លោក ស ខេង ណែនាំមន្ដ្រីពង្រឹងការងារបម្រើពលរដ្ឋឲ្យខ្លាំងជាងបម្រើបក្ស


|
https://www.vodhotnews.com

លោក ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ អញ្ជេីញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨​ និងលេីកទិសដៅការងារសម្រាប់អនុវត្ត​ ឆ្នាំ២០១៩​ របស់រដ្ឋបាលខេត្តស្ទឹងត្រែង​ នាព្រឹកថ្ងៃពុធ​ ១រោច​ ខែមាឃ​ ឆ្នាំ២០១៩​ សំរឹទ្ធិស័ក​ ព.ស​២៥៦២​ ត្រូវនឹងថ្ងៃទី២០​ ខែកុម្ភៈ​ ឆ្នាំ២០១៩ ។

អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃណែនាំឲ្យមន្ដ្រីរដ្ឋាភិបាលយកចិត្តទុកដាក់ទៅលើក្រុមការងារថ្នាក់ជាតិបម្រើពលរដ្ឋជាជាងការពង្រឹងក្រុមការងារគណបក្ស។

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងដូច្នេះនៅក្នុងពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តស្ទឹងត្រែង នៅឯខេត្ដស្ទឹងត្រែង នាព្រឹកថ្ងៃពុធនេះ។

លោក ស ខេង អះអាងថា ក្រុមការងារថ្នាក់ជាតិគឺជាអ្នកអនុវត្តកម្មវិធីនយោបាយ ដែលរដ្ឋាភិបាលបានដាក់ចេញ ដើម្បីដោះស្រាយបញ្ហាពលរដ្ឋ និងការអភិវឌ្ឍជាតិមូល។

លោក ស ខេង ថ្លែងថា៖ «ម្យ៉ាងទៀតក៏យើងឲ្យតម្លៃមកដល់ថ្នាក់រដ្ឋបាលក្រោមជាតិ គឺថ្នាក់ខេត្តដែលតាមច្បាប់ជាតំណាងឲ្យរដ្ឋាភិបាល អញ្ចឹងយើងបានកែសម្រួលយ៉ាងដូច្នេះ។ ហើយជាមួយនេះ យើងក៏កំពុងកែសម្រួលក្រុមការងារថ្នាក់ជាតិ ដែលយើងខិតខំធ្វើម៉េចពង្រឹងក្រុមការងារថ្នាក់ជាតិឲ្យខ្លាំង ឲ្យខ្លាំងជាងក្រុមការងារគណបក្ស តាមទស្សនៈរបស់ខ្ញុំ។ មូលហេតុដោយសារក្រុមការងារថ្នាក់ជាតិ គឺជាប្រតិបត្តិករដើម្បីពាំនាំនូវកម្មវិធីនយោបាយយុទ្ធសាស្ដ្រចតុកោណរបស់រដ្ឋាភិបាល មករួមជាមួយរដ្ឋបាលនៅកន្លែងនេះចាត់តាំងអនុវត្ត គ្រប់វិស័យទាំងអស់។ ឯក្រុមការងារគណបក្ស គឺគេធ្វើការគណបក្ស មានពេលវេលាច្រើនដើម្បីធ្វើការគណបក្ស»។

នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០១៧ អតីតគណបក្សសង្គ្រោះជាតិក៏បានប្រើប្រាស់សារនយោបាយប្រហាក់ប្រហែលគ្នានេះដែរនៅក្នុងអំឡុងពេលយុទ្ធនាការរកសំឡេងឆ្នោត គឺសារនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ដ្រ»

ប៉ុន្តែ​សារនយោបាយនេះ ត្រូវគណបក្សប្រជាជនកម្ពុជា​ថ្កោលទោស និងប្តឹងទៅតុលាការ ដោយ​ចោ​ទ​​ថា​ មានលក្ខ​ណៈ​ញុះ​ញ​ង់ និងប្រមាថដល់មេឃុំ ឬចៅសង្កាត់ ដែលខិ​តខំបំ​ពេ​​ញ​​​កា​​រងារ​បម្រើ​ព​ល​រ​ដ្ឋ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles