អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ម្នាក់​ទៀត​ដាក់​ពាក្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ

ដោយ យន់ សាមៀន
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តំណាង​រាស្ត្រ​មក​ពី​បក្ស​ប្រឆាំង លោក រៀល ខេមរិន្ទ្រ (លត់​ជង្គង់) រង​របួល​ពេល​ប៉ះ​ទង្គិច​គ្នា​នឹង​ពលរដ្ឋ​វៀតណាម នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។ Photo Provided
តំណាង​រាស្ត្រ​មក​ពី​បក្ស​ប្រឆាំង លោក រៀល ខេមរិន្ទ្រ (លត់​ជង្គង់) រង​របួល​ពេល​ប៉ះ​ទង្គិច​គ្នា​នឹង​ពលរដ្ឋ​វៀតណាម នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។ Photo Provided


អ្នកវិភាគ​នយោបាយ​អះអាង​ថា ការ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ របស់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក រៀល ខេមរិន្ទ្រ គឺជា​ការ​សម្លាប់​ជីវិត​នយោបាយ​ខ្លួនឯង​ទៅ​ថ្ងៃ​អនាគត។

លោក រៀល ខេមរិន្ទ្រ ជា​មនុស្ស​ទី​៤ ដែល​បាន​ដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ក្នុង​ចំណោម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ១១៨​នាក់ ដែល​ត្រូវ​បាន​របប​លោក ហ៊ុន សែន ហាមឃាត់​មិន​ឱ្យ​ធ្វើ​នយោបាយ​ឡើងវិញ។ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​១៦ ខែ​មីនា ថា ក្រសួង​មហាផ្ទៃ​បាន​បញ្ជូន​ពាក្យ​ស្នើ​សុំ​នេះ​បន្ត​ទៅ​លោកនាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ដើម្បី​សម្រេច​ជា​បន្ត៖ «ក្រសួង​បាន​ធ្វើ​ផ្ញើ​លិខិត​ទៅ​សម្ដេច​ប្រមុខ​រាជរដ្ឋាភិបាល នៃ​ពាក្យ​ស្នើសុំ​របស់​លោក រៀល ខេមរិន្ទ្រ ហើយ​រាជរដ្ឋាភិបាល​ក៏បាន​យល់ព្រម​រួចហើយ នៅតែ​ស្នើសុំ​ព្រះរាជក្រឹត្យ​ពី​ព្រះមហាក្សត្រ​ជា​ផ្លូវ សម្ដេច តេជោ នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ឯកភាព​ឱ្យ​រួចខ្លួន​ស្តី​អំពី​ការ​ជាប់​បម្រាម​នយោបាយ​នេះឯង»

អ្នកវិភាគ​វ័យក្មេង​លោក បុង ដែត យល់ថា ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោក រៀល ខេមរិន្ទ្រ នៅ​ពេល​នេះ​ជា​ការ​ទទួល​ស្គាល់​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ស្របច្បាប់ និង​ជា​ការ​សម្លាប់​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ ដែល​នៅតែ​បន្ត​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ។ ប៉ុន្តែ​លោក​ថា ទង្វើ​លោក រៀល ខេមរិន្ទ្រ នេះ​ជា​ការ​សម្លាប់​ជីវិត​នយោបាយ​ដោយ​ខ្លួនឯង ហើយ​អ្វី​ដែល​លោក រៀល ខេមរិន្ទ្រ បាន​ធ្វើ​ដើម្បី​ជាតិ​មាតុភូមិ​កន្លង​មក ក៏​ត្រូវ​រលាយ​បាត់​បង់​ក្នុង​ពេល​នេះ​ដែរ៖ «និយាយ​ឱ្យ​ចំ គឺ​គាត់ (លោក រៀល ខេមរិន្ទ្រ) ឱ្យ​ដៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ស្របច្បាប់»

សមាជិក គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ ប្រចាំ​ប្រទេស​ថៃ លោក លី រតនៈរស្មី ដែល​កំពុង​និទ្ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​យល់​ថា លោក រៀល ខេមរិន្ទ្រ ជា​មនុស្ស​ឱកាស​និយម៖ «អស់លោក​ត្រូវ​គិត​សាជាថ្មី​ឡើងវិញ ហើយ​អស់លោក​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ តើ​អស់លោក​ជា​មនុស្ស​ប្រភេទ​មិច​វិញ​? អត់​មាន​អាណិត​ប្អូន​ប្រជា​ពលរដ្ឋ អត់​អាណិត​ម្ចាស់​ឆ្នោត»

ការ​សុំ​ធ្វើ​នយោបាយ​ឡើងវិញ​របស់​លោក រៀល ខេមរិន្ទ្រ នេះ ធ្វើឡើង​តែមួយ​ថ្ងៃ ក្រោយ​លោក សម រង្ស៊ី បាន​បន្ត​អំពាវនាវ​ដល់​មន្ត្រី​បក្ស​ប្រឆាំង ឱ្យ​រក្សា​ជំហរ​រឹងមាំ​កុំ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ព្រោះ​សិទ្ធិ​នេះ​នឹង​បាន​វិញ​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​ខាង​មុខ។ លោក​អះអាង​ថា ក្នុង​ពេល​ខាងមុខ​ឆាប់ៗ​នេះ សម្ពាធ​របស់​សហភាព​អឺរ៉ុប​នឹង​ធ្វើ​ឱ្យ​របប​លោក ហ៊ុន សែន គ្មាន​ជម្រើស​អ្វី​ក្រៅពី​បើកផ្លូវ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ ដែល​ពេល​នោះ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​នឹង​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment