សង្គម​ស៊ីវិល​ស្នើ​ឱ្យ​របប​ក្រុងភ្នំពេញ​គិតគូរ​បន្ថែម​ទៀត​រឿង​ការ​ពង្រឹង​ជំនាញ​ដល់​កម្មករ​ខ្មែរ

2019-03-25
RFA

លោក ឌី ថេហូយ៉ា មន្ត្រី​កម្មវិធី​ផ្នែក​សិទ្ធិ​ពលករ​ចំណាក​ស្រុក​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA
លោក ឌី ថេហូយ៉ា មន្ត្រី​កម្មវិធី​ផ្នែក​សិទ្ធិ​ពលករ​ចំណាក​ស្រុក​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA


អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​កម្មករ​និង​ពលករ​ចំណាកស្រុក​ជំរុញ​ឱ្យ​របប​ក្រុងភ្នំពេញ​បំពាក់បំប៉ន​ជំនាញ​ឱ្យ​បាន​គ្រប់គ្រាន់​ដល់​ពលរដ្ឋ​ ដែល​ធ្វើការ​នៅ​ក្នុង​ស្រុក​ និង​នៅ​ក្រៅ​ប្រទេស។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ក្រោយពេល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ទទួលស្គាល់​ថា ​សមត្ថភាព​ការងារ​របស់​ពលករ​ខ្មែរ​នៅ​មានកម្រិត​ទាប​នៅឡើយ។

មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស (CENTRAL) ថ្លែង​ថា ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា កម្ពុជា​នៅ​ខ្វះខាត​កម្មករ​ជំនាញ​ក្នុង​វិស័យ​សំណង់​ និង​វិស័យ​ដទៃ​ទៀត ​បង្ហាញ​​ពី​​ភាព​អន់​ខ្សោយ​​នៃ​ការ​ដឹក​នាំ​​ប្រទេស និង​​ការ​អភិវឌ្ឍ​ធនធានមនុស្ស។ លោក​ថា ការងារ​មួយ​ចំនួន ដែល​ជន​បរទេស​កំពុង​ធ្វើ​នៅ​កម្ពុជា​ ដូច​ជា​ ការងារ​សំណង់​ជា​ដើម ​នោះ​កម្មករ​ខ្មែរ​ក៏​អាច​ធ្វើ​បាន​ដូច​គ្នា ក៏​ប៉ុន្តែ​ដោយសារ​កង្វះខាត​យន្តការ​គ្រប់គ្រង​ទើប​ធ្វើ​ឱ្យ​កម្មករ​បរទេស​ដណ្ដើម​ការងារ​កម្មករ​ខ្មែរ​ជា​ហេតុ​ធ្វើ​ ឱ្យ​ពួកគាត់​សម្រេច​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ដោយ​ប្រថុយប្រថាន​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស៖ «ខ្ញុំ​ឯកភាព​ចំពោះ​កម្មករ​ជំនាញ​កន្លែងណា​ដែល​ខ្មែរ​អត់មាន​ធនធាន​អត់​មាន។ ទីពីរ​បើ​យើង​ដឹង​អ៊ីចឹង​ហើយ​ក្នុងនាម​តួនាទី​ដឹកនាំ​រដ្ឋ ៤០ឆ្នាំ​ហ្នឹង​ យើង​គួរតែ​ទៅ​ផលិត​ធនធាន​ជំនាញ​ទាំង​អស់​ហ្នឹង​ឱ្យ​មាន​វិជ្ជាជីវៈ​តាម​ស្រុក​តាម​ខេត្ត​អី​ហ្នឹង​ឱ្យ​ពលរដ្ឋ​បាន​សិក្សា​វិជ្ជាជីវៈ​ណា ដែល​អាច​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ​ក្នុង​សង្គម​បច្ចុប្បន្ន»

ប្រតិកម្ម​របស់​អ្នក​ការពារ​សិទ្ធិ​កម្មករ​រូប​នេះ​ធ្វើឡើង​ក្រោយ​ពេល​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន​ សែន​ បាន​អះអាង​នៅ​ថ្ងៃ​ទី២៥ មីនា​ថា​ កម្ពុជា​មិន​ទាន់​ផលិត​ធនធាន​មនុស្ស​បាន​គ្រប់គ្រាន់​ស្រប​ទៅតាម​តម្រូវការ​របស់​អ្នក​វិនិយោគ​បរទេស​នៅ​ឡើយ។ លោក​ថា​ដោយសារ​បញ្ហា​នេះ​ហើយ ទើប​របប​របស់​លោក​អនុញ្ញាត​ឱ្យ​កម្មករ​បរទេស​ចូល​មក​ធ្វើការ​នៅ​កម្ពុជា។ លោក​ថ្លែង​ទៀត​ថា ដើម្បី​ដោះ​ស្រាយ​បញ្ហា​ការងារ​ជូន​ពលរដ្ឋ​របប​របស់​លោក​ក៏បាន​ស្វះស្វែង​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ដទៃ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ផង​ដែរ៖ «បរទេស​មិនមែន​ចង់​យក​ជនជាតិ​បរទេស​ចូល​មក​នោះ​ទេ ​ព្រោះ​តម្លៃ​ពលកម្ម​ដែល​យក​ពី​ក្រៅ​មក​ គឺ​ខ្ពស់។ ប៉ុន្តែ​ដោយសារ​យើង​ផ្គត់ផ្គង់​ឱ្យ​គេ​មិន​ទាន់​គ្រប់។ វិស័យ​វិស្វកម្ម​ សំណង់​យើង​អត់​ទាន់​មាន​លទ្ធភាព​ ដើម្បី​ផ្គត់ផ្គង់​អ្នក​បច្ចេកទេស​ជាន់​ខ្ពស់ ​ឬ​កម្រិត​មធ្យម​ឱ្យ​គេ​គ្រប់គ្រាន់​នោះ​ទេ។ ដូច្នេះ​បាន​ជា​យើង​ផ្ដល់​ឱកាស​ឱ្យ​គេ​នាំ​អ្នក​បច្ចេកទេស​យក​មក»

ផ្ទុយ​ពី​ការ​លើកឡើង​នេះ​លោក ឌី ថេហូយ៉ា​ មើល​ឃើញ​ថា សព្វ​ថ្ងៃ​ក្រុមហ៊ុន​បរទេស​មួយ​ចំនួន​មិនមែន​យក​ត្រឹមតែ​វិស្វករ ឬ​អ្នក​ជំនាញ​ការ​កម្រិតខ្ពស់​ ដើម្បី​មក​ស្ថាបនា​គម្រោង​នោះ​ទេ​ ពោល​គឺ​ពួក​គេ​យក​ទាំង​កម្មករ​ប្រើ​កម្លាំង​ពលកម្ម​មក​ធ្វើការ​ថែម​ទៀត ​ដែល​ករណី​នេះ​កើតមាន​ច្រើន​សម្រាប់​ក្រុមហ៊ុន​ចិន និង​វៀតណាម។ លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​គិតគូរ​ឡើង​វិញ​អំពី​បញ្ហា​ការងារ​របស់​ពលរដ្ឋ​នេះ​ហើយ​កម្ពុជា​គួរ​មើល​គំរូ​ពី​ប្រទេស​ជិត​ខាង​ដូចជា​ ប្រទេស​ថៃ ជាដើម​ទាក់ទង​នឹង​ការ​គ្រប់គ្រង​កម្មករ​បរទេស។ លោក​បន្ថែម​ថា អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​គិតគូរ​ឱ្យ​បាន​ខ្លាំង​ជាងគេ​ទៀត​នោះ​គឺ​ផ្ដល់​ជំនាញ​និង​ចំណេះដឹង​ឱ្យ​បាន​គ្រប់​គ្រាប់​សម្រាប់​កម្មករ​របស់​ខ្លួន​ទោះបីជា​ពួក​គេ​ធ្វើការ​នៅ​ក្នុង​ស្រុក​ក្តី​ ឬ​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​ក្តី​ ដើម្បី​បញ្ចៀស​ករណី​រំលោភ​សិទ្ធិ​ការងារ​និង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម៖ «រដ្ឋាភិបាល​ត្រូវ​ប្រកាស​ប្រភេទ​ការងារ​ណា​ដែល​អ្នក​វិនិយោគ​មក​ស្រុក​ខ្មែរ​នាំ​យក​មក។ អ្នក​បច្ចេកទេស និង​ជំនាញ​នី​មួយៗ សម្រាប់​ធ្វើ​ហ្នឹង​គឺ​កំណត់​កូតា​ឱ្យ​ច្បាស់លាស់​មិនមែន​ចេះ​តែ​នាំ​មក សូម្បីតែ​អ្នក​លើក​ឥដ្ឋ​អ្នក​អី​ធម្មតា​ហ្នឹង​ ក៏​យក​មក​ដែរ។ យើង​ត្រូវ​ត្រៀម​ ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​យើង​ ដែល​លោក​កំពុង​បម្រើ​ការ​ងារ​នៅ​ស្រុក​គេ​ ហើយ​គាត់​ដាច់​កុងត្រា ឬ​គាត់​មិន​ចង់​បន្ត​ការងារ​នៅ​ស្រុក​គេ​គាត់​មាន​ឱកាស​ត្រឡប់​មក​ធ្វើ​កិច្ចការ​ងារ​ទាំង​អស់​ហ្នឹង»

កម្ពុជា​មាន​កម្លាំង​ពលកម្ម​ជិត ១០លាន​នាក់​ នៃ​ចំនួន​ប្រជាជន​សរុប។ តួលេខ​របស់ក្រ​សួង​ការងារ​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​មាន​ចំនួន​ជាង ៣លាន ៦សែន​នាក់​ ក្នុង​នោះ​ជាង ១លាន ១សែន​នាក់ ធ្វើការ​ឱ្យ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​និង​ជាង ២លាន ២សែន​នាក់​ធ្វើការ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។ដោយឡែក​ ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​វិញ​មាន​ចំនួន​ជាង ១លាន ២សែន​នាក់ ក៏​ប៉ុន្តែ​បើ​តាម​ការ​ប៉ាន់​ស្មាន​ក្រៅ​ផ្លូវការ​របស់​អង្គការ​សង្គម​ស៊ីវិល​វិញ ​ពលករ​ចំណាក​ស្រុក​ខ្មែរ​នៅ​បរទេស​យ៉ាង​ហោច​ណាស់​ក៏​មាន​ជាង ២លាន​នាក់​ដែរ។ អ្នក​ជំនាញ​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ខិតខំ​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ដល់​ពលរដ្ឋ​ និង​បង្កើត​ការងារ​នៅ​ក្នុង​ស្រុក​ឱ្យ​បាន​កាន់តែ​ច្រើន ដើម្បី​ស្រូប​យក​កម្លាំង​ពលកម្ម​ ដែល​ចេះ​តែ​បន្ត​កើន​ឡើង​ជា​លំដាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles