UN កំពុងបន្ត​ស៊ើបអង្កេតការ​បាត់ខ្លួនពលរដ្ឋ​ម្នាក់នៅខេត្តព្រះវិហារ​ក្រោយសមត្ថកិច្ចចាប់ខ្លួនក្នុង​វិវាទ​ដី​ធ្លី


|
https://www.vodhotnews.com

លោក ស៊ុំ ម៉ឺន ដែលត្រូវតុលាការឃុំខ្លួន ដោយចោទថា ជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសបរិស្ថាន នៅខេត្តព្រះវិហារ។ រូបភាព៖ ផ្ដល់ឲ្យ

មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ស្ថាប័ន​ពិភព​លោក​មួយ​នេះ កំពុង​តែ​ស៊ើប​អង្កេត​លើ​ការ​បាត់​ខ្លួន​ពលរដ្ឋ​ម្នាក់​នៅ​ឯ​ខេត្ត​ព្រះវិហារ ក្រោយ​ពី​បុរស​ម្នាក់​នោះ ត្រូវ​បាន​ក្រុម​ទាហាន​ចាប់​ខ្លួន​កាល​ពី​ខែ​មករា ខណៈ​ដែល​ក្រុម​គ្រួសារកំពុង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​នានា។

មន្ត្រី​ព័ត៌មាន និង​ទំនាក់​ទំនង​នៃ​​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា (OHCHR) លោក Mahmoud Garga បាន​ប្រាប់ ​វីអូឌី​ តាម​សារ​អេឡិត្រូនិច​នៅ​ថ្ងៃ​នេះ​ថា ស្ថាប័ន​អន្តរជាតិ​មួយ​នេះ បាន​ចុះ​ធ្វើ​បេសកកម្ម​ស្វែង​រក​ការពិត​មួយ​នៅ​ក្នុង​ករណី​បុរស​ម្នាក់ ដែល​កំពុង​បាត់​ខ្លួន​នៅ​ឡើយ បន្ទាប់​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ចន្លោះ​ពី​ថ្ងៃទី៥ ដល់​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ​នេះ។

មន្ត្រី​នាំ​ពាក្យ​ស្ថាប័ន UN ប្រចាំ​នៅ​កម្ពុជា​រូប​នេះបាន​ឲ្យ​ដឹង​បន្ថែម​ថា ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស UN បាន​ចុះ​ទៅ​ជួប​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ក្នុង​នោះ​មាន​ទាំង​អាជ្ញាធរ​ថ្នាក់​ស្រុក និង​ខេត្ត ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​ព្រះវិហារមន្ត្រី​យោធា សាច់​ញាតិ​ជន​រង​គ្រោះ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផង​ដែរ។

នៅ​ពេល​សាក​សួរ​លម្អិត​អំពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នេះ លោក Mahmoud Garga បាន​ឆ្លើយ​តប​ថា​៖

«ការ​ស៊ើប​អង្កេត​កំពុង​តែ​នៅ​បន្ត​ដំណើរការ ហេតុនេះ យើង​មិន​អាច​ចែក​រំលែក​ព័ត៌មាន​លម្អិត​ករណី​នេះ​នៅ​ដំណាក់​កាល​នេះ​បាន​ទេ»។

អ្នកស្រី ភូ ភឹមម៉ៅ ជា​ភរិយា​អ្នក​ភូមិ​ឈ្មោះ ស៊ុំ ម៉ឺន បាន​អះ​អាង​ថា ស្វាមី​អ្នក​ស្រី​ត្រូវបានទាហាននៅកងពលតូចលេខ​៦ ចាប់ខ្លួននៅក្នុងចំណោមពលរដ្ឋ ១៤នាក់ទៀត នៅក្នុងជម្លោះដីធ្លីមួយជាមួយក្រុមហ៊ុន«មេត្រីភាព» ស្ថិត​នៅឃុំយាង ស្រុកជាំក្សាន្ត កាលពីថ្ងៃទី២០ ខែមករាកន្លងមក ហើយ​បានបាត់ខ្លួនរហូតមក។

អ្នកស្រី ភូ ភឹមម៉ៅ ប្រាប់​ វីអូឌី​ នៅថ្ងៃនេះថា អ្នក​ស្រី​ធ្វើ​ដំណើរ​មក​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ដើម្បី​​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ការពារ​ជាតិ​ ប៉ុន្តែ អ្នកស្រី​ថា ក្រសួងបានច្រាន​ចោល​បណ្ដឹង​របស់​អ្នកស្រី​កាលពីថ្ងៃ​ម្សិលមិញ​នេះ។

អ្នកស្រី ភូ ភឹមម៉ៅ រៀបរាប់ថា៖ «គេឲ្យកែដាក់សារថ្មី ឥឡូវកែរួចហើយ គេមិនទទួលវិញ អាពាក្យបណ្ដឹងយើងហ្នឹង ខាងក្រសួងការពារជាតិ។ ខ្ញុំមិនដឹងម៉េចទេ! គេតេមកម្សិលមិញ គេថា ឲ្យខ្ញុំទៅដកវិញ។ ឥឡូវ ខ្ញុំមិនទៅដកទេ បើសិនគាត់ធ្វើការឲ្យ ឬ​មិនធ្វើការ ឲ្យ​ទុកនៅហ្នឹងទៅ។ ខ្ញុំដាក់ឲ្យជួយដោះស្រាយរឿងប្ដីខ្ញុំ កូនហ្នឹងឯង វាយប្ដីខ្ញុំ វាយកូនខ្ញុំ ហើយចាប់ប្ដីខ្ញុំទៅហើយថា រត់រួច ខ្ញុំអត់ជឿទេ»

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បាន​ឲ្យ​ដឹង​ថា លោក​បាន​សាក​សួរ​ទៅ​ខាង​កង​ពល​តូច​លេខ២ និង​លេខ ៦ ហើយ ប៉ុន្តែ កង​ពល​តូច​ទាំង​ពីរ​នេះ ប្រាប់​ថា ពុំ​បាន​ដឹង​អំពី​ករណី​នេះ​ទេ។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​ប្រាប់​បន្ថែម​ថា លោក​បាន​ជំរុញទៅគ្រួសារលោក ស៊ុំ ម៉ឺន ឲ្យ​ដាក់​ពាក្យ​បណ្ដឹង​ទៅអាជ្ញាធរ​មូលដ្ឋាន ដោយថាអាជ្ញាធរទាំងអស់នោះបានដឹងពីហេតុការណ៍នៃការបាត់ខ្លួន​នោះ។

លោក ឈុំ សុជាតិ មាន​ប្រសាសន៍ថា៖ «បើតាមខ្ញុំយល់ គួរពាក្យបណ្ដឹងពីមូលដ្ឋានមក ព្រោះតាមរយៈមូលដ្ឋានមក វាស្រួលចាត់ការជាង។ មូលដ្ឋានដែលគាត់រស់នៅហ្នឹង គេចាត់ការតាមហ្នឹង។ ក្រសួងការពារ​ជាតិ​នៅលើក្ដាប់​អត់បានដែរ​​ អញ្ចឹងដាក់ទៅអាជ្ញាធរត្រពាំងប្រាសាទទៅស្រុកអន្លង់វែងទៅ គេស្រាវជ្រាវតាមហ្នឹងឲ្យ»។

អ្នក​ភូមិ​ជាង ២០០​នាក់ ដែល​មាន​ជម្លោះ​ដី​ធ្លី​​ទំហំ​ជាង ៨៥០០​ហិកតា​ជាមួយ​ក្រុមហ៊ុន​មេត្រីភាព​នោះបាននាំគ្នាមក​ស្វែង​រក​​អន្តរាគមន៍​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ម្ដង​រួច​មក​ហើយ​កាល​ពីថ្ងៃទី៣១ ខែមករា​កន្លង​មក ដើម្បីស្នើ​ឲ្យ​ដោះលែងពលរដ្ឋ ១៤នាក់ និងដោះស្រាយបញ្ចប់វិវាទដីធ្លីជួនពួកគេ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles