មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​អួតអាង​ថា ពលរដ្ឋ​ដើរ​លេង​សប្បាយ ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ ដោយសារ​កម្ពុជា​មាន​សន្តិភាព ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​ថា នេះ​ជា​សារ​នយោបាយ​បោកប្រាស់

ដោយ វ៉ែន សុមេធ
2019-04-16
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​​គណៈរដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ ២០១៨។ រូប៖ ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
លោក ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​​គណៈរដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ ២០១៨។ រូប៖ ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន


មេដឹកនាំរបប​ក្រុង​ភ្នំពេញ​លើក​ឡើង​ថា ពលរដ្ឋ​ដើរ​លេង​សប្បាយ ​​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ច្រើន ដោយសារ​តែ​កម្ពុជា​មាន​សន្តិភាព ប៉ុន្តែ​មន្រ្តី​បក្ស​ប្រឆាំង​ថា​នេះ​ជា​សារ​នយោបាយ​បោកប្រាស់​តែ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន ដែល​តែងតែ​អះអាង​ថា ខ្លួន​ជា​មេ​ដឹក​នាំ​រំដោះ​កម្ពុជា​ឲ្យ​មាន​សុខ​សន្តិភាព​នោះ​បាន​សរសេរ​លើក​ហ្វេសប៊ុក​លោក​ថា សន្តិភាព​បាន​ធ្វើ​ឲ្យ​កម្ពុជា​កាន់​តែ​រីក​ចម្រើន​​លូត​លាស់​​ទៅ​មុខ​ជា​និច្ច។ មេដឹកនាំ​ដែល​កាន់​អំណាច​ជាង​ ៣ទសវត្ស​​រូប​​នេះ​​បន្ត​ទៀត​ថា សន្តិភាព​បាន​ផ្ដល់​ឱកាស​ឲ្យ​ពលរដ្ឋ​ប្រារព្ធ​ពិធី​បុណ្យ​តូច​ធំ​នៅ​ក្នុង​ប្រទេស​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ជា​ពិសេស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។ លោក ហ៊ុន សែន ហាក់​មិន​ឆ្លើយ​តប​ទៅ​នឹង​ក្តី​បំណង​របស់ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្នើ​ឲ្យ​អ្នកនយោបាយ​កម្ចាត់​ចេញ​ឲ្យ​អស់​នូវ​អកុសល​ធម៌​ទាំង​ឡាយ ដូចជា ការ​លោភលន់​គ្មាន​ព្រំដែន ការ​រំលោភ​បំពាន ការ​គំរាម​កំហែង អំពើ​ហិង្សា ការ​មួល​បង្កាច់​ចោទ​ប្រកាន់ ការ​លាប​ពណ៌ ការ​ជេរ​ប្រមាថ ការ​គុំកួន​សងសឹក​គ្នា ដែល​ជា​មូលហេតុ​នាំ​ឲ្យ​មាន​ការ​ឈឺចាប់ ការ​បែក​បាក់​ក្នុង​សង្គម​ជាតិ និង​នាំ​ឲ្យ​អាប់​ឱន​នូវ​តម្លៃ​ពូជ​សាសន៍ តម្លៃ​នៃ​អ្នក​ដឹក​នាំ ជា​ពិសេស​កិត្យានុភាព​ជាតិ សម្រាប់​ជា​កាដូ​ឆ្នាំ​ថ្មី​ជូន​ដល់​ពលរដ្ឋ។

ប៉ុន្តែ​ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ​ លោក ម៉ន ផល្លា ដែល​កំពុង​បង្ខំចិត្ត​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ឲ្យ​អាស៊ី​សេរី​ដឹង​ថា សន្តិភាព​ដែល​លោក ហ៊ុន សែន អួត អាង​នោះ គឺ​ជា​សន្តិភាព​ដែល​មាន​ចំពោះ​តែ​ក្រុម​បក្ស​ខ្លួន​មួយ​ចំនួន​តូច​ប៉ុណ្ណោះ។ លោក​បន្ត​ថា ពលរដ្ឋ​កន្លះ​នគរ ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទទួល​បាន​សន្តិភាព​ទាំង​ផ្លូវ​ចិត្ត និង​ផ្លូវ កាយ​ឡើយ៖ «នេះ​គ្រាន់​តែ​ជា​សារ​នយោបាយ​ដែល​លោក ហ៊ុន សែន ធ្លាប់​ប្រើ​ជា​យូរ​មក​ហើយ​ដែល​គាត់​បាន​ធ្វើការ​បោកប្រាស់​ប្រជាពលរដ្ឋ​ទាក់ទង​ភាព​សប្បាយ​ក្នុង​រដូវ​ចូល​ឆ្នាំ​ក្តី ឬ​ក៏​ក្នុង​រដូវ​បុណ្យ​ធំៗ ក្ដី»

កម្ពុជា​កំពុង​មាន​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​ព្រោះ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​អ្នក​គាំទ្រ​ជាង ៣លាន​នាក់ របប​ក្រុង​ភ្នំពេញ​តែងតែ​បង្កើត​កម្មវិធី​កម្សាន្ត​ធំៗ បូករួម​ទាំង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ជាតិ​ដោយ​បង្កប់​សារ​នយោបាយ​អួតអាង​ថា ប្រទេស​រីកចម្រើន និង​មាន​សន្តិភាព​ពេញលេញ។ ប៉ុន្តែ​ធាតុ​ពិត​មេ​ដឹក​នាំ និង​សកម្មជន​ប្រឆាំង​រាប់​រយ​នាក់​កំពុង​រត់​ខ្ចាត់ខ្ចាយ​ទៅ​ក្រៅ​ប្រទេស ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ។

សមាជិក​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​លោក បុង ដែត សង្កេត​ឃើញ​ថា លោក ហ៊ុន សែន តែង​ឆ្លៀត​ឱកាស​ពេល​ប្រារព្ធ​បុណ្យ​ទៀន​ធំៗ មក​និយាយ​អួតអាង ដើម្បី​ចង់​បាន​ប្រជាប្រិយ​ភាព។ អ្នក​វិភាគ វ័យ​ក្មេង​រូប​នេះ​និយាយ​ថា ទោះ​កម្ពុជា​សព្វ​ថ្ងៃ​គ្មាន​សង្គ្រាម ប៉ុន្តែ​ពលរដ្ឋ​​មិន​ទាន់​ទទួល​បាន សន្តិភាព​ពេញលេញ​ទេ៖ «គេ​ហៅ​ថា​លួច​ស៊ី​សមិទ្ធផល​វប្បធម៌​ជាតិ​ឯង​សំដែង​ប្រាប់​គេ​ឯង​ថា បាន​មក​ពី​សន្តិភាព​របស់​គាត់ នេះ​គ្រាន់​តែ​ការ​ធ្វើ​ប្រជាភិថុតិ​ចង់​បាន​ប្រជាប្រិយភាព​ដោយ​សារ​តែ​បក្ស​របស់​គាត់​ទំនង​កំពុង​ប្រឈម​ហានិភ័យ​ដែរ»

ទន្ទឹមនឹងការលើក​ឡើង​របស់​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​ថា កម្ពុជា​សព្វ​ថ្ងៃ​មិន​ទាន់​មាន​សន្តិភាព​ពេញលេញ​បែប​នេះ សហគមន៍​អន្តរជាតិ​កំពុង​ព្រួយ​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ដែល​មាន ២៨ប្រទេស​បាន​​ដាក់​ទណ្ឌកម្ម​លើ​របប​ក្រុង​ភ្នំពេញ​ជា​បណ្ដើរៗ រួច​មក​ហើយ និង​បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​​បន្ថែម​ទៀ រួម​ទាំង​ការ​ដក​ប្រព័ន្ធ​អនុ គ្រោះ​ពន្ធEBAនោះ​ដែរ។

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​សម្ដែង​ក្ដី​បារម្ភ​ថា ប្រវត្តិសាស្ត្រ​នឹង​វិល​ជាន់​ដាន​ចាស់​បើ​លោក ហ៊ុន សែន មិនព្រម​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ​ទៅ​តាម​ការ​ចង់បាន​របស់​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment