សង្គម​ស៊ីវិល​សោក​ស្ដាយ​ដែល​របប​លោក ហ៊ុន សែន ​គ្មាន​សមត្ថភាព​គ្រប់គ្រង​ធនធាន​រ៉ែ​មាស ​រក​ចំណូល​ចូល​ជាតិ​នៅ​ខេត្ត​ព្រះវិហារ​

ដោយ ទីន ហ្សាការីយ៉ា
2019-02-20
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទីតាំង​អាជីវកម្ម​រ៉ែ​មាស នៅ​តំបន់​ភ្នំលុង ឃុំ​រមទម្យ ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of Mother Nature
ទីតាំង​អាជីវកម្ម​រ៉ែ​មាស នៅ​តំបន់​ភ្នំលុង ឃុំ​រមទម្យ ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of Mother Nature


មន្ត្រី​សង្គម​ស៊ីវិល ​និង​អ្នកជំនាញ​បរិស្ថាន​សម្តែង​ការ​សោក​ស្តាយ​ធនធាន​រ៉ែ​មាស​មានតម្លៃ​នៅ​តំបន់​ភ្នំ​លុង​ក្នុង​ខេត្តព្រះវិហារ​ ដែលបប​លោក ​ហ៊ុន​សែន ​គ្មាន​សមត្ថភាព​ទាញយក​ប្រយោជន៍ជា​ចំណូល​ថវិកា​ជាតិ យក​មក​អភិវឌ្ឍន៍​ប្រទេស។ ​ផ្ទុយ​ទៅ​វិញ ​បែរ​ជា​បណ្តោយ​ឱ្យ​ជនជាតិ​ចិន​វៀតណាម​ និង​ក្រុមហ៊ុន​ខុស​ច្បាប់​ជាច្រើន​ទៀត​ធ្វើអាជីវកម្ម​រ៉ែ​មាស​បែប​អនាធិបតេយ្យ​ជាច្រើន​ឆ្នាំ​មក​ហើយ​។ អាជីវកម្ម​រ៉ែ​មាស​ទាំងនោះ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​បាត់បង់​ធនធាន​ធម្មជាតិ​មានតម្លៃ​មហាសាល​ប៉ុណ្ណោះទេ ប៉ុន្តែ​​ធ្វើ​​ឲ្យ​​ពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​តំបន់​នោះ ​បាន​ក្លាយជា​ជនរងគ្រោះ​ដោយសារ​បាត់បង់​ដីធ្លី​ និង​ទី​កន្លែង​រែង​រ៉ែ​មាស​លក្ខណៈ​គ្រួសារ​ចិញ្ចឹមជីវិត។

ក្រុមហ៊ុន​ចិន​វៀតណាម​ និង​ក្រុមហ៊ុន​របស់​អ្នកមាន​អំណាច​ រួម​ទាំង​ពលរដ្ឋ​ចំណាក​ស្រុក​ខ្លះ​នៅតែ​ធ្វើសកម្មភាព​រែង​រ៉ែ​មាស​ខុសច្បាប់​ព័ន្ធ​ជុំវិញ​ភ្នំ​លុង​នៃ​ឃុំ​រម​ទម្យ​ ស្រុក​រវៀង​ខេត្ត​ព្រះវិហារ។

អ្នក​ភូមិ​ថា​ អាជីវកម្មរែង​រ៉ែ​មាស​ទាំង​នោះ​ ក្រុម​ឈ្មួញ​មាន​ទំនាក់ទំនង​ស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ​និង​ក្រុមហ៊ុន​ ឌែលខម​ ខែមបូឌា (DelcomCambodia) ជា​ខ្នង​បង្អែក​ ដើម្បី​រុករក​រ៉ែ​មាស​ជា​ច្រើន​ទីតាំង​ជុំវិញ​ភ្នំ​លុង​ និង​តំបន់​ផ្សេងទៀត​នៃ​ឃុំ​រម្យទម។

នៅ​រយៈពេល ៨ឆ្នាំ​ចុង​ក្រោយ​នេះ​ សកម្មភាព​រែង​យក​រ៉ែ​មាស​ទាំង​នោះ​មិន​ត្រឹម​តែ​គ្មាន​ច្បាប់​អនុញ្ញាត​នោះ​ទេ​ ថែម​ទាំង​ប្រើ​សារធាតុ​អាស៊ីត​ និង​សារធាតុ​គីមីផ្សេង​ទៀតចាក់​បង្ហូរពាស​វាល​ពាស​កាល​ក្នុង​រណ្តៅ​ជា​ច្រើន​កន្លែង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ និង​ជីវិត​មនុស្សសត្វ។ ចំណែក​វិធានការ​បង្ក្រាប​របស់​អាជ្ញាធរ​ជំនាញ និង​អាជ្ញាធរ​ខេត្តព្រះវិហារ​ធ្វើឡើង​ផ្អែក​តាម​បទបញ្ជា​ម្តងម្កាល​មួយ​រយៈ​ខ្លី​ក្រោយ​មក​ក្រុមហ៊ុន​ដំណើរ​ការឡើង​វិញ​ដដែល។

សហគមន៍​រស់នៅ​តំបន់​ភ្នំ​លុង​លោក​ ឈិក​ យី​ ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃទី១៨​ កុម្ភៈ​ថា​ ក្រុមហ៊ុន​ ឌែល​ខម​ខែមបូឌា (Delcom Cambodia) ក្រុមហ៊ុន​វៀតណាម​ និង​ក្រុមហ៊ុន​ចិន​ជាច្រើន​ទៀត​ដែល​ពួកគេ​មិន​ស្គាល់ឈ្មោះ​បាន​ព័ទ្ធ​តំបន់​ភ្នំ​លុង​ និង​ចំណុច​ព្រៃទទឹង​ធ្វើអាជីវកម្ម​រ៉ែ​មាស​ជាច្រើន​ឆ្នាំ​មក​ហើយ​។ អាជីវកម្ម​រ៉ែ​មាស​ទាំងនោះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដីស្រែ​ចម្ការ​របស់​អ្នកភូមិ៦៦គ្រួសារ​ ដោយសារ​ក្រុម​ហ៊ុន​ឌែល​ខម​ ខែ​មបូ​ឌា​ (Delcom Cambodia​) បាន​ជួល​ទាហាន​កាង​ឱ្យ​ខ្លួន​រំលោភ​ដីស្រែ​ចម្ការ​ពួក​គេ​ ដើម្បី​ពង្រីក​ផ្ទៃដី​ធ្វើអាជីវកម្ម​។ លោក​ថា​ រហូត​មកទល់​ពេលនេះ​មាន​ពលរដ្ឋ​ជាង ១០គ្រួសារ​ប៉ុណ្ណោះ​ទទួល​បាន​ដំណោះស្រាយ​សំណង​តិច​តូច​។ លោក​បង្ហាញ​ការ​ព្រួយបារម្ភ​ខ្លាំង​ពី​ផល​ប៉ះពាល់​បរិស្ថាន​ជីវិត​មនុស្សសត្វ​ដោយសារ​ក្រុមហ៊ុន​ប្រើ​ជា​តិ​​អាស៊ីដ ​និង​សារធាតុគីមី​ចាក់​​ចូលក្នុង​រណ្តៅ ​ហើយ​នៅពេល​ភ្លៀង​ធ្លាក់ទឹក​ហូរចេញ​ពី​រណ្តៅ​នោះ​ចូល​ទឹកអូរ​ធម្មជាតិ​ធ្វើ​ឱ្យ​ទឹក​មាន​សារធាតុពុល​មិន​អាច​ប្រើប្រាស់​បាន ​ហើយ​កន្លង​ទៅ​ សត្វ​ពា​ហនៈ​​របស់​​អ្នកស្រុក​ជាច្រើន​ក្បាល​ងាប់​ជា​បន្ត​បន្ទាប់៖ «គ្មានប្រយោជន៍ទេ ផ្លូវថ្នល់ សាលារៀន វត្តអារាម គេមិនទាន់ធ្វើឲ្យផង ១៥ឆ្នាំ​ហើយ តាំងពីឆ្នាំ ២០០៥រហូតទល់ពេលនេះ។ គ្រាន់តែផ្លូវចូលគេមិនធ្វើឲ្យផង។ ក្រុមហ៊ុនជុំវិញភ្នំនេះជាប់ ១០ ទៅ ២០ ក្រុមហ៊ុន សុំច្បាប់បានតែ១ ដល់​ពេល​​គេ​បោះ​របង រួច​មាន​​នរណា​​ហ៊ាន​ទៅ។ អត់​ហ៊ាន​ទៅ​រក​ទេ គេ​បោះ​របង​ហ៊ុំ​ព័ទ្ធ​អស់​ហើយ។ បើក្រុមហ៊ុន ឌែលខម គេថា បើពីណាចូលទៅគេចាប់បាន មួយ​ក្បាល ១ពាន់​ដុល្លារ។ គេនិយាយក្បាលមនុស្សដូចក្បាលគោ»

ជនជាតិ​ដើម​ភាគតិច​កួយ​រស់នៅ​តំបន់​រំដេង​ឃុំ​ត្រពាំង​ទន្ទឹម​ លោក​ ពុយ​ឆេង​ ប្រាប់​អាស៊ី​សេរី​ថា​ ពលរដ្ឋ​រស់នៅ​តំបន់​ភ្នំ​លុង​ជាច្រើន​គ្រួសារ​ជួប​ទុក្ខវេទនា​សព្វបែបយ៉ាង​ដោយសារ​ដីស្រែ​ចម្ការ​របស់​ពួកគេ​មាន​រ៉ែ​មាស​ក្រោម​ដី​ត្រូវ​បាន​ក្រុម​ហ៊ុន​ឌែល​ខមខែ​មបូ​ឌា​ ​ប៉ុនប៉ង​រំលោភបំពាន​ជាបន្តបន្ទាប់​និង​មាន​ពលរដ្ឋ​ខ្លះ​បង្ខំចិត្ត​លក់​ដី​ក្នុង​តម្លៃ​ថោក​។ លោក​ថា​ ពលរដ្ឋ​នៅ​មូលដ្ឋាន​ខ្លះ​បង្ខំចិត្ត​ផ្លាស់​ប្តូរ​ទីលំនៅ​ព្រោះតែ​មិន​អាច​ស៊ូទ្រាំ​ការ​គំរាមកំហែង​ពី​ក្រុមទាហាន​ដែល​យាម​ការពារ​ឱ្យ​ក្រុមហ៊ុន​រ៉ែ​មាស​ទាំងនោះ​។ ចំណែក​ផ្លូវ​ធ្វើដំណើរ​ សាលារៀន ​និង​វត្តអារាម​ ក៏​មិន​អាច​បំពេញ​តម្រូវ​ការឱ្យ​ពលរដ្ឋ​ និង​កុមារ​រៀនសូត្រ​បាន​គ្រប់គ្រាន់​ដែរ៖ «បើ​និយាយ​ទៅ នៅ​ជុំវិញ​តំបន់​ភ្នំ​លុង សុទ្ធតែ​ក្រុម​អនាធិបតេយ្យ​ជុំវិញ​ភ្នំ​តែ​ម្តង កាប់​ភ្នំ​ឡើង​រលាយ​អស់​ហើយ។ ក្រុមហ៊ុន​អនាធិបតេយ្យ អត់​​មាន​​ច្បាប់ វា​​អាច​​យក​​មាស​​ខាង​​លើ​​បាន​​រហូត​​ដល់​​ទៅ ១០០ម៉ែត្រ វា​ត្រូវ​តែ​រលាយ​ភ្នំ វា​បំផ្លាញ​បរិស្ថាន និង​បំផ្លាញ​​ធនធាន​​ធម្មជាតិ»

បុរស​ដដែល​បន្ថែម​ថា​ តំបន់​ភ្នំ​លុង​ និង​តំបន់​ផ្សេងទៀត​ដែល​ជា​កន្លែង​អ្នកភូមិ​រក​អនុផល​ព្រៃឈើ​ និង​រែង​រ៉ែ​មាស​លក្ខណៈ​គ្រួសារ​បាន​បាត់បង់​ទាំងស្រុង​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​បន្ទាប់ពី​មាន​វត្តមាន​ក្រុម​ហ៊ុន​ឌែល​ខមខែ​មបូ​ឌា​ និង​ ក្រុមហ៊ុន​ចិ​នវៀ​ណាម​ជា​ច្រើន​ទៀតធ្វើសកម្មភាពរក​ ​រ៉ែ​មាស​នៅ​តំបន់​នោះ​។

អ្នកនាំពាក្យ​ក្រសួង​រ៉ែ​និង​ថាមពល​ លោក​ យស​ មុនី​រ៉ាត់​បដិសេធ​មិន​ផ្តល់​បទសម្ភាសន៍​ដល់​អាស៊ី​សេរី​កាល​នៅ​ថ្ងៃទី១៨​ កុម្ភៈ​ ដោយ​លោក​ប្រាប់​ថា​កំពុង​ជាប់​វល់​ប្រជុំ៖ «ខ្ញុំសូមទោស ខ្ញុំ​កំពុង​ជាប់​ប្រជុំ ឆ្លៀត​ចេញ​មក​ក្រៅ​ឆ្លើយ។ ស្មាន​តែ​មាន​ថ្នាក់​ដឹក​នាំ​គាត់​ត្រូវ​ការ​អី​ប្រញាប់»

ចំណែក​ប្រធានមន្ទីរ​រ៉ែ​ ​និង​ថាមពល​ ខេត្តព្រះវិហារ​លោក​ យូ​ ចិន្ដា​យុត្តិ​ប្រាប់​អាស៊ី​សេរី​ថា​ ថ្មី​ៗនេះ​អាជ្ញាធរ​ជាតិ​និង​ស្ថាប័ន​ជំនាញ​បាន​ចុះ​បង្ក្រាប​ទីតាំង​អាជីវកម្ម​រ៉ែ​មាស៦កន្លែង​ ក្នុង​នោះ២កន្លែង​គ្មាន​ច្បាប់​អនុញ្ញាត​និង៤កន្លែង​ទៀត​ធ្វើខុស​លក្ខខណ្ឌ​ដែល​ក្រសួង​បាន​អនុញ្ញាត​។ ប្រតិបត្តិ​ការ​បង្ក្រាប​នោះ​មន្ត្រី​ជំនាញ​រក​ឃើញ​ទីតាំង​កិន​ថ្ម​រ៉ែ​ កន្លែង​ផ្ទុក​សារធាតុ​ផ្ទុះ​និង​ទីតាំង​ចម្រាញ់​រ៉ែ​មាស ព្រមទាំង​រឹប​អូ​សវ​ត្ថុតាងមួយចំនួន​ជា​សម្ភារៈ​ធ្វើអាជីវកម្ម​រ៉ែ ​ថែមទាំង​បាន​កម្ទេច​ចោល​ទីតាំង​ចម្រាញ់​រ៉ែ​មាស​មួយចំនួន​ទៀត​។ រី​ឯជនសង្ស័យ​បាន​រត់គេច​ខ្លួន​អស់​។ លោក​ថា​ ការ​បង្ក្រាប​នោះ​នៅ​មិនទាន់​អស់ទាំង​ស្រុង​នៅឡើយ​ទេ​ប៉ុន្តែ​នៅ​អំឡុង​ខែមីនា​ខាងមុខនេះ​ក្រុមការងារ​ថ្នាក់​ជាតិ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្តព្រះវិហារ​នឹង​ចុះ​បង្ក្រាប​ឲ្យអស់​ទាំងស្រុង​។ ​ចំពោះ​សំណួរ​របស់​អាស៊ី​សេរី​ថា​ អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ទាំងនោះ​កើតឡើង​ជាច្រើន​ឆ្នាំ​មក​ហើយ​ម្តេច​ទើបតែ​បង្ក្រាប​ពេលនេះ ​អាជ្ញាធរ​រូប​នេះ​ ឆ្លើយ​ថា​ ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ការអនុវត្ត​ច្បាប់​រ៉ែ​មាស​នៅ​មាន​ភាព​ធូររលុង​ច្រើន ​ក៏ប៉ុន្តែ​អាជ្ញាធរ​តែង​បង្ក្រាប​ជា​ញឹកញាប់​និង​មាន​ពលរដ្ឋ​ខ្លះទៀត​មានទម្លាប់​រែង​រ៉ែ​មាស​លក្ខណៈ​គ្រួសារ​ផង​ដែរ៖ «តាមពិតយើងចុះបិទហ្នឹងកុំឲ្យធ្វើទៀត យើងបំផ្លាញចោលកន្លែងណាដែរ។ កន្លែង​ណា​ដែល​មាន​ការ​ធ្វើ​បន្ត​ទៀត ខែ ៣ក្រុម​ការងារ​ថ្នាក់ជាតិ រួម​ជា​មួយ​អាជ្ញាធរ​មក​បង្ក្រាប​ម្តង​ទៀត ដើម្បី​ឲ្យ​ស្អាត​តែ​ម្តង។ ឈុត​ទីបាន​អស់»

កាលពីដើម​ឆ្នាំ២០១៨​ មន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​ លោក​ ស៊ុយ​ សែម ​អះអាង​ថា​នឹង​ចាត់វិធានការ​លើ​ក្រុមហ៊ុន​រុករក​រ៉ែ​ទាំងឡាយ​ណា​ដែល​មិនបាន​អនុវត្ត​តាមច្បាប់​។ លោក​ព្រមាន​ថា​ក្រសួង​នឹង​មិន​អត់ឱន​ជាដាច់ខាត​បើ​មាន​ក្រុមហ៊ុន​ណា​អនុវត្ត​មិនបាន​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​ដែល​កំណត់​ក្នុង​ច្បាប់​ក្នុង​សេចក្ដីប្រកាស​ឬរំលោភ​អនុក្រឹត្យ​ស្ដីពី​ការរុករក​រ៉ែ​ដែល​នាំឲ្យមាន​ការ​ប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ​។ លោក​ ស៊ុយ​ សែម​ ថ្លែង​យ៉ាងនេះ​ក្រោយពី​កើតមាន​ករណី​ពុល​ទឹកព្រែក​ទេរ​នៅ​ខេត្តក្រចេះ​ និង​ខេត្តមណ្ឌលគិរី​បណ្ដាលឲ្យ​អ្នកភូមិ​ ចំនួន១៨នាក់​ស្លាប់​និង​ធ្លាក់ខ្លួន​ឈឺ​រាប់​រយ​នាក់​កាលពី​ខែឧសភា​ ២០១៨​។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​លោក​ អា​ឡិក​ហាន់​ដ្រូ ហ្គាន់​សា​ឡេស​ ដេ​វិត​សិន (Alejandro Gonzalez​ Davidson​) (ហៅ​កាត់​ អា​ឡិច) សង្កេតឃើញ​ថា​របប​លោក​ ហ៊ុន​ សែន​គ្មាន​ឆន្ទៈ​ប្រមូល​ពន្ធ​ពី​វិស័យ​រ៉ែ​មាស​បាន​ត្រឹមត្រូវ​នោះ​ទេ​បែរជា​មាន​ចេតនា​រកស៊ី​ដោយខ្លួនឯង​។ លោក​បញ្ជាក់​ថា​ អាជ្ញាធរ​នៅតែ​លាក់បាំង​ព័ត៌មាន​ទាក់ទិន​អាជីវកម្ម​រ៉ែ​នៅ​តំបន់​ភ្នំ​លុង​ខេត្តព្រះវិហារ​ ធ្វើឲ្យ​ពួកគេ​សង្ស័យ​ថា​អាជីវកម្ម​រ៉ែ​មាស​នៅ​ទីនោះ​សុទ្ធសឹង​ធ្វើឡើង​ដោយ​ខុសច្បាប់​គ្មាន​ការសិក្សា​ផល​ប៉ះពាល់​បរិស្ថាន​និង​ សង្គម​ត្រឹមត្រូវ​នោះ​ទេ​«ប្រសិន​ជា​របប​លោក ហ៊ុន សែន មាន​ឆន្ទៈ​ដើម្បី​ប្រមូល​ថវិកា​ជូន​ជាតិ តាម​រយៈ​ពន្ធ​ពី​សកម្មភាព​រ៉ែ​មាស ខ្ញុំ​ថា អាច​ធ្វើ​បាន​ពី​ព្រោះ​ប្រទេស​ផ្សេង សូម្បី​តែ​ប្រទេស​ឡាវ និង​ប្រទេស​ថៃ ដែល​មាន​សកម្មភាព​ជីក ចម្រាញ់​មាស​ហ្នឹង ក៏​មាន​លទ្ធភាព​ប្រមូល​លុយ​រាប់​លាន​ដុល្លារ​បង់​ចូល​រដ្ឋ ប៉ុន្តែ​សំខាន់​យើង​ឃើញ​ថា របប លោក ហ៊ុន សែន វា​អត់​មាន​ឆន្ទៈ អត់​នឹង​មាន​ចេតនា​ប្រមូល​ពន្ធ​ពី​អាជីវកម្ម​រ៉ែ​មាស​ទេ គឺ​គេ​មាន​ចេតនា​តែ​រក​ស៊ី​ខ្លួន​ឯង។ អាជីវកម្ម​រ៉ែ​មាស​នៅ​ខេត្ត​ព្រះវិហារ​បាន​បង់​ពន្ធ​មែន តែ​មិន​ដឹង​ថា បង់​ពន្ធ​ចំនួន​ប៉ុន្មាន

សកម្មជន​បរិស្ថាន​រូប​នេះ​បន្ថែម​ថា ក្រសួង​រ៉ែ​ និង​ថាមពល​គ្មាន​សមត្ថភាព​គ្រប់គ្រង​អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​ដាច់ស្រយាល​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ។ លើស​ពីនេះ​ ក្រសួង​នេះ​ក៏​គ្មាន​ការ​ត្រូ​តពិនិត្យ​និង​ជម្រុ​ញឲ្យ​ក្រុមហ៊ុន​ទាំងនោះ​អនុវត្ត​ច្បាប់​ឲ្យ​បាន​​ពេញលេញ​នៅឡើយ។ រី​ឯអាជ្ញាធរ​ខ្លះ​បែរជា​ឃុបឃិត​គ្នា​ជាមួយ​អ្នក​វិនិយោគ​ជនជាតិ​ចិន​និង​វៀតណាម​ ដើម្បី​ចំណេញ​ខ្លួនឯង​គ្មាន​ការ​បង់ពន្ធ​ថវិកា​ចូល​រដ្ឋ​ទេ​។លោក​រក​ឃើញថា​ តំបន់​ភ្នំ​លុង​និង​តំបន់​ផ្សេងទៀត​ក្នុង​ស្រុក​រវៀង​ខេត្តព្រះវិហារ​មាន​​ធនធាន​​រ៉ែ​មាស​ មានតម្លៃ​មហាសាល​ក៏ប៉ុន្តែ​របប​ លោក​ ហ៊ុន​ សែន​គ្មាន​សមត្ថភាព​គ្រប់គ្រង​និង​ប្រើប្រាស់​ឲ្យបាន​ត្រឹមត្រូវ​បែរជា​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ខ្មោច​ធ្វើអាជីវកម្ម​បែប​អនាធិបតេយ្យ​ប៉ះពាល់​បរិស្ថាន​ និង​ ជីវិត​មនុស្សសត្វ​ជាដើម៖ «នៅ​ខេត្ត​ព្រះវិហារ​មាន​មាស​ច្រើន​មែន នៅ​ក្រោម​ដី។ ខ្ញុំ​ថា គោលដៅ ឬ​មូលហេតុ​ដែល​ថ្នាក់​ដឹក​នាំ​របស់​គណបក្ស ប្រជាជន ក៏​ដូច​ជា​ថ្នាក់​ដឹក​នាំ​ក្រសួង​រ៉ែ និង​ថាមពល កាន់​អំណាច​សព្វថ្ងៃ ពុំ​មែន​ជួយ​ជាតិ និង​អនុវត្ត​ច្បាប់ ដើម្បី​ប្រយោជន៍​រួម​ទេ គេ​ធ្វើ​ដើម្បី​រក​ស៊ី​ហ្នឹង»

សេចក្តី​រាយការណ៍​ពី​ប្រជា​សហគមន៍​ឲ្យ​ដឹង​ថា​ តំបន់​ភ្នំ​លុង​មាន​ផ្ទៃ​ដី​ជាង​ ១ពាន់​ហិកតារ (១២៦២) ដែល​សំបូរ​ដោយ​រ៉ែ​មាស​ក្រោម​នៅ​ដី​ ត្រូវ​បាន​ក្រុមហ៊ុន​ជាច្រើន​ពុះ​ចែក​គ្នា​ធ្វើអាជីវកម្ម​ទាំង​តូច​ទាំង​ធំ​ក្នុង​នោះ​ មាន​តែ​ក្រុម​ហ៊ុន​ ឌែល​ខម​ កម្ពុជា​ មួយ​ប៉ុណ្ណោះ ​ដែល​មាន​ច្បាប់​អនុញ្ញាត។ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​នេះ​នៅ​តែ​លាក់លៀម ​និង​បាន​ជួល​ក្រុម​ទាហាន​គំរាម​កំហែង​អ្នក​ភូមិ​ និង​រឹតត្បិត​អ្នក​ខាង​ក្រៅ​មិន​ឲ្យ​ចេញ​ចូល​តំបន់​នោះក្រៅ​ពី​នេះ​ មាន​ក្រុមហ៊ុន​ចិន​ និង​វៀតណាម​ជា​ច្រើន​ទៀត​បាន​ជ្រក​ក្រោម​​ស្លាក​ក្រុម​ហ៊ុន ​ឌែល​ខម​ខែ​មបូ​ឌា និង​ជួល​អ្នក​មាន​អំណាច​កាង​អាជីវកម្ម​ឲ្យ​ខ្លួន​ដែរ។ ទន្ទឹម​នឹង​នេះ​ តំបន់​នោះ​មាន​ទាហាន​នៅ​ឈរ​ចាំ​ផ្លូវ ដើម្បី​ហាម​ឃាត់​ពលរដ្ឋ​ ឬ​អ្នក​សារព័ត៌មានមិន​ឲ្យចូល​ទៅទី​នោះ។

ចំណែក​មន្ត្រី​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​ពន្លក​ខ្មែរ​ លោក ​ប៉ិក​ សោភ័ណ​ បញ្ជាក់​ថា​ ការ​វិនិយោគ​វិស័យ​រ៉ែ​នៅ​ខេត្ត​ព្រះវិហារ នៅ​តែ​ឋិត​ក្នុង​ភាព​អា​ថ៍​កំបាំង ​ព្រោះ​អាជ្ញាធរ​ជំនាញ​មិន​បាន​បង្ហាញ​របាយការណ៍​ចំណូល​ចូល​រដ្ឋ​ជាក់លាក់​ប៉ុន្មាន​ឲ្យ​ប្រាកដ​នោះ​ទេ ​ខណៈ​ដែល​មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​យ៉ាង​គគ្រឹកគគ្រេង​ជា​ច្រើន​ឆ្នាំ​មក​ហើយ៖ «ក្រុមហ៊ុន​ទាំង​អស់​នោះ មិន​មែន​ពលដ្ឋ​សាមញ្ញ​ជ្រក​បាន​ធ្វើ​កើត​នោះ​ទេ វា​សុទ្ធតែ​តាម​រយៈ​សែស្រឡាយ​អ្នក​ដែល​មាន​តួនាទី និង​មាន​បុណ្យ​ស័ក្ដិ​ធំ​ដុំ​ណាស់​បាន​អាច​ទាញ​យក​រ៉ែ​នៅ​ទី​នោះ​បាន។ អាជីវកម្ម​រ៉ែ​ហ្នឹង បាន​បង់​ពន្ធ​ចូល​រដ្ឋ​ប៉ុន្មាន និង​បង្ហាញ​ចំណូល​ឲ្យ​ជាក់​លាក់​នៅ​ឡើយ​ទេ។ កន្លែង​ហ្នឹង​ហើយ វា​វិនិយោគ​លួច​លាក់​ជា​មួយ​រដ្ឋាភិបាល»

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​សមា​គម​ អាដ​ហុក​ លោក​ ឡោ​ ចាន់​ សង្កេត​ឃើញ​ថា​ ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​រ៉ែ​មាស​ ភ័យ​ខ្លាច​ពី​សុវត្ថិភាព ​នៅ​គ្រា​ដែល​មន្ត្រី​យោធា​មួយ​ចំនួន ​ដែល​យាម​ការពារ​ឲ្យ​ក្រុមហ៊ុន​តែង​គំរាម​កំហែង​ពួកគាត់។ លោក​ថា អ្នក​ភូមិ​រាយការណ៍​ថា មន្ត្រី​យោធា​ទាំង​នោះ​ជា​កូន​ចៅ​របស់​ លោក ហ៊ីង ប៊ុនហៀង មេ​បញ្ជាការ​រង​កង​អង្គរក្ស​លោក​ ហ៊ុន​ សែន។ លោក​ចាត់​ទុក​ថា ការ​យក​កម្លាំង​យោធា​មក​បម្រើ​ប្រយោជន៍​ក្រុមហ៊ុន​ឯកជន​ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ទេ ​និង​ទទូច​ឲ្យក្រសួង​ការពារ​ជាតិ​ត្រូវ​ពិនិត្យ​រឿង​នេះ​ឡើយ​វិញ៖ «ទាល់​តែ​អាជ្ញាធរ​គាត់​មាន​វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់ ជា​ពិសេស​ថ្នាក់​ជាតិ​ក៏​ចុះ​ទៅ​ដែរ គាត់​ចុះ​តែ​មួយ​ប្រាវៗ ក្រោយ​មក​ក្រុមហ៊ុន​ទាំង​អស់​នោះ​ចូល​ធ្វើ​អាជីវកម្ម​វិញខ្ញុំ​ស្នើ​ទៅ​ឯកឧត្តម ហ៊ីង ប៊ុនហៀង ផង​ដែរ ឲ្យ​មាន​វិធានការ​ចាត់​វិធានការ​យោធា​មួយ​ចំនួន ប្រព្រឹត្ត​ខុស​ច្បាប់ ព្រោះ​នៅ​តំបន់​អស់​ហ្នឹង ឮ​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​មក​សុទ្ធតែ​កូន​ចៅ​ឯកឧត្ដម​ទាំង​អស់ »

មន្ត្រី​សង្គម​ស៊ីវិល​ និង​អ្នកជំនាញ​បរិស្ថាន​មាន​មតិ​ថា ​ដរាប​ណា​ គណបក្ស ប្រជាជន​កម្ពុជា ដឹក​នាំ​ដោយ​លោក​ ហ៊ុន​ សែន​ នៅ​តែ​បន្ត​ក្តាប់​អំណាច គឺ​គ្មាន​សមត្ថភាព​ទាញ​ប្រយោជន៍​ធនធាន​រ៉ែ​មាស​និង​រ៉ែ​ផ្សេង​ទៀត​ មក​បម្រើ​ប្រយោជន៍​ជាតិ​និង​ ពលរដ្ឋ​​នោះ​ទេ។ ផ្ទុយទៅវិញ​អ្នក​ដែល​ទទួល​ប្រយោជន៍​ គឺ​ក្រុមហ៊ុន​ឯកជន​ ក្រុមហ៊ុន​បរទេស​ និង​អ្នក​ដែល​មាន​តួនាទី​ខ្ពស់​ក្នុង​របប​លោក​ ហ៊ុន​ សែន។

ក្រៅពី​នេះ​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ក្រុម​ហ៊ុន​ ឌែល​ខមខែ​មបូ​ឌា អ្នក​វិនិយោគ​ជនជាតិ​ចិន​និង​វៀតណាម​រួម​ទាំង​មន្ត្រី​យោធា​ខ្លះ​បាន​កាង​អាជីវកម្ម​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​បង្ខំ​បណ្តេញ​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ ​ដើម្បី​ពង្រីក​ផ្ទៃដី​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ដោយសារ​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​នៅ​ទីនោះ​មាន​រ៉ែ​មាស​ក្រោម​ដី ​រហូត​អ្នក​ភូមិ​ ៦៦គ្រួសារ​ បាន​ដាក់​ពាក្យ​ប្តឹង​ក្រុមហ៊ុន​ទាមទារ​ដី​របស់​ខ្លួន​មក​វិញ។

អ្នក​ការពារ​បរិស្ថាន និង​សង្គម​ស៊ីវិល​ថា បើ​ទោះ​បី​ជា​មាន​ក្រុមហ៊ុន​ខុស​ច្បាប់ធ្វើ​អាជីវកម្ម​រ៉ែ​មាស​បែប​អនាធិបតេយ្យ​ជាង​ ១០ឆ្នាំ​មក​ហើយ​ក្តី​ ក៏​មិន​ដែល​ឃើញ​តុលាការ​ធ្វើការ​ចោទ​ប្រកាន់​ថៅកែ​តំណាង​ក្រុមហ៊ុន​ និង​ឈ្មួញ​ណា​ម្នាក់​ដាក់​ទណ្ឌកម្ម​ច្បាប់​​នោះ​ទេ ​ព្រោះ​ក្រុម​ឈ្មួញ​ទាំងនោះ​បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ និង​សមត្ថកិច្ច។ ក៏ប៉ុន្តែ​ប្រសិន​បើពលរដ្ឋ​តូចតាច​មានៈ​មិន​ព្រមចាក​ចេញ​ពី​ដី​របស់​ខ្លួន​នឹង​ប្រឈម​ការ​គំរាមកំហែង ដែល​អាជ្ញា​តែង​ប្រើ​ពាក្យ​ថា នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment