មន្ត្រី​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​ស្នើ​ពលរដ្ឋ​ឱ្យ​ឈប់​បរិភោគ​ត្រី​ក្រពត

ដោយ​ សន ចាន់រដ្ឋា
2019-02-19
RFA

អ្នក​ស្រុក​ព្រះនេត្រ​ព្រះ​ពុល​ត្រី​ក្រពត ត្រូវ​បាន​បញ្ជូន​ឲ្យ​គ្រូពេទ្យ​ជួយ​សង្គ្រោះ នៅ​មន្ទីរ​ពេទ្យ​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី១៧ ខែ​កុម្ភៈ។ រូបថត៖ ពី​ហ្វេសប៊ុក​វេជ្ជបណ្ឌិត កែវ សុភក្ត្រា
អ្នក​ស្រុក​ព្រះនេត្រ​ព្រះ​ពុល​ត្រី​ក្រពត ត្រូវ​បាន​បញ្ជូន​ឲ្យ​គ្រូពេទ្យ​ជួយ​សង្គ្រោះ នៅ​មន្ទីរ​ពេទ្យ​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី១៧ ខែ​កុម្ភៈ។ រូបថត៖ ពី​ហ្វេសប៊ុក​វេជ្ជបណ្ឌិត កែវ សុភក្ត្រា


មន្ត្រី​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​បរិភោគ​ត្រី​ក្រពត ព្រោះ​ត្រី​ប្រភេទ​នេះ​មួយ​ចំនួន​មាន​សារធាតុពុល ដែល​អាច​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​បាត់​បង់ជីវិត​បាន​។ ការ​ស្នើ​នេះ​បន្ទាប់ពី កើតមាន​ករណី​ពុល​ត្រី​ក្រពត​មួយ​ដែល​បាន​កើតឡើង​នៅ​ក្នុង​ខេត្ត​នេះ កាលពី​ថ្ងៃ​ទី១៧ ខែ​កុម្ភៈ ដែល​បណ្ដាល​ឱ្យ​ស្ត្រី​ម្នាក់​ជា​ម្ដាយ​បាន​ស្លាប់ និង​ក្មេង​ចំនួន ៣​នាក់​ផ្សេងទៀត​មាន​អាការ​ពុល ប៉ុន្តែ​ត្រូវ​បាន​ជួយសង្គ្រោះ​ទាន់​ពេល និង​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ កាលពី​ថ្ងៃ​ទី១៨ ខែ​កុម្ភៈ។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ លោក វេជ្ជបណ្ឌិត កែវ សុភក្ត្រា បាន​ឱ្យ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ​ថា ករណី​ពុល​ត្រី​ក្រពត​នេះ ជា​លើក​ទី​បី​ហើយ​ដែល​បាន​កើតឡើង​នៅ​ក្នុង​ខេត្ត​របស់​លោក នា​ពេល​ថ្មីៗ​នេះ។ លោក​ឱ្យ​ដឹង​ថា ពលរដ្ឋ​នៅ​ក្នុង​ខេត្ត ដែល​ប្រកប​មុខ​របរ​នេសាទ ច្រើន​យក​ត្រី​ក្រពត​ដែល​នេសាទ​បាន ទៅ​បរិភោគ​ដោយ​មិនបាន​ស្គាល់​ពី​ប្រភេទ​ត្រី​ក្រពត​ច្បាស់លាស់។

ខ្ញុំ​ទៅ​ដល់​កន្លែង​បឹង​ហ្នឹង​ហើយ គឺ​ថា បង់​មួយ​សំណាញ់​មក​បាន​ច្រើន ក្រពត​ហ្នឹង​ ពេល​យើង​សាក​សួរ​គាត់​ទៅ គាត់​ថា​ទម្លាប់​គាត់​ធ្លាប់​ហូប​តាំង​ពី​ដើម​មក​អត់អី​ ហើយ​ខ្ញុំ​សួរ​ថា ម៉េច​បាន​ថា​អត់​អី? គាត់​ថា ត្រី​ក្រពត​ហ្នឹង​ឆ្ងាញ់​ជាង​គេ គឺ​សាច់​នៅ​ត្រង់​កន្ទុយ​ហ្នឹង​តែ​ម្ដង អញ្ចឹង​ហើយ​បាន​គាត់​ចេះ​តែ​សាក។ អ្នក​ដែល​ស្លាប់​ភាគ​ច្រើន បើ​ប្រុសៗ លើក​មុន ដែល​ស្លាប់ ដោយ​សារ​ក្លែម​ក្រពត​ជា​មួយ​នឹង​ស្រា។ អា​ហ្នឹង! ដើរ​មួយ​យប់​អត់​ទាន់​ទេ គឺ​ស្លាប់។

លោក វេជ្ជបណ្ឌិត កែវ សុភក្ត្រា ឱ្យ​ដឹង​បន្ថែម​ថា កន្លងមក​មន្ត្រី​សុខាភិបាល​ខេត្ត តែ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ពលរដ្ឋ ឱ្យ​បាន​យល់ដឹង និង​បញ្ឈប់​ការ​បរិភោគ​ត្រី​ក្រពត​ជា​បន្ត​ទៀត ដើម្បី​ចៀសវាង​ការ​ពុល​រហូត​ដល់​បាត់​បង់​អាយុជីវិត។ លោក​វេជ្ជបណ្ឌិត​ក៏​ស្នើ​ដល់​ពលរដ្ឋ ដែល​បាន​បរិភោគ​ត្រី​ក្រពត​ហើយ មាន​អាការៈ ស្ពឹក​មាត់ ថប់​ដង្ហើម និង​ញ័រ​ដៃ ញ័រ​ជើង ​ត្រូវ​ប្រញាប់​ស្វែងរក​សេវា​ព្យាបាល​ជា​បន្ទាន់។

ការ​ស្រាវជ្រាវ​របស់​ក្រសួង​សុខាភិបាល រក​ឃើញ​ថា ​នៅ​កម្ពុជា​មាន​ត្រី​ក្រពត​ចំនួន ១០​ប្រភេទ ក្នុង​នោះ​មាន ៣​ប្រភេទ ដែល​មាន​ជាតិ​ពុល។ ការ​ស្រាវជ្រាវ​ដដែល​បង្ហាញ​ថា ត្រី​ក្រពត​ដែល​ពុល​ខ្លាំង​បំផុត គឺ​នៅ​រដូវ​ពង​កូន​បន្ត​ពូជ នៅ​ក្នុង​ខែ​កុម្ភៈ មីនា និង​ចាប់​ពី​ខែ​កក្កដា រហូត​ដល់​ខែ​កញ្ញា។ សារ​ជាតិ​ពុល របស់​ត្រី​ក្រពត មាន​នៅ​លើ​ថ្លើម ពោះវៀន ស្បែក និង​សាច់ ប៉ុន្តែ​សារជាតិ​ពុល​ដែល​ខ្លាំង​បំផុត របស់​ត្រី​ក្រពត គឺ​ស្ថិត​នៅ​ត្រង់ ពង​ត្រី​ក្រពត និង​ស្ពែម (sperm) របស់​វា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles