សហគមន៍​ឡ​ពាង​ស្នើ​សុំ​​សាលា​​ដំបូង​​រាជធានី​​ភ្នំពេញ ពន្យារ​ពេល​ចូល​បំភ្លឺ​លើក​ទី២ ព្រោះ​រក​មេធាវី​មិន​ទាន់​បាន

ដោយ ហេង រស្មី
2019-03-25
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកភូមិ​ឡពាង ​៥នាក់​តំណាង​ឲ្យ​ពលរដ្ឋ​ ៥២​គ្រួសារ​នៃ​សហគមន៍​ឡ​ពាង ​ដាក់​ពាក្យ​បណ្ដឹង​នៅ​សាលាស្រុក​កំពង់​ត្រឡាច បដិសេធ​របាយការណ៍​របស់​គណៈកម្មការ​ចម្រុះ​ខេត្ត​កំពង់ឆ្នាំង ដែល​​ចេញ កាល​ពី​ខែ​មីនា ​ឆ្នាំ​២០១៤ ​ថា​ដីធ្លី​មាន​​ជម្លោះ​នៅ​​ភូមិ​ឡ​ពាង និង​ភូមិ​បឹង​កក់ ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) តាំង​ពី​ឆ្នាំ​១៩៩៧។ Provided photo
អ្នកភូមិ​ឡពាង ​៥នាក់​តំណាង​ឲ្យ​ពលរដ្ឋ​ ៥២​គ្រួសារ​នៃ​សហគមន៍​ឡ​ពាង ​ដាក់​ពាក្យ​បណ្ដឹង​នៅ​សាលាស្រុក​កំពង់​ត្រឡាច បដិសេធ​របាយការណ៍​របស់​គណៈកម្មការ​ចម្រុះ​ខេត្ត​កំពង់ឆ្នាំង ដែល​​ចេញ កាល​ពី​ខែ​មីនា ​ឆ្នាំ​២០១៤ ​ថា​ដីធ្លី​មាន​​ជម្លោះ​នៅ​​ភូមិ​ឡ​ពាង និង​ភូមិ​បឹង​កក់ ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) តាំង​ពី​ឆ្នាំ​១៩៩៧។ Provided photo


តំណាង​សហគមន៍​ឡ​ពាង លោកស្រី អ៊ុំ សុភី ឲ្យ​អាស៊ី​សេរី​ដឹង​ថា គិត​មកដល់​​​ថ្ងៃ​ទី២៤ មីនា មាន​រយៈ​ពេល​ជាង​មួយ​សប្ដាហ៍​មក​ហើយ ពួក​គាត់​នៅ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​មន្ត្រី​ផ្នែក​រដ្ឋបាល​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅឡើយ ករណី​ស្នើសុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​ជា​លើក​ទី​ពីរ នៅ​ថ្ងៃ​ទី២៨​ មីនា ក្នុង​សំណុំ​រឿង​រដ្ឋប្បវេណី​ ដែល​ប្ដឹង​សុំ​មោឃភាព​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រធាន​ក្រុម​ហ៊ុន ខេ.ឌី.ស៊ី អ្នក​ស្រី​ ជា ខេង គឺ​ជា​ភរិយា​ លោក ស៊ុយ ស៊ែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល។

លោក​ស្រី​ស្នើ​សុំ​មេធាវី ពី​អង្គការ​សិទ្ធិមនុស្ស លីកាដូ (LICADHO) និង​មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​គេ​មិន​ទាន់​ផ្ដល់​មេធាវី​ឲ្យ​បាន​ដោយ​សារ​បណ្ដឹង​ពួក​គាត់​ជា​រឿង​រដ្ឋប្បវេណី។ លោកស្រី​ក៏​បាន​ដាក់​ពាក្យ​សុំ​មេធាវី​ពី​សមាគម អាដហុក ដែរ តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ដូច​គ្នា​ដែរ។ តំណាង​ពលរដ្ឋ​រូប​នេះ បង្ហាញ​​ក្ដី​បារម្ភ​ជា​ខ្លាំង​អំពី​បញ្ហា​នេះ​ ព្រោះ​មិន​អាច​ស្វែង​រក​មេធាវី​ពី​អង្គការ​សង្គម​ស៊ីវិល ដែល​អាច​ជួយ​ការពារ​ក្ដី​ឲ្យ​ពួកគាត់​បាន៖ «មេធាវី​ក៏​ពួក​ខ្ញុំ​ដើរ​រក​អស់​ដែរ។ ពួក​ខ្ញុំ​ដើរ​រក​អង្គការ​ចំនួន​បី​ហើយ តែ​ពួក​គាត់​អត់​ទទួល​ទេ ដោយសារ​តែ​គាត់​ទទួល​តែ​ព្រហ្ម​ទណ្ឌ​ រឿង​រដ្ឋប្បវេណី​គាត់​អត់​ទទួល​ទេ។ អ៊ីចឹង! ពួក​យើង​ខ្ញុំ​ដែល​បាន​ប្ដឹង​មោឃភាព​កិច្ច​ព្រមព្រៀង​នេះ គាត់​ព្រួយ​បារម្ភ​មែន​ទែន ដោយសារ​តែ​មេធាវី​ក៏​គ្មាន។ ចំណែក​ឯ​ភស្តុតាង​ក៏​រក​បាន​រយៈ​កាសែត​ទៀត ហើយ​ក៏​មាន​ការ​កោះ​ហៅ​ជា​លើក​ទី​២​ ដើម្បី​បំភ្លឺ​អំពី​បញ្ហា​លើក​ហេតុផល​ពី​មោឃភាព​កិច្ច​ព្រមព្រៀង​ហ្នឹង​ដែរ។ អ៊ីចឹង! ពួក​ខ្ញុំ​បារម្ភ​មែនទែន​ក្នុង​ការ​គេ​កោះ​ហៅ​ហ្នឹង»

ប្រធាន​ផ្នែក​អង្កេត​សិទ្ធិមនុស្ស​នៃ​សមាគម​ អាដហុក (ADHOC) លោក នី សុខា ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​២៤ មីនា ថា ខាង​សមាគម​នឹង​ពិនិត្យ​មើល​សំណើ​ពលរដ្ឋ ហើយ​នឹង​ចូល​ដំណឹង​ទៅ​ពួកគាត់​វិញ ថា​តើ​ត្រូវ​ផ្ដល់​មេធាវី​​រក៍​យ៉ាង​ណា៖ «សមាគម​អាហុក​មិន​ប្រកាន់​ថា​ជា​រឿង​ព្រហ្មទណ្ឌ ឬ​ជា​រឿង​រដ្ឋប្បវេណី​ទេ។ សំខាន់​ឲ្យ​តែ​រឿង​នោះ ពាក់​ព័ន្ធ​ទៅ​ដល់​ការ​រំលោភ​សិទ្ធិ​មនុស្ស ក៏​ដូចជា​ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម។ ហើយ​អ្នក​ដែល​រង​គ្រោះ​ហ្នឹង គាត់​ជា​ជន​ក្រីក្រ​ដែល​គាត់​ខ្វះ​លទ្ធភាព​ក្នុង​ការ​រក​មេធាវី។ អា​ហ្នឹង យើង​នឹង​ពិចារណា​ក្នុង​ផ្ដល់​ជូន​ទៅ​តាម​លក្ខខណ្ឌ​របស់​សមាគម​ អាដហុក។ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​គិត​ថា​ នៅ​ថ្ងៃ​ច័ន្ទ​ ខ្ញុំ​ចូល​ទៅ​វិញ​នេះ ខ្ញុំ​នឹង​ពិនិត្យ​មើល​សំណើ​របស់​គាត់​ឡើង​វិញ ថា​តើ​សំណើ​របស់​គាត់​ដាក់​មក​សមាគម​ អាដហុក​ ឲ្យ​ជួយ​ការពារ​ក្នុង​រឿង​យ៉ាង​មិច ខ្ញុំ​មិន​ទាន់​ច្បាស់​ដែរ​ណា៎​ ពី​រឿង​ហ្នឹង»

សមាគម​ អាដហុក ធ្នាប់​បាន ​ចាត់​មេធាវី​ទៅ​ជួយ​ផ្នែក​ច្បាប់​ដល់​ពលរដ្ឋ​នៅ​ភូមិ​ឡ​ពាង ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន (KDC) ចាត់​តាំង​ពី​សាលាដំបូង​ខេត្ត​កំពង់​ឆ្នាំង​រហូត​ដល់​តុលាការ​កំពូល​ម្តង​រួច​មក​ហើយ។

កាល​ពី​ថ្ងៃ​ទី៧ ខែ​កុម្ភៈ តំណាង​សហគមន៍​ឡ​ពាង​៩នាក់​ បាន​ចូល​បំភ្លឺ​នឹង​ដាក់​ភស្តុតាង​បន្ថែម​តាម​ការ​កំណត់​របស់​ចៅក្រម លាង សំណាត់ ពាក់ព័ន្ធ​នឹង​បណ្ដឹង​មោឃភាព​កិច្ច​ព្រមព្រៀង​ជាមួយ​អ្នក​ស្រី ជា ខេង កាល​ពី​ឆ្នាំ២០១៤ ប៉ុន្តែ​ភស្តុតាង​ដែល​ដាក់​នោះ គឺ​មិន​អាច​ទទួល​បាន ដោយសារ​តែ​ជា​ការ​ចុះ​ផ្សាយ​តាម​រយៈ​សារព័ត៌មាន។

កិច្ច​ព្រមព្រៀង​ឬ​សំណង​គោល​នយោបាយ ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​ក្នុង​ស្រុក​កាល​ពី​ឆ្នាំ​២០១៤ នោះ សរសេរ​ថា ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) បាន​ផ្ដល់​ថវិកា​ឲ្យ​តំណាង​ពលរដ្ឋ​ម្នាក់​ឈ្មោះ រាជ សីម៉ា ៧ពាន់​ដុល្លារ​ សម្រាប់​សំណង​ការ​ឈូស​ឆាយ​ផ្ទះ​សម្បែង​ និង​ផល​ដំណាំ ហើយ​ថវិកា​១ម៉ឺន​ដុល្លារ​ផ្សេង​ទៀត ជា​ថ្នូរ​នឹង​ការ​បញ្ឈប់​សកម្មភាព​ចេញ​ដើរ​តវ៉ា​រឿង​ដីធ្លី ប្រឆាំង​នឹង​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់​អ្នកស្រី ជា ខេង ភរិយា​លោក ស៊ុយ ស៊ែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ និង​ថាមពល។ ប៉ុន្តែ​ លោកស្រី អ៊ុំ សុភី ថា ​ចំនួន​ទឹក​ប្រាក់​ដែល​ចុះផ្សាយ​នោះ គឺ​ក្លែង​បន្លំ ​ហើយ​មាន​នៅ​លើ​តែ​ក្រដាស​ប៉ុណ្ណោះ ព្រោះ​ពួក​គាត់​មិន​ដែល​បាន​ទទួល​ថវិកា​ពី​ក្រុមហ៊ុន​ឡើយ​ សូម្បី​មួយ​រយ​រៀល​ ចាប់​តាំង​ពី​មាន​វិវាទ​ដីធ្លី​ នៅ​ឆ្នាំ២០០៦។ លោក​ស្រី​បញ្ជាក់​ថា ក្នុង​កិច្ច​ព្រមព្រៀង​នោះ​ទៀត​សោត មិន​បាន​និយាយ​អំពី​ការ​ទទួល​លុយ​ពី​ក្រុមហ៊ុន ជា​ថ្នូរ​នឹង​ការ​ដោះដូរ​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​ឡើយ។ តំណាង​អ្នក​ភូមិ​ឡ​ពាង ស្នើសុំ​តុលាការ​បើក​សវនាការ​ជំនុំ​ជម្រះ និង​ផ្ដល់​ដល់​យុត្តិធម៌​ឲ្យ​ពួក​គាត់ ​ដែល​ជា​ពលរដ្ឋ​ក្រី​ក្រ ដោយ​សារ​បាត់​បង់​ដី​ធ្វើ​ស្រែ​ចម្ការ​អស់​ជាង១៣ឆ្នាំ​មក​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment