ប្រសិន​បើ​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បាត់​បង់ តើ​កម្ពុជា​នឹង​ទទួល​រង​ផល​ប៉ះ​ពាល់​កម្រិត​ណា​?


|
https://www.vodhotnews.com


ថ្វី​បើ​ការ​ព្រមាន​អំពី​លទ្ធភាព​នៃ​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា​ មិន​មែន​ជា​បញ្ហា​ចម្រូង​ចម្រាស់​ដែល​ទើប​កើត​ឡើង​ថ្មីៗ​ក៏​ដោយ ប៉ុន្តែ ដំណើរ​វិវត្តន៍​ថ្មី​បំផុត​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះត្រូវ​បាន​លើក​មក​ជជែក​កាន់​តែ​ខ្លាំង​ថែម​ទៀត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។

បញ្ហា​​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា ត្រូវ​បាន​លើក​យក​មក​ជជែក​កាន់​តែ​ខ្លាំង​បែប​នេះបន្ទាប់​ពី​សហគមន៍​អឺរ៉ុប​បាន​ប្រកាស​ឲ្យ​ដឹង​អំពី​ការ​ចាប់​ផ្ដើម​នីតិវិធី​នានា ដែល​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​នៃ​តំបន់​ផ្សារ​រួម​មួយ​នេះចាត់​ទុក​ថា អាច​នឹង​ឈាន​ទៅ​ដល់​ការ​ផ្អាក ឬ​ក៏​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជា​បណ្ដោះ​អាសន្ន​សម្រាប់​កម្ពុជា។

ការ​ជជែក​វែក​ញែក​អំពី​បញ្ហា​នេះ បាន​កើត​ឡើង​ម្ដង​រួចម​ក​ហើយ​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​ប្រកាស​ឲ្យ​ដឹង​អំពី​ការ​ចាប់​ផ្ដើម​ដំណើរការ​នីតិវិធី​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​ពី​ប្រទេស​កម្ពុជា និង​ប្រទេស​ភូមា។

សហគមន៍​អឺរ៉ុប​ដែល​មាន​ប្រទេស​ចំនួន ២៨​ជា​សមាជិក​នោះ បាន​ប្រកាស​អំពី​វិធានការ​មក​លើ​ប្រទេស​កម្ពុជា​បែប​នេះក៏​ព្រោះ​តែ​ពួកគេ​មើល​ឃើញ​ថា ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​​នៅ​ក្នុង​ប្រទេស​នេះ​បាន​ធ្លាក់​ចុះហើយ​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បរាជ័យ​ក្នុង​ការ​កែ​លម្អ​បញ្ហា​មួយ​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ​​ឡើង​វិញបើទោះបី​ជា​បាន​មើល​ឃើញ​នូវ​ជំហាន​វិជ្ជមាន​ខ្លះៗ​ក៏​ដោយ។

នៅ​ពេល​និយាយ​អំពី​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​អឺរ៉ុប​សម្រាប់​ប្រទេស​កម្ពុជាគេ​ជៀស​មិន​ផុត​ជជែក​អំពី​ផល​ប៉ះ​ពាល់​​ដែល​កើត​ចេញ​ពី​បញ្ហា​នេះ ទៅ​លើ​ប្រទេស​កម្ពុជានិង​ប្រជាជន​ផង​ដែរ។

ការ​​ជជែក​អំពី​ផល​ប៉ះ​ពាល់​នៃ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​មក​លើ​កម្ពុជាបាន​ក្លាយ​ជា​បញ្ហា​ចម្រូង​ចម្រាស់​រវាង​រដ្ឋាភិបាល​កម្ពុជា ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំងនិង​ក្រុម​អ្នក​ឃ្លាំ​មើលសង្គម​កម្ពុជា​ផង​ដែរ។

សម្រាប់​ភាគី​រដ្ឋាភិបាល​កម្ពុជា ពួកគេ​បាន​លើក​ឡើង​ជា​ញឹក​ញយ​ថា ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សំណាក់​សហគមន៍​អឺរ៉ុបនឹង​មិន​ប៉ះ​ពាល់​អ្វី​ធ្ងន់​ធ្ងរ​ដល់​កម្ពុជា​នោះ​ឡើយ ដោយ​ពួកគេ​ឈរ​លើ​ហេតុ​ផល​ថាអឺរ៉ុប​មិន​មែន​បិទ​ទីផ្សារ​សម្រាប់​ការ​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​នោះ​ទេ ប៉ុន្តែគ្រាន់​តែ​តម្រូវ​ឲ្យ​កម្ពុជា​បង់​ពន្ធ​គយ​ក្នុង​អត្រា​មួយ​ជាក់​លាក់​តែ​ប៉ុណ្ណោះ។

ឧទាហរណ៍ ដូចជា​នៅ​ក្នុង​ពិធី​សំណេះ​សំណាង​ជាមួយ​ពលរដ្ឋ​ដើម​កំណើត​កម្ពុជា​នៅ​តំបន់​អឺរ៉ុប​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អះ​អាង​​ថា កម្ពុជា​នឹងមិន​​ទទួល​រង​ផល​ប៉ះ​ពាល់​ពី​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះ​ឡើយ។

ក្រៅ​ពី​អះ​អាង​ថា កម្ពុជា​នឹង​មិន​ទទួល​រង​ផល​ប៉ះ​ពាល់​ហើយ​នោះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏បញ្ជាក់​នៅ​ក្នុង​ពិធី​ជួបជុំ​ជាមួយ​​ក្រុម​អ្នក​សារព័ត៌មាន​កាល​ពី​ខែ​មករា​កន្លង​មក​នេះ​ថាកម្ពុជា​នឹង​មិន​ស្លាប់​នោះ​ឡើយ បើទោះបី​ជាអឺរ៉ុប​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក៏ដោយ។

ជា​ថ្មី​ម្ដង​ទៀតនៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ការិយាល័យ​​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ត្រឹម​បង្ហាញ​នូវ​ការ​ខក​ចិត្តនិង​សោក​ស្ដាយ​ចំពោះ​សេចក្ដី​សម្រេច​ចិត្ត​របស់​​អឺរ៉ុប​តែ​ប៉ុណ្ណោះ។

ដោយ​មិន​លើក​ឡើង​ពីផល​ប៉ះ​ពាល់​​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជាបាន​ហៅ​សេចក្ដី​សម្រេច​ចិត្ត​បែប​នេះ​របស់​សហគមន៍​អឺរ៉ុប​ថា «មាន​ទិដ្ឋភាព​នៃ​ហេតុ​ផល​​នយោបាយ​​នៅ​ពី​ក្រោយដែល​ចាប់​បង្ខំ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​សមរភូមិ​នៃ​ភូមិសាស្ត្រ​នយោបាយ»

ប្រសិន​បើ​សហគមន៍​អឺរ៉ុប​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា តើ​កម្ពុជា​នឹង​មិន​ទទួល​ផល​ប៉ះ​ពាល់​​ពិត​ប្រាកដ​ដូច​ទៅ​អ្វី​ដែល​​រដ្ឋាភិបាល​កម្ពុជា​អះ​អាង​មែន​ទេ?

មិន​មែន​មតិ​ពី​ភាគី​ដទៃ​ទៀត​សុទ្ធ​តែ​ស្រប​ទៅ​នឹង​ការ​អះ​អាង​ពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នោះ​ឡើយ នៅ​ពេល​និយាយ​ដល់​ផល​ប៉ះ​ពាល់​នៃ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មក​លើ​ប្រទេស​កម្ពុជា​នោះ។

តំណាង​ភាគី​ថៅកែ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា GMAC បាន​លើក​ឡើង​ដោយ​ត្រង់ៗ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ឆ្លើយ​តប​ទៅ​នឹង​សហភាព​អឺរ៉ុប​កាលពី​​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ​ថាការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អឺរ៉ុប​ នឹង​ប៉ះ​ពាល់​ទៅ​​លើ​ឧស្សាហកម្ម​កាត់ដេរ​និង​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​​កម្ពុជា។

GMAC បាន​លើក​ឡើង​បែប​នេះដោយ​ឈរ​លើ​ហេតុ​ផល​ថា សេចក្ដី​សម្រេច​ចិត្ត​នោះ ធ្វើ​ឲ្យ​មាន​ហានិភ័យ​ដល់​​សមត្ថភាព​ប្រកួត​ប្រជែង​នៃ​ឧស្សាហកម្ម​កាត់​ដេរ​សម្លៀក​បំពាក់និង​ស្បែក​ជើង។

ក្រុម​តំណាង​ថៅកែ​រោងចក្រ​កាត់ដេរ​មួយ​នេះ បាន​ជំរុញ​ទៅ​សហគមន៍​អឺរ៉ុប ឲ្យ​ពិចារណា​លើ​ផល​ប៉ះ​ពាល់​សង្គមនិង​សេដ្ឋកិច្ច​នៃ​កម្មករ​កម្ពុជា ប្រសិន​បើ​អឺរ៉ុប​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះ។

GMAC បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថាផលិត​ផល​កាត់​ដេរ​កម្ពុជាមាន​តម្លៃ​ដល់​ទៅ ៣.៧៦​ពាន់​លានអឺរ៉ូ ត្រូវ​បាន​នាំ​ចូល​ទីផ្សារ​អឺរ៉ុប​កាល​ពី​ឆ្នាំ​២០១៧​កន្លង​មកហើយ​ថា ឧស្សាហកម្ម​មួយ​នេះ​បាន​ផ្ដល់​ការងារ​ដល់​កម្មករ​មិន​តិច​ជាង៧០​ម៉ឺន​នាក់​នោះ​ទេ ដែល​ចំនួន​ដល់​ទៅ ៨០​ភាគរយ គឺ​ជា​ស្ត្រី។

ចំណែក​ឯ​សហគមន៍​អឺរ៉ុប​វិញ​បាន​បង្ហាញ​ថា ខ្លួន​គឺ​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​ទំនិញ​កម្ពុជាព្រម​ទាំង​​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​បំផុត​លំដាប់​ទី​២​ជាមួយ​កម្ពុជាផង​ដែរ។

តួលេខ​ពី​សហគមន៍​អឺរ៉ុប បាន​ឲ្យ​ដឹង​ថាកម្ពុជា​នាំ​ចេញ​ទំនិញ​មាន​តម្លៃ​ដល់​ទៅ៤.៩​ពាន់​លាន​ដុល្លារ​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក ក្នុង​នោះ​៩៩​ភាគរយ​នៃ​ទំនិញ​កម្ពុជា គឺ​ជា​ផលិត​ផល​កាត់​ដេរ បន្លែ ម្ហូប​អាហារ និង​ទោ​ចក្រយាន​ឬ​កង់ ដែល​មានត្រូវ​បាន​នាំ​ចូល​រួច​កាតព្វកិច្ច​បង់​ពន្ធ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​មាន​តម្លៃ​ដល់​ទៅ៤.៨​ពាន់​លាន​ដុល្លារ។

តួលេខ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អឺរ៉ុប​ឆ្នាំ​២០១៧​កន្លង​មក​នេះ​បាន​បង្ហាញ​ថា កម្ពុជាទទួល​បាន​ផល​ចំណេញ​យ៉ាង​ហោច​ណាស់ ៥​ដង​ខណៈ​អឺរ៉ុប​ទទួល​បាន​ផល​ចំណេញ​មិន​ដល់​ ១​ដង​ផងនៅ​ក្នុង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​​ដែល​មាន​តម្លៃ​​សរុប​ដល់​ទៅ​ជាង ៥.៨៦ពាន់​លាន​ដុល្លារ​អាមេរិក​នេះ​។

តួលេខ​ពី​សហគមន៍​អឺរ៉ុប បង្ហាញ​ថា ទំហំ​នៃ​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប​កាល​ពី​ឆ្នាំ​មុនមាន​ចំណែក​ជាង ២០​ភាគរយ​នៃ​ទំហំ​សេដ្ឋកិច្ច​កម្ពុជា​ទាំង​មូល។

ក្រៅ​ពី​បង្ហាញ​ក្ដី​បារម្ភ​ហើយ​នោះ សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជាបាន​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ​ថា សេចក្ដី​សម្រេច​ចិត្ត​របស់​សហគមន៍​អឺរ៉ុប​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះដែល​អាច​ឈាន​ទៅ​ដល់​លទ្ធភាព​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ​នោះនឹង​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​កម្មករ​-កម្មការិនី​រាប់​សែន​នាក់​របស់​កម្ពុជា និង​មនុស្ស​រាប់​លាន​នាក់​ទៀត ដែល​ជាប់​ពាក់​ព័ន្ធ។

សហគមន៍​ពាណិជ្ជករ​អឺរ៉ុប​នៅ​កម្ពុជា ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ការ​បោះ​ជំហាន​ទៅ​មុខ​បន្ថែម​ទៀត​នៃ​វិធានការ​អឺរ៉ុប​នេះ
នឹង​មិន​ជួយ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​កម្ពុជា​ ដូច​ទៅ​នឹង​គោល​បំណង​នៃ​កម្មវិធី​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​អឺរ៉ុប​នោះ​ឡើយ។

អ្នក​​ស្រាវ​ជ្រាវ​សម្រាប់​​ការ​សិក្សា​ថ្នាក់​បណ្ឌិត​នៃ​សាកលវិទ្យាល័យ Leicester City នៅ​ចក្រ​ភព​អង់គ្លេសអ្នក​នាង Cindy Cao ដែល​បាន​សិក្សា​ទៅ​លើ​ហានិភ័យ​នៃ​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប​មក​លើ​ប្រទេស​កម្ពុជា​កាល​ពី​ខែ​តុលា​ឆ្នាំ​មុនបាន​រក​ឃើញ​ថា វិធានការ​របស់​អឺរ៉ុប​មក​លើ​ប្រទេស​កម្ពុជាប្រសិន​ជា​កើត​ឡើង​នា​ពេល​ខាង​មុខ​នោះ វា​ប៉ះ​ពាល់​ទៅ​លើ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រនិង​កំណើន​រីក​លូត​លាស់​នៃ​សេដ្ឋកិច្ច​កម្ពុជា។

អ្នក​ស្រាវ​ជ្រាវ​រូប​នេះ ដែល​មាន​បទពិសោធន៍​ធ្វើការ​នៅ​ទីភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិនិង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​តំបន់​អឺរ៉ុប អាស៊ី និង​អាហ្វ្រិក​នោះ បាន​រាយ​រាប់​លម្អិត​ថា
វិធានការ​របស់​អឺរ៉ុប​ នឹង​បង្កើន​គម្លាត​ភាព​ក្រី​ក្រ​នៅ​កម្ពុជា ជាពិសេស​ស្ត្រីសហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច និង​ក្រុម​តូចៗ​ដទៃ​ទៀត។

អ្នកនាង Cindy Cao បាន​បញ្ជាក់​ថា វិធានការ​របស់​អឺរ៉ុបនឹង​ប៉ះ​ពាល់​ដល់​ពលរដ្ឋ ១៣.៥​ភាគរយ​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា​សរុប​ប្រហែល១៦​លាន​នាក់ ដែល​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រី​ក្រ។

អ្នកនាង Cindy Cao បាន​យោង​តាម​តួលេខ​ប៉ាន់​ប្រមាណ​ដោយ​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជាដែល​បាន​ឲ្យ​ដឹង​ថា ជីវភាព​កម្មករ​ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​មិន​តិច​ជាង៣លាន​នាក់​ទេ នឹង​រង​ផល​ប៉ះ​ពាល់​ដោយ​ផ្ទាល់​​ពី​វិធានការ​អឺរ៉ុប​នោះ។

ជំហាន​របស់​សហភាព​អឺរ៉ុប​ដែល​អាច​ឈាន​ទៅ​ដល់​ការដក​ហូត​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នេះអាច​ជះ​ឥទ្ធិពល​ទៅ​ដល់​លទ្ធភាព​សង​បំណុល​នៃ​ពលរដ្ឋ​កម្ពុជាដែល​ពឹង​ផ្អែក​លើ​ប្រាក់​បញ្ញើ​ពី​សាច់​ញាតិ​របស់​ពួកគេ​ដែល​ធ្វើ​ការងារ​ចំណាក​ស្រុក​ផង​ដែរ។

ការ​សិក្សា​មួយ​អំពី​ទំនាក់​ទំនង​រវាង​ប្រាក់​បញ្ញើ​ត្រឡប់​ទៅ​ផ្ទះនិង​បំណុល​គ្រួសារ ដែល​ធ្វើ​ឡើង​ដោយ​ស្ថាប័ន​ស្រាវ​ជ្រាវ​វេទិកា​អនាគតកាល​ពី​ឆ្នាំ​២០១៨​កន្លង​មក បាន​រក​ឃើញ​ថា ប្រាក់​ចំណូល​ដែល​ត្រូវ​បាន​ផ្ញើ​ត្រឡប់​ទៅ​គ្រួសារ​វិញ​ពី​សំណាក​សាច់​ញាតិ​ធ្វើការងារ​ចំណាក​ស្រុក​នោះបាន​ជំរុញ​ឲ្យ​គ្រួសារ​មាន​បំណុល​កាន់​តែ​ធំ​ជាង​មុន ដោយ​កើន​ឡើង​៦​ភាគរយ​ថែម​ទៀត។

របាយការណ៍​ធនាគារ​ជាតិ​កម្ពុជាដែល​ចេញ​កាល​ពី​ចុង​ខែ​មករា​កន្លង​មកបាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​កម្ពុជា​ដល់​ទៅជាង ៤​លាន​នាក់​ បាន​ប្រើ​ប្រាស់​កម្ចី​មាន​ទឹក​ប្រាក់​ដល់​ទៅ៣០​ពាន់​លាន​ដុល្លារ កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក​នេះ។

យ៉ាង​ណា​ក៏​ដោយ សហគមន៍​អឺរ៉ុប​នៅ​មិន​ទាន់​សម្រេច​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះខណៈ​ដែល​កម្ពុជា​នៅ​មាន​ពេល​វេលា​រហូត​ដល់​​ពាក់​កណ្ដាល​ឆ្នាំ​២០២០ សម្រាប់​កែ​លម្អ​ស្ថានភាព​សិទ្ធិ​មនុស្ស​ឆ្លើយ​តប​នឹង​ការ​ទាមទារ​ពី​សហភាព​អឺរ៉ុប និង​ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផង​ដែរ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "ប្រសិន​បើ​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បាត់​បង់ តើ​កម្ពុជា​នឹង​ទទួល​រង​ផល​ប៉ះ​ពាល់​កម្រិត​ណា​?"

  1. Anonymous says:

    if HUN SEN can solve this problem I will tell the whole world that he is the real HERO of this poor nation. at last I just warning to our be love Cambodian please do not bleed your own blood . GOD bless Cambodia and it’s people

Leave a Reply

Submit Comment