អ្នកឃ្លាំមើលការអភិវឌ្ឍ អះអាងថា ក្រុមហ៊ុន២បន្តចាក់ដីលុបចូលសមុទ្រខេត្តព្រះសីហនុ


|
https://www.vodhotnews.com

ទិដ្ឋភាពនៅទីតាំងដែលត្រូវក្រុមហ៊ុនចាក់ដីលុប​ចូលសមុទ្រ ស្ថិតនៅស្រុកស្ទឹងហាវ និងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ រូបភាព៖ ផ្ដល់ឲ្យ

​អ្នកឃ្លាំមើល​ការ​អភិវឌ្ឍ  អះអាងថា ក្រុមហ៊ុនចំនួន២ កំពុងបន្តចាក់ដីលុប​ចូលសមុទ្រស្ថិតនៅស្រុកស្ទឹងហាវ និងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ទាំងយប់ទាំងថ្ងៃដោយមិនមានការរារាំងនោះទេ។​

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជាប្រចាំងខេត្តព្រះសីហនុ(CNRO) ​លោក សុខ សុខុម  ប្រាប់វីអូឌីនៅថ្ងៃនេះថា ម្ចាស់អាជីវកម្មកស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ​ កំពុងចាក់ដីចូលសមុទ្រក្នុងជម្រៅទឹកជាង៣ម៉ែត្រ និងកំពុងបន្តចាក់បន្ថែម ដើម្បីពង្រីកកន្លែងជួសជុលទូក។

ចំណែក​ឯនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុវិញ ត្រង់ចំណុចពយកំពេញ លោកថា ក្រុមហ៊ុនឯកជនមួយក៏កំពុងចាក់ដីលុបសមុទ្រដែរ។

លោកថា៖ «អញ្ចឹង បុគ្គលហ្នឹង គាត់ចាក់ចូលសមុទ្រ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋហើយ គ្មានអាជ្ញាធរណាទៅហាមឃាត់ និងចាត់វិធានការតាមផ្លូវច្បាប់ ទៅលើបុគ្គលហ្នឹងទេ។ ប្រសិនជាគាត់អភិវឌ្ឍលើដីរបស់គាត់ស្របច្បាប់ធ្វើទៅ ប៉ុន្តែនេះ ចាក់លុបចូលទៅក្នុងសមុទ្រ ហើយនៅតែគាត់ចាក់បាន។ សំណួរសួរថា តើច្បាប់អនុវត្តបានតែអ្នកក្រឬយ៉ាងម៉េច សម្រាប់អ្នកមាន មានអំណាចគាត់ចាក់លុបដល់សមុទ្រ អត់មានច្បាប់ដាក់ទោសទណ្ឌគាត់ទេអី?»។

លោកស្នើអាជ្ញាធរ និងក្រសួងពាក់ព័ន្ធចុះពិនិត្យនិងចាត់វិធានការតាមផ្លូវច្បាប់ទៅលើម្ចាស់អាជីវកម្ម ក្រុមហ៊ុន ដែលបានចាក់ដីរំលោភចូលសមុទ្រទោះបីជាអ្នកចាក់ដីនោះ ជាអ្នកមានអំណាចក៏ដោយ។  

សកម្មជនបរិស្ថាន លោក ហ៊ុន វណ្ណៈ ដែលតាមរឿងនេះឲ្យដឹងថា ការចាក់ដីលុបសមុទ្រនៅខេត្តព្រះសីហនុពិតជាមានមែន។ លោកជំរុញទៅរដ្ឋាភិបាលឲ្យធ្វើការដោះស្រាយ ដោយថា ការចាក់ដីនេះ ធ្វើឲ្យប៉ះពាល់ដល់បរិស្ថានជីវចម្រុះផងដែរ។

លោកថា៖ «ដូចជាត្រី ផ្កាថ្ម អញ្ចឹង  ហើយប៉ះពាល់ទី២ អ្នកដែលអាស្រ័យជីវិតលើសមុទ្រ ដូចជា អ្នកនេសាទ ពេលដែលចាក់ទៅ គឺផលដែលគាត់ទទួលបាននោះថយចុះ។ មួយទៀតបើសិនចាក់ចំកន្លែងស្អាត កន្លែងទេសចរណ៍ដែលគេទៅលេងបាននោះ ត្រូវបានគេរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន»។

វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន និងអ្នកនាំពាក្យសាលាខេត្តលោក ឱ សារឿន បានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។ វីអូឌី ក៏បានព្យាយាមសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងដែនដី លោក សេង ឡូត និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភត្រា ដែរតែទូរសព្ទចូលគ្មានអ្នកទទួល។

ការចាក់ដីលុបចូលសមុទ្រមិនមែនកើតឡើងតែក្នុងស្រុកស្ទឹងហាវ និងនៅពយកំពេញ ក្នុងសង្កាត់លេខ៣នោះទេ  ប៉ុន្តែកន្លងមក នៅឃុំរាម ស្រុកព្រៃនប់ ក៏មានករណីចាក់ដីលុបសមុទ្រផងដែរ។

កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ អភិបាលខេត្តព្រះសីហនុស្នើទៅឧកញ៉ាម្នាក់ឲ្យបញ្ឈប់សកម្មភាពចាក់ដីបំពេញតាមដងព្រែកកោះខ្យង ក្នុងឧទ្យានជាតិព្រះសីហនុ «រាម» ស្ថិតនៅឃុំអូរជ្រៅ ស្រុកព្រៃនប់ ជាបន្ទាន់ ដោយថា ការចាក់ដីនោះ ធ្វើឲ្យខូចទីជម្រាល ប៉ះពាល់ជីវចម្រុះនិងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ឆ្នេរ។

កាលពីថ្ងៃទី១៨ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានចេញបញ្ជាបន្ទាន់មួយឲ្យក្រសួងរៀបចំ​ដែនដីចាត់វិធានការ​កាយដីចេ​ញពី​ឆ្នេ​រ​ព្រែកត្រែងស្ថិត​នៅ​ភូមិ៤ ឃុំ​អូរត្រេះ ស្រុកស្ទឹងហាវ ​​ខេត្ត​ព្រះសីហនុ​ ចេញ​វិញ បន្ទាប់រកឃើញថាឆ្នេរ​សមុទ្រ​មួយ​នេះ​ត្រូវ​បាន​ចាក់​ដី​លុប​ពី​សំណាក់​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ភរិយា​របស់​​លោក ឡៅ ម៉េងឃីន សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

ប៉ុន្តែ សកម្មជនបរិស្ថាន លោក ហ៊ុន វណ្ណៈ អះអាងថា ចាប់តាំងពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញបញ្ជា រហូតដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់អ្នកស្រី ជឹង សុភាព ហៅ យាយភូ មិនបានកាយដីចេញនោះទេ។

ដោយឡែកកាលពីថ្ងៃទី១៥ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ឲ្យអភិបាលខេត្តព្រះសីហនុស្តារមុខមាត់ខេត្តនេះឡើងវិញ និងទប់ស្កាត់កុំឲ្យមានសកម្មភាពចាក់ដីលុបសមុទ្របន្តទៀត។​

កាលពីថ្ងៃទី១៨ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានចេញបញ្ជាបន្ទាន់មួយឲ្យក្រសួងរៀបចំ​ដែនដីចាត់វិធានការ​កាយដីចេ​ញពី​ឆ្នេ​រ​ព្រែកត្រែងស្ថិត​នៅ​ភូមិ៤ ឃុំ​អូរត្រេះ ស្រុកស្ទឹងហាវ ​​ខេត្ត​ព្រះសីហនុ​ចេញ​វិញ បន្ទាប់រកឃើញថា ឆ្នេរ​សមុទ្រ​មួយ​នេះ​ត្រូវ​បាន​ចាក់​ដី​លុប​ពី​សំណាក់​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ភរិយា​ របស់​​លោក ឡៅ ម៉េងឃីន សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles