ចៅក្រម​បញ្ជូន​​​សំណុំ​រឿង​អតីត​បុគ្គលិក​អាស៊ីសេរីទៅ​ជំនុំ​ជម្រះ ក្រោយ​បិទ​បញ្ចប់​ការ​ស៊ើបសួរ

ដោយ វ៉ែន សុមេធ
2019-03-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក អ៊ួន ឈិន (ឆ្វេង) និង​លោក យាង សុធារិន អតីត​ជា​អ្នករាយការណ៍​ព័ត៌មាន​អាស៊ី​សេរី។ RFA
លោក អ៊ួន ឈិន (ឆ្វេង) និង​លោក យាង សុធារិន អតីត​ជា​អ្នករាយការណ៍​ព័ត៌មាន​អាស៊ី​សេរី។ RFA


ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ​​បាន​បិទ​បញ្ចប់​នីតិវិធី​ស៊ើបអង្កេត​សំណុំ​រឿង​អតីត​បុគ្គលិក​អាស៊ី​សេរី​ហើយ​ កាល​ពី​ពេល​ថ្មីៗ នេះ និង​បាន​សម្រេច​បញ្ជូន​សំណុំរឿង​ក្ដី​នេះ​ទៅ​ជំនុំជម្រះ​នៅ​ពេល​ខាង​មុខ។ អ្នក​ការពារ​សិទ្ធិមនុស្ស ស្នើ​ឱ្យ​តុលាការ​ពន្លឿន​នីតិវិធី​ជំនុំ​ជម្រះ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប។

អតីត​បុគ្គលិក​អាស៊ី​សេរី​ លោក យាង សុធារិន សម្ដែង​ការ​ខក​ចិត្ត​ដែល​ចៅក្រម​ស៊ើបសួរ​ លោក ពេជ្រ វិជ្ជាធរ បាន​សម្រេច​បញ្ជូន​​សំណុំ​​រឿង​នេះ​ទៅ​ជំនុំ​ជម្រះ។ លោក​ថា​ តុលាការ​​​គ្មាន​ភស្តុតាង​​​បង្ហាញ​ពី​ពិរុទ្ធភាព​របស់​ពួក​លោក​ឡើយ​ ដូច្នេះ​គួរ​ណាស់​តែ​លើកលែង​ការ​ចោទ​ប្រកាន់​នេះ ក្រោយ​ពេល​បិទ​បញ្ចប់​នីតិវិធី​ស៊ើបអង្កេត។

ទោះ​ជា​យ៉ាង​ណា លោក​អះអាង​ថា លោក​មិន​មាន​ការ​ព្រួយ​បារម្ភ​​​ចំពោះ​សវនាការ​ជំនុំ​ជម្រះ​នោះ​ទេ ព្រោះ​​លោក​ និង​លោក អ៊ួន ឈិន​ មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ លោក​បន្ត​ថា ប្រសិនបើ​តុលាការ​កាត់​ក្ដី​រឿង​នេះ​ដោយ​ឈរ​លើ​គោលការណ៍​យុត្តិធម៌ និង​មិន​លម្អៀង ពួក​លោក​នឹង​បាន​រួចខ្លួន​ពី​បទ​ចោទ​ប្រកាន់​នេះ៖ «»

មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​បុគ្គលិក​អាស៊ី​សេរី លោក សំ ចំរើន ថ្លែង​ថា ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​ដំណោះ​ស្រាយ​ តាំង​ពី​ចុង​ខែ​កុម្ភៈ​ ដោយ​បញ្ជូន​សំណុំ​​រឿង​នេះ​ទៅ​ជំនុំ​ជម្រះ ក៏​ប៉ុន្តែ​​លោក​ទើប​តែ​ទទួល​បាន​ដីកា​នោះ​ កាល​ពី​ថ្ងៃអង្គារ ដើម​សប្ដាហ៍​នេះ។ ទោះ​ជា​យ៉ាង​ណា លោក​ថា​តុលាការ​មិន​ទាន់​បាន​កំណត់​កាល​បរិច្ឆេទ​ជំនុំជម្រះ​រឿង​នេះ​​នៅ​ឡើយ​ទេ ខណៈ​លោក​ និង​កូន​ក្តី​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ក្នុង​ការ​តតាំង​ក្ដី​នេះ។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ឹម វណ្ណៈ ដើម្បី​សាកសួរ​អំពី​ថ្ងៃ​កំណត់​​នៃ​ការ​ជំនុំជម្រះ​រឿង​ក្ដី​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៥ មីនា។

អតីត​បុគ្គលិក​អាស៊ី​សេរី​ពីរ​រូប គឺ​លោក​ អ៊ួន ឈិន​ និង​លោក​ យាង សុធារិន​ ហៅ​ យាង សុជាមេត្តា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​​ចាប់​ខ្លួន​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ២០១៧ កន្លង​ទៅ​ ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ស្ទូឌីយោ​ថត​ចម្រៀង​ដោយ​មិន​មាន​ការ​អនុញ្ញាត។ ក៏​ប៉ុន្តែ​ក្រោយ​មក​អាជ្ញាធរ​បែរ​ជា​​ចោទ​អ្នក​ទាំង២ ពី​បទ​ឧក្រិដ្ឋ​​ធ្វើ​ចារកម្ម​ទៅ​វិញ ដែល​បទ​ចោទ​នេះ​​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១៥ឆ្នាំ ប្រសិន​បើ​តុលាការ​សម្រេច​ឱ្យ​ពួក​លោក​មាន​ទោស។

តុលាការ​ក្រុង​ភ្នំពេញ ​បាន​ចោទ​ប្រកាន់​អ្នក​ទាំងពីរ​ពី​បទ ផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិនិង​ក្រោយ​មក​បាន​បន្ថែម​បទ​ចោទ​ថ្មី​មួយ​ទៀត គឺ​បទ​ផលិត​វីដេអូ​អាសអាភាស។ ពួក​លោក​ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ កាល​ពី​ចុង​ខែ​សីហា ឆ្នាំ២០១៨ កន្លង​ទៅ ក្រោយ​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង ៩ខែ។ ក៏​ប៉ុន្តែ​សេរីភាព​ដែល​ទទួល​បាន​នេះ មាន​លក្ខណៈ​រឹតត្បិត​នៅ​ឡើយ ព្រោះ​តុលាការ​បាន​ដាក់​អ្នក​ទាំង​ពីរ​ក្រោម​ការ​ត្រួតពិនិត្យ និង​មិន​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​នោះ​ឡើយ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត សង្កេត​ឃើញ​ថា សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​សកម្មជន​សង្គម និង​អ្នក​ទោស​មនសិការ​ មិន​ងាយ​នឹង​ទម្លាក់​ចោល​នៅ​ក្នុង​ដំណាក់​កាល​ចៅក្រម​ស៊ើបសួរ​ឡើយ បើ​ទោះ​បី​ជា​តុលាការ​ខ្វះ​ភស្តុតាង​ដាក់​បន្ទុក​ក៏​ដោយ។ លោក​ស្នើ​ឱ្យ​តុលាការ​ពន្លឿន​​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​អតីត​បុគ្គលិក​អាស៊ី​សេរី​នេះ និង​ផ្ដល់​យុត្តិធម៌​ពិត​ប្រាកដ​​ដល់​ពួក​គេ​​ទាំង​ពីរ​វិញ៖ «»

ស្រប​ពេល​នៃ​ការ​រំលាយ​គណបក្ស សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​​ប្រឆាំង​ធំជាង​គេ​នៅ​កម្ពុជា របប​លោក​ ហ៊ុន សែន​ ក៏​បាន​វាយ​បង្ក្រាប​ឥត​ឈប់​ឈរ​លើ​សារព័ត៌មាន​ឯករាជ្យ​ផង​ដែរ។ របប​នេះ​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​តុ​លា​ការ និង​បញ្ហា​ពន្ធដារ​ជា​អាវុធ ដើម្បី​កម្ទេច​ស្ថាប័ន​ណា​ដែល​មិនព្រម​ដើរ​តាម​គន្លង​របស់​ខ្លួន​។ ការ​វាយ​បង្ក្រាប​ទាំង​នោះ រួម​មាន​ការ​បិទ​ស្ថាប័ន​ព័ត៌មាន ការ​ប្ដឹង​អ្នក​សារព័ត៌មាន​ទៅ​តុលាការ និង​ការ​ចាប់​ខ្លួន​អ្នក​​សារព័ត៌មាន​ពី​បទ​ធ្វើ​ចារកម្ម​ជា​ដើម។ មក​ទល់​នឹង​ពេល​នេះ ​របប​ក្រុង​ភ្នំពេញ​មិន​ទាន់​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សេរីភាព​សារព័ត៌មាន​នៅ​ឡើយ​ទេ ទោះបី​ជា​របប​នេះ​បាន​ក្រសោប​យក​អំណាច​រដ្ឋ​ទាំង​អស់​មក​កាន់​កាប់​ផ្ដាច់​មុខ​តែ​ម្នាក់​ឯង​ក៏​ដោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles