ពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង បារម្ភ​ពី​យុវជន​ដែល​តែង​ជួប​ជុំ​គ្នា​ផឹក​ស៊ី ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ មិន​សូវ​ខ្វល់​រឿង​លេង​ល្បែង​ប្រជាប្រិយ

ដោយ ហេង រស្មី
2019-04-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

យុវជន​​ខ្មែរ​ ដែល​ជាពលករ​​ចំណាក​ស្រុក ​​នៅ​​សមុទ្រ​ប្រាកាន ប្រទេស​ថៃ​ នាំ​​គ្នា​លេង​ល្បែង​លាក់​កន្សែង​ នៅ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ទី១ នៅ​ថ្ងៃ​ទី១៤ ខែ​មេសា ឆ្នាំ២០១៩។ រូបថត៖ ដោយ​ពលករ
យុវជន​​ខ្មែរ​ ដែល​ជាពលករ​​ចំណាក​ស្រុក ​​នៅ​​សមុទ្រ​ប្រាកាន ប្រទេស​ថៃ​ នាំ​​គ្នា​លេង​ល្បែង​លាក់​កន្សែង​ នៅ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ទី១ នៅ​ថ្ងៃ​ទី១៤ ខែ​មេសា ឆ្នាំ២០១៩។ រូបថត៖ ដោយ​ពលករ


ចាស់ទុំ និង​ពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ខេត្ត​ស្ទឹងត្រែង ព្រួយ​បារម្ភ​ពី​ការ​ថយ​ចុះ​ប្រពៃណី​វប្បធម៌​ខ្មែរ ​បន្សល់​តាំង​ពី​ដើម​មក​ ដែល​គេ​និយម​លេងល្បែង​ប្រជាប្រិយ​ដូចជា​ ទាញ​ព្រ័ត្រ​ បោះ​អង្គញ់ និង​ ចោល​ឈូង​ជា​ដើម ស្រប​គ្នា​ទៅ​នឹង​ព្រឹត្តិ​ការណ៍​សង្ក្រាន្ត។ ពួក​គេ​សង្កេត​ឃើញ​ថា យុវជន​ភាគ​ច្រើន​តែង​ជួបជុំ​គ្នា ផឹក​ស៊ី​តាម​ផ្ទះ និង​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា ហាក់​មិន​ខ្វល់ លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ។

ចាស់ទុំ និង​ពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ខេត្ត​ស្ទឹងត្រែង​អំពាវនាវ​ឲ្យ​យុវជន និង​ពលរដ្ឋ​ខ្មែរ ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ ស្រប​គ្នា​ទៅ​នឹង​ព្រឹត្តិការណ៍​សង្ក្រាន្ត​ ក្នុង​បំណង​អភិរក្ស​ ប្រពៃណី​ និង​អត្តសញ្ញាណ​ជាតិ​ឲ្យ​គង់វង្ស។​ ការ​លើក​ឡើង​នេះ បន្ទាប់ពី​ពួក​គេ​សង្កេត​ឃើញ​ថា​ យុវវ័យ​ភាគច្រើន​មិន​សូវ​ចាប់អារម្មណ៍​លេងល្បែង​ប្រជាប្រិយ​នៅ​តាម​វត្ត​អារាម និង​សាលារៀន​នោះ​ទេ​ បែរជា​ជុំ​ជួប​គ្នា​តាម​ផ្ទះ​សេព​គ្រឿងស្រវឹង​ ដែល​ជា​ហេតុ​ងាយ​នឹង​កើត​មាន​បាតុភាព ​គ្រោះថ្នាក់​ចរាចរណ៍។

ពលរដ្ឋ​រស់​នៅ​ក្រុង​ស្ទឹងត្រែង លោក តែន ថន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៤ មេសា​ថា យុវជន​រស់​នៅ​ក្រុង​ស្ទឹងត្រែង​ភាគ​ច្រើន បាន​នាំ​គ្នា​ទៅ រាំ​ធុងបាស​នៅ​ពេល​យប់ និង​ដើរ​លេង​កម្សាន្ត​តាម​រមណីដ្ឋាន​នានា​ ក្នុង​ពិធី​បុណ្យ​ចូល​ខ្មែរ។ រី​ឯ​ការ​លេង​ល្បែង​ប្រជាប្រិយ​ ហាក់​ត្រូវ​បាន​ពួក​គេ​មើល​រំលង​ និង​មិន​សូវ​ចាប់​អារម្មណ៍​ទេ។ លោក​ថា ចលនា​បំផុស​ការ​លេង​ល្បែង​ប្រជាប្រិយ ដូច​ជា ចោល​ឈូង ទាញ​ព្រ័ត្រ បោះ​អង្គញ់ និង​វាយ​ក្អម​ជា​ដើម របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ ហាក់​នៅ​មាន​កម្រិតទាប​នៅឡើយ​ ដែល​ជា​ផ្នែក​មួយ​ នាំ​ឲ្យ​ប្រពៃណី​អត្តសញ្ញាណ​ជាតិ​ធ្លាក់​ចុះ«ថ្នាក់​ដឹក​នាំ​គាត់​អត់​បាន​គិតគូរ​រឿង​ហ្នឹង​ទេ​ ល្បែង​ប្រជាប្រិយ​នឹង​បាត់បង់​ហើយ​ ឃើញ​តែ​មាន​រាំ​ធុងបាស តែ​រហូត​ ធ្វើឲ្យ​យុវវ័យ​ក្មេងៗ ជំនាន់​ក្រោយ​ លែង​ស្គាល់​ល្បែង​ប្រជាប្រិយ​អស់ហើយ​។ ខ្ញុំ​មានការ​ព្រួយបារម្ភ​ត​ទៅ​ថ្ងៃ​មុខ បើ​សិន​ជា​ចាស់ៗ មុន​គាត់​អត់​បំផុស​ឲ្យ​ក្មេងៗ ជំនាន់​ក្រោយ​ស្គាល់​ល្បែង​ប្រជាប្រិយ​ទេ​ យូរ​ទៅ​ខ្ញុំ​គិត​ថា នឹង​បាត់បង់»

ពលរដ្ឋ​ម្នាក់​ទៀត រស់​នៅ​ក្រុង​ស្ទឹងត្រែង លោក តឹក ភារម្យ ឲ្យ​ដឹង​ថា នៅ​មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ក្រុម​យុវជន សិស្សានុសិស្ស​មួយ​ចំនួន បាន​រួម​គ្នា​រៀបចំ​ពិធី​ព្រឹត្តិការណ៍​សង្ក្រាន្ត នៅ​តាម​សាលា​រៀន និង​តាម​ទី​សាធារណៈ​មួយ​ចំនួន​ដែរ ប៉ុន្តែ​ពួក​គេ​មិន​សូវ​លេង​ល្បែង​ប្រជាប្រិយ​នោះ​ទេ​ទៀត​សោត គឺ​នាំ​គ្នា​លេង​បាញ់​ទឹក និង​រាំ​ធុងបាស​ជា​ដើម។ លោក​គិត​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ និង​យុវជន ដើរ​តួនាទី​សំខាន់ បំផុស​ចលនា លេង​ល្បែង​ប្រជាប្រិយ ស្រប​នឹង​ព្រឹត្តិការណ៍​សង្ក្រាន្ត ដើម្បី​លើក​ស្ទួយ​ប្រពៃណី​វប្បធម៌ និង​ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​កាន់​តែ​ច្រើន«ការ​ដែល​ពលរដ្ឋ​មួយ​ចំនួន​អត់​សូវ​ខ្វល់ខ្វាយ​ ចាប់​អារម្មណ៍​ការ​លេង​ប្រជាប្រិយ​ខ្មែរ​ ការ​រក្សា​ ជួយ​ជំរុញ​ ការ​លេង​ ការ​បង្ហាញ​ពី​ប្រពៃណី​វប្បធម៌​ ការ​លេង​ល្បែង​ប្រជាប្រិយ​ហ្នឹង។ គាត់​តែង​ជួប​ជុំ​គ្នា​ លើក​កែវ​ស្រា​ផឹក​ វា​ពិបាក​ណាស់​ ហើយ​ប្រឈម​មួយ​ទៀត​ ពេល​ដែល​គាត់​ផឹក​ស៊ី​ស្រវឹង​បើកបរ​ ប្រឈម​មួយ​ទៀត​ពេល​ដែល​គាត់​ធ្វើ​ចរាចរណ៍»

មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ឆ្នាំ​នេះ ពលរដ្ឋ​រស់​នៅ​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង បាន​នាំ​គ្នា​ទិញ​សម្ភារៈ ប្រើប្រាស់ នំចំណី អាហារ ដើម្បី​ចូល​រួម​អបអរ​សាទរ​ឆ្នាំ​ថ្មី ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី១៤ ដល់​ថ្ងៃ​ទី១៦ ខែ​មេសា ឆ្នាំ២០១៩។ រី​ឯ​អាជីវករ​លក់​ដូរ​នៅ​ផ្សារ​សាមគ្គី ក្រុង​ស្ទឹងត្រែង មាន​ភាព​មមាញឹក​លក់​ទំនិញ ខណៈ​ដែល​ពលរដ្ឋ​រស់​នៅ​ក្រុង​ស្ទឹងត្រែង ប្រមាណ ៤០ភាគ​រយ បាន​នាំ​គ្នា​ចេញ​ទៅ​ស្រុក​កំណើត។

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បាន​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អបអរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ នៅ​មាត់​ទន្លេ ក្នុង​ក្រុង​ស្ទឹងត្រែង និង​តាំង​ពិព័រណ៍ លក់​សម្ភារៈ​អនុស្សាវរីយ៍។ ចំណែក​នៅ​តាម​វត្ត​អារាម​នានា មាន​ចាក់​ធុងបាស រាំ​កម្សាន្ត​ពេល​រាត្រី និង​បណ្ដែត​ប្រទីប​ជា​ដើម។

ក្នុង​ពេល​កន្លង​ទៅ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បាន​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន និង​ពលរដ្ឋ នាំគ្នា លេង​ល្បែង​ប្រជាប្រិយ បំណង​​រក្សា​ប្រពៃណី​ខ្មែរ បុណ្យ​ចូល​ឆ្នាំ​ឲ្យ​កាន់​តែ​ប្រសើរ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​និង​លើក​ស្ទួយ​វប្បធម៌ បង្កើន​ភាព​សប្បាយ​រីករាយ និង​សាមគ្គីភាព​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment