អត្ថន័យ នៃ​​ពិធី​ត្រស្ដិ សង្ក្រាន្ត ឆ្នាំ​ថ្មី ​និង​របៀប​​រៀបចំ​ប្រារព្ធ​ពិធី​នេះ

ដោយ សេក បណ្ឌិត
2019-04-11
RFA

សួស្ដីឆ្នាំថ្មី (Photo: RFA)
សួស្ដីឆ្នាំថ្មី (Photo: RFA)


ប្រពៃណីនិងទំនៀមទំលាប់ខ្មែរ ស្តីពីការទទួលទេវតាឆ្នាំថ្មីនិងការប្រារព្ធពិធីផ្សេងៗ


ពីធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ ​ជា​ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ​ធំ មួយ​ ក្នុងចំណោម​បុណ្យ​ជាតិ​មួយ​ចំនួន​ទៀត ដូចជា ភ្ជុំបិណ្ឌ និង​បុណ្យ អុំទូក ជាដើម​ ។

ពិធី​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ​មាន​ចំនួន​បី​ថ្ងៃ ដែល​ហៅ​ថា មហាសង្ក្រាន្ត គឺ​រួម​មាន​វារៈ​មហាសង្ក្រាន្ត រាប់​ថា​ថ្ងៃ​ទី១ វារៈ​វ័នបត ជា​ថ្ងៃ​ទី២ និង​វារៈ​ឡើង​ស័ក ជា​ថ្ងៃ​ទី៣ ដែល​ជា​ថ្ងៃ​បញ្ចប់​ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី។

កាល​ពី​សម័យ​ដើម​ព្រះរាជា​បាន​ដឹក​នាំ​ធ្វើ​ពិធី​សង្រ្កានទាំង៣ថ្ងៃនេះ​ធំ​ជាង​គេ​នៅ​ក្នុង​ព្រះ​បរម​រាជវាំង​ គឺ​វិសេស​ វិសាល​​ជាង​សង្ក្រាន្ត ​ដែល​រៀបចំ​ដោយ​ប្រជារាស្ត្រ​សាមញ្ញ​ នៅ​តាម​ភូមិ និង​នៅ​តាម​ទីវត្ត​អារាម ឬ​ទី​ប្រជុំ​ជន​នានា​។

ចាស់ទុំ​ពី​បុរាណ បាន​ហៅ​ពិធី​ឆ្លង​ឆ្នាំថ្មី តាម​លំនាំ​ប្រពៃណី​ខ្មែរ នៅ​ក្នុង​ព្រះរាជវាំង​នោះ​ថា៖ «ពិធី​ត្រស្ដិ សង្ក្រាន្ត»

តើ​ពិធី​ ត្រស្ដិ សង្ក្រាន្ត ​មាន​អត្ថន័យ យ៉ាង​ណា​ក្នុង​ជំនឿខ្មែរ និង មាន​របៀប​រៀបចំ​ប្រារព្ធ​ពិធី​នេះ​ឡើង​យ៉ាង​ដូច​ម្តេច​ខ្លះ​នោះ?

អ្នក​សិក្សា​ស្រាវជ្រាវ អំពី វប្បធម៌ និង​ប្រពៃណី ទំនៀម​ទម្លាប់​ខ្មែរ​ពី​បុរាណ បាន​ឲ្យ​ដឹង​ថា ពិធី​ក្នុង​សង្ក្រាន្ត​ឆ្នាំ​ថ្មី ទាំង ៣ថ្ងៃ​នោះ មាន​ការ​ប្រតិបត្តិ​ខុស​គ្នា​ខ្លះ​រវាង​ខាង​ព្រះ​បរម​រាជ​វាំង និង​ប្រជារាស្ត្រ​ធម្មតា។

សាស្ត្រាចារ្យ បណ្ឌិត សួន ឱសថ អ្នក​ជំនាញ ខាង​ប្រពៃណី ទំនៀម​ទម្លាប់​ខ្មែរ និង​ទស្សនវិជ្ជា ​មាន​ប្រសាសន៍ថា ព្រះបរមរាជវាំង​នៅ​រដូវ​ចូល​ឆ្នាំ​ថ្មី តែងតែ​ធ្វើ​ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ឬ​ហៅ​ថា ពិធី​ ត្រស្ដិ​សង្ក្រាន្ត អធិកអធម​ និង​មាន​ភាព​វិសាល​​ ជាង​សង្ក្រាន្ត ដែល​រៀបចំ​នៅ​តាម​ភូមិ និង​នៅ​តាម​ទីវត្ត​អារាម ឬ​ទី​ប្រជុំ​ជន​នានា។

លោក​ពន្យល់​ថា ចាស់​បុរាណ​តែងតែ​ឲ្យ​ន័យ និង​របៀប​រៀបចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ដោយ​ចែក​ចេញ​ជា​ពីរ គឺ​សាមញ្ញ​សង្ក្រាន្ត និង​អ​យ័ន្ត​សង្ក្រាន្ត៖ «សាមញ្ញ​សង្ក្រាន្ត គឺ​លោក​សំដៅ​ទៅ​លើ​ព្រះអាទិត្យ​ដើរ​ត្រង់​ទៅ​លើ​ក្បាល នោះ​ជា​សង្ក្រាន្ត ចំណែក​អយ័ន្ត​សង្ក្រាន្ត គឺ​សំដៅ​ទៅ​លើ​ព្រះអាទិត្យ​ដើរ​ចំហៀង។ ជា​ធម្មតា គេ​ច្រើន​យក​តាម​សាមញ្ញ​សង្ក្រាន្ត ដែល​គេ​គិត​តាម​ដំណើរ​សុរិយគតិ ហើយ​ពាក្យ​ថា ត្រស្ដិ សង្ក្រាន្ត គឺ​បាន​ន័យ​ថា ផ្លាស់​សង្ក្រាន្ត​ចាស់​ចូល​កាន់​សង្ក្រាន្ត​ថ្មី រៀបចំ​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី​ឲ្យ​ឈ្មោះ​ថា​ត្រស្ដិ សង្ក្រាន្ត»

វចនានុក្រម​ខ្មែរ របស់​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត បាន​សរសេរ​ពន្យល់​ថា ត្រស្ដិ (ត្រស់) សង្ក្រាន្ត គឺ​ជា​ឈ្មោះ​ព្រះ​រាជ​ពិធី​មួយ​ប្រភេទ ធ្វើ​ក្នុង​វេលា​យប់ ១៤ រោច ខែ​ផល្គុន ក្នុង​រជ្ជកាល​ពី​បុរាណ​ហៅ​ថា ពិធី​បញ្ជាន់​ត្រស្ដិ។ សម័យ​ឥឡូវ​ហៅ​ថា ពិធី​ភាណយក្ខ ឬ ពិធី​សូត្រ​ភាណយក្ខ ។ ពាក្យ​ថា ត្រស្តិ នេះ ក្លាយ​មក​ពី​ភាសា​សំស្ក្រឹត​ថា ត្រុដ ( កិ.) “កាត់, ផ្ដាច់” ត្រុដិ( ) ដំណើរ​កាត់ ការ​ផ្ដាច់។​ វចនានុក្រម​ដដែល បាន​ពន្យល់​ទៀត​ថា ក្នុង​ព្រះ​រាជ​ពិធី​នេះ សំដៅ​យក​សេចក្ដី​ថា “ដំណើរ​ផ្ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី” មាន​ទំនង​ជា​លំអាន​ឲ្យ​យល់​បាន​ថា កាល​ពី​ក្នុង​សម័យ​បុរាណ​លោក​ហៅ​ព្រះ​រាជ​ពិធី​នេះ​ថា ពិធី​ត្រុដិ ឬ ពិធី​បញ្ជាន់​ត្រុដិ ព្រោះ​សព្វ​ថ្ងៃ​នេះ បណ្ដា​ជន​ក្នុង​ខែត្រ​សៀមរាប នៅ​ហៅ​ភ្លេង ចម្រៀង​មួយ​ប្រភេទ​ថា ភ្លេង​ត្រុដិ, ច្រៀង​ត្រុដិ (ត្រុត) ដែល​គេ​លេង​តែ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ដែល​បញ្ជាក់​ហេតុ​ឲ្យ​យល់​ច្បាស់​ថា ត្រុដិ នេះ​ហើយ ក្លាយ​មក​ជា​ពាក្យ​ថា ត្រស្ដិ។ ពិធី​បញ្ជាន់​ត្រស្ដិ​នេះ​ពី​បុរាណ​ជាន់​ដើម​ហៅ​ថា “ពិធី​ផ្ដាច់​ឆ្នាំ”។

ឯកសារ​ពី​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ​ស្ដីពី​ពិធី​ប្រចាំ​ទាំង ១២ខែ ដែល​រៀបរៀង​ដោយ​អ្នកស្រី ពេជ្រ សល់ បាន​ឲ្យ​ដឹង​ថា ពិធី​ត្រស្ដិ សង្ក្រាន្ត ពី​បុរាណ គឺ​គេ​ច្រើន​ធ្វើ​នៅ​ចុង​ខែ​ផល្គុណ គឺ​នៅ​ពេល​ជិត​ចូល​ឆ្នាំ​ថ្មី នៅ​ក្នុង​ព្រះ​បរម​រាជវាំង។

ឯកសារ​ដដែល​នេះ​បាន​បង្ហាញ​ពី​របៀប​ធ្វើ​ពិធី ត្រស្ដិ សង្ក្រាន្ត​ គឺ​គេ​សង់​រោង មណ្ឌល​ស្លឹក៥ គឺ​រោង ៤ខ្នង នៅ​ក្រៅ​កំពែង​ព្រះ​បរម​រាជវាំង ប្រចាំ​ទិស​ទាំង៤ និង​រោង ១ខ្នង​ទៀត​ នៅ​មុខ​ព្រះ​ទីនាំង​ទេវាវិនិច្ឆ័យ សម្រាប់​ឲ្យ​បារគូ​ព័ទ្ធ​ខ្សែ​សីមា​ធ្វើ​ដោយ​អំបោះ និង​ស្បូវ​ភ្លាំង​ដែល​ក្រុម​អាចារ្យ​ព្រាហ្មណ៍​ច្រើន​ប្រើ​ក្នុង​ពិធី​ផ្សេងៗ។ អំបោះ​សីមា​នោះ ព័ន្ធ​តាំង​ពី​ទ្វារ​ខាង​កើត នៃ​ព្រះ​បរម​រាជវាំង មក​ដល់​មណ្ឌល​នៃ​រោង​ទាំង៤ ហើយ ទើប​បង្ហូត​ចូល​ទៅ​ក្នុង​ព្រះ​បរម​រាជវាំង តាម​ទ្វារ​ខាង​ត្បូង រួច​បញ្ចូល​ទៅ​ព័ទ្ធ ១ជុំ​ក្នុង​ព្រះ​ទីនាំង​ទេវាវិនិច្ឆ័យ ទើប​ទៅ​ព័ទ្ធ​ស៊ុម​ទៀន​ជ័យ ៧ជុំ ហើយ​ យក​ទៅ​ព័ទ្ធ​កំពូល​ស៊ុម​គ្រែ​ព្រះរាជ​ពិធី ៧ជុំ​ទៀត ទើប​បង្ហូត​ចុង​អំបោះ​សីមា​នោះ ទៅ​ប្រគេន​ព្រះសង្ឃ​កាន់​សូត្រ​ចម្រើន​ព្រះបរិត្ត​នៅ​ពេល​យប់។

ព្រះករុណា ទ្រង់​យាង​អុជ​ទៀន​ជ័យ នៅ​ចំពោះ​ព្រះភក្រ្ត​សម្ដេច​ព្រះ​សង្ឃរាជ ហើយ​ទៀន​នោះ​ត្រូវ​រក្សា​ឲ្យ​ឆេះ ដរាប​រហូត​ដល់​ចប់​ពិធី។

ចំណែក​ព្រះ​បញ្ចេក្សេត ព្រះ​ខ័ន​រាជ លំពែង​របស់​តា​ត្រសក់​ផ្អែម និង​គ្រឿង​អាវុធ​រង​ដទៃៗ ទៀត និង​សន្លឹក​មាស ដែល​មាន​ចារិក ប្រវត្តិ​ព្រះ​ករុណា​ដោយ​សង្ខេប ក៏​ត្រូវ​អញ្ជើញ​មក​តាំង​ក្នុង​ព្រះ​ទីនាំង​ទេវាវិនិច្ឆ័យ​ក្នុង​ឱកាស​នោះ​រហូត​ដល់​ចប់​ពិធី​ផង​ដែរ ។ ប៉ុន្តែ​របស់​ដែល​មាន​លក្ខណៈ​ប្លែក​ក្នុង​ពិធី​នោះ គឺ «ដំបង​ពេជ្រ» សម្រាប់​បណ្ដេញ​ខ្មោច​បិសាច ឲ្យ​វាស​ចៀស​ឆ្ងាយ​ទៅ។

«ដំបង​ពេជ្រ»នេះ ធ្វើ​ពី​កំពូល​ត្នោត កួច​ចុង​ម្ខាង​ និង​មាន​សរសេរ​មន្តអាគម​នៅ​លើ​សន្លឹក​នោះ​ផង។ គេ​ធ្វើ​ដំបង​បែប​នេះ រាប់​រយ​ដើម​សម្រាប់​ចែក​ជូន​ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី និង​ភ្ញៀវ​អ្នក​ចូលរួម​មួយ​ម្នាក់។ លើស​ពី​នេះ​ទៀត ភ្ញៀវ​ត្រូវ​បាន​ទទួល​ខ្សែ​អភិ​សមរ ១ខ្សែ​ម្នាក់ៗ មក​ពាក់​ឆៀង​លើ​ស្មា។

ខ្សែ​នោះ​ធ្វើ​ដោយ​អំបោះ​ឆៅ មាន​ចង​ស្លឹក​ត្នោត​បត់​ជា ៤ជ្រុង ចង​ជា ៥អន្លើ ថែម​ទាំង​សរសេរ​អក្សរ​មន្ត​ផង។

វត្ថុ​ទាំង​ពីរ​បែប​នេះ មាន​ប្រើ​តែ​ក្នុង​ព្រះរាជ​ពិធី​ ត្រស្ដិ សង្ក្រាន្ត​នេះ​ទេ។ ឯ​អំបោះ​ក្លុក​មាន​រាង​ជា​រង្វេល​សម្រាប់​ពាក់​នៅ​ក្បាល ដែល​គេ​ចែក​ក្នុង​ពិធី​នោះ​ដែរ មិន​មែន​ប្រើ ចំពោះ​តែ​ក្នុង​ពិធី​ត្រស្ដិ សង្ក្រាន្ត​នោះ​ទេ។ នៅ​ក្នុង​ពិធី​កម្ចាត់​ចង្រៃ ឬ​ពិធី​កោ​ជុក​ក៏​មាន​ប្រើ​ច្រើន​ដែរ។ របស់​ទាំង ៣មុខ គឺ​អំបោះ​ក្លុក ដំបង​ពេជ្រ និង​ខ្សែ​អភិសមរ គេ​ត្រូវ​ចែក​នៅ​យប់​ទី២ នៃ​ពិធី។

យប់​នោះ ភ្ញៀវ​ចូលរួម​ពិធី​ទាំង​អស់ ត្រូវ​ពាក់​អំបោះ​ក្លុក ពាក់​ខ្សែ​អភិសមរ និង​ដំបង​ពេជ្រ​គ្រប់​គ្នា ហើយ​អង្គុយ​ស្ដាប់​ព្រះ​សង្ឃ​ចំរើន​ព្រះបរិត្ត ដើម្បី​បណ្ដេញ​ខ្មោចបិសាច។ សៀវភៅ​ដដែល​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា តាំង​ពី​ដើម​រៀង​មក រហូតមកដល់ឆ្នាំ១៤៨៩ ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ទ្រង់​បាញ់​កាំភ្លើង ដំបូង​ជា​សញ្ញា ដល់​ពួក​បាញ់​កាំភ្លើង​ធំ ដែល​ត្រៀម​ចាំ​នៅ​ខាង​ក្រៅ​វាំង ត្រូវ​បាញ់​បន្ត​រហូត​ទាល់​ព្រឹក។

នៅ​ព្រឹក​ថ្ងៃ​បង្ហើយ​ពិធី ព្រះករុណា ទ្រង់​យាង​ស្រង់​ព្រះ​សុគន្ធវារី​ព្រះពុទ្ធ​មន្ត យ៉ាង​មហោឡារិក ដោយ​មាន​ក្រុម​បារគូ​ថ្វាយ​ស័ង្ខ​ផង។

បន្ទាប់​ពី​នោះ​មក ព្រះករុណា ស្ដេច​យាង​ពន្លត់​ទៀន​ជ័យ ជាមួយ សម្ដេច​ព្រះ​សង្ឃរាជ។ ដល់​ល្ងាច ថ្ងៃ​ដដែល ព្រះ​ថេរៈ ដែល​ចាស់​វស្សា​ជាង​គេ ត្រូវ​និមន្ត​ បាច​សាច ទឹក​ព្រះពុទ្ធ​មន្ត​ ពេញ​ព្រះ​បរម​រាជវាំង ដើម្បី​កម្ចាត់​ឧបទ្រព​ចង្រៃ នៃ​ឆ្នាំ​ចាស់​ចេញ​ឲ្យ​អស់ អំពី​ផ្ទៃ​នៃ​ព្រះ​បរម​រាជវាំង។ សព្វ​ថ្ងៃ​ពិធី​នេះ​គេ​ហៅ​ថា ពិធី​សូត្រ ភាណយក្ខ។

អ្នក​សិក្សា​ពី​ប្រពៃណី​វប្បធម៌​ខ្មែរ បាន​ឲ្យ​ដឹង​ថា ពិធី​សាសនា​ដែល​ប្រារព្ធ​ធ្វើ​ក្នុង​ព្រះ​បរម​រាជវាំង​មួយ​ចំនួន គឺ​យក​លំនាំ​តាម ព្រហ្មញ្ញ​សាសនា និង​មួយ​ចំនួន​ទៀត​គោរព​តាម​ព្រះពុទ្ធ​សាសនា​។

លោក សាស្ត្រាចារ្យ បណ្ឌិត សួន ឱសថ ​មានប្រសាសន៍ថា ពិធី​ត្រស្ដិ សង្ក្រាន្ត ឃើញ​មាន​ចែង​ក្នុង​គម្ពីរ​ទសជាតក​តាំង​ពី​សម័យ​ពុទ្ធកាល​មក​ម្ល៉េះ៖ «មាន​ដំណើរ​រឿង​និទាន​ក្នុង​ជាតក​ ប៉ុន្តែ​មិន​មែន​ជាតក​ក្នុង​ព្រះ​ត្រៃបិដក​ទូទៅ​នានា ដែល​និយាយ​ពី​ដំណើរ​នៃ​សង្ក្រាន្ត​តាំង​ពី​សម័យ​ពុទ្ធកាល​មកគឺ​សម្ដេច​បសេទិកោសល្យ តែង​តែ​បាន​រៀបចំ​សង្ក្រាន្ត ដែល​ប្រព្រឹត្តិ​ទៅ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា»

លោក​បន្ត​ថា ពិធី​សំខាន់​មួយ​នៅ​ក្នុង​ព្រះ​បរម​រាជវាំង ហើយ​មាន​លំនាំ​តាម​បែប​ព្រះពុទ្ធ​សាសនា​នោះ​ គឺ​ពិធី​ស្រង់​ព្រះ និង​ពិធី​ពូន​ភ្នំ​ខ្សាច់ ដែល​គេ​ធ្វើ​ធំ​ដុំ​ជាង​នៅ​តាម​វត្ត​អារាម នៅ​ខាង​ក្រៅ​ព្រះ​បរម​រាជវាំង៖ «គេ​ធ្វើ​នៅ​ក្នុង​វាំង​ឱឡារិក​ជាង​នៅ​ធ្វើ​នៅ​តាម​ផ្ទះ គឺ​គេ​មាន​ពិធី​ពូន​ភ្នំ​ខ្សាច់ ៥កន្លែង ឬ​បួន​ទិស ប៉ុន្តែ​កណ្ដាល​គេ​ធ្វើ​ភ្នំ​ធំ​មួយ​ទៀត ទាំង​អស់៥ ដែល​តំណាង​ឲ្យ​ព្រះពុទ្ធ ៥ព្រះអង្គ ហើយ​មាន​របាំ​បាច​ផ្កា​ចាំ​ទទួល​ទេវតា​ផង»

អ្នក​ជំនាញ​ខាង​វប្បធម៌​ ទំនៀមទម្លាប់​ ប្រពៃ​ជាតិ លោក​ អាចារ្យ វ៉ាយ វិបុល មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា អត្ថន័យ​រៀបចំ​បុណ្យ​ចូល​ឆ្នាំ​ថ្មី តាំង​ពី​បុរាណ​កាល​មក ពលរដ្ឋ​ខ្មែរ​តែងតែ​គោរព​ស្រលាញ់​ព្រហ្មញ្ញសាសនា ដែល​មាន​ជំនឿ​លើ​ក្បួន​ហោរាសាស្ត្រ និង​ការ​ផ្លាស់ប្ដូរ​ទេវតា​ឆ្នាំ​ថ្មី ហើយ​ទេវតា​ឆ្នាំ​ថ្មី នាំ​ឱ្យ​ពួកគេ​មាន​លាភជ័យ និង​សុខ​ទុក្ខ​តាម​ជំនឿ​ឆ្នាំ​នីមួយៗ។

ក្នុង​សម័យ​កាល​បន្ត​មក​ទៀត ក្នុងរយៈពេល​នៃ​សង្ក្រាន្ត​ចូល​ឆ្នាំ​ទាំង​បី​ថ្ងៃ​ប្រជាពលរដ្ឋ​នាំ​គ្នា​រៀបចំ​ពិធី​ប្លែកៗ ពី​គ្នា​ខ្លះ ទៅ​តាម​ជំនឿ​ និង​ប្រពៃណី​តាម​តំបន់​ផ្សេងៗ។

ដូច​ជា​នៅ​ថ្ងៃ​វារៈ​មហា​សង្ក្រាន្ត ដែល​ជា​ថ្ងៃ​ទី១ ជា​ពេល​ទទួល​ទេវតា​ឆ្នាំ​ថ្មី គេ​នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការី​ជន ញាតិកា​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​ទី​បរលោក​ទៅ​ហើយ។

សង្ក្រាន្ត​ថ្ងៃ​ទី​២ ជា​វារៈ​វ័នបត គេ​នាំ​គ្នា​ពូន​ភ្នំខ្សាច់ ដោយ​នៅ​ពេល​ល្ងាច គេ​នាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​វា​លុក​ចេតិយ នៅ​ជុំវិញ​​​វិហារ​វត្ត ឬ​ជុំ​វិញ​ដើម​ពោធិ៍​ណា​មួយ ដែល​មាន​នៅ​ក្នុង​បរិវេណ​វត្ត ដើម្បី​រំដោះ​កម្ម​វេរា។ នៅ​ពេល​ព្រលប់ គេ​ប្រគេន​ភេសជ្ជៈ​ដល់​ព្រះ​សង្ឃ និមន្ត​ព្រះសង្ឃ​ចំរើន​​ព្រះ​បរិត្ត និង​សម្ដែង​ធម៌​ទេសនា។ នៅ​ថ្ងៃ​ទី​ពីរ​នេះ​ដែរ កូន​ចៅ​ជូន​សំលៀក​បំពាក់​នំ​ចំណី ប្រាក់​កាស​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្ដាយ​ជីដូន​ជីតា​ជា​ដើម។

ខ្ញុំ​បាទ​​ សេក បណ្ឌិត និង​ក្រុម​ការងារ​អាស៊ី​សេរី​ទាំង​អស់ នៅ​ឯ​នាយ​សមុទ្រ ក៏​សូម​ចូលរួម​អបអរ​សាទរ​ឆ្នាំ​ថ្មី​ពី​ចម្ងាយ និង​សូម​ជូន​ពរ​​​ដល់​លោក​អ្នក​​នាង និង​ក្រុម​គ្រួសារ​អោយ​មាន​សេចក្ដី​រីករាយ និង​សុភមង្គល​ក្នុង​ឆ្នាំ​នេះ និង​ក្នុង​ឆ្នាំ​ខាង​មុខៗ ទៀត។

ប្រសិន​បើ​ធ្វើ​ដំណើរ​​​ទៅ​កម្សាន្ត​សប្បាយ​នៅ​ទី​ណា ក៏​សូម​ឱ្យ​ទេវតា​ឆ្នាំ​ថ្មី​ជួយ​ថែរក្សា​លោក​អ្នក​នាង​ឲ្យ​មាន​សុវត្ថិភាព​ល្អ​តាម​ផ្លូវ និង​មាន​សេចក្ដី​សុខ​គ្រប់​ពេល​វេលាសួស្ដី​ឆ្នាំ​ថ្មី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Related Articles