នាទី​កិច្ចការ​អន្តរជាតិ​ប្រចាំ​សប្ដាហ៍៖ សេចក្ដី​ពន្យល់​ស្ដីពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​អឺរ៉ុប

ដោយ មាន ឫទ្ធិ
2019-02-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទង់ជាតិ សហគមន៍អឹរ៉ុប។ Facebook
ទង់ជាតិ សហគមន៍អឹរ៉ុប។ Facebook


គណៈកម្មការ​អឺរ៉ុប បាន​ប្រកាស​កាល​ពី​ថ្ងៃទី១២ កុម្ភៈ អំពី​ការ​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ នៃ​នីតិវិធី​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ» EBA ពី​កម្ពុជា។ ហេតុការណ៍​នេះ អាច​បណ្ដាល​ឱ្យ​កម្ពុជា ត្រូវ​ខាតបង់​ជិត ៧០០​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំៗ ដោយសារតែ​ការ​តម្រូវ​ឱ្យ​បង់ពន្ធ​ផលិតផល​នាំចេញ​ទៅកាន់​ទីផ្សារ​សហ​ភាព​អឺរ៉ុប។

ក្នុង​នាទី «​កិច្ចការ​អន្តរជាតិ» សប្ដាហ៍​នេះ យើង​មាន​សេចក្ដី​ពន្យល់​ពិស្ដារ ភាគ​ទី១ ស្ដីពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ» EBA របស់​សហភាព​អឺរ៉ុប។ ខ្លឹមសារ​ដើម​នៃ​សេចក្ដី​ពន្យល់​នេះ ដកស្រង់​ចេញពី​អត្ថបទ​ផ្សាយ​ទាំងស្រុង​របស់​គណៈកម្មការ​អឺរ៉ុប កាល​ពី​ថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៩។

ភាគ១

នេះ​ជា​កិច្ចពិភាក្សា​ពន្យល់​អំពី​បញ្ហា​EBA តាមរយៈ​ការសាកសួរ និង​ឆ្លើយឆ្លង​រវាង​លោក មាន ឫទ្ធិ និង​លោក សេក បណ្ឌិត ដូចតទៅ៖

សេចក្ដី​ពន្យល់​ពិស្ដារ ភាគ​ទី១ ស្ដីពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ» EBA របស់​សហភាព​អឺរ៉ុប។ ខ្លឹមសារ​ដើម​នៃ​សេចក្ដី​ពន្យល់​នេះ ដកស្រង់​ចេញ​ពី​អត្ថបទ​ផ្សាយ​ទាំងស្រុង​របស់​គណៈកម្មការ​អឺរ៉ុប កាលពី​ថ្ងៃទី១១ កុម្ភៈ ឆ្នាំ​២០១៩។

សំណួរ៖ តើ​អ្វី​ទៅជា​កម្មវិធី​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ»?

ចម្លើយ៖ កម្មវិធី​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» ហៅ​កាត់​ថា EBA គឺជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ Generalized Scheme of Preferences GSP) របស់​សហភាព​អឺរ៉ុប ផ្ដល់​ឱ្យ​ដល់​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍ។ ក្រោម​កម្មវិធី​អនុគ្រោះ​ពន្ធ EBA នេះ សហភាព​អឺរ៉ុប​ផ្ដល់​ឱ្យ​ជា​ឯកតោភាគី ឬ​ដោយ​ខ្លួនឯង នូវ​លទ្ធភាព​នាំចេញ​ផលិតផល​គ្រប់​មុខទំនិញ​សព្វសារពើ លើកលែងតែ​អាវុធ និង​គ្រាប់រំសេវ​តែប៉ុណ្ណោះ ទៅកាន់​ទីផ្សារ​តែមួយ​របស់​សហភាព​អឺរ៉ុប ដោយ​មិន​ចាំបាច់​បង់ពន្ធ និង​ដោយ​គ្មាន​កូតា​កំណត់ ដល់​បណ្ដា​រដ្ឋ​ទាំងអស់ ដែល​ត្រូវ​ចាត់​ចូល​ក្នុង​ជំពូក​ជា​ក្រុម​ប្រទេស​ដែល​មាន​ការអភិវឌ្ឍន៍​តិចតួច​បំផុត (LDC) របស់​អង្គការ​សហ​ប្រជាជាតិ។

កម្មវិធី​អនុគ្រោះ​ពន្ធ EBA ក៏ដូចជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP ទាំងមូល​ដែរ មាន​គោលដៅ​ជួយ​ដល់​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍ ក្នុង​កិច្ចប្រឹងប្រែង​ឈាន​ទៅ​កាត់បន្ថយ​ភាព​ក្រីក្រ លើកកម្ពស់​អភិបាលកិច្ច​ល្អ និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព ដោយ​ជួយ​ជ្រោមជ្រែង​ក្រុម​ប្រទេស​ទាំងនោះ ឱ្យ​បង្កើត​ចំណូល​បន្ថែម​តាមរយៈ​ការ​ធ្វើ​ពាណិជ្ជកម្ម ឬ​ជំនួញ​អន្តរជាតិ។

លទ្ធភាព​នៃ​ការ​ទទួល​បាន​កម្មវិធី​អនុគ្រោះ​ពន្ធ EBA នេះ គឺ​ស្ថិត​ក្រោម​លក្ខខណ្ឌ​ដែល​ថា​ប្រទេស​ទទួល​អត្ថប្រយោជន៍​ពី​កម្មវិធី​អនុគ្រោះ​ពន្ធ​នេះ ត្រូវ​គោរព​តាម​គោលការណ៍​ស្នូល​ទាំង ១៥ ស្ដីពី​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ (​ដូចដែល​មាន​គូស​បញ្ជាក់​ក្នុង​ឧបសម្ពន្ធ​ទី៨ ជំពូក ក នៃ​បទប្បញ្ញត្តិ​ស្ដីពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ របស់​សហភាព​អឺរ៉ុប) របស់​អនុសញ្ញា​អង្គការ​សហប្រជាជាតិ និង​អង្គការ​ពលកម្ម​អន្តរជាតិ (ILO)

សំណួរ៖ តើ​អ្វី​ទៅជា​មូលដ្ឋាន​ដែល​នាំ​ឱ្យ​សហភាព​អឺរ៉ុប ចាប់ផ្ដើម​ដំណើរការ​នីតិវិធី​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ ចេញពី​ប្រទេស​ទទួល​បាន​អត្ថប្រយោជន៍​វិញ​នោះ?

ចម្លើយ៖ លក្ខខណ្ឌ និង​នីតិវិធី​នៃ​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បណ្ដោះអាសន្ន​នេះ មាន​ចែង ក្នុង​មាត្រា១៩ នៃ​បទប្បញ្ញត្តិ​ស្ដីពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP របស់​សហភាព​អឺរ៉ុប។ លទ្ធភាព​នៃ​ការ​ដកហូត​បណ្ដោះអាសន្ន ដោយ​តម្រូវ​ឱ្យ​បង់ពន្ធ​ទាំងស្រុង ឬ​បង់ពន្ធ​លើ​មុខទំនិញ​មួយ​ចំនួន កើត​មាន​ឡើង​ក្នុង​ករណី​ដែល​មាន​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ​នៃ​គោលការណ៍​ស្នូល​ទាំង ១៥ ចែង​ក្នុង​អនុសញ្ញា​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​ពលកម្ម​អន្តរជាតិ (ILO)។ គណៈកម្មការ​អឺរ៉ុប អាច​ផ្ដួចផ្ដើម​គំនិត​ឱ្យ​បើក​ការស៊ើបអង្កេត ប្រសិនបើ​ខ្លួន​ពិចារណា​ឃើញ​ថា មាន​មូលដ្ឋាន​គ្រប់គ្រាន់ ដើម្បី​បង្ហាញ​ភស្តុតាង​ជាក់លាក់​តម្រូវ​ឱ្យ​ដកហូត​បណ្ដោះអាសន្ន នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។ ការសម្រេច​ធ្វើ​ដូច្នេះ គឺ​ផ្អែកលើ​ការវិភាគ​តាម​ករណី​ជាក់ស្ដែង​មួយៗ ហើយ​អាស្រ័យ​តាម​បរិបទ​ជាក់ស្ដែង​នៃ​ប្រទេស​ទទួល​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។ ក្នុង​ការ​វាយតម្លៃ​នេះ គណៈកម្មការ​អឺរ៉ុប ប្រើប្រាស់​ប្រភព​សំខាន់ៗ​មួយ​ចំនួន ក្នុង​នោះ​រួមមាន​របាយការណ៍ និង​អនុសាសន៍​នានា ចេញ​ដោយ​ស្ថាប័ន​អង្គការសហប្រជាជាតិ និង​អង្គការ​ពលកម្ម​អន្តរជាតិ ក៏ដូចជា​ព័ត៌មាន​បន្ថែម​ទទួល​បាន​ពី​គណៈប្រតិភូ​អឺរ៉ុប​ប្រចាំ​ប្រទេស​ទទួល​អត្ថប្រយោជន៍ រដ្ឋ​សមាជិក​អឺរ៉ុប សភា​អឺរ៉ុប សង្គម​ស៊ីវិល ស្ថាប័ន​សិទ្ធិមនុស្ស​អន្តរជាតិ ស្ថាប័ន​អប់រំ ឬ​ព័ត៌មាន​បញ្ជូន​ដោយ​ផ្ទាល់​ពី​ក្រុម​ប្រទេស​ទទួល​អត្ថប្រយោជន៍ ទៅកាន់​គណៈកម្មការ​អឺរ៉ុប​តែម្ដង។ ឯកសារ និង​របក​គំហើញ​នានា​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​ពលកម្ម​អន្តរជាតិ ពិនិត្យមើល​លើ​ទម្រង់ និង​ផល​ប៉ះពាល់ ព្រមទាំង​វិសាលភាព និង​ប្រេវ៉ាឡង់ ឬ​ភាព​ទូទៅ នៃ​ករណី​រំលោភបំពាន​នេះ​។ សហភាព​អឺរ៉ុប ក៏​អាច​រៀបចំ​ឱ្យ​មាន​ជា​បេសកកម្ម​ស្វែងរក​ការពិត​មួយ ដើម្បី​វាយតម្លៃ​ផ្ទាល់​ចំពោះ​ស្ថានភាព​ជាក់ស្ដែង​នៅ​ក្នុង​ប្រទេស​ទទួល​អត្ថ​ប្រយោជន៍។

សំណួរ៖ តើ​ការ​ចាប់ផ្តើម​ដំណើរ​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ មានន័យថា កម្ពុជា នឹង​ត្រូវ​បាត់បង់​ភ្លាមៗ​នូវ​ការ​មិន​យកពន្ធ​ពី​សហភាព​អឺរ៉ុប​នេះ តែម្ដង ឬ​យ៉ាងណា​?

ចម្លើយ​៖ មិនមែន​មានន័យ​ដូច្នេះ​ទេ។ គួរ​គូសបញ្ជាក់​ថា នៅ​មិន​ទាន់​មាន​ការសម្រេចចិត្ត​ណាមួយ ជុំវិញ​ថា​តើ​ត្រូវ​ដក ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​នៅឡើយ​ទេ។ ការ​ចាប់ផ្តើម​ដំណើរការ​ដកហូត​នេះ មិនមែន​មានន័យថា ជា​ការ​ឈាន​ទៅ​រក​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ដោយ​ស្វ័យប្រវត្តិ​តែម្ដង​នោះ​ទេ។ វា​គ្រាន់តែ​ស្ដែង​ឱ្យ​ឃើញ​ពី​ការ​ចាប់ផ្ដើម​នូវ​ដំណាក់កាល​ថ្មី​មួយ ក្នុង​ដំណើរ​ការចូលរួម​កែ​លម្អ​ជាមួយ​កម្ពុជា ដែល​បាន​ចាប់ផ្ដើម​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨ បន្ទាប់​ពី​មាន​សេចក្ដី​សន្និដ្ឋាន​របស់​ក្រុមប្រឹក្សា​កិច្ចការ​បរទេស​របស់​សហភាព​អឺរ៉ុប។ ជំហាន​នេះ នឹង​ចាប់ផ្ដើម​ជាមួយ​នឹង​រយៈពេល​មួយ​នៃ​ការ​តាមដាន និង​ការវាយតម្លៃ និង​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​ជិតដិត រវាង​កម្ពុជា និង​គណៈកម្មការ​អឺរ៉ុប។ ក្នុង​អំឡុង​រយៈពេល​នេះ គណៈកម្មការ​អឺរ៉ុប ផ្ដល់​ឱកាស​គ្រប់បែប​យ៉ាង​ដល់​ភាគី​កម្ពុជា​ឱ្យ​ធ្វើ​កិច្ច​សហប្រតិបត្តិការ។ គោលដៅ​របស់​សហភាព​អឺរ៉ុប គឺ​នៅតែ​ជួយ​គាំទ្រ​កម្ពុជា ឱ្យ​ចាត់​វិធានការណ៍​ចាំបាច់​នានា ដើម្បី​ដោះស្រាយ​កង្វល់​នានា និង​ដើម្បី​រក្សា​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ។ ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ នៅតែ​ជា​វិធានការណ៍​ចុងក្រោយ​មួយ ក្នុង​ករណី​ដែល​ជំ​ហ៊ាន​ថ្មី នៃ​ការចូលរួម​កែ​លម្អ​នេះ បរាជ័យ​មិន​អាច​បង្កើត​បាន​នូវ​លទ្ធផល​ដូច​តាម​ការ​ចង់​បាន​នោះ​ទេ។

សំណួរ៖ តើ​អ្វី​ទៅជា​ជំហាន​បន្ទាប់​នៃ​នីតិវិធី​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ?

ចម្លើយ​៖ នីតិវិធី​ដកហូត​បណ្ដោះអាសន្ន ចាប់ផ្ដើម​ជា​ផ្លូវការ​ជាមួយ​នឹង​ការ​បោះពុម្ព​ផ្សាយ​នូវ​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប ក្នុង​ព្រឹត្តិបត្រ​ផ្លូវការ​របស់​សហភាព​អឺរ៉ុប ថ្ងៃទី១២ ខែ​កុម្ភៈ ឆ្នាំ ២០១៩។ ហេតុការណ៍​នេះ នឹង​បន្ត​ដោយ​រយៈកាល​តាមដាន និង​វាយតម្លៃ ៦​ខែ​បន្ទាប់​ទៀត។ ក្នុង​អំឡុង​ពេល ៦ ខែ​នេះ គណៈកម្មការ​អឺរ៉ុប នឹង​ផ្ដល់​ឱ្យ​កម្ពុជា នូវ​រាល់​ឱកាស​គ្រប់យ៉ាង​ក្នុង​កិច្ច​សហប្រតិបត្តិការ ហើយ​នឹង​ធ្វើការ​ប្រមូល​នូវ​រាល់​ព័ត៌មាន​ចាំបាច់​នានា។

នៅ​ពេល​ចប់​រយៈពេល ៦ ខែ​នេះ​ហើយ បន្ទាប់​មក​ទៀត នឹង​ត្រូវ​បន្ត​ដោយ​រយៈពេល ៦​ខែ ផ្សេង​មួយទៀត ដើម្បី​ចងក្រង​ជា​របាយការណ៍ ស្ដីពី​របកគំហើញ និង​ដើម្បី​ធ្វើការ​សន្និដ្ឋាន​ជា​ផ្លូវការ ដែល​មាន​ទម្ងន់​តាម​ផ្លូវ​ច្បាប់។ កម្ពុជា ក៏​នឹង​ត្រូវ​អញ្ជើញ​ឱ្យ​ធ្វើ​ប្រតិកម្ម​តប​ជា​ផ្លូវការ ចំពោះ​របាយការណ៍​បឋម​នៃ​របកគំហើញ​នេះ។

ក្នុង​ករណី​ដែល​គណៈកម្មការ​អឺរ៉ុប សម្រេច​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ សេចក្ដី​សម្រេច​ស្ថាពរ ធ្វើ​ឡើងជា​ទម្រង់​នៃ​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប ដែល​ក្នុង​នោះ​ដែរ បណ្ដា​រដ្ឋ​សមាជិក​ក៏​នឹង​ត្រូវ​បាន​ពិគ្រោះ​យោបល់​ជាមួយ​ផង​ដែរ។

ផ្ទុយទៅវិញ ក្នុង​ករណី​គណៈកម្មការ​អឺរ៉ុប សម្រេច​ធ្វើការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ជា​បណ្ដោះអាសន្ន នោះ​សេចក្តី​សម្រេច​ស្ថាពរ នឹង​ត្រូវ​ឆ្លុះបញ្ចាំង​ក្នុង​បទប្បញ្ញត្តិ​របស់​គណៈកម្មការ​អឺរ៉ុប ដែល​ត្រូវ​បាន​អនុម័ត​ក្រោយពេល​ស្នើសុំ​យោបល់​ពី​សភា​អឺរ៉ុប និង​ក្រុមប្រឹក្សា​អឺរ៉ុប។ ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ អាច​ចូល​ជា​ធរមាន​បាន នៅ​ក្រោយ​រយៈពេល ៦​ខែ ជាប់​គ្នា​បន្ថែម​ទៀត។

សំណួរ៖ ប្រសិនបើ​នៅ​ចុង​បញ្ចប់​នៃ​នីតិវិធី​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ មានការ​សម្រេច​ចិត្ត​ថា ត្រូវតែ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ តើ​គណៈកម្មការ​អឺរ៉ុប នឹង​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ទាំងស្រុង​តែម្ដង ឬ​ដកហូត​តែ​ទៅលើ​មុខទំនិញ​មួយ​ចំនួន​ណា​នោះ​ទេ?

ចម្លើយ៖ ផ្អែក​តាម​បទប្បញ្ញត្តិ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហភាព​អឺរ៉ុប ជម្រើស​ទាំងពីរ​នេះ សុទ្ធតែ​អាច​កើតមានឡើង​បាន មានន័យថា អាច​ជា​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដោយ​ផ្នែក ឬ​ទាំងស្រុង​នោះ ក៏​ថា​បាន។

សំណួរ៖ តើ​អ្វី​ទៅជា​កង្វល់​ចម្បងៗ​របស់​សហភាព​អឺរ៉ុប ដែល​បណ្ដាល​ឱ្យ​ឈាន​ទៅ​ដល់​ការ​ដាក់​ចេញ​នីតិវិធី​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ?

ចម្លើយ៖ សហភាព​អឺរ៉ុប បាន​ដាក់​ចេញ​នូវ​កង្វល់​នានា​របស់​ខ្លួន ក្នុង​ព្រឹត្តិការណ៍​មួយ​ចំនួន ក្នុង​នោះ​រួមមាន សេចក្ដី​សន្និដ្ឋាន​របស់​ក្រុមប្រឹក្សា​កិច្ចការ​បរទេស​របស់​សហភាព​អឺរ៉ុប ខែ​កុម្ភៈ ឆ្នាំ​២០១៨ ដោយ​ស្ថាប័ន​សេវាកម្ម​គណៈកម្មការ​អឺរ៉ុប និង​ស្ថាប័ន EEAS ក្នុងអំឡុងពេល​ពេញលេញ​នៃ​ការចូលរួម​កែ​លម្អ​ជាមួយ​កម្ពុជា​។ កង្វល់​ទាំងអស់​នេះ ផ្តោត​លើ​វិស័យ​ចម្បងៗ​ចំនួន​បី គឺ​សិទ្ធិ​នយោបាយ និង​ការ​បង្រួម​លំហ​ប្រជាធិបតេយ្យ​របស់​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល បញ្ហា​ការងារ និង​ការ​កាត់​បន្ថយ​សេរីភាព​នៃ​សមាគម និង​សិទ្ធិ​ចុះ​អនុសញ្ញា​រួម និង​កង្វល់​ជុំវិញ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ជាពិសេស​ពាក់ព័ន្ធ​នឹង​ការផលិត​ស្ករអំពៅ៕


What Next?

Recent Articles

2 Responses to "នាទី​កិច្ចការ​អន្តរជាតិ​ប្រចាំ​សប្ដាហ៍៖ សេចក្ដី​ពន្យល់​ស្ដីពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​អឺរ៉ុប"

  1. Anonymous says:

    Very good ‘ the warning came so long but veitcong mafia dictator and this beast regime never listen and wanted to be punished to be quick ‘haha now it coming ‘

  2. Anonymous says:

    some time I just wanted to cry to the world from what I’m seeing those evil leader doing to this nation and the poor Cambodian . my question to all Cambodian is>> do we want HUN SEN fighting whit EU and the US?????? who is trying to protect Cambodia and it’s people ??? HUN SEN ,CHINA, VEITNAM , who can help Cambodia and it’s people Cambodian should know by now. Vietnam can not even help themselves and China is also need to do business whit western world in order to feed 1.3 billion people. I quest if China can not feed their people they must take all Cambodian rice and BBQ Cambodian as their food . in another hand EU and the US they are far away from Cambodia do we Cambodian think they will invade our country to be their . who will take your land this is the question that I want to hear from all AH CHESS in Cambodia. I know this is it just do not blame to any one if all Cambodian inside the country love HUN SEN so much just wait and see. I have been written for many time warning about the consequent of lost EBA and the support from the western nation. HUN SEN has a lot of $$$$$$$$$$$$$ and all AH CHESS in Cambodia will eat shit very soon . GOD bless Cambodia and it’s people

Leave a Reply

Submit Comment