ​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ១៩៩១។

លោក​ សម ​រង្ស៊ី ​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​អឺរ៉ុប​ទាំង​អស់​ ត្រូវតែ​ទទូច​ឲ្យ​ទាំង​ភាគី​សហភាព​អឺរ៉ុប​ និង​ទាំង​ភាគី​កម្ពុជា​ ​ត្រូវតែ​គោរព​ឲ្យបាន​ពេញលេញ​ ​និង​ទាំង​ស្រុង​នូវ​គ្រប់​បទប្បញ្ញត្តិ​ទាំង​អស់​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រួមគ្នា​រវាង​កម្ពុជា​ ​និង​សហភាព​អឺរ៉ុប​ ​ដែល​តម្រូវឲ្យ​មាន​នូវ​ការអនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ ​និង​សិទ្ធិ​ចូលរួម​ក្នុង​សង្គម​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប។ លោក​ សម ​រង្ស៊ី ​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​នៅ​កម្ពុជា​ ​នៅតែ​គូស​បញ្ជាក់​អំពី​សារសំខាន់​នៃ​ក្របខ័ណ្ឌ​ច្បាប់​ដែល​មាន​ស្រាប់​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ ​និង​សហភាព​អឺរ៉ុប​ និង​ថា​ ​ខ្លួន​ប្ដេជ្ញា​ធ្វើ​ការ​ដើម្បី​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​បទប្បញ្ញត្តិ​ដែល​មាន​ស្រាប់​ទាំងអស់​ តាម​រយៈ​យន្តការ​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ ​និង​ក្នុង​ស្មារតី​ប្រកប​ដោយ​សន្តិភាព​ ​កិច្ច​សន្ទនា​ ​ប្រជាធិបតេយ្យ​ ​និង​ការ​បង្រួបបង្រួម​ជាតិ។

កាលពី​ដើម​ខែ​តុលា ​ឆ្នាំ២០១៨ ​សហភាព​អឺរ៉ុប ​បាន​ជូន​ដំណឹង​ដល់​ភាគី​កម្ពុជា​ ​ជា​ផ្លូវការ​អំពី​ចំណាត់​ការ​នីតិវិធី​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់​មុខ​ទំនិញ​ទាំងអស់​លើកលែង​តែ​អាវុធ» EBA ពី​កម្ពុជា ​ក្រោយ​របប​ក្រុង​ភ្នំពេញ​នៅតែ​រឹង​ទទឹង​មិន​ព្រម​ស្ដារ​ប្រជាធិបតេយ្យ​ ​និង​គោរព​សិទ្ធិ​មនុស្ស​ឡើងវិញ​នៅ​កម្ពុជា​ ​ដោយ​បាន​រៀបចំ​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ដែល​ត្រូវ​សហគមន៍​ជាតិ​ ​និង​អន្តរជាតិ​ចាត់​ទុក​ថា «ជា​ការបោះឆ្នោត​ក្លែងក្លាយ» ​រួច​មក។ សហភាព​ទុក​ពេល​វេលា​ឲ្យ​កម្ពុជា​ ៦ខែ​ចាប់​ពី​ថ្ងៃ​ជូនដំណឹង​នេះ​ ​ដើម្បី​ធ្វើ​ការ​កែ​លម្អ​ស្ថានភាព​ប្រជាធិបតេយ្យ​របស់​ខ្លួន​ ​ហើយ​បើ​មិន​ដូច្នោះ​ទេ​ ​ខ្លួន​នឹង​ធ្វើ​ការ​សម្រេច​ជា​ផ្លូវការ​ក្នុង​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ ​ដែល​អាច​ឲ្យ​កម្ពុជា​ខាត​បង់​ជិត​ ៧០០លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment