មន្ត្រី​សិទ្ធិមនុស្ស​ខកចិត្ត​ដែល​អ្នកទោស​ស្ត្រី​មាន​តិចតួច​ក្នុង​គម្រោង​ដោះលែង​ក្រោយ​ចូលឆ្នាំ

ដោយ ហេង រស្មី
2019-04-17
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo: RFA
ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo: RFA


អង្គការ​សិទ្ធិមនុស្ស សំដែង​ការ​ខកចិត្ត ដោយសារតែ អ្នកទោស​ជា​ស្ត្រី មាន​ចំនួន​តិចតួច ដែល​នឹង​ត្រូវ​ដោះលែង​នៅ​ពេល​ខាងមុខ។ ក្រសួង​យុត្តិធម៌​បាន​ស្នើ​ទៅ​របប លោក ហ៊ុន សែន ដើម្បី​ដាក់ថ្វាយ​ព្រះមហាក្សត្រ​សុំ​ព្រះរាជទាន​លើកលែងទោស និង​បន្ធូរ​បន្ថយ​ទោស អ្នកទោស​ចំនួន​១៣៤​នាក់​នៅ​ក្នុង​ឧកាស​បុណ្យចូលឆ្នាំ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត បញ្ជាក់​ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី​១៦ មេសា​ថា ទោះបី​រដ្ឋាភិបាល ចង់​ឱ្យ​កាត់បន្ថយ​ចំនួន​អ្នក​ស្ត្រី​ក៏ដោយ ប៉ុន្តែ​ក្រសួងយុត្តិធម៌​បាន​ស្នើ​ឱ្យ​មានការ​លើកលែងទោស និង​បន្ធូរ​បន្ថយ​ទោស​ឱ្យ​ស្ត្រី​តិច​បំផុត៖ «ក្នុង​រយៈពេល​នេះ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ចំពោះ​អ្នកទោស​ដែល​ជា​ស្ត្រី​ហើយ​បើ​យើង​មើល​ទៅលើ​ការ​ស្នើសុំ​ហាក់​ដូចជា​ចំនួន​ស្ត្រី​មាន​តិច​បំផុត​ទាក់ទិន​នឹង​ការ​ស្នើសុំ​លើកលែងទោស​នេះ​បាទ»

លោក​បញ្ជាក់ថា ក្នុងចំណោម​អ្នកទោស ១៣៤​នាក់ មាន​អ្នកទោស​ចំនួន ៥៧ នាក់ ស្នើសុំ​បន្ធូរ​បន្ថយ​ទោស ៦​ខែ​ក្នុង​នោះ​មាន​ស្ត្រី ៦​នាក់ ស្នើសុំ​បន្ធូរ​បន្ថយ​ទោស ៩​ខែ មាន​ចំនួន ១៦​នាក់ ក្នុង​នោះ​មាន​ស្ត្រី ២​នាក់ ស្នើសុំ​បន្ធូរ​បន្ថយ​ទោស​១២​ខែ មាន​ចំនួន​៤០​នាក់ ក្នុង​នោះ​មាន​ស្ត្រី ១៧​នាក់ ស្នើសុំ​បន្ធូរ​បន្ថយ​ទោស​មួយ​ជីវិត មក​នៅ​ត្រឹម​ទទួលទោស​២០​ឆ្នាំ មាន​ស្ត្រី​២​នាក់ និង លើកលែងទោស​តែម្ដង​មាន​ចំនួន​១៦​នាក់ ក្នុង​នោះ​មាន​ស្ត្រី​តែ​ម្នាក់​ប៉ុណ្ណោះ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ាលីន មិនទាន់​បញ្ជាក់អំពី​មូលហេតុ​ដែល​អ្នកទោស​ស្ត្រី​មាន​ចំនួន​តិចតួច​នោះ​ទេ។ លោក​គ្រាន់តែ​បញ្ជាក់​ថា អ្នកទោស​ដែល​គ្រោង​នឹង​បន្ធូរ​បន្ថយ​ទោស និង​ដោះលែង​នា​ពេល​ខាងមុខ​មាន​អ្នកទោស​ខ្លះ​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​និង​បទមជ្ឈិម តែ​មិន​មាន​អ្នកទោស​ណាមួយ​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​ទេ៖ «ជាទូទៅ​ពាក់ព័ន្ធ​បទល្មើស ឧក្រិដ្ឋ និង​មជ្ឈិម ជាទូទៅ។ ក៏ប៉ុន្តែ​មិន​មែន​ជា​បទល្មើស​គ្រឿងញៀន​ធំដុំ ឬក៏​ឧក្រិដ្ឋកម្ម​សាហាវ​ឃោរឃៅ ឬ​ព្រៃផ្សៃ​នោះ​ទេ។ គឺជា​បទឧក្រិដ្ឋ និង​មជ្ឈិម​ជាទូទៅ​ធម្មតា​ដូចជា​លួច​ឆក់​ប្លន់​បន្តិចបន្តួច​តែ​ប៉ុណ្ណឹង។ ជាទូទៅ​គឺ​អ៊ីចឹង»

ជា​រៀងរាល់​ឆ្នាំ​ដល់​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ​ម្តងៗ​ព្រះមហាក្សត្រ​តែងតែ​ចេញ​ព្រះ​ព្រះរាជ្យក្រឹត្យ​លើកលែងទោស នឹង​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​ដើម្បី​ឱ្យ​ពួកគេ​បាន​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​នៅមុន​បុណ្យចូលឆ្នាំ។ តែ​សម្រាប់​ឆ្នាំនេះ​អ្នកទោស​មិនទាន់​ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជ្យក្រឹត្យ​លើកលែងទោស​ឱ្យ​បាន​មុន​ចូលឆ្នាំ​នោះ​ទេ។

លោក ជិន ម៉ាលីន បញ្ជាក់​ថា ប្រហែលជា​ក្រោយពេល​ចូលឆ្នាំ​អ្នកទោស​អាច​នឹង​ត្រូវ​បាន​ដោះលែង និង​បន្ធូរ​បន្ថយ​ទោស។

ក្រមព្រហ្មទណ្ឌ​ចែង​ថា ការ​បន្ធូរបន្ថយ​ទោស និង​ការ​លើកលែង​ទោស ដល់​ទណ្ឌិត​គឺ​ត្រូវ​បំពេញ​លក្ខខណ្ឌ​ធំៗ ២ គឺ ចាំបាច់​ត្រូវ​មាន​ការ​កែប្រែ​ឥរិយាបថ​ក្នុង​ពេល​ជាប់ឃុំ និង​ការអនុវត្ត​ទោស ជាប់​ពន្ធនាគារ ឱ្យ​បាន​ចំនួន​ពីរ​ភាគបី (/)​សិន សម្រាប់​ការ​លើកលែងទោស និង​ការអនុវត្ត​ទោស ឱ្យ​បាន​មួយ​ភាគ​បី (/)​សិន។

ប៉ុន្តែ មាត្រា ៧៧ នៃ​ច្បាប់​ស្ដីពី​ពន្ធនាគារ ចែងថា ចំពោះ​ទណ្ឌិត មិនទាន់​អនុវត្ត​ទោស បាន​ពីរ​ភាគបី (/) ឬ​ទោះ​មិនបាន​ទាន់​កែប្រែ​ឥរិយា​មារយាទ ក៏​អាច​ទទួល​បាន​ការ​លើក​លែង​ទោស​បាន​ដែរ។ តែ​ត្រូវ​មាន​សំណើ​ពី​ប្រមុខ​រាជរដ្ឋាភិបាល ថ្វាយ​ព្រះមហាក្សត្រ នោះ​ការ​ដោះលែង នឹង​អាច​ធ្វើ​ទៅ​បាន គ្រប់ពេលវេលា ដោយ​មិន​ចាំបាច់​រង់ចាំ ដល់ពេល​មានបុណ្យ​ជាតិ​ធំៗ ក៏បាន។ លោក អំ សំអាត បញ្ជាក់​ថា ក្រសួងយុត្តិធម៌​គួរតែ​មាន​ការ​លើកទឹកចិត្ត និង​ស្នើសុំ​ឱ្យ​មាន​ការលើកលែង​អ្នកទោស​ដល់​ស្ត្រី​ឱ្យ​បាន​ច្រើន​នៅ​ពេល​ដែល​ពួកគេ​បាន​អនុវត្ត​ទោស​បាន​ចំនួន​២/៣៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles