ពលរដ្ឋ​ប្រមាណ ២ម៉ឺន​គ្រួសារ​​នៅ​ខេត្ត​បាត់ដំបង​ជួប​ការ​លំបាក​ដោយ​សារ​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ

2019-03-15
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គ្រឿងចក្រ​​កំពុង​សង់​ទំនប់​អាង​ទឹក​ដូន​ទ្រី ស្ថិត​ក្នុង​ស្រុក​រុក្ខ​គិរី ខេត្ត​បាត់ដំបង ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​រុក្ខ​គិរី និង​ស្រុក​មោង​ឫស្សី។ រូបថត៖ ហ្វេសប៊ុក​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ថ្ងៃ​ទី២ ខែ​មីនា ឆ្នាំ២០១៩
គ្រឿងចក្រ​​កំពុង​សង់​ទំនប់​អាង​ទឹក​ដូន​ទ្រី ស្ថិត​ក្នុង​ស្រុក​រុក្ខ​គិរី ខេត្ត​បាត់ដំបង ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​រុក្ខ​គិរី និង​ស្រុក​មោង​ឫស្សី។ រូបថត៖ ហ្វេសប៊ុក​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ថ្ងៃ​ទី២ ខែ​មីនា ឆ្នាំ២០១៩


ប្រជាពលរដ្ឋ​​​ប្រមាណ​២ម៉ឺន​គ្រួសារ​​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​បាត់ដំបង​កំពុង​ជួប​ការ​លំបាក​ដោយ​សារ​ការ​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ ពលរដ្ឋ​នៅ​ស្រុក​គាស់ក្រឡ​អះអាង​ថា​ នៅ​តំបន់​ដែល​ពួកគាត់​រស់​នៅ​គ្រួសារ​ខ្លះ​គ្រាន់​តែ​មាន​សមាជិក​ចំនួន​ ៣នាក់​​ បាន​ចំណាយ​ថវិកា​​ប្រមាណ ២០​ម៉ឺន​រៀល ក្នុង​មួយ​ខែ​សម្រាប់​ទិញ​ប្រើប្រាស់។

ប្រជាពលរដ្ឋ​នៅ​ស្រុក​គាស់ក្រឡ​លើក​ឡើង​ថា បញ្ហា​ទឹក​ប្រើប្រាស់​ជា​រឿង​ធំ​ចម្បង​របស់​​ពួក​គាត់ ដែល​ត្រូវ​ការ​ចាំបាច់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ហើយ​ពួកគាត់​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ពួក​គាត់​ជា​បន្ទាន់ ព្រោះ​ជីវភាព​ក្រីក្រ​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ទេ។

ពលរដ្ឋ​នៅ​ភូមិ​តានួត​ ឃុំ​ព្រះផុស ស្រុក​គាស់ក្រឡ​លោក យឿម យឿប​ ថ្លែង​ប្រាប់​អាស៊ី​សេរី​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី១៥ មីនា​ថា សព្វ​ថ្ងៃ​ពួក​គាត់​ទិញ​ទឹក​ពី​ពលរដ្ឋ​ដឹក​តាម​ឡាន​យក​មក​ប្រើប្រាស់​ចំណាយ​អស់​ប្រាក់​ច្រើន​ ដោយ​ទឹក​មួយ​ឡាន​ចំណុះ​ ៣០០​លីត្រ​តម្លៃ​ ៤ម៉ឺន​រៀល ហើយ​អាច​ប្រើ​បាន​ប្រមាណ ៥ថ្ងៃ​ត្រូវ​ទិញ​ម្ដង។ លោក​បន្ត​ថា ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ខ្វះខាត​ទឹក​ប្រើប្រាស់​គ្រប់​គ្នា ហើយ​មិន​មាន​លទ្ធភាព​ទិញ​ទឹក​ប្រើប្រាស់​នោះ​ទេ៖ «»

លោក​បន្ត​ថា ប្រភព​ទឹក​ដែល​ពលរដ្ឋ​ដឹក​យក​មក​លក់ គឺ​ទឹក​​នៅ​តាម​ស្រះ ​និង​ដង​អូរ​​​នៅ​ទី​រួម​ស្រុក​គាស់​ក្រឡ និង​​ដឹក​ពី​ស្រុក​រុក្ខ​គីរី ដែល​មាន​ចំណាយ​ជាង ១០គីឡូម៉ែត្រ ហើយ​ជា​ការ​លំបាក​ខ្លាំង​សម្រាប់​ពលរដ្ឋ​ក្រីក្រ​ព្រោះ​គ្មាន​ឧបករណ៍​ដឹក​ទឹក​យក​មក​ប្រើ​បាន​នោះ​ទេ។

ចំណែក​អ្នក​ភូមិ​ឃុំ​ព្រះផុស​ម្នាក់​ទៀត លោក​ស្រី មេឃ នួន រៀបរាប់​ថា ទឹក​នៅ​តាម​ដង​អូរ​តំបន់​ពួក​គាត់​រស់​នៅ​រីង​ហួតហែង​តាំង​ពី​ចុង​ខែ​ធ្នូ​​រហូត​មក ហើយ​សព្វ​ថ្ងៃ​​គ្រួសារ​លោកស្រី​បាន​ទិញ​ទឹក​គេ​ដឹក​លក់​តាម​ឡាន​យក​មក​ប្រើ​ ព្រោះ​គ្មាន​មធ្យោបាយ​ទៅ​ដឹក​ទឹក​ដោយ​ខ្លួន​ឯង។ លោកស្រី​អះអាង​ទៀត​ថា ចាប់​តាំង​ពី​ខ្វះ​ទឹក​ប្រើប្រាស់​មក​ មិន​មាន​អាជ្ញាធរ​ណា​ដឹក​ទឹក​យក​មក​ចែក​ជូន​លោក​ស្រី​ម្ដង​នៅ​ឡើយ​ទេ៖ «»

ទាក់ទង​នឹង​បញ្ហា​នេះ​អភិបាល​ខេត្ត​បាត់ដំបង​ លោក ងួន រតនៈ មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា ប្រជាពលរដ្ឋ​ខ្វះ​ទឹក​ប្រើ​នៅ​ក្នុង​ខេត្ត​បាត់ដំបង មាន​នៅ​​ស្រុក​មោងឫស្សី ស្រុក​គាស់ក្រឡ និង​ស្រុក​បវេល​ ដោយ​សារ​គ្រោះ​រាំង​ស្ងួត ក្នុង​នោះ​ស្រុក​គាស់ក្រឡ​លំបាក​ជាង​គេ ព្រោះ​តំបន់​នោះ​មិន​សូវ​មាន​ប្រភព​ទឹក៖ «»

លោក​បន្ត​ថា មន្ទីរ​ធនធាន​ទឹក​បាន​ជីក​ប្រឡាយ​​ពី​ស្ទឹង​សង្កែ​បញ្ជូន​ទឹក​ទៅ​ស្រុក​មោង​ឫស្សី​រួច​ហើយ រី​ឯ​ស្រុក​​បវេល​ និង​ស្រុក​គាស់ក្រឡ​​អាជ្ញាធរ​ក៏​បាន​ដឹក​យក​ទៅ​ចែក​ពួកគាត់​បាន​ចំនួន​ដែរ។

ប៉ុន្តែ​ប្រជាពលរដ្ឋ​អះអាង​ថា ប្រឡាយ​ទឹក​ដែល​អាជ្ញាធរ​បញ្ជូន​ទឹក​ចេញ​ពី​ស្ទឹង​សង្កែ​នោះ មិន​គ្រប់​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​នោះ​ទេ ព្រោះ​ពលរដ្ឋ​មួយ​ចំនួន​ធំ​រស់​នៅ​ឆ្ងាយ​ពី​ស្ទឹង​មោងឫស្សី។

រដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ លោក ចាន់ យុត្ថា បាន​ផ្ដល់​សម្ភាសន៍​ឲ្យ​កាសែត​ក្នុង​កាល​ពី​ថ្មីៗ នេះ​ថា នៅ​ខេត្ត​បាត់ដំបង​មាន​ប្រជាពលរដ្ឋ​ប្រមាណ ២០.០០០ ក្នុង​ស្រុក​មោងឫស្សី និង​ស្រុក​គាស់ក្រឡ ប្រឈម​ខ្វះ​ទឹក​ប្រើប្រាស់​ជាង​គេ​បើ​ប្រៀបធៀប​នឹង​ខេត្ត​ដទៃ។ ប្រជាពលរដ្ឋ​នៅ​ស្រុក​គាស់ក្រឡ លើក​ឡើង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​នៅ​ឆ្នាំ​ក្រោយ​ទៀត ពួក​គាត់​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជី​ស្រះ​ទឹក​នៅ​ក្នុង​​ភូមិ​របស់​ពួក​គាត់​ឲ្យ​បាន​ច្រើន​កន្លែង​ ព្រោះ​នៅ​តំបន់​ពួក​គាត់​រស់​នៅ​ពុំ​មាន​​ស្ទឹង អូរ និង​ស្រះ​ទឹក​ធំៗ សម្រាប់​ស្តុក​ទឹក​ប្រើប្រាស់​​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment