កងឈ្លប នៃ​អង្គការ​ខ្មែរក្រហម​មួយ​ចំនួន​ជា​អ្នក​ផ្ដើម​ឲ្យ​មាន​ការ​ធ្វើ​ទារុណកម្ម​ និង​កាប់​សម្លាប់​មនុស្ស

ដោយ សេក បណ្ឌិត
2019-04-17
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ការ​សម្ដែង​ឈុត​ឆាក​​ស្ដី​អំពី​ការ​សម្លាប់​រង្គាល​ប្រជាជន​កម្ពុជា​ដោយ​ក្រុម​ខ្មែរ​ក្រហម នៅ​​អតីត​ទី​ពិឃាដ​មនុស្ស​បឹង​ជើងឯក ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ក្នុង​ទិវា​រំឭក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ថ្ងៃ​២០ ឧសភា ២០១១។ Photo: RFA
ការ​សម្ដែង​ឈុត​ឆាក​​ស្ដី​អំពី​ការ​សម្លាប់​រង្គាល​ប្រជាជន​កម្ពុជា​ដោយ​ក្រុម​ខ្មែរ​ក្រហម នៅ​​អតីត​ទី​ពិឃាដ​មនុស្ស​បឹង​ជើងឯក ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ក្នុង​ទិវា​រំឭក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ថ្ងៃ​២០ ឧសភា ២០១១។ Photo: RFA


នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ​កង​ឈ្លប គឺ​ស្មើ​នឹង​ភ្នាក់ងារ​ស៊ើបការណ៍​សំងាត់​របស់​អង្គការ​ខ្មែរក្រហម។ ពួក​ឈ្លប គឺ​ជា​ភ្នែក ច្រមុះ​ ឬ​ជា​ភ្នែក​ពិសេស ​ក្នុង​ចំណោម​អ្វី​ដែល​គេ​ហៅ​ថា ​អង្គការ​ភ្នែក​ម្ចាស់។

យុវជន​ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ធ្វើ​ជា​ឈ្លប​ ត្រូវ​បាន​បំពាក់បំប៉ន​​​ទាំងគោលជំហរ និង​ទស្សនៈ ស្មារតី ឬ​លាង​ខួរ​ក្បាល​ឱ្យ​គោរព​តែ​មាគ៌ា​អង្គការ​បដិវត្ត​ន៍ជា​ដាច់ខាត។

ពួក​គេ​ទទួល​បញ្ជា​ឱ្យ​ដើរ​ស៊ើបការណ៍​ទាំង​យប់​ទាំង​ថ្ងៃ នៅ​ថ្នាក់​មូលដ្ឋាន និង​រាយការណ៍​ជូន​ថ្នាក់​លើ​ដោយ​ ​គ្មាន​ការ​យោគយល់ ទោះ​ជា​សាច់​ញាតិ​របស់​ខ្លួន​ក៏​ដោយ​ចុះ។ ប៉ុន្តែ ​ក្រុម​អតីត កង​ឈ្លប​នេះ មិន​ត្រូវ​បាន​គេ​ចោទប្រកាន់​​ ឬ​កាត់​ទោស ​ក្នុង​តុលាការ​ខ្មែរ​ក្រហម​នោះ​ឡើយ។​

តើ​កង​ឈ្លប​ខ្មែរ​ក្រហម បាន​រួម​ចំណែក​យ៉ាង​ដូច​ម្ដេច​ខ្លះ ក្នុង​ការ​ធ្វើទារុណកម្ម និង​កាប់​សម្លាប់​មនុស្ស​ក្នុង​របប​ខ្មែរ​ក្រហម​ចន្លោះ​ពី​ឆ្នាំ១៩៧៥ ដល់​ឆ្នាំ១៩៧៩ នោះ?

ការ​សិក្សាស្រាវជ្រាវ អំពី​បុត្រ​សម្ព័ន្ធ​ នៃ​កម្មាភិបាល​ខ្មែរ​ក្រហម ​និង​អ្នក​ឆ្លង​កាត់​របប​ដ៏​ជូរ​ចត់​នេះ បង្ហាញ​ថា ​កងឈ្លប គឺ​ជា​ក្រុម​​សំខាន់​មួយ​ក្នុង​អង្គការ​ចាត់​តាំង​ដាច់​ខាត​របស់​ខ្មែរ​ក្រហម ដែល​ជំរុញ​ឲ្យ​មានការ​ធ្វើ​ទារុណ​កម្ម​មនុស្ស​យ៉ាង​អមនុស្សធម៌​រហូត​ដល់​មាន​ការ​សម្លាប់​យ៉ាង​អយុត្តិធម៌​។

អ្នក​សិក្សា​ស្រាវ​ជ្រាវ អំពី​របប​ខ្មែរក្រហម ​ និង​ជា​អ្នកនិពន្ធ សៀវភៅ​«នៅ​ក្រោយ​ទី​ងងឹត» លោក កែវ ដួង មាន​ប្រសាសន៍​ថា ការ​សិក្សា​ស្រាវជ្រាវ និង​ការ​ស្រាវជ្រាវ​សៀវភៅ ដែល​និយាយ​អំពី​ប្រវត្តិ​ខ្លះៗ​នៃ​កម្មាភិបាល​ខ្មែរក្រហម ដែល​ក្នុង​នោះ មាន​ទាំង កង​ឈ្លប​ខ្មែរ​ក្រហម​ផង​នោះ ធ្វើ​ឲ្យ​លោក ដឹង​ច្រើន​អំពី​របប​អាវ​ខ្មៅ ជា​ពិសេស ការ​ស្លាប់​មនុស្ស​ជា​ច្រើន​ក្នុង​របប​នេះ។

លោក​ថា​ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ​គេ​ពង្រឹង​ខ្លាំង មែន​ទែន លើ បញ្ហា​សន្តិសុខ ​ដោយ គេ​បង្កើត​មន្ទីរ​សន្តិសុខ​ជា​ច្រើន ក្នុង​មូលដ្ឋាន​នីមួយៗ​ ដែល​មាន​ប្រមាណ២០០ ឬ​ច្រើន​ជាង​នេះ​ នៅ​តាម​តំបន់​នីមួយៗ ទូទាំង​ប្រទេស។

ក្រុម​សន្តិសុខ​នេះ មាន​ចែក​ជា​ដំណាក់​កាល​សំខាន់ៗ ដូច​ជា នៅ​ថ្នាក់​មជ្ឈិម ថ្នាក់​ភូមិភាគ ​ថ្នាក់​តំបន់ និង​ថ្នាក់​មូលដ្ឋាន ឬ​ថ្នាក់​ក្រោម​បំផុត ដែល​មាន​ក្រុម​កង​ឈ្លប​នេះ​ឯង ។

កង​ឈ្លប​មួយ​ចំនួន ក្រុម​ខ្មែរក្រហម​ចាប់​ផ្ដើម​ជ្រើសរើស តាំង​ពី​នៅ​ក្នុង​អំឡុង​កម្ពុជា​កើត​សង្គ្រាម​ស៊ីវិល ចន្លោះ​ពី​ឆ្នាំ១៩៧០ ដល់​ឆ្នាំ១៩៧៥​ និង​មាន​ជ្រើសរើស​ជា​បន្ត​បន្ទាប់​មក​ទៀត ទៅតាម​តម្រូវការ។

លោក កែវ ដួង ឲ្យ​ដឹង​ថា ក្នុង​ការ​ជ្រើសរើស កងឈ្លប គឺ​ពួក​គេ​បាន​កំណត់​នូវ​លក្ខខ័ណ្ឌ​មួយ​ចំនួន ដូចជា​អ្នក​ទាំងនោះ ភាគ​ច្រើន​ជា​កូន​របស់​អ្នក​មូលដ្ឋាន​ផ្ទាល់​ រួម​មាន​វ័យ​កណ្ដាល និង​ក្រុម​យុវវ័យ ហើយ​ខ្លះ​មិន​ទាន់​ពេញ​វ័យ​នៅ​ឡើយ​ក៏​មាន៖ «អ៊ីចឹង​គេ​មើល​ទៅ​លើ​ប្រវត្តិ ជា​អ្នក​មូលដ្ឋាន អ្នក​ក្រីក្រ មិនសូវ មាន​ចំណេះ​ដឹង មួយ​ទៀត​គេ​មើល​ទៅ​លើ​ពាក្យ​ថា ដាច់ខាត ឬ​មិន​ដាច់ខាត ឈ្មោះ​ត្រង់​ជាមួយ​នឹង​អង្គការ​ប៉ុណ្ណា? នៅ​ពេល​របប​កម្ពុជា​ប្រជាធិបតេយ្យ​ឡើង​កាន់​អំណាច​ពេញលេញ កង​ឈ្លប គេ​រើស​ចេញ​ពី​កង​កុមារ​ធំៗ ដែល​មាន​អាយុ​ចាប់​ពី​១៤ ទៅ ១៥ឆ្នាំ​ឡើង​ទៅ និង​មាន​ចរិត​ច្រងេងច្រងាង កាច​សាហាវ​នោះ នឹង​ចូល​ក្នុង​លក្ខខ័ណ្ឌ ដែល​គេ​ត្រូវ​ជ្រើសរើស​ហើយ»

លោក​បន្ត​ថា អ្នក​ដែល​ចូល​ក្នុង​កងឈ្លប ត្រូវ​អង្គការ​ប្រមូល​ផ្តុំ ​យក​មក​បំពាក់បំប៉ន​ស្មារតី ឱ្យ​ចេះ​កំណត់​រកមុខ​សញ្ញា​អ្នកណា​ប្រឆាំង​នឹង​អង្គការ គឺ​អ្នក​នោះ​ជា​ខ្មាំង​របស់​អង្គការ ត្រូវ​តែ​កម្ទេច​ចោល។ គេ​បង្រៀន​ឱ្យ​ធ្វើ​ចិត្ត​ដាច់ ហើយ​ស្មោះ​ត្រង់​នឹង​អង្គការ ដោយ​គ្មាន​ការ​យោគយល់​អ្វី​ទាំង​អស់ ទោះ​បី​អ្នក​នោះ​ជា​សាច់​ញាតិ ឬ​ឪពុក​ម្ដាយ​ក៏​ដោយ៖ «កង​ឈ្លប គឺ​មាន​នាទី​ការពារ​ស៊ើប​អង្កេត តាម​ដាន តាម​ចាប់​អ្នក​ក្បត់​អង្គការ ជា​ពិសេស ការពារ​កុំ​ឲ្យ​មាន​ខ្មាំង​ប្រឆាំង​ជាមួយ​អង្គការ»

អ្នក​ស្រាវជ្រាវ​រូប​នេះ អះអាង​ថា លោក​បាន​ជួប​សម្ភាសន៍​ជាមួយ និង​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម និង​កង​ឈ្លប​មួយ​ចំនួន ពួក​គាត់​បង្ហាញ​ថា ដើម្បី​ចង់​ដឹង​ថា កង​ឈ្លប​ណា​មួយ​ចិត្ត​ដាច់ ឬ​មិន​ដាច់ ស្មោះ​ត្រង់​នឹង​អង្គការ ឬ​យ៉ាង​ណា​នោះ ពួក​គេ​បាន​ធ្វើ​ពិសោធន៍​ដោយ​ឲ្យ​ឈ្លប​ណា​ម្នាក់ ចុះ​ទៅ​អនុវត្ត​ផ្ទាល់ ហើយ​ធ្វើ​លើ​បង​ប្អូន​ខ្លួន​ឯង​តែ​ម្តង៖ «អង្គការ​ចាត់​តាំង​ចង់​ដឹង​ថា ឈ្លប​ក្មេង នឹង​ចិត្ត​ដាច់ ឬ​មិន​ដាច់ គេ​ឲ្យ​ឈ្លប​ម្នាក់ ទៅ​ចាប់​បង​របស់​គាត់ ដែល​គេ​សង្ស័យ​ថា ក្បត់​អង្គការ ហើយ​បញ្ជូន​ទៅ​សម្លាប់​នៅ​មន្ទីរ​សន្តិសុខ​ស្រុក»

នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរ​ក្រហម របស់​អ្វីៗ គ្រប់​យ៉ាង​ទាំង​អស់ សុទ្ធតែ​ជា​របស់​អង្គការ ​ជា​របស់​រួម ឬ​របស់​សមូហភាព ពោល​គឺ​គ្មាន​អ្វី​ជា​របស់​ឯកជន​ផ្ទាល់​ខ្លួន​ទេ ក្នុង​នោះ​រាប់​ទាំង​ ស្រូវ អង្ករ​ ពោត សណ្ដែក ដំឡូង អំពៅ ផ្លែឈើ ថ្នាំជក់ ត្រី សាច់ សត្វ គោ ​ក្របី និង​របស់​របរ​ផ្សេងៗ ទៀត។ អ្នក​ដែល​ប៉ះពាល់​របស់​អស់​ទាំង​នេះ ទោះ​ជា​គ្រាន់​តែ​សម្រាប់​បរិភោគ​តិច​តួច​មួយ​ចម្អែត​ក្រពះ​ក៏​ដោយ បើ​គ្មាន​ការ​យល់​ព្រម​ពី​អង្គការ​ទេ គឺ​អ្នក​នោះ​ត្រូវ​ចោទ​ជា​ខ្មាំង ក្បត់​អង្គការ ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អង្គការ​ ជាដើម​ ហើយ​ត្រូវ​យក​ទៅ​ធ្វើ​ការ​កែប្រែ​អប់រំ ដាក់​ពិន័យ​ឱ្យ​ធ្វើការ​ធ្ងន់​លើស​ធម្មតា ហើយ​បើ​កម្រិត​ធ្ងន់​អាច​ត្រូវ​សម្លាប់​ចោល​ក៏​មាន។ ពលរដ្ឋ​ណា​មួយ​ដែល​ត្រូវ​បាន​ឈ្លប​ឃើញ​ថា ក្បត់​សមូហភាព​ហើយ គឺ​កម្រ​នឹង​មាន​វាសនា​ល្អ ឬ​រួច​ទោស​នោះ​ទេ។

មេធាវី​ការ​ពារ​ក្តី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​ខ្មែរ​ក្រហម លោក​ហុង គឹម សួន ក៏​បាន​ឆ្លង​កាត់ បទ​ពិសោធន៍​ពាក់ព័ន្ធ​នឹង​រឿង​កង​ឈ្លប​ក្នុង​របប​ខ្មែរក្រហម​ដែរ។ លោក​ថា កង​ឈ្លប​ធ្វើ​ការ​បម្រើ​អង្គការ​ចាត់​តាំង​ខ្មែរក្រហម ដោយ​ប្រកាន់​ជំហរ​ដាច់ខាត ហើយ​ជា​ទូទៅ ពួក​កង​ឈ្លប​មិន​មាន​កាន់​កាំភ្លើង​ទេ ប៉ុន្តែ​គេ​ប្រើ​ដំបង កាំបិត ពូថៅ ជាដើម។ លោក​បញ្ជាក់​ថា ពួក​ឈ្លប​ទាំង​នោះ​ដែល​នៅ​តាម​ភូមិ និង​សហករណ៍​មាន​អំណាច ឬ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់៖ «រាល់ថ្ងៃ រាល់​យប់​ពួក​គេ​អ្នក​តាមដាន​ប្រជាជន​ក្នុង​ភូមិ ក្នុង​សហករណ៍ គេ​ធ្វើ​ការ​ទាំង​ថ្ងៃ​ទាំង​យប់ គឺ​គេ​ដើរ​ឈ្លប​ស្ដាប់ គឺ​គេ​ចាត់​ទុក​អ្នក​ជា​ខ្មាំង ហើយ​ពួក​ហ្នឹង​ជា​ជន​ដៃ​ដល់​សម្លាប់​ប្រជាពលរដ្ឋ​ខ្លាំង គឺ​ពួក​ហ្នឹង​ឯង»

តាម​ការ​ជាក់​ស្ដែង អង្គការ​ថ្នាក់​លើ​ខ្មែរ​ក្រហម ចាប់​ពី​ថ្នាក់​ភូមិ​ឡើង​ទៅ ពឹង​ផ្អែក​ស្ទើរ​តែ​ស្រុង​លើ​កង​ឈ្លប​ក្នុង​ការ​ប្រមូល​ព័ត៌មាន​ពី​សហគមន៍ ដើម្បី​ត្រួតត្រា និង​សម្រេច​ផែន​ការ​សន្តិសុខ​របស់​ខ្លួន។ តាម​រយៈ​នេះ ខ្មែរក្រហម​បាន​បង្ក​ភាព​ភ័យខ្លាច និង​ស្ថានភាព​មិន​ទុក​ចិត្ត​គ្នា​រវាង​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ជាមួយគ្នា។ ដើម្បី​បំបាក់​ស្មារតី​ពលរដ្ឋ​ខ្លួន​ឯង ខ្មែរ​ក្រហម​បាន​បង្កើត​ពាក្យ​ស្លោក​ដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច ដូច​ជា ពាក្យ​ថា «អង្គការ​ភ្នែក​ម្នាស់» និង «ជញ្ជាំង​មាន​ត្រចៀក»

អង្គការ​ភ្នែក​ម្នាស់៖

ផ្លែ​ម្នាស់​ពិត​ជា​មាន​ភ្នែក​ច្រើន​មែន ហើយ​ការ​ប្រើ​ន័យ​ប្រៀបធៀប​នេះ បង្កើត​បាន​ការ​មិន​ជឿត​ទុក​ចិត្ត​គ្នា​ក្នុង​សហគមន៍ នៅ​ពេល​មនុស្ស​រស់​នៅ​ក្នុង​ក្រុម ឬ​ក្នុង​ភូមិ​ជាមួយ​គ្នា​ចាប់​ផ្ដើម​សង្ស័យ​គ្នា ថា​អ្នក​នេះ ឬ​អ្នក​នោះ​អាច​ជា​មនុស្ស​ចាំ​លប​មើល​សកម្មភាព​របស់​យើង ឬ​ចាំ​ឈ្លប​យក​ការណ៍​ពី​យើង​នៅ​ពេល​និយាយ​អ្វី​ខុស ឬ​និយាយ​ប្រឆាំង​អង្គការ។ បញ្ហា​នេះ ក៏​បាន​បង្ក​ឱ្យ​មាន​ការ​មិន​ទុក​ចិត្ត​គ្នា​នៅ​ក្នុង​រង្វង់​ក្រុម​គ្រួសារ​ជា​ច្រើន​ផង​ដែរ។

ជញ្ជាំង​មាន​ត្រចៀក៖

ជញ្ជាំង​មាន​ត្រចៀកក៏​ជា​ពាក្យ​ស្លោក​ដ៏​ព្រឺព្រួច​មួយ​ទៀត​របស់​ខ្មែរ​ក្រហម ប្រើប្រាស់​ដើម្បី​បំភិតបំភ័យ​សតិ​ស្មារតី​របស់​ប្រជាជន​ដែរ។

ខ្មែរក្រហម​ឃោសនា​ប្រាប់​ប្រជាជន​ថា អង្គការ​ដឹង​ទាំង​អស់​នូវ​អ្វីៗ ដែល​អ្នក​និយាយ ពី​ព្រោះ «ជញ្ជាំង​មាន​ត្រចៀក» ដែល​សំដៅ​ដល់​ទីណា​ក៏​មាន​មនុស្ស​ចាំ​លប​ស្ដាប់​ការ​និយាយ​ស្ដី​របស់​ប្រជាជន​ដែរ។ ពាក្យ​ឃោសនា​នេះ បាន​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​ជា​ច្រើន នៅ​ពេល​នោះ ភ័យខ្លាច មិន​ហ៊ាន​ហា​មាត់​និយាយ​ស្ដី​អ្វី​ផ្ទុយ​ពី​មាគ៌ា​បដិវត្តន៍​របស់​ខ្មែរ​ក្រហម​ឡើយ សូម្បី​តែ​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន ព្រោះ​ខ្លាច​ជញ្ជាំង​មាន​ត្រចៀក។

អ្នក​ស្រាវជ្រាវ​អំពី​របប​ខ្មែរ​ក្រហម លោក កែវ ដួង បាន​ឲ្យ​ដឹង​ថា ​កង​ឈ្លប​ណា​ដែល​មិន​បាន​អនុវត្ត​ត្រឹម​ត្រូវ តាម​មាគ៌ា​អង្គការ​បក្ស​ដាក់​ឲ្យ​នោះ នៅ​តាម​តំបន់​ខ្លះ មិន​បាន​ឡើង​តំណែង រី​ឯ​នៅ​តំបន់​ខ្លះ​ទៀត​ ពួក​គេ​ក៏​ត្រូវ​មាន​ទោស​ដែរ ក៏​ប៉ុន្តែ​ទោស​នោះ​ធ្ងន់ ឬ​ស្រាល អាស្រ័យ​ទៅ​លើ​សាច់​រឿង និង​តាម​តំបន់​នីមួយៗ ដោយ​គេ​បាន​កំណត់​រៀងៗ ខ្លួន៖ «កន្លង​មក​តាម​ការ​សម្ភាសន៍ ឈ្លប នឹង​ដូច​អត់​ដែល​មាន​ទោស​រហូតដល់​ជាប់គុក ឬ​សម្លាប់​ទេ ប៉ុន្តែ​អាច​មាន​នៅ​កន្លែង​ផ្សេង​ទៀត ដូច​ជា នៅ​មន្ទីរ​សន្តិសុខ ស២១ ជា​ដើម»

ទោះ​ជា​យ៉ាង​ណា អង្គ​ជំនុំជម្រះ​វិសាមញ្ញ​នៃ​តុលាការ​កម្ពុជា ហៅ​កាត់​ថា សាលា​ក្តី​ខ្មែរ​ក្រហម ដែល​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ២០០៦ ដែល​មាន​ការ​ចូលរួម​ពី​ភាគី​សហប្រជាជាតិ​នោះ កំណត់​គោលដៅ​នាំ​ខ្លួន​មក​កាត់​ទោស​តែ​មេ​ដឹក​នាំ​ជាន់​ខ្ពស់ និង​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ។

មន្ត្រី​នាំ​ពាក្យ នៃ​សាលា​ក្តី​ខ្មែរក្រហម លោក នេត ភក្តា្រ បាន​បញ្ជាក់​ថា ​អតីត​កង​ឈ្លប​ក្នុង​របប​ខ្មែរក្រហម ត្រូវ​បាន​ចៅក្រម​នៃ​អង្គ​ជំនុំជម្រះ​ កំណត់​ឲ្យ​​ស្ថិត​នៅ​ខាង​ក្រៅ​ដែន​យុត្តាធិការ​ នៃ​តុលាការ​កូន​កាត់​មួយ​នេះ៖ «ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​បាន​មក​សាលា​ក្តី​ខ្មែរ​ក្រហម បាន​លើក​ឡើង​ថា ពួក​គាត់​អត់​ដែល​ស្គាល់​ លោក​ ​នួន​ជា​ ខៀវ សំផន ឬ​ក៏ ឌុច ទេ ប៉ុន្តែ​គាត់​ស្គាល់​ជន​ដៃ​ដល់ ដែល​ប៉ះពាល់ ធ្វើបាប និង​សម្លាប់​ពួក​គាត់ ក្នុង​សម័យ​ខ្មែរ​ក្រហម ​ហេតុ​អី​បាន​ជា​មិន​យក​មក​ជំនុំជម្រះ? ដោយសារ​តែ​ពួក​គាត់​មិន​ស្ថិត​នៅ​ក្នុង​ដែន​កំណត់​នៃ​យុត្តាធិការ​តុលាការ ហើយ​អ្នក​ដែល​មាន​សិទ្ធិ​កំណត់​លើ​រឿង​នេះ គឺ​ជា​ចៅក្រម តាម​រយៈ​ការស៊ើប​អង្កេត​ និង​មាន​ភស្តុតាង​ត្រឹម​ត្រូវ»

ចំណែក​ មេធាវី​ការពារ​ក្តី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី ក្នុង​សំណុំរឿង​ខ្មែរក្រហម លោក ហុង គឹមសួន ក៏​បាន​បញ្ជាក់​ដែរ​ថា ទោះ​បី​ជន​រង​គ្រោះ ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី ចង់​ប្ដឹង​អតីត កងឈ្លប សេនា​ជន ឬ​ក៏​យោធា ស្រុក ជាដើម នោះ គឺ​សាលាក្ដី​ខ្មែរ​ក្រហម ​ មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​ច្បាប់​ស្ដីពី​សាលា​ក្ដី​ខ្មែរ​ក្រហម​ពុំ​បាន​គ្រប​ដណ្ដប់​ចំណុច​នេះ​ឡើយ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ​លោក​ថា នៅ​ក្នុង​ការ​បង្ហាញ​អង្គហេតុ​លើ​ពាក្យ​បណ្ដឹង​របស់​ជន​រង​គ្រោះ ពួក​គាត់​បាន​លើក​ចំ​ឈ្មោះ​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ដែល​មាន​តួនាទី​ជា​ឈ្លប ឬ​ប្រធាន​កង​ឈ្លប ដែល​បាន​ធ្វើ​បាប​ពួក​គាត់​ធ្ងន់ធ្ងរ៖ «ពួក​គាត់​គ្រាន់​តែ​រៀបរាប់​ឈ្មោះ​ពួក​អស់​ហ្នឹង ដែល​បាន​ចាប់​សាច់​ញាតិ ឬ​រូប​គាត់​ផ្ទាល់ ទៅ​សម្លាប់ ឬ​ធ្វើ​ទារុណកម្ម​ជា​ដើម ប៉ុន្តែ​មិន​សុំ​ឲ្យ​ចោទ​ប្រកាន់ ឬ​កាត់​ពួក​ទាំង​អស់​នោះ​ទេ»

អ្នក​សិក្សា​ស្រាវជ្រាវ អំពី​របប​ខ្មែរក្រហម និង​ជា​អ្នកនិពន្ធ សៀវភៅ«នៅ​ក្រោយ​ទី​ងងឹត» លោក កែវ ដួង មាន ប្រសាសន៍​ថា ក្នុងចំណោម អតីត​កម្មាភិបាល និង​កងឈ្លប ខ្មែរក្រហម ជិត​១០​នាក់ ដែល លោក បាន​ជួប សម្ភាសន៍ គឺ​ពួកគាត់ មិនសូវ បង្ហាញ រឿង​ពិត​របស់​ខ្លួន​ផ្ទាល់​ទេ ប៉ុន្តែ​ពួក​គាត់​រៀបរាប់​អំពី​រឿងរ៉ាវ​​សកម្មភាព​ឈ្លប​​ដទៃ​ក្រៅ​ពី​ខ្លួន​គាត់​ថា ​កងឈ្លប​ ពិត​ជា​បាន​ធ្វើការ​ពាក់ព័ន្ធនឹង​ការ​​ចាប់​ចង​មនុស្ស យក​ទៅ​ដាក់​ទារុណ​កម្ម​ធ្ងន់ធ្ងរ និង​យក​ទៅ​សម្លាប់​ចោល តាម​បញ្ជា​របស់​អង្គការ​ថ្នាក់លើ។

ពួក​គាត់​ប្រាប់​ថា មិន​មាន​វិប្បដិសារី ចំពោះ​ការ​ដែល​ខ្លួន​បាន​ធ្វើ​មិន​ល្អ​ទៅ​លើ​សាច់​ញាតិ ឬ​ពលរដ្ឋ​ក្នុង​​ភូមិ​ជាមួយ​គ្នា​នោះ​ទេ ព្រោះថា​ជា​ការ​ធ្វើ​តាម​បទ​បញ្ជា​របស់​អង្គការ។ ជា​មួយ​គ្នា​នោះ ពេល​ខ្លះ​ពួក​គាត់ ក៏​ប្រថុយ​ធ្វើ​អំពើ​ល្អ​បាន​ខ្លះ​ដែរ ដូច​ជា ជួយ​លាក់​បាំង​សកម្មភាព​ពលរដ្ឋ​ខ្លះ ដែល​អង្គការ​ថ្នាក់​លើ​ចាត់​ទុក​ជា​អំពើ​ក្បត់ និង​ជា​ខ្មាំង​ប្រឆាំង​នឹង​អង្គការ ឬ​មិន​អនុវត្ត​ទាំង​ស្រុង​តាម​បញ្ជា​របស់​អង្គការ​ជា​ដើម។ ពួក​គេ​អះអាង​ថា មធ្យោបាយ​ទាំង​នេះ​ធ្វើ​ឡើង​ទាំង​ប្រថុយ​គ្រោះថ្នាក់​ដល់​ខ្លួន​ឯង ប៉ុន្តែ​បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​បាន​មួយ​ចំនួន​ដែរ។

នៅ​ដើម​ខែ​មករា ឆ្នាំ១៩៧៩ កងទ័ព​វៀតណាម​ជាង ១២ម៉ឺន​នាក់ បាន​បើក​ការ​វាយ​លុក​ឈ្លានពាន​ចូល​ប្រទេស​កម្ពុជា បណ្ដេញ​រដ្ឋាភិបាល​ខ្មែរ​ក្រហម​ចេញ​ពី​អំណាច។

គិត​មក​ត្រឹម​ដើម​ខែ​មករា ឆ្នាំ២០១៩ នេះ គឺ​ជា​ខួប​គម្រប់ ៤០ឆ្នាំ​គត់​នៃ​ការ​ដួល​រលំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "កងឈ្លប នៃ​អង្គការ​ខ្មែរក្រហម​មួយ​ចំនួន​ជា​អ្នក​ផ្ដើម​ឲ្យ​មាន​ការ​ធ្វើ​ទារុណកម្ម​ និង​កាប់​សម្លាប់​មនុស្ស"

  1. Anonymous says:

    ខ្មែរក្រហមធ្វើនយោលីលា យកពលរដ្ធទៅសម្លាប់ ឬ ក៍អោយធ្វើជាងសត្វធាត រហូតដល់អស់ខ្មែរស្លាប់ ជឹតកន្លះនរគ។

Leave a Reply

Submit Comment