លោក ​ហ៊ុន ​សែន​៖ ​បុរស​ស្រលាញ់​បុរស​ជា​កង្វល់​ថ្មី​មួយ​កំពុង​កើត​ឡើង ​ខណៈ​កម្ពុជា​មិន​អាច​ធ្វើ​ច្បាប់​ឲ្យ​រៀប​អាពាហ៍​ពិពាហ៍​ភេទ​ដូចគ្នា​

ដោយ ញឹម សុផល
20/02/2019
RFI

media
ទង់ឥន្ធនូគឺតំណាងអោយមនុស្សលោកដែលស្រលាញ់ភេទដូចគ្នា (រូបតំណាង)
@Redbubble


លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សម្តែង​នូវ​មោទនភាព​ចំពោះ​អត្រា​ឆ្លង​ជំងឺ​អេដស៍​នៅ​ប្រទេស​កម្ពុជា ដែល​មាន​ការ​ធ្លាក់​ចុះ​ទាប​បំផុត​។ ក៏​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ចាប់​អារម្មណ៍​និង​ជា​កង្វល់​ថ្មី​នោះគឺ ការ​ស្រលាញ់​ភេទ​ដូច​គ្នា ដែល​អាច​ជា​ហេតុផល​ក្នុង​ការ​ចម្លង​រោគ​ដ៏​រាល​ដាល​។ ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ដូច្នេះ​គឺ​នៅ​ពេល​ដែល​លោក​ជួប​ជាមួយ​កម្មករ​កាត់​ដេរ​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​នៅ​ខេត្ត​កណ្តាល​។ 

នៅ​ចំពោះ​មុខ​កម្មករ កម្មការិនី ប្រមាណ​ជាង​១ម៉ឺន​នាក់ នៅ​ខេត្ត​កណ្តាល លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ថា កម្ពុជា​នឹង​ឆ្ពោះ​ទៅ​កាន់​អត្រា០% នៃ​អ្នក​កើត​អេដស៍ និង​ផ្ទុក​មេរោគ​អេដស៍ នៅ​ឆ្នាំ​២០២៥ ខណៈ​ពេល​នេះ កម្ពុជា​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ចំនួន​០,៦%​។

ក៏​ប៉ុន្តែ ក្តី​កង្វល់​ក៏​បាន​កើត​មាន​ដែរ​នា​បច្ចុប្បន្ន​នេះ ចំពោះ​ក្រុម​មនុស្ស​ប្រភេទ​ទី៣ ទាក់​ទង​ទៅ​នឹង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ ខណៈ​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​ក្នុង​ចំណោម​ភេទ​ទីបី បាន​កក្រើក​ឡើង​។ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​អំពាវនាវ​នៅ​ថ្ងៃ​នេះ​ដែរ ដល់​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា ជា​ពិសេស​បុរស ស្រលាញ់​បុរស សុំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចៀស​វាង​ចំលង​រោគ​ទៅ​អ្នក​ដទៃ​បន្ថែម​ទៀត​។

ដោយ​លើក​ឡើង​ពី​អ្នក​សំអាង​ប្រចាំ​ភរិយា​របស់​លោក ដែល​ជា​មនុស្ស​ភេទ​ទី៣ លោក ហ៊ុន សែន ក៏​បាន​អំពាវ​នាវ​ជា​សាធារណៈ​ដែរ ដោយ​ស្នើ​សុំ​ឲ្យ​មាតា​បិតា និង​ពលរដ្ឋ​ខ្មែរ​កុំ​មាន​ការ​រើស​អើង​ចំពោះ​មនុស្ស​ភេទ​ទី៣ ឬ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​។ លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា កម្ពុជា​មិន​អាច​ឈាន​ទៅ​ធ្វើ​ច្បាប់​សម្រាប់​ឲ្យ​អ្នក​ស្រលាញ​ភេទ​ដូច​គ្នា​រៀប​អាពាហ៍ពិពាហ៍​បាន​ទេ ខណៈ​ពេល​នេះ ច្បាប់​ស្តី​ពី​ការ​អនុញ្ញាត​ឲ្យ​រៀប​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា នៅ​មិន​ទាន់​ជា​ការ​ចាំ​បាច់ ហើយ​ជាក់​ស្តែង​ក៏​មិន​មាន​ការ​រារាំង​ដែរ នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​។

សូម​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​២០១៨ ​អង្គការ​អនាគត​យុវជន​កម្ពុជា បាន​រក ឃើញ​ថា ប្រទេស​កម្ពុជា​មាន​បុរស និង​ស្ត្រី ស្រលាញ់​ភេទ​ដូច​គ្នា ប្រមាណ​ជា​១០ម៉ឺន​នាក់​។ ក្នុង​ចំណោម​នេះ អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា ដែល​រស់​នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ មាន​ប្រមាណ​ជា​៦ពាន់​គូ​។

ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនៅកម្ពុជាឲ្យដឹងថា ស្ថិត​ក្រោម​ច្បាប់​ជាតិ ​និង​ច្បាប់​អន្ដរ​ជាតិ ​បុគ្គល​គ្រប់​រូប ​រាប់​ទាំង​ម​នុស្ស​ស្រីស្រ​លាញ់​ភេទ​ដូច​គ្នា ​ម​នុស្ស​ប្រុស ​ស្រ​ឡាញ់​ភេទ​ដូច​គ្នា ​ម​នុស្ស​ស្រ​ឡាញ់​ភេទ​ពីរ ​និង​ម​នុស្សប្តូរ​ភេទ ​មាន​សិទ្ធិ​ទ​ទួល​បានសិទិ្ធ​ដូ​ច​បុគ្គល​ដ​ទៃ​ទៀត​ដែរ៕

What Next?

Recent Articles

Leave a Reply

Submit Comment