មន្ត្រី​ទូត​អាមេរិក​អំពាវនាវ​ឱ្យ​​កម្ពុជា​គោរព​សិទ្ធិមនុស្ស​និង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ដើម្បី​ប្រយោជន៍​ដៃគូ​ទៅ​វិញ​ទៅ​មក

ដោយ ថន ថារ៉ូ
2019-02-14
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុង​ពិធី​ជប់លៀង​អបអរ​ខួប​លើក​ទី​៥០ របស់​អាស៊ាន កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៧។ Photo courtesy of SPM
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុង​ពិធី​ជប់លៀង​អបអរ​ខួប​លើក​ទី​៥០ របស់​អាស៊ាន កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៧។ Photo courtesy of SPM


អាមេរិក​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក កឹម សុខា ​និង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត


មន្ត្រី​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុងភ្នំពេញ បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន គោរព​សិទ្ធិមនុស្ស​និង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​ផល​ប្រ​យោជន៍​ប្រជាជន​កម្ពុជា និង​ដើម្បី​ភាពជា​ដៃគូ​រវាង​កម្ពុជា​និង​អាមេរិក នៅ​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​យោធា។ អ្នកវិភាគ​សង្គម​អះអាង​ថា ការប្រកាស​ផ្អាក​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​សហរដ្ឋអាមេរិក កាល​ពី​ពេល​កន្លងទៅ ដោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយសារ លោក ហ៊ុន សែន កំពុង​ងាក​ខ្លួន​យ៉ាង​ខ្លាំង​ទៅ​រក​ការ​គាំទ្រ​ពី​ប្រទេស​ចិន​កុម្មុយនិស្ត​វិញ។

លោក អេរិន ឆ្វាតជេស (Arend Zwartjes) មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ស្នើ​ឱ្យ​កម្ពុជា​ងាក​មក​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ពិតប្រាកដ​ឡើងវិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​តាំងចិត្ត​របស់​ខ្លួន ដើម្បី​ផល​ប្រយោជន៍​សម្រាប់​ភាពជា​ដៃគូ​រវាង​គ្នា​ទៅវិញទៅមក។ កាលពី ឆ្នាំ​២០១៧ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ផ្អាក​សហប្រតិបត្តិការ យោធា​រវាង​អាមេរិក​និង​កម្ពុជា ដែល​ធ្លាប់​ទទួល​បាន​ជោគជ័យ​ជាច្រើន​ឆ្នាំ​កន្លង​មក ហើយ លោក ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ​បិទ​បញ្ចប់​គម្រោង​សកម្មភាព​មនុស្សធម៌​របស់​កងទ័ព​នាវា​ជើង​ទឹក​អាមេរិក ដែល​មាន​ឈ្មោះថា​ឃ្មុំ​សមុទ្រ នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។ «»

ឆ្នាំមុន រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​ដក​ការ​គាំទ្រ​ចំពោះ​កម្មវិធី​ជំនួយ​ខ្លះ​សម្រាប់​ប្រទេស​កម្ពុជា​ដោយសារ​មានការ​រឹតត្បិត​របស់​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​លើ​សង្គម​ស៊ីវិល ផ្នែក​សារព័ត៌មាន​និង​គណបក្សប្រឆាំង។ យើង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ​​ក្នុង​ការ​អនុញ្ញាត​ឱ្យ​សារព័ត៌មាន​ឯករាជ្យ អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​នានា អាច​បំពេញ​តួនាទី​ដ៏​សំខាន់​របស់​ពួកគេ ដោយ​គ្មាន​ការរារាំង។ រដ្ឋាភិបាល​កម្ពុជា​បាន​បង្អាក់​កាល​ពី​ឆ្នាំ​២០១៧ នូវ​កិច្ច​សហប្រតិបត្តិការ​យោធា ដែល​ធ្លាប់​ទទួល​បាន​ជោគជ័យ​ជាច្រើន​ឆ្នាំ​មក​ហើយ។

អ្នកវិភាគ​ថា ការ​ដោះសា​របស់​រដ្ឋាភិបាល​កម្ពុជា​ផ្អាក​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​អាមេរិក​ដោយសារតែ​កម្ពុ​ជា​លំអៀង​ទៅ​ចិន។ អ្នកវិភាគ​សង្គម លោក​បណ្ឌិត មាស នី លើកឡើង​ថា ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ជាពិសេស​ទាក់ទង​នឹង​ផល​ប្រយោជន៍​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ចិន​បាន​ត្រៀម​ប្រើប្រាស់​កម្ពុជា​ក្នុង​ឆាក​អន្តរជាតិ រួម​ទាំង​សមាគម​អាស៊ាន​ផង ដើម្បី​ធានា​ថា កម្ពុជា​គឺជា​សំឡេង​គាំទ្រ​មួយ​ដ៏​សំខាន់​សម្រាប់​ប្រទេស​ចិន។ លោក​ថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក​ហ៊ុន សែន លែង​ជា​ប្រទេស​ដែល​មាន​ភាព​អព្យាក្រឹត្យ​និង​ឯករាជ្យ ដូច​អ្វី​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស​កម្ពុជា​ទៀតហើយ៖ «ឃើញ​ថា នៅ​ពេល​មានការ​ផ្អាក​គម្រោង​ការ​​មួយ​ចំនួន ដែល​រួម​មាន​គម្រោង ទាក់ទង​មនុស្សធម៌​ផង​ហ្នឹង សមយុទ្ធ​យោធា​ផង គឺ​រដ្ឋាភិបាល ទីក្រុង​ភ្នំពេញ បាន​ងាក​ទៅ​យក​ចិន​វិញ។ មូលហេតុ​ដែល​បង្ហាញ​ទៅ​អាមេរិក​ទាក់ទង​រឿង រវល់​រឿង​អី​នោះ វា​មិនមែន​ជា​ហេតុផល​សមស្រប ត្រឹមត្រូវ​ទេ​បាទ​។ មិនមែន ត្រឹមតែ​អាមេរិក​ទេ​ដែល​យល់ថា​មិន​ត្រឹមត្រូវ សូម្បីតែ​ពលរដ្ឋ​ខ្មែរ​យើង​ហ្នឹង ក៏​យល់​ឃើញ​ថា​រដ្ឋាភិបាល​កម្ពុជា បាន​ងាក​ទៅ​រក​ចិន​ខ្លាំង​មែនទែន នៅ​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ​។ កាលណា​គេ​និយាយ​ថា ពាក្យ​អព្យាក្រឹត្យ ទាល់តែ​យើង​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​មហាអំណាច​ទាំងអស់ ឱ្យ​បាន​ស្មើ​គ្នា។

ឆ្លើយតប​នឹង​សំណើ​របស់​មន្ត្រី​ការទូត​អាមេរិក​ស្នើ​ឱ្យ​កម្ពុជា​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ដើម្បី​ស្ដារ​ទំនាក់ទំនង​យោ​ធាន​នោះ អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុជាតិ បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល ពី​ពេល​ថ្មីៗ​នេះ​ថា លំ​ហាត់​សមយុទ្ធ​យោធា​រវាង​កងទ័ព​កម្ពុជា និង​អាមេរិក ដែល​បាន​ប្រកាស ផ្អាក​ដោយ​របប​លោក ហ៊ុន សែន តាំងពី​ឆ្នាំ​២០១៧​មក នឹង​អាច​ចាប់ផ្ដើម​ឡើងវិញ​បាន​ក្នុង​ពេលវេលា​សម ស្រប​មួយ ក្រោយ​ភាគី​នៃ​ប្រទេស​ទាំងពីរ​ពិភាក្សា​គ្នា​រួចរាល់​សិន។ ទោះ​យ៉ាង​ណា​ក្តី លោក​មិនបាន​ប្រាប់​កាល​បរិច្ឆេទ​ឱ្យ​បាន​ច្បាស់លាស់​នោះ​ទេ។ លោក​បន្ត​ថា កា​ផ្អាក​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ភាគី​អាមេរិក​កន្លងមក ដោយសារ​ភាគី​កម្ពុជា​ជាប់រវល់​ក្នុង​ការ​ងាក​ជាច្រើន​ដូចជា​ការបោះឆ្នោត​និង​ការ​បង្ក្រាប​គ្រឿង ញៀន​ជាដើម៖ «មាន​ការ​បោះឆ្នោត មាន​យុទ្ធនាការ​គ្រឿងញៀន​អី​ទៅ យើង​ផ្អាក​មួយ​រយៈ​។ ទំនាក់ទំនង យើង​នៅ​តែ​មាន​អចិន្ត្រៃយ៍​ដដែល​ទេ មិន​មាន​អី​ទេ អាស្រ័យ​ដោយពេល​វេលា ហើយ ភាគី​ទាំងពីរ​ពិភាក្សា​ទៅ​យើង​អាច​ធ្វើ​បាន​។ ក្រុមការងារ​គេ​នឹង​ពិភាក្សា​ទៅ ក្រុមការងារ​រវាង​អាមេរិក​និង​ក្រុមការងារ​យើង​។ និយាយ​រួម​ទៅ គឺ​អត់​មានអី​ទេ យើង​នៅ​មាន​ទំនាក់ទំនង​ល្អ​ធម្មតា គ្រាន់តែ​ថា រឿង​សមយុទ្ធ​ហ្នឹង កន្លង​មក យើង​មាន​ការ​មមាញឹក​អ៊ីចឹង យើង​ផ្អាក​មួយ​រយៈ ហើយ​ខ្ញុំ​ជឿ​ថា ថ្ងៃក្រោយ​នឹង​មាន​ការ​សហការ​ឡើង​វិញ ហើយ​អត់​អី​ទេ តាម​ពេល​វេលា សមស្រប​ណាមួយ។

ទោះបីជា​យ៉ាងណា មិន​យូរ​ប៉ុន្មាន​ក្រោយ​ប្រាប់​អាមេរិក​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាន​លុប​គម្រោង​យោធា​ជាមួយ​កម្ពុជា​ដោយសារ​ជាប់រវល់​រឿង​បោះឆ្នោត និង​បង្ក្រាប​គ្រឿង​ញៀន​នោះ លោក ហ៊ុន សែន បាន​អនុញ្ញាត​ឱ្យ​ប្រទេស​ចិន ធ្វើ​លំ​ហាត់​យោធា​ទ្រង់ទ្រាយ​ធំ ឈ្មោះថា នាគ​មាស ដើម្បី​បង្កើន​សមត្ថភាព​កងទ័ព របស់​លោក​ដោយមាន​បាញ់​គ្រាប់​ពិត​ផង។ សមយុទ្ធ​នោះ ប្រព្រឹត្តិ​ទៅ​ក្នុង​ខែ​មិនា ឆ្នាំ​២០១៨ ពោល​គី​រយៈពេល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ក្រោយ​ផ្អាក​លំហាត់ សមយុទ្ធ​យោធា​ជាមួយ​អាមេរិក និង​រយៈពេល​តែ​បួន​ខែ​ប៉ុណ្ណោះ មុន​ការ​បោះឆ្នោត​ជ្រើស​តំណាងរាស្ត្រ​ចូល​មក​ដល់​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៨ ដោយមាន កងទ័ព​ចិន​ជាង​២​រយ​នាក់ និង​កងទ័ព​កម្ពុជា ជាង​បី​រយ​នាក់​ចូលរួម ក្នុង​សមយុទ្ធ​យោធា​មួយ​នេះ​។ បន្ថែម​លើ​សមយុទ្ធ​យោធា​នេះ ប្រទេស​ចិន​ក៏បាន ផ្ដល់​ជំនួយ​យោធា​ដ៏​ក្រាស​ក្រែល​ដែល​មាន​តម្លៃ​ជាង ១០០​លាន​ដុល្លារ ដល់​ប្រទេស​កម្ពុជា ក្នុង​ការ​ជួយ​ពង្រីក​វិស័យ​ការពារ​របស់​កម្ពុជា។ នៅ​ដើមខែ​មករា​ឆ្នាំ​២០១៩​នេះ មុន​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក ហ៊ុន សែន​ទៅ កាន់​ប្រទេស​ចិន នាវា​ចំបាំង​ចិន​ចំនួន ៣​គ្រឿង បាន​ចូល​ចត​ក្នុង​ប្រទេស កម្ពុជា​ដើម្បី​បំពេញ​ទស្សនកិច្ច រយៈពេល​៤​ថ្ងៃ ក្នុង​ន័យ​រឹតចំណង​មិត្តភាព ជាមួយ​កងទ័ពជើងទឹក​កម្ពុជា ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត។

កាល​ពី​ពាក់កណ្ដាល​ខែ​មករា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ ក្រុង​វ៉ាស៊ីងតោន បាន​បញ្ជូន​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​របស់​ស​ខ្លួន គឺ​បណ្ឌិត Joseph Felter មក​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា ដោយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក​បាន​ជួប​ជាមួយ​លោកនាយ​ឧត្ដមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ថ្នាក់ដឹកនាំ​កងទ័ពជើងទឹក​កម្ពុជា​ផ្សេងទៀត ដើម្បី ពិភាក្សា​ពី​ចក្ខុវិស័យ​រួម ដែល​ចង់​ឱ្យ​តំបន់ ឥណ្ឌូ​ប៉ាស៊ីហ្វិក មាន​ភាព​បើក​ចំហរ​និង​មាន​ភាព​សេរី ព្រមទាំង​ពិភាក្សា​ពី​ទំនាក់ទំនង និង​សហប្រតិបត្តិការ​ទេ្វ​ភាគី​រវាង​យោធា​នៃ​ប្រទេស​ទាំងពីរ ពិសេស​ក្នុង​ការ​ជួយ​ពង្រឹង​សមត្ថភាព​យោធា​កម្ពុជា ក្នុង​ការ​រក្សា​អធិបតេយ្យភាព និង​ឯករាជ្យភាព​របស់​ខ្លួន។ លោក Felter អះអាង​នៅ​ចុង​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ថា ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​កម្ពុជា និង​អាមេរិក នឹង​មិន​អាច​ប្រសើរ​ឡើង​បានទេ បើ​កម្ពុជា​មិន​មាន​ការផ្សះផ្សា​ជាតិ និង​ព្រម​ដោះលែង​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា នោះ​ទេ។

នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១ របស់​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ទៅកាន់​ប្រទេស​កម្ពុជា ក្រោយ​ការបោះឆ្នោត​សកល​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៨ បន្ទាប់ពី លោក ហ៊ុន សែន បាន​រម្លាយ​គណបក្សប្រឆាំង និង​ចាប់​មេដឹកនាំ​គណបក្សប្រឆាំង លោក កឹម សុខា ដាក់​ពន្ធនាគារ ហើយ​ចុង​ក្រោម​មក​បាន​ដាក់ លោក កឹម សុខា ឃុំខ្លួន​ក្នុង​ផ្ទះ។ រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​សំណើ​របស់​អាមេរិក។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ច្រានចោល​នូវ​បំណង​ល្អ​របស់​អាមេរិក​ក្នុង​ការ​ជួយ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ក្នុង ប្រទេស​កម្ពុជា ដោយ​លើក​ឡើង​ថា​មន្ត្រី​អាមេរិក​រូប​នេះ បាន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ទៅវិញ។ លោក ផៃ ស៊ីផាន ថា កម្ពុជា​ជា​ប្រទេស​ឯករាជ្យ អព្យាក្រឹត្យ មិន​ចំណុះ​ឱ្យ​ប្រទេស​ណាមួយ និង​បាន​អំពាវនាវ កុំ​ឱ្យ​អាមេរិក​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុ​ជាត​ទៅ​ទៀត៖ «ចំពោះ​នាយ​ទាហាន​ជាន់ខ្ពស់​សហរដ្ឋអាមេរិក ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ដែល​មាន​ហេតុផល និង​ទិសដៅ​ចង់​ពង្រឹង ឯករាជ្យភាព​និង​ថាមពល របស់​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា យើង​សូម​ស្វាគមន៍ ក៏ប៉ុន្តែ​អ្វី​ដែល​គាត់​លើកឡើង​ពាក់ព័ន្ធ​ជាមួយ កឹម សុខា អាហ្នឹង ជា​រឿង​មួយ​ជ្រៀតជ្រែក​ក្នុង​អធិបតេយ្យភាព​របស់​កម្ពុជា ក៏​ជ្រៀតជ្រែក ក្នុង​កាតព្វកិច្ច​នៃ​ការ​ប្រព្រឹត្តិ​ទៅ​នៃ​កង​យោធា ហើយ​យើង​មិន​ទទួល ជា​ដាច់ខាត​។ យើង​សូម​អំពាវនាវ​កុំ​ឱ្យ​សហរដ្ឋអាមេរិក​ជ្រៀតជ្រែក លុកលុយ​ក្នុង​ដែន​អធិបតេយ្យភាព របស់​កម្ពុជា វា​ចប់​សព​គ្រប់​ហើយ។ យើង​រក្សា​កម្ពុជា​ជា​មិត្ត​របស់​សហរដ្ឋអាមេរិក ជា​មិត្ត​របស់​បណ្ដា​ប្រទេស​នានា ដែល​ជា​ប្រទេស​ឯករាជ្យ​មួយ​និង​អធិបតេយ្យ​បាទ»

ដោយឡែក អ្នកវិភាគ​នយោបាយ លោក គឹម សុខ បាន ប្រាប់​អាស៊ីសេរី​ថា ដំណើរ​ទស្សនកិច្ច របស់​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​រូប​នេះ គឺ​ដើម្បី​ដាស់​ស្មារតី មេដឹកនាំ​របប​ក្រុងភ្នំពេញ ឱ្យ​ត្រលប់ វិល​ទៅ​រក​ផ្លូវ​ត្រូវ នឹង​គិតគូរ​ឡើងវិញ នូវ​ផល​ប្រយោជន៍​រួម​នៃ​ប្រទេស​កម្ពុជា នឹង​ស្ដារ​ឡើងវិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា៖ «ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ការពារ​ជាតិ​ជាន់ខ្ពស់​អាមេរិក ជា​ការ​រំលឹក​ផង ជា​ការ​ព្រមាន​ផង ហើយក៏​ចង់​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រទេស​កម្ពុជា​ផង នៅ​ក្នុង​លក្ខខណ្ឌ​ដែល​មាន​វិបត្តិ​ធ្ងន់ធ្ងរ​អំពី​ប្រជាធិបតេយ្យ ដែល​ត្រូវ​ក្រុម​លោក ហ៊ុន សែន ប្រើ​កណ្ដាប់ដៃ​ដែក ស្ទើរតែ​សម្លាប់​ទាំងស្រុង​នៅ​ប្រទេស​កម្ពុជា បច្ចុប្បន្ន​ហ្នឹង។

ចាប់​តាំង​ពី​ឆ្នាំ​២០១០ កម្ពុជា​និង​អាមេរិក​តែង​រៀបចំ​សមយុទ្ធ​យោធា​ជា ទៀងទាត់ ដូចជា​សមយុទ្ធ​ឆ្មាំ​អង្គរ សមយុទ្ធ​ព្រះ​ខ័ន្ត និង​សមយុទ្ធ​លំហ​សមុទ្រ​ដែល​មាន​ឈ្មោះថា ការាត់​ជាដើម (KARAT- CARAT-Afloat Readiness and Training) មក ដោយ​ក្នុង​មួយ​លើកៗ មានការ​ចូលរួម​ពី​កងទ័ព​រវាង​ប្រទេស​ទាំងពីរ​ជាច្រើន​រយ​នាក់​។ ក្រៅពី សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​ជាមួយ​កម្ពុជា អាមេរិក​ក៏​មាន​គម្រោង​យោធា​ជាច្រើន​ផ្នែក​ផង​ដែរ​ជាមួយ​កម្ពុជា ដូចជា​គម្រោង​បណ្ដុះបណ្ដាល​កងទ័ព​កម្ពុជា ការ ចូល​ចត​របស់​នាវា​ចំបាំង​និង​នាវា​ពិឃាដ នាវា​មន្ទីរ​ពេទ្យ​អាមេរិក និង​ការ​ចុះ​ព្យាបាល​ជំងឺ​ដល់​ពលរដ្ឋ​ក្រីក្រ​តាម​ទី​ជនបទ​ដាច់​ស្រយាល ដោយ​កងទ័ព​អាមេរិក ដែល​គម្រោង​ទាំងអស់​នេះ មិន​ត្រូវ​បាន​ឃើញ​មាន​ទៀត​ទេ ក្រោយ​ការប្រកាស​ផ្អាក​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន។

ក្នុង​ពេល​កន្លងទៅ​ថ្មីៗ​នេះ កាសែត​បរទេស​ក៏បាន​ផ្សាយ​ព្រោងព្រាត​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​មាន​គម្រោង​អនុញ្ញាត​ឱ្យ​ប្រទេស​ចិន​បង្កើត​មូលដ្ឋាន​កងទ័ពជើងទឹក​ចិន​នៅ​ក្នុង​ខេត្ត​កោះកុង ក្នុង​ពេល​អនាគត។ ទោះ យ៉ាង​នេះ​ក្តី ទាំង​លោក ហ៊ុន សែន ទាំង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ និង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា លោក ឈុំ សុជាតិ បាន បដិសេធ​​ចោល​នូវ​ព័ត៌មាន​នេះ ដោយ​ហៅថា​ការផ្សាយ​ព័ត៌មាន​ទាំងនោះ​ថា​ជា​ការ​បង្ខូច​កិត្តិយស ប្រទេស​កម្ពុជា។

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក លោក អេរិន ឆ្វាតជេស បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា សហរដ្ឋអាមេរិក នឹង​បន្ត​តាមដាន​ព័ត៌មាន​ផ្សេងៗ​ជុំវិញ​រឿង​ប្រទេស​ចិន​ចាប់អារម្មណ៍​នឹង​គម្រោង​បង្កើត​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​បន្ត​ថា អាមេរិក​ស្វាគមន៍​សេចក្ដី​ថ្លែងការណ៍​របស់​លោក ហ៊ុន សែន ដែល​បញ្ជាក់​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា ហាម​មិន​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹកដី​កម្ពុជា​នោះ​។ លោក​សង្ឃឹមថា រដ្ឋាភិបាល​កម្ពុជា នឹង​ផ្ដល់​នូវ​តម្លាភាព​ច្រើនជាង​នេះ ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ និង​អភិវឌ្ឍន៍ ដែល​កំពុង​កើតមានឡើង​នៅ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​កម្ពុជា និង​ថា អធិបតេយ្យភាព​របស់​កម្ពុជា ត្រូវ​បាន​ការពារ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ៕


What Next?

Recent Articles

Leave a Reply

Submit Comment