លោក ​ហ៊ុន​ សែន​ អះ​អាង​ថា​គ្មាន​លុយ​ទិញ​អ្នក​សុំ​សិទ្ធិ​ធ្វើ​ន​យោ​បាយ​ មក​ពី​អតីត​បក្ស​ប្រឆាំង​នោះ​ទេ​

ដោយ អ៊ឹង ប៊ុនថន
20/03/2019
RFI

media
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយកម្មការនី
@RFI


ប្រ​មុខ​​រដ្ឋា​ភិបាល​កម្ពុជា​ នៅ​ថ្ងៃ​ពុធ​នេះ ​បាន​អះអាង​ថា​ លោក​គ្មាន​​លុយ​ទៅ​​ទិញ​​ក្រុម​​មន្រ្តី​​អតីត​​គណ​បក្ស​​ប្រឆាំង​​ម្នាក់​​ៗ​​ចន្លោះ​​ពី​១០​ទៅ​​២០​​ម៉ឺន​​ដុល្លារ​ ដើម្បី​​ឲ្យ​ពួកគេ​​ដាក់​​ពាក្យ​​សុំ​​សិទ្ធិ​​ធ្វើ​​នយោបាយ​​ឡើង​​វិញ​នោះ​ទេ។​ ការ​អះអាង​នេះ​ធ្វើ​​ឡើង​ស្រប​​ដែល​​ មន្រ្តី​អតីត​គណបក្ស​​សង្រ្គោះ​ជាតិ​​ចំនួន​៥​រូប​ទៀត ​បាន​​ទទួល​​សិទ្ធិ​​ធ្វើ​​នយោ​បាយ​​ឡើង​វិញ​កាល​ពីម្សិលមិញ​ ដែល​ធ្វើ​ឲ្យ​​ចំនួន​​អ្នក​បាន​សិទ្ធិ​ធ្វើ​​នយោបាយ​​ឡើង​​វិញ​​កើន​​ឡើង​​ដល់​​ចំនួន​៩​នាក់​ ក្នុង​ចំណោម​អ្នក​នយោបាយ​ចំនួន​១១៨​រូប​ដែល​​ត្រូវ​បាន​ហាម​ឃាត់​។​

ពីខេត្តពោធិ៍សាត់ ក្នុងជំនួបជាមួយកម្មករ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​អះអាងថា ការដែលអតីតមន្រ្តីបក្សប្រឆាំងដែលសុំសិទ្ធិធ្វើនយោបាយឡើងវិញ គឺ​ជាសិទ្ធិរបស់អ្នកទាំងនោះ សូមកុំភ្ជាប់រឿងនេះជាមួយលោកឲ្យសោះ ខណៈ​ដែល​លោកអះអាងថា លោកគ្មានលុយទិញ អ្នកដែលសុំសិទ្ធិធ្វើនយោបាយឡើងវិញពី ១០-២០ម៉ឺន​ដុល្លារក្នុងម្នាក់នោះទេ។

បើតាមលោកប្រមុខបក្សកាន់អំណាច សមាជិកគណបក្សប្រជាជនកម្ពុជា មួយចំនួន​ក៏បានដើរចេញពីគណបក្សរបស់លោកដែរ តែគណបក្ស​ចាស់​វស្សា​មួយនេះមិន​ដែល​មើលស្រាល ឬជេរបុគ្គលទាំងនោះឡើយ។

នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក អេង ឆៃអ៊ាង អនុប្រធានអតីត​គណបក្ស​សង្រ្គោះជាតិបានចាត់ទុក​អ្នកដែល​សុំ​សិទ្ធិធ្វើ​នយោបាយឡើងវិញពីលោក ហ៊ុន សែន ជាមនុស្ស​មិនចេះ​អត់​ធ្មត់ និង​អន់ជាង​សកម្មជន ​នៅតាម​មូលដ្ឋានទៅទៀត ដែលមិនព្រមចុះចូលជាមួយគណបក្សកាន់​អំណាច។

បើតាម លោក អេង ឆៃអ៊ាង អ្នកដែលសុំសិទិ្ធធ្វើ​នយោបាយ​ឡើងវិញ គឺជាមនុស្សមិន​ស្មោះ​ត្រង់នឹង​លោក កឹម សុខា ដែល​សុខចិត្តជាប់ការឃុំឃាំង និង​ថាក៏មិនស្មោះ​ត្រង់នឹងពលរដ្ឋជា​ម្ចាស់​ឆ្នោត​ដែល​បានគាំទ្រ​កន្លង​មកយ៉ាងដូច្នោះដែរ។

សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី២០​ខែមីនា គឺមាន​មន្រ្តីអតីត​គណបក្សសង្រ្គោះជាតិ​ចំនួន៩​រូប ក្នុង​ចំណោម​១១៨រូប ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ខណៈ​ក្រសួង​មហាផ្ទៃអះអាងថា​នឹង​មាន​មន្រ្តីអតីត​គណបក្សប្រឆាំង២៥ទៅ២៦នាក់ សុំសិទ្ធិធ្វើ​នយោបាយ​ឡើងវិញ។

អតីតថ្នាក់ដឹកនាំបក្សប្រឆាំងទាំងនេះ រួមមាន លោក គង់ គាំ អតីតទីប្រឹក្សាជាន់​ខ្ពស់គណបក្សសង្រ្គោះជាតិ លោក គង់ បូរ៉ា លោក រៀល ខេមរិន្ទ លោក អ៊ូ ច័ន្ទរ័ត្ន លោកស្រី ទេព សុទ្ធី លោក កង គឹមហាក់ លោក ជីវ កត្តា លោក ច័ន្ទ សិលា និងលោក ស៊ីម សុវណ្ណនី ដែលពួកគេភាគច្រើនជាអតីតតំណាងរាស្រ្ត៕

What Next?

Recent Articles

Leave a Reply

Submit Comment