លោក​ ហ៊ុន សែន ស្នើ​មេធាវី​បរទេស​ ឱ្យ​ជួយ​ពង្រឹង​ធនធាន​មនុស្ស​ក្នុង​​វិស័យ​ច្បាប់​នៅ​កម្ពុជា

ដោយ វ៉ែន សុមេធ
2019-02-19
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង


(ខាង​ឆ្វេង) លោក ម៉ាត់ធ្យូ អែនថូនី ថេល័រ (Matthew Anthony Tayler) ប្រធាន​ក្រុមហ៊ុន​ច្បាប់ ដន ម៉ូរីស អិលអិលភី (Duane Morris LLP) និង​លោក ហ៊ុន សែន ក្នុង​ជំនួប​នៅ​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ២០១៩។ រូប​ពី​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister
(ខាង​ឆ្វេង) លោក ម៉ាត់ធ្យូ អែនថូនី ថេល័រ (Matthew Anthony Tayler) ប្រធាន​ក្រុមហ៊ុន​ច្បាប់ ដន ម៉ូរីស អិលអិលភី (Duane Morris LLP) និង​លោក ហ៊ុន សែន ក្នុង​ជំនួប​នៅ​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ២០១៩។ រូប​ពី​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister


លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ស្វាគមន៍​វត្តមាន​មេធាវី​អន្តរជាតិ​នៅ​កម្ពុជា ខណៈ​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា​កំពុង​​រង​ការ​រិះគន់​ពី​រឿង​ខ្វះ​ភាព​ឯករាជ្យ និង​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ។ អង្គការ​សង្គម​ស៊ីវិល​យល់​ថា របប​ក្រុង​ភ្នំពេញ​ត្រូវ​ខិត​ខំ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ ទើប​វត្តមាន​មេធាវី​អន្តរជាតិ​អាច​ជួយ​ពង្រឹង​វិស័យ​​ច្បាប់​​នៅ​កម្ពុជា​បាន​។

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន ស្នើ​ឱ្យ​មេធាវី​អន្តរជាតិ​ជួយ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​ច្បាប់ និង​លើក​ស្ទួយ​សេវា​កម្ម​ផ្លូវ​ច្បាប់​នៅ​កម្ពុជា។ ការ​ស្នើ​របស់​លោក​ ហ៊ុន សែន​ នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​ប្រតិភូ​ក្រុមហ៊ុន​ច្បាប់​របស់​អាមេរិក​ឈ្មោះ ដន​ ម៉ូរីស (Duane Morris LLP) នៅ​ព្រឹក​ថ្ងៃ​ទី១៩ កុម្ភៈ។

លោក ហ៊ុន​ សែន​ សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក​ថា កាល​ពី​មុន​ កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​ជន​បរទេស​បង្កើត​ក្រុមហ៊ុន​មេធាវី​នៅ​កម្ពុជា​នោះ​ឡើយ ក៏​ប៉ុន្តែ​ក្រោយ​ពី​បាន​ក្លាយ​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក (WTO) រួច​មក​ កម្ពុជា​បាន​កែប្រែ​ច្បាប់​នោះ​ហើយ។ លោក​បន្ត​ថា បច្ចុប្បន្ន​នេះ ​មេធាវី​បរទេស​អាច​បង្កើត​ក្រុមហ៊ុន​ច្បាប់​នៅ​កម្ពុជា​បាន។ លោក​ ហ៊ុន​ សែន​ អះអាង​ទៀត​ថា វត្តមាន​មេធាវី​​អន្តរជាតិ និង​ក្រុមហ៊ុន​ច្បាប់​​បរទេស​នេះ បាន​ជួយ​លើក​ទឹក​ចិត្ត និង​បង្កើន​ទំនុក​ចិត្ត​​ដល់​អ្នក​វិនិយោគ​បរទេស មក​បណ្ដាក់​ទុន​រកស៊ី​នៅ​កម្ពុជា។

ប្រធាន​គ្រប់​គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ លោក អំ សំអាត គាំទ្រ​ការ​បើក​ក្រុមហ៊ុន​​ច្បាប់​ ឬ​ក្រុមហ៊ុន​មេធាវី​អន្តរជាតិ​នៅ​កម្ពុជា ព្រោះ​វា​នឹង​ជួយ​ពង្រឹង​វិស័យ​​ច្បាប់ និង​​បណ្ដុះបណ្ដាល​ ​ធនធាន​មនុស្ស​របស់​កម្ពុជា។ ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ លោក​ថា​កម្ពុជា​ត្រូវ​តែ​ពង្រឹង​វិស័យ​ច្បាប់​​របស់​ខ្លួន​ឱ្យ​ល្អ​ប្រសើរ ជាពិសេស​គឺ​ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ និង​តុលាការ៖ «ការ​ដែល​មាន​វត្តមាន​របស់​ក្រុមហ៊ុន​មេធាវី​អន្តរជាតិ​នៅ​កម្ពុជា ដើម្បី​ជួយ​ពង្រឹង​លើ​វិស័យ​ច្បាប់ វិស័យ​​យុត្តិធម៌ ឬ​ក៏​បណ្ដុះបណ្ដាល​ដល់​មេធាវី​កម្ពុជា​យើង​បាន ទាល់តែ​យើង​មាន​ឆន្ទៈ​ពិត​ប្រាកដ​មួយ​ថា ចង់​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ច្បាប់ និង​ប្រព័ន្ធ​តុលាការ​​ឱ្យ​មាន​ប្រសិទ្ធភាព ដែល​អាច​នឹង​ផ្ដល់​យុត្តិធម៌​សម្រាប់​​សង្គម​ជាតិ និង​ប្រជាពលរដ្ឋ​ទូទៅ»

ការ​អនុវត្ត​ច្បាប់​​នៅ​កម្ពុជា រង​ការ​រិះគន់​ថា មាន​ភាព​លម្អៀង រើសអើង និង​មាន​​ស្តង់ដារ​ពីរ​ក្នុង​សំណុំ​រឿង​ដែល​​មាន​ចរិត​នយោបាយ និង​សំណុំ​រឿង​វិវាទ​រវាង​អ្នក​មាន​លុយ​មាន​អំណាច​ជាមួយ​នឹង​ពលរដ្ឋ​ក្រីក្រ។ អ្នក​​គាំទ្រ ឬ​ភាគី​រដ្ឋាភិបាល​ និង​អ្នក​មាន​លុយ​មាន​អំណាច ច្រើន​តែ​ឈ្នះ​ក្តី​លើ​អ្នក​មិន​គាំទ្រ​រដ្ឋាភិបាល និង​ពលរដ្ឋ​​​ក្រីក្រ ហើយ​មាន​ពេល​ខ្លះ​អ្នក​មាន​លុយ​មាន​អំណាច​ប្រព្រឹត្ត​ខុសច្បាប់​ដែរ ប៉ុន្តែ​មិន​ត្រូវ​បាន​ផ្ដន្ទាទោស ឬ​ត្រូវ​បាន​ផ្ដន្ទាទោស​ដែរ តែ​មិន​សម​នឹង​បទល្មើស។ ដោយ​សារ​និន្នាការ​បែបនេះ​ហើយ ទើប​សហគមន៍​ជាតិ​ និង​អន្តរជាតិ ​វាយ​តម្លៃ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​នៅ​ក្នុង​កម្រិត​ទាប​នៅឡើយ ហើយ​តុលាការ​វិញ ត្រូវ​បាន​ចាត់​ទុក​​ថា ជា​ស្ថាប័ន​តេឡេ ដែល​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​អ្នក​មាន​លុយ​មាន​អំណាច​។ អតីត​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊េឌី ធ្លាប់​មាន​ប្រសាសន៍​ដោយ​ចំហ​ថា ជន​ក្រីក្រ និង​អ្នក​ទន់​ខ្សោយ​ជា​រឿយៗ តែង​ចាញ់​ក្ដី​នៅ​ក្នុង​តុលាការ​កម្ពុជា។

ថ្មីៗ នេះ លោក ហ៊ុន សែន បាន​សម្រេច​ឱ្យ​មាន​ការ​បង្កើត​​ក្រុម​មេធាវី​ពិសេស​មួយ​ ដើម្បី​ជួយ​ដល់​ស្ត្រី​ក្រីក្រ​ខ្វះ​មេធាវី​ ឱ្យ​ទទួល​បាន​ការ​កាត់​ក្តី​ឆាប់​រហ័ស​ ចៀសវាង​ការ​ឃុំ​ខ្លួន​លើស​ការ​កំណត់។ លោក​គ្រោង​ជ្រើស​រើស​មេធាវី​ប្រមាណ ៥០នាក់ ដោយ​បែង​ចែក​ ២នាក់​ប្រចាំ​ខេត្ត​នីមួយៗ ហើយ​កិច្ច​ការពារ​ក្តី​នេះ មិន​មែន​កំណត់​ចំពោះ​តែ​ស្ត្រី​នោះ​ទេ ពោល​គឺ​នឹង​ជួយ​ការពារ​ករណី​ផ្សេង​ទៀត ធ្វើ​យ៉ាងណា​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទទួល​បាន​យុត្តិធម៌។

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស ស្វាគមន៍​ការ​បង្កើត​ក្រុម​មេធាវី​ដើម្បី​ជួយ​ស្ត្រី​ក្រីក្រ ដើម្បី​ផល​ប្រយោជន៍​ពលរដ្ឋ​ និង​សង្គម ប៉ុន្តែ​មិន​មែន​ដើម្បី​ផល​ប្រយោជន៍​នយោបាយ​នោះ​ឡើយ។ សង្គម​ស៊ីវិល​ថា ប្រសិន​បើ​របប​ក្រុង​ភ្នំពេញ​អាច​កែ​ទម្រង់​​​ប្រព័ន្ធ​យុត្តិធម៌​បាន​ជោគជ័យ​នៅ​ថ្ងៃមុខ នោះ​នឹង​មិន​មាន​ការ​ចាំបាច់​ក្នុង​ការ​បង្កើត​​ក្រុម​មេធាវី​ពិសេស​បែប​នេះ​ឡើយ។ សង្គម​ស៊ីវិល​ក៏​ជំរុញ​ឱ្យ​តុលាការ​កម្ពុជា​ យក​ចិត្ត​ទុក​ដាក់​ និង​ផ្ដល់​តម្លៃ​ដល់​ការងារ​របស់​មេធាវី​នៃ​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ​ ដោយ​កុំ​ទោរទន់​ទៅ​លើ​មេធាវី​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល ដូច​ករណី​មុនៗ​ នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles