សកម្មជន​បរិស្ថាន​ ​ថា​ការ​វិនិយោគ​ផលិត​ថាមពល​អគ្គិសនី​ពី​ពន្លឺ​ព្រះអាទិត្យ​ ​ទើប​ជា​ដំណោះស្រាយ​យូរ​អង្វែង​​


|
https://www.vodhotnews.com

គម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យ 60 មេហ្កាវ៉ាត់នៅតំបន់ត្មាតពងក្បែររាជធានីភ្នំពេញ ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក Kroko ក្រគរ ជួយ ក្រគរ

សកម្មជនបរិស្ថាន លើកឡើងថា ការស្នើឱ្យពលរដ្ឋទិញម៉ាស៊ីនភ្លើង សម្រាប់ប្រើប្រាស់ពីសំណាក់រដ្ឋាភិបាលជាដំណោះស្រាយបែបប្រជាភិថុ និងមិនមែនជាដំណោះស្រាយយូរអង្វែង ដោយលោកជំរុញឱ្យរដ្ឋាភិបាលវិនិយោគលើការផលិតថាមពលពីពន្លឺព្រះអាទិត្យវិញ​។

ស្ថាបនិកអង្គការមាតាធម្មជាតិជនជាតិអេស្ប៉ាញ លោក អាឡិច ហ្គន់ហ្សាឡេសដេវិសិន មានប្រសាសន៍ថា ការទិញទឹក ទិញភ្លើងអគ្គិសនីពីប្រទេសជិតខាង ដើម្បីយកមកផ្គត់ផ្គង់តម្រូវការពលរដ្ឋក្នុងប្រទេសគឺ ជារឿងមួយដែល​តែងកើតមានចំពោះប្រទេសជាច្រើន រួមទាំងប្រទេសមហាអំណាច មិនមែនតែកម្ពុជាទេ។

​លោកថា អ្វីដែលគេមើលឃើញពេលនេះ គឺ ភាពបរាជ័យក្នុងការដឹកនាំរបស់រដ្ឋាភិបាល​ជាច្រើនទស្សវត្សមកនេះ ប៉ុន្តែ មិនអាចដោះស្រាយបញ្ហាទាំងនេះជាយូរអង្វែងបាន។ លោកថា ដើម្បីដោះស្រាយបញ្ហាភ្លើងជាយូរអង្វែង រដ្ឋាភិបាលអាចវិ​និយោគការផលិតថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ ហើយក៏អាចសហការជាមួយពលរដ្ឋផងដែរ។

សកម្មជនអារ៉ែង ជនជាតិអេស្ប៉ាញ លោក អាឡិច ដែលត្រូវបានបណ្តេញចេញពីកម្ពុជាកាលពីឆ្នាំ២០១៥(រួបថតដោយMonica Prieto)


លោកបន្តថា ៖ «យន្តការផ្សេងៗហ្នឹង ដើម្បីឱ្យប្រជាជនជាម្ចាស់ថាមពលដោយខ្លួនឯង។ អីចឹងមានន័យថា ចាប់ផ្តើមយន្តការ វិមជ្ឈការ មិនមែនទាល់តែចំណាយលុយរាប់រយលានដុល្លារនៅក្នុងគម្រោងមួយ ហើយបន្ទាប់មក ចែកតទៅប្រជាជនទេ។ ប្រជាជនក៏ជាប្រភពនៃដំណោះស្រាយតាមរយៈការវិនិយោគលក្ខណៈតូច នៅលើដំបូលផ្ទះខ្លួនឯងជាដើម»។

កាលពីថ្ងៃម្សិលមិញ លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាថ្មីទៀត ដោយស្នើឱ្យពលរដ្ឋមានការយោគយល់​ចំពោះបញ្ហាកង្វះទឹក និង កង្វះភ្លើងប្រើប្រាស់នៅតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ពិសេសធ្វើឱ្យកម្ពុជាខ្វះភ្លើងអគ្គិសនីប្រើប្រាស់ប្រមាណ៤រយមេហ្គាវ៉ាត់ ដែលត្រូវទិញពីប្រទេសជិតខាងបន្ថែមទៀត។

លោក ហ៊ុន សែន បានជំរុញទៅអាជ្ញាធរពាក់ព័ន្ធ និងសប្បុរសជនផង ត្រូវនាំគ្នាជីកអណ្តូងជូនពលរដ្ឋនៅតំបន់មានបញ្ហាប្រឈម ជាជាងដើរចែកទឹក និងប្រើប្រាស់ទឹកភ្លើងដោយការសន្សំសំចៃ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតី ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុប១,៧០៩នាក់ ក្នុងនោះមាននារី ៦៧៦នាក់ នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន


លោកបន្ថែមថា៖ «ហើយអ្វីដែលយើងបន្តដោះស្រាយ គឺអាចមានលទ្ធភាពនៃការដោះស្រាយតាមរយៈ ប្រើធុងអាគុយ តាមរយៈការប្រើម៉ាស៊ីនភ្លើង ដែលយើងមានខ្លួនឯង ដែលកាលពីមុនយើងធ្លាប់ប្រើតែអាហ្នឹងនោះ»។

កាលពីថ្ងៃម្សិលមិញដែរ អគ្គិសនីកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយថា កត្តាធ្វើឱ្យខ្វះភ្លើងអគ្គិសនីប្រើប្រាស់ រួមមាន កំណើនវិនិយោគទុនក្នុងនិងក្រៅស្រុក ការបញ្ចុះតម្លៃអគ្គិសនីកាលពីខែមករា។ អាកាសធាតុក្តៅខ្លាំង និងកង្វះទឹកខុសប្រក្រតី ​ធ្វើឱ្យតំបន់វារីអគ្គិសនីមួយចំនួនផ្គត់ផ្គង់ថាមពលអគ្គិសនីមិនបានពេញលេញ​។

ជាការដោះស្រាយបញ្ហានេះ អគ្គិសនីកម្ពុជាបានស្នើទិញអគ្គិសនីបន្ថែមទៀតពីប្រទេសថៃ បង្កើន៨០មេហ្គាវ៉ាត់ និងឡាវ បង្កើន១០មេហ្គាវ៉ាត់ ហើយវៀតណាមនៅរក្សាការផ្គត់ផ្គង់មកកម្ពុជាដដែល ប៉ុន្តែ កម្ពុជានៅតែប្រឈមកង្វះថាមពលអគ្គិសនីប្រមាណ១៣ភាគរយបន្ថែមទៀត។

ប្រភពដដែលអះអាងថា ក្នុងទិសដៅអភិវឌ្ឍន៍វិស័យអគ្គិសនីដល់ឆ្នាំ២០៣០ កម្ពុជាបានរៀបចំផែនការមួយចំនួន​ ដូចជា វារីអគ្គិសនី បង្កើតរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម និងប្រភពផ្សេងទៀត។

លោក អាឡិច យល់ថា ការបង្កើតរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម មានប្រយោជន៍ក្នុងការផ្តល់អគ្គិសនីច្រើន​តាមតម្រូវការក៏ពិតមែន ប៉ុន្តែ វាបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានក្នុងតំបន់និងសលកលោកផងដែរ។

សកម្មជនបរិស្ថានដដែលនេះ យល់ថា បញ្ហាប្រឈមទាំងនេះនឹង​ប្រឈមកាន់តែធ្ងន់ធ្ងរ ប្រសិនបើរដ្ឋាភិបាលគ្មានផែនការយូរអង្វែង និងនៅតែធ្វើទុក្ខបុកម្នេញក្រុមអ្នកដែលហ៊ានរិះគន់នោះ។

លោកមានប្រសាសន៍ថា៖ «សំខាន់បំផុតហ្នឹង ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន នៅតែមិនដូរចរិត។​ នៅតែធ្វើបែបលួចលាក់ នៅតែមិនស្តាប់ប្រជាពលរដ្ឋ នៅតែគាបសង្កត់គណបក្សប្រឆាំង សង្គមស៊ីវិល អាបញ្ហាខ្វះទឹកផង ខ្វះភ្លើងផង ខ្ញុំធានាថា បើឆ្នាំនេះធ្ងន់ធ្ងរ ចាំមើល២ឆ្នាំ ៣ឆ្នាំ ៥ឆ្នាំទៅមុខទៀត រឹតតែធ្ងន់ធ្ងរ រឹតតែខ្វះខាត »។

យោងតាមរបាយការណ៍ទិន្នន័យអភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០១៦ បានឱ្យដឹងថា នៅកម្ពុជាមានតំបន់​វារីអគ្គិសនីកំពុងដំណើរការផលិតអគ្គិសនីចំនួន៨កន្លែង។ ដោយឡែកមួយកន្លែងកំពុងសាងសង់​ និងមាន៣១កន្លែងទៀតកំពុងស្ថិតនៅក្នុងគម្រោងសិក្សានៅឡើយ។

កាលពីខែមករា រដ្ឋាភិបាល​ បានចេញសារាចរណែនាំឲ្យប្រជាពលរដ្ឋរក្សាទឹកសម្រាប់ប្រើប្រាស់នារដូវប្រាំង ដោយកម្ពុជានឹងទទួលឥទ្ធិពលបាតុភូត អែល នីណូ (El Nino) ​​​ដែលធ្វើឲ្យអាកាសធាតុក្តៅហួតហែង។  រដ្ឋាភិបាលក៏បានអំពាវនាវកសិករមិនឲ្យធ្វើស្រូវប្រាំងលើកទីពីរផងដែរ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles