ពលរដ្ឋ​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី​ឲ្យ​​ជួយ​នាំ​អ្នក​នយោបាយ​ខ្មែរ​ត្រូវរ៉ូវ​គ្នា​ឡើង​វិញ

ដោយ វ៉ែន សុមេធ
2019-04-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។ RFA/Tin Zakariya
ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។ RFA/Tin Zakariya


ពលរដ្ឋ​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី សូម​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ត្រូវរ៉ូវ​គ្នា​ឡើង​វិញ ខណៈ​វិបត្តិ​នយោបាយ​នៅ​តែ​បន្ត​អូស​បន្លាយ ដោយ​អ្នក​នយោបាយ​នៅ​ខ្វែង​គំនិត​គ្នា។ ពលរដ្ឋ​រំពឹង​ថា ការ​បួងសួង​របស់​ពួក​គេ​ដែល​ទូល​ថ្វាយ​ទៅ​ទេវតា​ឆ្នាំ​ថ្មី​បុត្រី​កបិល​មហាព្រហ្ម នឹង​អន្ទង​ចិត្ត​អ្នក​នយោបាយ​ទាំង​អស់​​​​ចាប់​ដៃ​គ្នា ដើម្បី​បញ្ចប់​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ។

ពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ​ម្នាក់​លោកស្រី លុន រីដារ័ត្ន ឲ្យ​អាស៊ី​សេរី​ដឹង​ថា នៅ​ពេល​ប្រទេស​មាន​វិបត្តិ​នយោបាយ​ដូច​សព្វ​ថ្ងៃ​ធ្វើ​ឲ្យ​លោក​ស្រី និង​ពលរដ្ឋ​ផ្សេង​ទៀត​រស់​នៅ​ទាំង​ភ័យ​ខ្លាច។ លោកស្រី​យល់​ថា ដំណោះ​ស្រាយ​ដែល​ល្អ គឺ​អ្នក​នយោបាយ​ទាំង​ពីរ​គណបក្ស រួម​មាន​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​គួរ​ព្រមព្រៀង​គ្នា​បោះ​ឆ្នោត​ឡើង​វិញ​មុន​អាណត្តិ៖ «ពិបាក​គ្រប់​បែប​យ៉ាង ពិបាក​រឿង​រក​ស៊ី រឿង​សន្តិសុខ ជួន​កាល​ដើរៗ ឃើញ​ប៉ូលិស​ពេញ​តែ​ផ្លូវ​មិន​ដឹង​រឿង​អី។ សូម​បួងសួង​ឲ្យ​ពួក​រក​ពី​ការ​សម្របសម្រួល ដើម្បី​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ»

ពលរដ្ឋ​ម្នាក់​ទៀត លោក សេង ម៉េងប៊ុនរ៉ុង និយាយ​ថា ដោយសារ​វិបត្តិ​នយោបាយ​ធ្វើ​ឲ្យ​សង្គម​ជាតិ​បែក​បាក់​ដោយ​អ្នក​នយោបាយ​ខាង​បក្ស​កាន់​អំណាច​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​ខាង​បក្ស​ប្រឆាំង ត្រូវ​រត់​ខ្ចាត់​ខ្ចាយ​រស់​នៅ​បែក​បាក់​គ្រួសារ​នៅ​ក្រៅ​ប្រទេស។ ពលរដ្ឋ​រូប​នេះ បួងសួង​ដល់​ទេវ​តា ឆ្នាំ​ថ្មី​ឲ្យ​គណបក្ស​ទាំង​ពីរ​ងាក​រក​ការ​ផ្សះផ្សា​គ្នា​ឡើង​វិញ ដោយ​លោក​លើក​ឡើង​ថា បរទេស អាច​សម្រប​សម្រួល​បាន លុះ​ត្រា​តែ​មាន​ការ​ជជែក​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​សិន ទើប​គេ​ជួយ​តាម​ក្រោយ៖ «បើ​សិន​ជា​ចូល​ឆ្នាំ​ហើយ គាត់ (អ្នក​នយោបាយ) គាត់​អាច​ងាក​មក​និយាយ​រក​គ្នា​ក្នុង​នាម​ជា​ខ្មែរ ព្រោះ​យើង​ជា​ខ្មែរ​ដូច​គ្នា បរទេស​គេ​ជួយ​យើង​តាម​ក្រោយ​ទេ»

បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ ឆ្នាំកុរ ឯកស័ក​នេះ មាន​រយៈ​ពេល​បី​ថ្ងៃ​គឺ​ពី​ថ្ងៃ​​ទី១៤ ដល់​ថ្ងៃ​ទី១៦ ខែ​មេសា គ.. ២០១៩។ ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​កុរ​នេះ ទ្រង់​ព្រះនាម​ថា ធុង្សៈទេវី ។ តាម​ទំនៀម​ទម្លាប់​ខ្មែរ​ពលរដ្ឋ តែង​រៀបចំ​ផ្ទះ​សម្បែង គ្រឿង​សក្ការៈ​បូជា​ទទួល​ទេវ​តា​ឆ្នាំ​ថ្មី និង​បួងសួង​សុំ​សេចក្ដី​សុខ​តាម បំណង​ប្រាថ្នា​របស់​ពួក​គេ​រៀងៗខ្លួន។ ឆ្នាំ​ថ្មី​ពលរដ្ឋ​ប្រុស​ស្រី​​តែង​មាន​ជំនឿ​ថា នឹង​បាន​ចាក​ផុត ពី​ឧបទ្រព​ចង្រៃ​ និង​ភាព​សៅហ្មង​ទាំង​ឡាយ​ទាំង​ពួង ដែល​មាន​កាល​ពី​ឆ្នាំ​ចាស់​ដោយ​ផ្លាស់​ចូល​នូវ​សិរី​សួស្ដី​ថ្មី ជោគជតា​រាសី​ថ្មី ដែល​នឹង​​បាន​មក​ពី​ការ​​ប្រទាន​ពរ​នៃ​​ទេវតា​ឆ្នាំ​ថ្មី។

ព្រះតេជព្រះគុណ អូន ឡុង ដែល​ជា​ព្រះសង្ឃ​សកម្ម​ក្នុង​ការងារ​សង្គម និង​កិច្ច​ការពារ​ធនធាន​ធម្មជាតិ យល់​ថា ពេល​នេះ​ប្រទេស​កម្ពុជា​កំពុង​មាន​ហានិភ័យ​ខ្ពស់ ព្រោះ​វិបត្តិ​នយោបាយ។ ព្រះតេជព្រះគុណ​ចង់​ឃើញ​រដ្ឋាភិបាល​លោក ហ៊ុន សែន យក​ឱកាស​ឆ្នាំ​ថ្មី​នេះ​ដោះ​លែង​ពលរដ្ឋ​មាន​បញ្ហា ដីធ្លី សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​ទោស​មនសិការ​ផ្សេង​ទៀត៖ «គឺ​សូម​ឲ្យ​មាន​ការ​ចរចា​គ្នា ដើម្បី​ដោះ​ស្រាយ​យើង​ឃើញ​ថា ប្រជាជន​ឥឡូវ​គាត់​ពិបាក​ច្រើន អ៊ីចឹង​ហើយ​បាន​ជា​គាត់​បួងសួង​ទេវតា​ឆ្នាំ​ថ្មី សូម​ឲ្យ​ទាំង​ក្រុម​គ្រួសារ​ទាំង​ប្រទេស​ជាតិ​ឲ្យ​មាន​ការ​រីក​ចំរើន»

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ និង​មេដឹកនាំ​គណបក្ស​ប្រឆាំង​ផ្ញើ​សារ​របស់​ខ្លួន​បង្កប់​ន័យ​ផ្សេងៗ​គ្នា ជូន​ទៅ​ពលរដ្ឋ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ លោក ហ៊ុន សែន ជូនពរ​ពលរដ្ឋ​ធម្មតា ខណៈ​ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន និង​លោក កឹម សុខា កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ​ជូន​ពរ​ផង និង​ទាមទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​នយោបាយ​ផង។

លោក ហ៊ុន សែន សរសេរ​លើ​ហ្វេសប៊ុក​ជូន​ពរ​ពលរដ្ឋ​សូម​ជួប​តែ​សេចក្ដី​សុខ ចម្រុងចម្រើន សំណាង​ល្អ ព្រម​ទាំង​ពុទ្ធពរ ៥ប្រការ។

ដោយ​ឡែក​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ លោក កឹម សុខា សង្ឃឹម​ថា ឆ្នាំ​ថ្មី​នេះ ជា​ឆ្នាំ​សេរី​សួស្ដី ឆ្នាំ​ដែល​ខ្មែរ​វិល​មក​រក​ការ​ដោះ​ស្រាយ​ជា​វិជ្ជមាន​វិញ និង​ចង់​ឲ្យ​កម្ពុជា​មាន​សុខ​សន្តិភាព ការ​រីក​ចម្រើន ស្ថិតស្ថេរ គង់វង្ស​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ដែល​ជា​ម្ចាស់​ទឹក​ដី និង​សូម​ឱ្យ​កម្ពុជា​ចាក​ផុត​គ្រោះថ្នាក់​ទាំង​ឡាយ ដែល​បង្ក​ដោយ​ធម្មជាតិ ឬ​ដោយ​មហិច្ឆតា​អគតិ​របស់​មនុស្ស។

រី​ឯ​លោក សម រង្ស៊ី បាន​បង្ហាញ​វីឌីអូ​ឃ្លីប​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ជូន​ពរ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់ ឲ្យ​មាន​តែ​សេចក្ដី​សុខ សុខភាព​ល្អ ចម្រុងចម្រើន​ដូច​ក្ដី​ប្រាថ្នា និង​រួច​ផុត​ពី​អំណាច ផ្ដាច់ការ។ ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ រូប​នេះ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូបរួម​គ្នា​ងើប ឈរ​ឡើង ដើម្បី​រំដោះ​ប្រទេស​កម្ពុជា​ចេញ​ពី​របប​ផ្ដាច់ការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "ពលរដ្ឋ​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី​ឲ្យ​​ជួយ​នាំ​អ្នក​នយោបាយ​ខ្មែរ​ត្រូវរ៉ូវ​គ្នា​ឡើង​វិញ"

  1. ពុទ្ធោ! ពុទ្ធោ! says:

    តាងនាមខ្ញុំជាខ្មែរមួយរូបរស់នៅជាយក្រុងភ្នំពេញសែនវេទនាយ៉ាងណាក៏ដោយតែក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះខ្ញុំសូមបួងសួងអោយទេវតាឆ្នាំថ្មីព្រះនាងនាំមកនៅញញួរទិព្វដើម្បីទូង ហ៊ុនសែន អោយភ្ញាក់ខ្លួនពីកញ្ជះបរទេស(ខាងកើត)ឲ្យចេះស្រឡាញ់ខ្មែរចេះរួបរួមខ្មែរតែមួយចេះស្គាល់បុណ្យស្គាល់បាបក្នុងពេលចូលឆ្នាំថ្មីនេះ បើ ហ៊ុនសែន ភ្ញាក់ខ្លួនពេលណាខ្មែរក្នុងស្រុកខ្មែរក្រៅស្រុកនិងបានជួបនៅសេចក្ដីសុខសេចក្ដីសប្បាយគ្រប់ៗគ្នាមិនខានឡើយ តែបើទេវតាឆ្នាំថ្មីព្រះនាងមិនទុូង ហ៊ុនសែន និងញញួរទិព្វអោយភ្ញាក់ខ្លួនទេទោះឪទេវតាម៉ែទេវតាក៏ជួយមិនរួចដែរខ្មែរយើងនិងជួបទុក្ខវេទនាទាំងផ្លូវកាយនិងផ្លូវចិត្តជារៀងរហូត។

  2. so socheath says:

    រឿងអីត្រូវទៅត្រូវរ៉ូវជាមួយពួកអាក្បត់ជាតិនោះ អាភ្លើពុទ្ធោ ?
    អញមិនជឿថាពូជអ្ហែង ធ្លាប់ត្រូវរ៉ូវជាមួយចោរទេ លើកលែងតែពូជអ្ហែងហ្នឹងជាចោរដែរ ។
    ឡប់អាឡប់ ! អាក្បត់ជាតិសមរង្ស៊ី កឹមសុខាជាស្អីឥឡូវហ្នឹង អ្ហែងឆ្លើយមកមើល ?