សមាជិក​អចិន្ត្រៃយ៍​បក្ស​កាន់​អំណាច​៣នាក់​ មាន​ស្នាដៃ​ ​ជ្រោមជ្រែង បង្កើត​ច្បាប់ និង​ដឹកនាំ​សវនាការ ​​​​​រំលាយ​បក្ស​ប្រឆាំង ត្រូវ​បាន​​​​ដំឡើង​​ គោរមងារ ជា​ កិត្តិ​បណ្ឌិត

ដោយ ជាតិ ចំណាន
2019-04-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកស្រី ឃួន សុដារី (ឆ្វេង) ជា​អនុ​ប្រធាន​ទី២ រដ្ឋសភា​ឯក​បក្ស លោក ប៉ែន បញ្ញា (កណ្ដាល) ប្រធាន​គណ​កម្មការ​ច្បាប់​នៃ​រដ្ឋសភា​ឯក​បក្ស និង​លោក ឌិត មន្ទីរ ជា​ប្រធាន​តុលាការ​កំពូល ទទួល​បាន​ងារ​ជា កិត្តិ​​កោសល​បណ្ឌិត​ ដូច​គ្នា។ រដ្ឋសភា
អ្នកស្រី ឃួន សុដារី (ឆ្វេង) ជា​អនុ​ប្រធាន​ទី២ រដ្ឋសភា​ឯក​បក្ស លោក ប៉ែន បញ្ញា (កណ្ដាល) ប្រធាន​គណ​កម្មការ​ច្បាប់​នៃ​រដ្ឋសភា​ឯក​បក្ស និង​លោក ឌិត មន្ទីរ ជា​ប្រធាន​តុលាការ​កំពូល ទទួល​បាន​ងារ​ជា កិត្តិ​​កោសល​បណ្ឌិត​ ដូច​គ្នា។ រដ្ឋសភា


មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​ ចំនួន ៣នាក់ ដែល​មាន​ស្នាដៃ​ជ្រោមជ្រែង​ដល់​ដំណើរ​ការ​ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ព្រះ​មហាក្សត្រ​ផ្ដល់​គោរមងារ ជា​កិត្តិ​បណ្ឌិត តាម​ការ​ស្នើ​សុំ​របស់​លោក ហ៊ុន សែន មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ។ មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​យល់​ថា ការ​ធ្វើ​បែប​នេះ មិន​ទទួល​បាន​ការ​សាទរ​ទេ មាន​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​ចង​គំនុំ​ក្នុង​ចិត្ត។

ក្រុមសមាជិក​អចិន្ត្រៃយ៍​​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​លោក ហ៊ុន សែន ស្នើ​ថ្វាយ​ព្រះ​មហាក្សត្រ​ផ្ដល់​គោរព​ងារ​ជា​កិត្តិ​បណ្ឌិត ក្នុង​នោះ​មាន អ្នកស្រី ឃួន ​សុដារី ជា​អនុ​ប្រធាន​ទី២ រដ្ឋសភា​ឯក​បក្ស ទទួល​ងារ​ជា កិត្តិ​សង្គហ​បណ្ឌិត លោក ប៉ែន បញ្ញា ប្រធាន​គណ​កម្មការ​ច្បាប់​នៃ​រដ្ឋសភា​ឯក​បក្ស ​និង​លោក ឌិត មន្ទីរ ជា​ប្រធាន​តុលាការ​កំពូល ទទួល​បាន​ងារ​ជា កិត្តិ​​កោសល​បណ្ឌិត​ ដូច​គ្នា។

ក្រៅ​ពី​មន្ត្រី​ទាំង៣ ដែល​មាន​ស្នាដៃ​ជួយ​ជ្រោមជ្រែង​ដំណើរ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ព្រះ​មហាក្សត្រ​ក៏​ព្រះរាជទាន​គោរមងារ​ឲ្យ​សមាជិក​អចិន្ត្រៃយ៍​បក្ស​ម្នាក់​ទៀត គឺ​រដ្ឋ​មន្ត្រី​ក្រសួង​ផែនការ លោក ឆាយ ថន តាម​ការ​ស្នើសុំ​ពី​លោក ហ៊ុន សែន ដែរ។

សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ លោក សោ ចាន់ដេត យល់​ថា មន្ត្រី​ក្បាល​ម៉ាស៊ីន​របស់​បក្ស​កាន់​អំណាច​ទាំង​នោះ មិន​សម​ទទួល​បាន​ងារ កិត្តិ​យស​ពី​ព្រះ​មហាក្សត្រ​ទេ ដោយសារ​អ្នក​ទាំង​នោះ គ្មាន​ស្នាដៃ សម​ទទួល​បាន​គោរម​ងារ​កិត្តិយស​ទេ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ អះអាង​ថា អ្នក​ទាំង​បី គឺ មិន​បាន​ធ្វើ​ការ​ងារ​តាម​តួនាទី​របស់​ខ្លួន​ទេ ហើយ​ថែម​ទាំង​បាន​ជួយ​ជ្រោមជ្រែង លោក ហ៊ុន សែន ពេញ​ទំហឹង ក្នុង​ការ​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ តាម​រយៈ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ៖ «លែង​មាន​ន័យ​អ្វី​អស់​ហើយ​ណា អា​បរម​ងារ ដែល​ភាសា​ពី​ដើម​មក សម័យ​ពី​ដើម ដាក់​ទៅ​មនុស្ស​មាន​គុណ​តម្លៃ គុណ​ប្រយោជន៍​សម្រាប់​ជាតិ វា​បាត់​អស់​ហើយ។ អ៊ីចឹង វា​បាត់​អស់​ហើយ»

ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា លោក ប៉ែន បញ្ញា ជា​អ្នក​ដឹក​នាំ និង​ចង​ក្រង​​​បង្កើត​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ តាម​បញ្ជា​របស់​លោក ហ៊ុន សែន។ ចំណែក​លោក ឌិត មន្ទីរ​ ជា​ប្រធាន​តុលាការ​កំពូល​ក្នុង​របប​លោក ហ៊ុន សែន ហើយ​​​ជា​អ្នក​ដឹកនាំ​​​​សវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​សម្រេច​បិទ​សិទ្ធិ​ធ្វើ​នយោបាយ​មន្ត្រី​បក្ស​ប្រឆាំង ១១៨នាក់ កាល​ពី​ចុង​ឆ្នាំ២០១៧។

ចំណែក​អនុ​ប្រធាន​ទី២​ រដ្ឋសភា​ អ្នកស្រី ឃួន សុដារី កាល​ពី​ខែ​តុលា ឆ្នាំ​២០១៨ បាន​ដឹក​នាំ​សមាជិក​រដ្ឋសភា​ឯក​បក្ស​ទៅ​ចូលរួម​មហាសន្និបាត លើក​ទី១៣៩ នៃ​អន្តរ​សភា​អន្តរជាតិ អាយ.ភី.យូ (IPU) នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ដើម្បី​បញ្ចុះ​បញ្ចូល​ឲ្យ​អន្តរ​សភា កុំ​ស្ដី​បន្ទោស​របប​ឯក​បក្ស និង​សូមឲ្យ​ទទួល​ស្គាល់​របប​នេះ​ថែម​ទៀត​ផង។ ក៏​ប៉ុន្តែ​កាល​ណោះ ការ​បញ្ចុះ​បញ្ចូល​នោះ មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ។ ដោយ​ជួប​ស្ថានភាព​បែប​នេះ ​អ្នក​ស្រី ឃួន សុដារី បាន​បង្កើត​ព័ត៌មាន​ក្លែង​ក្លាយ​ ផ្សាយ​តាម​ហ្វេសប៊ុក (facebook) និង​ប្រព័ន្ធ​ឃោសនា​ស្និទ្ធ​នឹង​របប​ឯក​បក្ស (freshnews) ថា អន្តរ​សភា អាយ.ភី.យូ អបអរ​សាទរ​របប​ឯក​បក្ស ដែល​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន។

ប្រធាន​សហភាព​អន្តរ​សភា​អ្នកស្រី ហ្កាប្រ៊ីឡា គូអេវ៉ាស បារ៉ុន (Gabriela Cuevas Barron) បាន​ប្រតិកម្ម​ភ្លាមៗ ដោយ​បដិសេធ​ថា អ្នកស្រី​មិន​បាន​អបអរ​សាទរ និង​ទទួល​យល់​តាម​ការ​ស្នើសុំ​នោះ​ឡើយ។

ទោះបីជា របប​ឯក​បក្ស នៅ​មិន​ទាន់​បង្កើត​ច្បាប់ ទទួល​បាន​គោរម​ងារ កិត្តិយស ជា​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ឬ​សម្ដេច​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ លោក សោ ចាន់ដេត យល់​ថា បើ​របប​លោក ហ៊ុន សែន ចង់​បាន​ងារ​ណា​នោះ អាច​ធ្វើ​ឡើង​ស្រេច​តែ​ចិត្ត​បាន និង​គ្មាន​នរណា​មួយ ហ៊ាន​ជំទាស់​ទេ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ថា ការ​ធ្វើ​បែប​នេះ ជា​ការ​ធ្វើ​ឲ្យ​បាត់បង់​តម្លៃ​របស់​អ្នក​មាន​ចំណេះ​ដឹង​ពិត​ប្រាកដ។

​​​​​​​​​​​នៅ​មុន​ការ​ស្នើ​ថ្វាយ​ ព្រះ​មហាក្សត្រ​ប្រទាន​គោរម​ងារ កិត្តិ​បណ្ឌិត ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ទាំង​បី​នាក់​នេះ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ លោក ហ៊ុន សែន ធ្លាប់​ស្នើ​ថ្វាយ ​​តែងតាំង​ ​មេធាវី​២នាក់ ក្នុង​ចំណោម​៥​នាក់ ដែល​មាន​ស្នាដៃ​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ទទួល​តួនាទី ជា​​ប្រធាន​​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់ និង​ផ្ដល់​​មុខ​មាត់​ឲ្យ​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋ​មន្ត្រី គឺ មេធាវី គី តិច និង​ម្នាក់​ទៀត ​ឲ្យ​ជា​អនុ​ប្រធាន​​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់ ឋានៈ​ស្មើ​​រដ្ឋ​មន្ត្រី គឺ មេធាវី លី ច័ន្ទ​តុលា។

ចំណែក​ អ្នក​មាន​ស្នាដៃ ប្ដឹង​រំលាយ ​គណបក្ស​សង្គ្រោះ​ជាតិ ​២នាក់​ទៀត គឺ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទ្រង់​នរោត្តម​ រណឫទ្ធិ និង​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ ក៏​ត្រូវ​បាន​ផ្ដល់​តំណែង​​​ស្មើ​ទេស​រដ្ឋ​មន្ត្រី​ផ្ដល់​យោបល់​ តាម​រយៈ​ការ​បង្កើត​ស្ថាប័ន​ពិគ្រោះ និង​ផ្ដល់​យោបល់។

សមាជិក​ក្រុង​អ្នកវិភាគ​វ័យ​ក្មេង លោក បុង ដែត ថា ការ​ស្នើ​សុំ​ឲ្យ​​ទទួល​បាន​ងារ​កិត្តិយស ដល់​មន្ត្រី ជាន់ខ្ពស់​បក្ស​កាន់​អំណាច​ មិន​ទទួល​បាន​ការ​ស្វាគមន៍​ពី​ពលរដ្ឋ​ទេ តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​សប្បាយ​ចិត្ត​ទៅ​វិញ​ទេ។ លោក បុង ដែត បន្ត​ថា ប្រធាន​គណបក្ស​​ប្រជាជន​កម្ពុជា គ្រាន់​តែ​ចង់​លើក​ទឹកចិត្ត​មន្ត្រី​ក្នុង​បក្ស​ឲ្យ​មាន​ឆន្ទៈ​ខ្ពស់​ បម្រើ​ និង​ស្មោះស្ម័គ្រ​ បក្ស​កាន់​តែ​ខ្លាំង និង​ចង់​បង្ហាញ​ឲ្យ​មន្ត្រី​បក្ស​ដទៃ​ ឃើញ​ថា លោក ហ៊ុន សែន យក​ចិត្ត​ទុកដាក់​នឹង​កូន​ចៅ៖ «មិន​មាន​អ្វី ជា​ការ​សាទរ​សម្រាប់​ពលរដ្ឋ​ទូទៅ​ទេ គឺ​មាន​តែ​ការ​គិត​ទុក​ក្នុង​ចិត្ត។ គេ​មិន​និយាយ​តែ​ចង់​និយាយ​ថា គេ​ថា អា​នេះ ពួក​នេះ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ដំឡើង​ឋានន្តរសក្ដិ​ទៀត»

កន្លង​មក​គោរម​ងារ​ទាំង​នេះ ត្រូវ​ផ្ដល់​ឲ្យ​តាម​រយៈ​ រាជ​បណ្ឌិត្យ​សភា​កម្ពុជា តែ​លើក​នេះ ​មន្ត្រី​ជាន់​ខ្ពស់​​បក្ស​កាន់​អំណាច​​ទាំងនេះ មិន​ទទួល​បាន​តាម​រយៈ លោក សុខ ទូច​ ប្រធាន​ស្ថាប័ន​នេះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment