មនុស្ស​ស្លាប់ ៣០នាក់ និង​របួស ៨៩នាក់ ដោយសារ​គ្រោះថ្នាក់​​នៅ​ទូទាំង​ប្រទេស ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រយៈ​ពេល ២ថ្ងៃ

ដោយ ជុន ច័ន្ទបុត្រ
2019-04-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​គ្នា​នៅ​លើ​ផ្លូវ​ជាតិ​លេខ៦ ត្រង់​ចំណុច​ភូមិ​កូប​លិច ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី១៣ ខែ​មេសា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក​អគ្គស្នងការ​នគរបាល​ជាតិ
ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​គ្នា​នៅ​លើ​ផ្លូវ​ជាតិ​លេខ៦ ត្រង់​ចំណុច​ភូមិ​កូប​លិច ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី១៣ ខែ​មេសា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក​អគ្គស្នងការ​នគរបាល​ជាតិ


នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល ២ថ្ងៃ​ នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ ចាប់​ពី​ថ្ងៃ​ទី១៤ ដល់​ទី១៥ ខែ​មេសា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​សរុប ៣០នាក់ និង​រង​បួស ៨៩នាក់។

ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​ទូទាំង​ប្រទេស​ក្នុង​ថ្ងៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ រយៈ​ពេល ៣ថ្ងៃ (គិត​ពី​ថ្ងៃ​ទី១៣១៥ ខែ​មេសា ឆ្នាំ២០១៩ និង​ប្រៀបធៀប​ថ្ងៃ​ដូច​គ្នា នៅ​ក្នុង​ឆ្នាំ២០១៨ មាន​គ្រោះថ្នាក់ ចំនួន ៨២លើក ស្លាប់​មនុស្ស ៤៥នាក់ របួស​សរុប ១៣២នាក់ របួស​ធ្ងន់ ១០០នាក់ និង​អ្នក​របួស​ស្រាល មាន ៣២នាក់។ សមត្ថកិច្ច​រក​ឃើញ​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្ដាល​មក​ពី​បើកបរ​ក្នុង​ល្បឿន​លឿន មិន​គោរព​សិទ្ធ​គ្នា ប្រជែង​គ្នា បើក​បរ​មិន​ប្រកាន់​ស្ដាំ និង​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង។

ចំណែក​គ្រោះ​អគ្គីភ័យ​វិញ កើត​មាន​ឡើង ៥លើក​នៅ​ទូទាំង​ប្រទេស កាល​ពី​ថ្ងៃ​ទី១៤ ខែ​មេសា ដែល​ត្រូវ​ជា​ថ្ងៃ​ទី១ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គីភ័យ និង​សង្គ្រោះ​ នៃ​ស្នងការដ្ឋាន​នគរបាល​ជាតិ លោក នេត វន្ថា ប្រាប់​អាស៊ី​សេរី​ថា ករណី​អគ្គីភ័យ​កើត​ឡើង​ក្នុង​រាជធានី​ភ្នំពេញ មាន ២ករណី ធ្វើ​ឲ្យ​ផ្ទះ​ប្រជា​ពលរដ្ឋ ២ខ្នង រង​ការ​ខូច​ខាត​តិច​តួច​ ដោយសារ​ការ​អុជ​ទាន​ធូប និង​ផ្ទុះ​កំប៉ុង​ហ្គាស។ ចំណែក​ផ្ទះ ៣ខ្នង​ទៀត ត្រូវ​ខូចខាត​ទាំង​ស្រុង ក្នុង​នោះ ១ខ្នង ត្រូវ​កូន​ដុត​ដោយសារ​ទំនាស់​ក្នុង​គ្រួសារ​នៅ​ខេត្ត​តាកែវ រី​ឯ​ផ្ទះ ១ខ្នង​នៅ​ខេត្ត​កំពង់​ចាម បាន​ឆេះ​ដោយ​សារ​ឆ្លង​ចរន្ត​អគ្គិសនី និង ១ខ្នង​ទៀត នៅ​ខេត្ត​ឧត្តរមានជ័យ ប៉ូលិស​កំពុង​ស្រាវ​ជ្រាវ​ករណី​មិន​ដឹង​មូលហេតុ៖ «បាទ! ថ្ងៃ​ទី១ យើង​គិត​ទៅ​ថ្ងៃ​ទី១ ថ្ងៃ​ចូល​ឆ្នាំ​ថ្ងៃ​ទី ១៤ហ្នឹង យើង​ឃើញ ៥​លើក ហើយ​ឆេះ​ផ្ទះ ៥ខ្នង ហើយ​យប់​មិញ​នេះ មាន​មួយ​ករណី​ដែរ នៅ​កំពង់ឆ្នាំង។ ប៉ុន្តែ ១ថ្ងៃ​ហ្នឹង គឺ​៥លើក​តែ​ម្ដង ហើយ​មិន​មាន​គ្រោះថ្នាក់​មនុស្ស​ទេ បាទ! តាំង​ពី​ម៉ោង ៧ព្រឹក​មក​ទល់​ម៉ោង​នេះ គឺ​ម៉ោង ១២ថ្ងៃ​ត្រង់ គឺ​មិន​ទាន់​មាន​ករណី​អី នៅ​គ្រប់​ខេត្ត​ក្រុង​រាជ​ធានី គឺ​មាន​សភាពការណ៍​ល្អ ពុំ​កើត​ឡើង​ទេ​ថ្ងៃ​នេះ»

លោក នេត វន្ថា ឲ្យ​ដឹង​ដែរ​ថា​ ក្នុង​រយៈ​ពេល ៣ខែ​ដើម​ឆ្នាំ២០១៩ នេះ ករណី​អគ្គីភ័យ​នៅ​ទូទាំង​ប្រទេស មាន ១៤៨លើក បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ ១០នាក់ របួស ២៤នាក់ និង​ឆេះ​ផ្ទះ​អស់ ១១៦ខ្នង ដែល​ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​ឆ្លង​ចរន្ត​អគ្គិសនី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles