លោក ហ៊ុន សែន ចោទលោក កឹម សុខា ថា រារាំងមន្ដ្រីបក្សប្រឆាំងមិនឲ្យសុំសិទ្ធិធ្វើនយោបាយ


|
https://www.vodhotnews.com

លោក ហ៊ុន សែន និងលោក កឹម សុខា

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គំរាមមិន​ដោះ​លែង ឬ​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​មេដឹកនាំ​បក្ស​ប្រឆាំងលោក កឹម សុខា នោះ​ឡើយ ខណៈ​ដែល​លោកចោទ​មេបក្សប្រឆាំងរូបនេះថា បានរារាំង​​សមាជិក​ជាន់​ខ្ពស់​ដទៃទៀតរបស់​បក្ស​នេះមិនឲ្យសុំសិទ្ធិនយោបាយ​ឡើង​វិញ។

ក្នុងពិធីចែកសញ្ញាបត្រនៅថ្ងៃនេះ លោក ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ទៅ​ដល់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិឲ្យ​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ មុន​នឹង​ធ្វើ​សកម្មភាព​ជាមួយ​សមាជិក​អ្នកគាំ​ទ្រ​របស់​ខ្លួន។

ទន្ទឹងមនឹង​នេះដែរ លោក ហ៊ុន សែន បាន​ចោទ​លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ​ថា បាន​រារាំង​សមាជិក​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ហើយ​លោក​ក៏​ព្រមាន​ថា នឹង​មិន​ដោះ​លែង​​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​នោះ​ឡើយ។

លោក ហ៊ុន សែន ថ្លែងថា៖ «មានណាអ្នកខ្លះនៅឃុំក្នុងផ្ទះនៅឡើយ តែព្រមានគេកុំឲ្យសុំសិទ្ធិធ្វើនយោបាយ ចាំហ្អែងរួចខ្លួនទៅ អញមិនឲ្យហ្អែងរួចខ្លួនទេ។ តែតុលាការកាត់ហើយ គ្មានរញ៉េរញ៉ៃទេ ព្រោះមិនដែលអាណាជាប់ខ្លួនហើយ សុទ្ធតែជេរគេអាក្បត់ជាតិ អាលក់ខ្លួន លក់សតិសម្បជញ្ញៈ គ្រប់សព្វហ្នឹង លាបពណ៌ឲ្យអតីតសហការីខ្លួនឯង»។

មេធាវីម្នាក់ដែលការពារក្ដីឲ្យលោក កឹម សុខា គឺលោកមេធាវី ផែង ហែង មានប្រសាសន៍ថា កូនក្ដីរបស់លោកមិនបានបញ្ចេញយោបល់ណាមួយទាក់ទងនឹង​អតីតមន្ដ្រីបក្សប្រឆាំងដែលសម្រេចចេញ ឬមិនចេញទៅសុំសិទ្ធិនយោបាយនោះឡើយ។

មេធាវីរូបនេះក៏ទាត់ចោលសេចក្ដីថ្លែងការណ៍ ឬមតិយោបល់ណាមួយដែលជាការនិយាយជំនួសកូនក្ដីរបស់លោកផងដែរ។

លោកបន្ដថា៖ «រឿងបញ្ចេញមតិ ឬការនិយាយរបស់អ្នកដទៃដែលថា គាត់ហាមឃាត់ ឬមិនហាមឃាត់នេះ គឺមិនត្រឹមត្រូវទេ ពីព្រោះគាត់កំពុងអនុវត្តកាតព្វកិច្ចតាមដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ។ ពួកគេខ្ញុំដែលជាមេធាវីដែលបានជួបគាត់ជាធម្មតានេះ គឺមិនដែលបានលឺគាត់ហាមឃាត់ ឬប្រាប់ឲ្យគេទៅសុំសិទ្ធិនយោបាយដែរ។ ហាមក៏មិនដែលមានយោបល់ ឲ្យគេទៅក៏មិនដែលមានយោបល់»។

អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មួរ សុខហួរ មានប្រសាសន៍ថា លោក ហ៊ុន សែន កំពុងតែភ័យស្លន់ស្លោ និងអស់សង្ឃឹម ដោយថា អ្នកចេញទៅសុំសិទ្ធិធ្វើនយោបាយមានចំនួនតិចហើយថា នេះក៏បង្ហាញថា អតីតគណបក្សប្រឆាំងនៅតែមានភាពរឹងមាំមិនអាចបំបែកបាន។

លោកស្រីថា ម្យ៉ាងទៀត រដ្ឋាភិបាលរបស់លោក ហ៊ុន សែន កំពុងទទួលរងសំពាធកាន់តែខ្លាំងពីអន្ដរជាតិដែលកំពុងជម្រុញឲ្យដោះលែង លោក កឹម សុខា ជាបន្ទាន់។  

លោកស្រីបន្ដថា៖ «ចំនួនវាតិចតួចណាស់ទៅ ធ្វើឲ្យគាត់អស់សង្ឃឹម ធ្វើឲ្យគាត់ឆ្លេឆ្លា។ ទី២ គឺគាត់អត់មានខ្វល់អីហ្នឹងផលប្រយោជន៍ជាតិទេ ពីព្រោះពេលនេះសហគមន៍អឺរ៉ុបគេដាក់ឪសានវាទឲ្យគាត់ស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ តែគាត់អត់ខ្វល់ គាត់តែគំរាម តែព្រមាន ចេះតែកម្ទេច»។

អ្នកវិភាគនយោបាយជើងចាស់ លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ឃើញ​ថាលោក ហ៊ុន សែន កំពុងព្យាយាមដាក់សម្ពាធបន្ថែមទៀតទៅលើអតីតបក្សប្រឆាំង ហើយ​លោក​ហៅ​សម្ពាធ​នេះ​ថាវា​ផ្ទុយនឹងការចង់បានរបស់សហគមន៍អន្ដរជាតិ ដែលជំរុញឲ្យកម្ពុជា ងាកទៅស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស។

បើទោះបីជាទទួងរងសំពាធពីបក្សកាន់អំណាចបែបនេះក្ដី លោកបណ្ឌិត ឡៅ ម៉ុងហៃ វិភាគថា លោក កឹម សុខា អាចនឹងត្រូវបានដោះលែងឲ្យមានសេរីភាពវិញនាពេលខាងមុខប្រសិនបើសហគមន៍អន្ដរជាតិឈានទៅដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជាមែននោះ។

លោកបន្ដថា៖ «នេះជាការគំរាមកំហែងថែមទៀតទៅលើការគំរាមកំហែងដែលមានមានពីមុនៗមក ដូច្នេះអ្នកណាដែលជាឧបសគ្គដល់ការសុំសិទ្ធិហ្នឹង នឹងក្លាយជាទិសដៅនៃការគំរាមកំហែង និងការបង្ក្រាបជាបន្ដ។ ប៉ុន្ដែ ខ្ញុំថា នឹងអាចកើតមាន ប្រសិនជាខាងសហគមន៍អឺរ៉ុបដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងរបបរួចពន្ធ EBA»។

លោក កឹម សុខា ត្រូវ​បានសមត្ថកិច្ចចាប់ខ្លួនទាំងយប់​កាល​ពី​ដើម​ខែកញ្ញា ឆ្នាំ២០១៧ ដោយ​ត្រូវ​បាន​រដ្ឋាភិបាល​ចោទប្រកាន់ថាបានឃុប​ឃិត​ជាមួយ​ស​ហរដ្ឋ​អាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាល។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅឃុំខ្លួនបណ្តោះអា​សន្ន​នៅ​​​​​ពន្ធនាគារ​ត្រពាំង​ផ្លុង​ជាប់ព្រំដែនវៀតណាម​អស់​រយៈ​ពេល​ជិត ១ឆ្នាំ ទើបបញ្ជូនមកឃុំខ្លួនក្នុងផ្ទះវិញ នៅរាជធានីភ្នំពេញ។

ក្រោយពីផ្ទេរមកជាប់ឃុំខ្លួននៅក្នុងផ្ទះវិញហើយនោះ លោក កឹម សុខា ក៏ត្រូវបានតុលាការដាក់ឲ្យស្ថិតក្រោមវិធានការតាមផ្លូវតុលាការមួយចំនួន ដូចជាហាមឃាត់មិនឲ្យប្រាស្រ័យទាក់ទងជាមួយបរទេសនិងមន្ដ្រីបក្សប្រឆាំងជាដើម៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment