សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​សច្ចា​បន្ត​សកម្មភាព​របស់​ខ្លួន​ រហូត​ទាល់​តែ​មាន​ការ​ផ្លាស់​ប្ដូរ​ ទោះ​មាន​ការ​គំរាម​ពី​របប​ក្រុង​ភ្នំពេញ​

ដោយ ហេង រស្មី
2019-04-16
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក យឹម ស៊ីណន (ឆ្វេង) តំណាង​ចលនា​យុវជន​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​របប​ក្រុង​ភ្នំពេញ។ រូប៖ ហ្វេសប៊ុក Yim Sinorn និង RFA
លោក យឹម ស៊ីណន (ឆ្វេង) តំណាង​ចលនា​យុវជន​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​របប​ក្រុង​ភ្នំពេញ។ រូប៖ ហ្វេសប៊ុក Yim Sinorn និង RFA


ក្រុម​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រួម​មាន​មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ថៃ បាន​សច្ចា​ថា​នឹង​បន្ត​សកម្មភាព​របស់​ខ្លួន​រហូត​ទាល់​តែ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា​ ​បើ​ទោះ​បី​ជារបប​ក្រុង​ភ្នំពេញ​ព្រមាន​ម្ដង​ហើយ​ម្ដង​ទៀត​ ឱ្យ​បញ្ចប់​សកម្ម​ភាព​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​ពី​ក្រៅ​ប្រទេស​ក៏​ដោយ។

កាល​ពី​សប្ដាហ៍​អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ​ លោក​ ផៃ ស៊ីផាន​ បាន​ព្រមាន​ថា របប​របស់​លោក​មាន​លទ្ធភាព​តាម​ផ្លូវ​ច្បាប់ ដើម្បី​ចាត់​វិធានការ​ដោយ​ប្រការ​ណា​មួយ​ជា​ចាំបាច់​ទៅ​លើ​ក្រុម​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ផ្លូវការ​របស់​របប​ក្រុង​ភ្នំពេញ​កាល​ពី​សប្ដាហ៍​មុន​ ដំបូង​ឡើយ ប្រកាស​ថា រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​អាច​ចាប់​មេខ្លោង​រៀបចំ​ពិធី​ទទួល លោក សម រង្ស៊ី ដែល​លោក ផៃ ស៊ីផាន ហៅ​ថា ជា​ទណ្ឌិត។ មួយ​ស្របក់​ក្រោយ​មក សារ​នេះ​ត្រូវ​បាន​ប្រព័ន្ធ​ឃោសនា​របប​ក្រុង​ភ្នំពេញ​លុប​ចោល ហើយ​ជំនួស​មក​វិញ​នូវ​សារ​ថ្មី​មួយ​ទៀត។

សារ​ចុង​ក្រោយ​របស់​លោក ផៃ ស៊ីផាន នៅ​តែ​មាន​ន័យ​គំរាម​កំហែង​ដដែល តែ​មាន​ការ​បញ្ជោរ​បញ្ចើចបញ្ចើ​ចៅហ្វាយ​នាយ​របស់​ខ្លួន​ផង។ លោក ផៃ ស៊ីផាន សរសេរ​ថា “រដ្ឋាភិបាល​មាន​លទ្ធភាព​តាម​ផ្លូវ​ច្បាប់​ ក្នុង​កិច្ច​ចាត់​វិធានការ​ដោយ​ប្រការ​ណាមួយ​ជា​ចាំបាច់ ​ទៅ​លើ​ក្រុម​បាតុករ​នៅ​ក្រៅ​ប្រទេស។”

លោក​ ផៃ ស៊ីផាន​ បញ្ជាក់​ប្រាប់​អាស៊ី​សេរី​ថា​ ពលករ​ខ្មែរ​ដែល​បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​អាច​ធ្វើ​ទៅ​បាន ដោយ​សារ​មាន​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​បណ្ដា​ប្រទេស​មួយ​ចំនួន ដែល​ទទួល​យក​ពលករ​ខ្មែរ​ទាំង​នោះ​ទៅ​ធ្វើការ​តែប៉ុណ្ណោះ ដូច្នេះ​យើង​អាច​មាន​លទ្ធភាព​គ្រប់​បែប​យ៉ាង ដើម្បី​នាំ​ខ្លួន​ពួក​គេ​មក​ទទួល​ទោស​នៅ​កម្ពុជា បើ​សិន​ជា​ពួក​គេ​ចូល​រួម​សកម្មភាព​ណាមួយ​ប្រឆាំង​នឹង​រដ្ឋាភិបាល៖ «យើង​អាច​មាន​លទ្ធភាព​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ដក​យក​វីសា ឬ​ក៏​ស្នើសុំ​ឱ្យ​បញ្ជូន​ជន​នោះ​មក​វិញ ក៏​ប៉ុន្តែ​សម្ដេច​ជា​គោល​នយោបាយ​របស់​លោក​ហ្នឹង​មាន​តម្លៃ​ក្នុង​កិច្ចការ​ និង​ការពារ​សេចក្ដី​ថ្លៃថ្នូរ​របស់​មុខ​មាត់​កម្ពុជា​មិន​ចង់​ឱ្យ​កើត​មាន​អរិភាព ឬ​ជម្លោះ​រវាង​ខ្មែរ និង​ខ្មែរ​នៅ​លើ​ទឹក​ដី​បរទេស​ដទៃ​ទៀត​ទេ»

ការ​ព្រមាន​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​របប​ក្រុង​ភ្នំពេញ​នេះ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​គ្រោង​នឹង​ធ្វើ​សមាជ​ពិភពលោក​ នៃ​អ្នក​ប្រជាធិបតេយ្យ និង​បាតុកម្ម​ភ្លើង​ទៀន ដែល​គ្រោង​នឹង​ធ្វើ​នៅ​ក្រុង​ក្វាងជូ នៃ​ប្រទេស​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ទី២០ មេសា​ ខាង​មុខ​នេះ។

តំណាង​ចលនា​យុវជន​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង លោក យឹម ស៊ីណន​ មាន​ប្រសាសន៍​ថា​ការ​គំរាម​ពី​មន្ត្រី​របប​ក្រុង​ភ្នំពេញ​មិន​អាច​បន្ទច់បង្អាក់​ចលនា​បាតុកម្ម​នេះ​បាន​ឡើយ​ តែ​ផ្ទុយ​ទៅ​វិញ​សន្ទុះ​នៃ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​កាន់​តែ​មាន​ចំនួន​ច្រើន​ឡើង​ថែម​ទៀត៖ «សម្រាប់​ពួក​យើង​អត់​មាន​ការ​ភ័យខ្លាច​អ្វី​ផង។ ជា​ធម្មតា​កាល​ពី​លើក​មុន​ក៏​ដោយ ក៏​មាន​ការ​គំរាម​កំហែង​មុន​កម្មវិធី​ដើម្បី​ចង់​ស្ទាក់​កម្លាំង​មិន​ឱ​ចូលរួម​ក្នុង​បាតុកម្ម​ប៉ុន្តែ​ពួកគេ​ជាទូទៅ​តែងតែ​បរាជ័យ​នៅ​ចំពោះ​មុខ​មហា​បាតុកម្ម​របស់​យុវជន​របស់​យើង»។​

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​​លោក​ ហ៊ុន សែន​ ក៏​ធ្លាប់​បាន​គំរាម​ជា​សាធារណៈ​ថា​លោក​នឹង​ប្រើ​ប្រាស់​កាំភ្លើងយន្ត​ស្វ័យ​ប្រវត្តិ​បាញ់​កម្ទេច​លោក សម រង្ស៊ី​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិន​បើ​ហ៊ាន​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​តាម​ច្រក​ព្រំដែន​កម្ពុជា​ថៃ។

តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ថៃ​ លោក​ ម៉ោញ សារ៉ាត់​ មាន​ប្រសាសន៍​ថា អ្វី​ដែល​របប​របស់​លោក ហ៊ុន សែន​ គំរាម​កន្លង​មក​ក្នុង​បំណង ដើម្បី​បំបាក់​ស្មារតី​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឱ្យ​ចូល​រួម​សកម្មភាព​ប្រឆាំង ដើម្បី​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា​សារ​គំរាម​កាន់​តែ​ខ្លាំង​សន្ទុះ​ចិត្ត​ប្រជាពលរដ្ឋ​ចូលរួម​ប្រឆាំង​នឹង​របប​លោក​ ហ៊ុន សែន​ ក៏​កាន់​តែ​ខ្លាំង៖ «ពេល​ឮ​សារ​របៀប​ហ្នឹង​មក​វា​ទៅ​ជា​ពញ្ញាក់​ស្មារតី​ធ្វើ​ឱ្យ​ការ​ងើប​ក្រោក​ឈរ​របស់​យុវជន​កាន់​តែ​មាន​ស្មារតី​ពុះ​កញ្ជ្រោល​ឡើង​ទៅ​វិញ​ថែម​ទៀត​ ពីព្រោះ​ថា​ អ្វី​ដែល​លោក​ ផៃ ស៊ីផាន​ មាន​ប្រសាសន៍​ហ្នឹង​ វា​ធ្វើ​ឱ្យ​អស់​សំណើច ហើយ​វា​ហួស​ពី​អ្វី​ដែល​ជា​ការ​ពិត»។​

មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​នាក់​បាន​ភៀស​ខ្លួន​ចេញ​ពី​ក្រៅ​ប្រទេស ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​របប​ក្រុង​ភ្នំពេញ​ក្រោយ​ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ ត្រូវ​បាន​តុលាការ​កំពូល​បាន​រំលាយ​ កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ២០១៧។​

អតីត​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ អ៊ូ ច័ន្ទរិទ្ធ​ ដែល​បាន​ភៀសខ្លួន​មក​សហរដ្ឋ​អាមេរិក​ បាន​បញ្ជាក់​ថា​ ការ​គំរាម​ពី​របប​ក្រុង​ភ្នំពេញ​ជា​រឿង​ធម្មតា​ទៅ​ហើយ​មក​លើ​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បញ្ជាក់​ថា​ ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​មិន​ខ្លាច​រាល់​ការ​គំរាម​កំហែង​ណា​មួយ​ពី​មន្ត្រី​រដ្ឋាភិបាល​ទេ៖ «ខ្ញុំ​យល់​ថា​ នៅ​ប្រទេស​កម្ពុជា​ ប្រជាពលរដ្ឋ​ខ្លះ​មាន​ការ​ភ័យ​ព្រួយ​ តែ​សម្រាប់​អ្នក​ដែល​រស់​នៅ​ក្នុង​ប្រទេស​អ្នក​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ដូច​ជា​ប្រទេស​កូរ៉េ។ ខ្ញុំ​យល់ថា​ពលករ​នៅ​ទី​នោះ​គាត់​មិន​រា​ថយ​ក្នុង​ការ​ចូលរួម​ទេ​មាន​តែ​លើក​ទឹក​ចិត្ត​ថែម​ទៀត​ក្នុង​ការ​ចូលរួម ដើម្បី​ប្រឆាំង​របប​ក្រុង​ភ្នំពេញ»

សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​បាន​អះអាង​រួច​ហើយ​ថា សមាជ​ពិភពលោក​ នៃ​អ្នក​ប្រជាធិបតេយ្យ និង​បាតុកម្ម​ភ្លើង​ទៀន ដែល​គ្រោង​នឹង​ធ្វើ​នៅ​ក្រុង​ក្វាងជូ នៃ​ប្រទេស​កូរ៉េខាងត្បូង​មិន​មាន​អ្វី​ប្រែប្រួល​ទេ។ តំណាង​ចលនា​យុវជន​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក យឹម ស៊ីណន ​នៅ​តែ​បង្ហាញ​ឆន្ទៈ​មោះមុត​របស់​លោក ក្នុង​ការ​រៀបចំ​សមាជ និង​បាតុកម្ម​ភ្លើង​ទៀន​នោះ​ដោយ​មិន​ចុះ​ញ៉ម​នឹង​ការ​ប្រើ​ពាក្យ​គំរាម​ពី​មន្ត្រី​របប​ក្រុង​ភ្នំពេញ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Related Articles

Leave a Reply

Submit Comment