អ្នក​ប្រវត្តិសាស្ត្រ៖ ខ្មែរ​ក្រហម​មាន​គម្រោង​កម្ទេច​ជនជាតិ​ចាម​ឱ្យ​អស់​ពី​កម្ពុជា​​ក្នុង​សម័យ​នោះ

ដោយ ទីន ហ្សាការីយ៉ា
2019-04-17
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ជនជាតិ​ចាម ដែល​ជា​ជន​រងគ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម ចូល​រួម​ស្ដាប់ និង​ទស្សនា​ការ​តាំង​ពិព័រណ៍​រូបភាព​ឯកសារ​នៅ​ក្នុង​បរិវេណ​វត្ត​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​៩ ធ្នូ ឆ្នាំ​២០១៦។ RFA
ជនជាតិ​ចាម ដែល​ជា​ជន​រងគ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម ចូល​រួម​ស្ដាប់ និង​ទស្សនា​ការ​តាំង​ពិព័រណ៍​រូបភាព​ឯកសារ​នៅ​ក្នុង​បរិវេណ​វត្ត​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​៩ ធ្នូ ឆ្នាំ​២០១៦។ RFA


ជនជាតិ​ចាម ដែល​ជា​ជនជាតិ​ភាគតិច​​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​រាប់រយ​ឆ្នាំ​មក​ហើយ​នោះ ជា​ជាតិសាសន៍​មួយ​ដែល​ខ្មែរ​ក្រហម​ប៉ុនប៉ង​សម្លាប់​រង្គាល​ឱ្យ​អស់​ពី​ទឹកដី​កម្ពុជា។ ទោះបីជា​ជនជាតិ​ភាគតិច​មួយ​នេះ ប្រឈម​នឹង​ការ​បោសសម្អាត​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នេះ​ក្ដី ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម បាន​រក​ឃើញ​ថា ទោះបីជា​ប្រឈម​នឹង​សេចក្ដី​ស្លាប់​ដោយ​ការ​គាប​សង្កត់ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្សេងៗ​ក្ដី ប៉ុន្តែ​ពួកគេ​ឥត​ហ៊ាន​ងើប​ឈរ​ឡើង តទល់​ប្រឆាំង​នឹង​ខ្មែរ​ក្រហម​វិញ​ទេ

តើ​មូលហេតុ​អ្វី បាន​ជា​ខ្មែរ​ក្រហម ចង់​កម្ទេច​ជនជាតិ​ចាម​ឱ្យ​អស់​ពី​ទឹកដី​កម្ពុជា នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ?

នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ពលរដ្ឋ​ទូទៅ​ត្រូវ​បាន​ខ្មែរក្រហម​បោសសម្អាត ឬ​សម្លាប់​ភា្លម ចំពោះ​អ្នក​ដែល​ប្រឆាំង​អង្គការ ក៏ប៉ុន្តែ​ជនជាតិ​ចាម​ទោះបីជា​ប្រឈម​នឹង​សេចក្ដី​ស្លាប់​បែបនេះ​ក្ដី នៅ​តាម​តំបន់​មួយ​ចំនួន ពួកគាត់​ហ៊ាន​តតាំង​ប្រឆាំង​និង​អង្គការ​ចាត់តាំង ដើម្បី​បុព្វហេតុ​សាសនា​និង​ទាមទារ​សិទ្ធិ​សេរីភាព​សេរីភាព​មក​វិញ។

អ្នកស្រាវជ្រាវ​ប្រវត្តិ​សាសន៍​ខ្មែរក្រហម លោក អ៊ីសា ឧស្មាន ដែល​ជា​សាក្សី​ដ៏​សំខាន់​នៅ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​ដែរ​នោះ។ លោក មានប្រសាសន៍ថា នៅ​ក្នុង​របប​កម្ពុជា ប្រជាធិបតេយ្យ ខ្មែរក្រហម​បាន​ដក​សិទ្ធិ​សេរីភាព​មនុស្ស​គ្រប់រូប ប៉ុន្តែ​សម្រាប់​ជន​ជា​ចាម​វិញ ខ្មែរក្រហម បាន​ដៅ​ជា​ក្រុម​មនុស្ស​ខុស​ពី​គេ ដោយសារតែ​ពួកគាត់​កាន់​សា​សាសនា​ឥស្លាម ខ្មែរក្រហម​បាន​រឹតត្បិត​កាន់តែ​ខ្លាំង បង្ខំ​ឱ្យ​ហូប​សាច់​ជ្រូក បង្ខំ​ឱ្យ​បញ្ឈប់​ប្រតិបត្តិ​សាសនា និង​បញ្ហា​ផ្សេងៗ​ទៀត​៖ «ខ្មែរក្រហម​ចង់​ឱ្យ​ប្រជាជន​ទាំងអស់​ឱ្យ​ដូចគ្នា​ទាំងអស់ កាលណា​ចង់​ឱ្យ​ដូចគ្នា អ្នក​ដែល​ប៉ះពាល់​ខ្លាំង​ជា​គេង គឺ​អ្នក​ដែល​ខុសគេ ឧទាហរណ៍ ខ្មែរក្រហម​មិន​អាច​បង្ខំ​ឱ្យ​ជនជាតិ​ខ្មែរ​ឱ្យ​ឈប់​ហូប​សាច់​ជ្រូក​បានទេ មិន​អាច​បង្ខំ​ឱ្យ​ឈប់​និយាយ​ខ្មែរ​បានទេ សម្រាប់​ជនជាតិ​ចាម​ខ្មែរក្រហម​បង្ខំ​ឱ្យ​ទៅ​រស់នៅ​លាយឡំ​ជាមួយ​សហគមន៍​ខ្មែរ ដែល​បាត់​អត្តសញ្ញាណ​របស់​ពួកគេ បាត់​សាសនា​របស់​ពួកគេ បង្ខំ​ឱ្យ​ហូប​សាច់​ជ្រូក រហូតដល់​ខ្មែរក្រហម​បញ្ជា​ឱ្យ​បំបាត់​ពូជសាសន៍​ចាម​តែម្ដង ហើយ​បញ្ជា​នេះ​នៅ​ឆ្នាំ​១៩៧៧»

នៅមុន​របប​ខ្មែរក្រហម ជនជាតិ​ខ្មែរ និង​ជាតិ​សាសន៍​ដទៃ ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​គោរព ប្រណិប័តន៍​ទំនៀមទម្លាប់ និង​សាសនា ដែល​ជា​វប្បធម៌​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ពួកគេ ជា​យូរលង់​ណាស់​មក​ហើយ​។ ប៉ុន្តែ​ភ្លាមៗ​បន្ទាប់ពី​ផ្ដួល​រំលំ​របប​សាធារណរដ្ឋ​ខ្មែរ នៅ​ក្នុង​ខែ​មេសា ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បាន​ចាត់ទុក​សាសនា​ទាំងអស់​ជា​សត្រូវ​របស់​បដិវត្តន៍។

ជនជាតិ​ចាម ដែល​ធ្លាប់​ជួយ​ខ្មែរក្រហម​ក្នុងអំឡុងពេល​តស៊ូ​ប្រឆាំង​របប​សាធារណរដ្ឋ​ខ្មែរ ក៏​ខ្មែរក្រហម​មិនបាន​ចាត់​ទុក​ពួកគេ​ជា​ជនជាតិ​ពិសេស​អ្វី​នោះ​ទេ​។ ចំពោះ​ខ្មែរក្រហម សាសនា​គឺជា​កម្អែល​នៃ​សង្គមចាស់ ដែល​ធ្វើ​ឱ្យ​ខាតបង់​ពេលវេលា និង​ធនធាន​ឥតប្រយោជន៍​។ លើស​ពីនេះ​ទៀត ខ្មែរក្រហម​យល់ថា សាសនា​គឺជា​ឧបសគ្គ​គំរាម​ដល់​មនោគមវិជ្ជា​កុម្មុយនិស្ត និង​បដិវត្តន៍​ផ្លាស់ប្ដូរ​សង្គម​របស់​ពួកគេ​ដែល​ត្រូវតែ​បំបាត់ចោល។

ចំពោះ​ខ្មែរក្រហម​ដែល​ប្រើ​អំណាច​ផ្ដាច់ការ រាល់​ការជំទាស់​ទៅ​នឹង​បទបញ្ជា​គឺ​ស្មើនឹង​ប្រឆាំង ហើយ​រាល់​ការ​ប្រឆាំង​ត្រូវតែ​បង្ក្រាប​។ ដើម្បី​រក្សា​អត្តសញ្ញាណ​ជាតិ​សាសន៍​របស់​ខ្លួន​ឱ្យ​បន្ត​នៅ​គង់វង្ស ជនជាតិ​ចាម នៅ​ស្រុក​ក្រូចឆ្មារ ខែត្រ​កំពង់ចាម ដែល​បច្ចុប្បន្ន​ជា​ខែត្រ​ត្បូងឃ្មុំ បាន​ងើប​បះបោរ​តវ៉ា​ប្រឆាំង​តប​នឹង ខ្មែរក្រហម យ៉ាងហោចណាស់​បី​ដង នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ​។​

លោក អ៊ីសា អូស្មាន អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​ជា​អ្នកនិពន្ធ​សៀវភៅ​ដែល​មាន​ចំណងជើង​ថា “​ការបះបោរ​របស់​ជន​ជាតិ​ចាម​មាន​ប្រសាសន៍​ថា នៅ​ពេល​នោះ ជនជាតិ​ចាម នៅ​ភូមិ​ស្វាយ​ឃ្លាំង និង​ភូមិ​កោះ​ផល ក្នុងស្រុក​ក្រូចឆ្មារ បាន​ដឹងខ្លួន​ច្បាស់​ថា ពួកគាត់​គ្មាន​ជម្រើស​អ្វី​ផ្សេង​ទេ ក្រៅពី​ប្រឆាំង​តប​នឹង​គោលនយោបាយ​ផ្ដាច់ការ​របស់​ខ្មែរក្រហម។ ដូច្នេះ​មានតែ​ការ​តស៊ូ​តតាំង​ទេ ដែល​ជា​ជ្រើស​ល្អ​នៅពេល​នោះ ដើម្បី​សេរីភាព​សាសនា ទោះបី​ប្រឈម​នឹង​សេចក្ដី​ស្លាប់​ក្ដី​៖ «​ព្រោះ​គេ​ចាប់​ម្ដង​ម្នាក់ៗ​។ អ៊ីចឹង​មុននឹង​គាត់​ស្លាប់ គាត់​ហ៊ាន ជា​ជាង​ដេកចាំ​តែ​គេ​ចាប់​យក​ទៅ​សម្លាប់​។ ម្នាក់ៗ​ហ៊ាន​តតាំង​ជាមួយ​ខ្មែរក្រហម​។ គាត់​ហាម​មិន​ឱ្យ​ខ្មែរ​ចូល​មក​ក្នុង​ភូមិ​របស់​គាត់​។ ពួកគាត់​ចង់​រស់​នៅ​មាន​សេរីភាព​ក្នុង​សហគមន៍​របស់​គាត់»

ខ្មែរ​ក្រហម​មាន​គោលនយោបាយ​មួយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជនជាតិ​ចាម គឺ​បំបាត់​សាសនា ដែល​កើតមាន​ការបះបោរ​នេះ ដូចជា​នៅ​ឆ្នាំ​១៩៧៣ បះបោរ​នៅ​ភូមិ​ទ្រា ស្រុក​ក្រូចឆ្មារ និង​នៅ​ឆ្នាំ​១៩៧៥ មានការ​បះបោរ​ពីរ​កន្លែង​ទៀត គឺ​នៅ​ភូមិ​កោះ​ផល និង​នៅ​ភូមិ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ គឺ​ប្រមាណ​២​អាទិត្យ​បន្ទាប់​ពី​គ្នា។ ជនជាតិ​ចាម​រស់នៅ​ចងក្រង​ជា​សហគមន៍ បង្កើត​ជា​ភូមិ និង​រៀបចំ​រចនាសម្ព័ន្ធ​ភូមិ​នីមួយៗ តាម​បែប​សាសនា មាន​ហាកឹម តួន និង​ភូឈូយ ជាដើម​។ ហើយ​ជនជាតិ​ចាម ដែល​ងើប​បះបោរ​នោះ មាននៅ​ភូម​ស្វាយ​ឃ្លាំង ភូមិ​ទ្រា នៅ​ភូមិ​កោះ​ផល​ក្នុងស្រុក​ក្រូចឆ្មារ​។ ការ​បះបោរ​នៅ​ភូមិ​កោះផល ត្រូវ​បាន​ខ្មែរក្រហម​បង្ក្រាប​ក្លាយ​ទៅជា​ភូមិ​កោះ​ផេះ ដោយសារតែ​ខ្មែរក្រហម​បាន​បាញ់សម្លាប់​បង្ក្រាប​ងើប​តតាំង​បះបោរ ដាវ​កាំបិត តតាំង​ជាមួយ​កាំភ្លើង​របស់​ក្រុម​កម្មាភិបាល​ខ្មែរក្រហម។ អ្នក​ដែល​រង​របួស​ត្រូវ​បាន​ខ្មែរក្រហម​សម្លាប់ចោល ហើយ​អ្នក​ដែល​នៅ​រស់​ត្រូវ​បាន​ជម្លៀស​ឱ្យ​ទៅ​រស់នៅ​តំបន់​ផ្សេងៗ លាយឡំ​ជាមួយ​ជនជាតិ​ខ្មែរ។

អ្នក​រស់រាន​ជីវិត​ពី​ការ​បង្ក្រាប​នៅ​ភូមិ​កោះ​ផល គឺ​លោក សុះ ស្លេះ ឱ្យ​អាស៊ីសេរី​ដឹង កន្លងមក​ថា លោក​នៅចាំ​ថា ស្ថានការណ៍​តានតឹង​ប្រឈមមុខ​ដាក់គ្នា​រវាង​ខ្មែរក្រហម និង​អ្នកភូមិ បាន​កើតឡើង​នៅ​ពេល​ខ្មែរក្រហម​ប៉ុនប៉ង​ដកហូត​គម្ពីរ​កូអាន ពី​អ្នកភូមិ​កោះ​ផល ដែល​ហេតុការណ៍​នោះ បាន​បង្ខំ​ឱ្យ​អ្នកភូមិ​ធ្វើ​សកម្មភាព​រារាំង​មិន​ឱ្យ​ខ្មែរក្រហម​ចូល​មក​ក្នុង​ភូមិ​។ បន្ទាប់មក​ការ​បាញ់​បង្ក្រាប​ទៅលើ​អ្នកភូមិ នៅ​ពេល​នោះ​ក៏​មាន​ការ​ផ្ទុះឡើង​បះបោរ​តបត​ទៅ​នឹង​ខ្មែរក្រហម​វិញ​៖ «ខ្មែរក្រហម​បាន​ទៅ​ប្រជុំ​ក្នុង​ព្រះវិហារ ចង់​ដក​គម្ពីរ​កូអាន ប៉ុន្តែ​អ្នកភូមិ​កោះ​ផល មិន​ព្រម​ឱ្យ​។ គម្ពីរ​កូអាន សំខាន់​ណាស់ ប្រគល់​ទៅ​ហ្នឹង​បាត់​ឈឹង​ហើយ​។ ពេល​ប្រជុំ​នោះ គេ​ប្រាប់​ថា ពេល​ត្រូវ​ទះដៃ ទះដៃ​។ ចាម​គេ​មិន​ទះដៃ​ក្នុង​ព្រះវិហារ ទេ វា​បាប​។ ខ្មែរ​ប្រាប់​ថា កុំ​ជឿ​បាប​ជឿ​អី ជឿ​លើ​អង្គការ។ ពេល​វ៉ៃ​ហ្នឹង​ប្រហែល​កន្លះ​ខែ ភូមិ​កោះ​ផល នៅ​កណ្តាល​ទន្លេ បាញ់​មក​ហ្នឹង ស្លាប់​ច្រើន​ណាស់ ខ្ញុំ​ដើរកាត់​ខ្លោច»

ឯកសារ​ស្រាវជ្រាវ​របស់​លោក អ៊ីសា អូស្មាន បាន​រកឃើញ​ថា ស្ថិតិ​ជនជាតិ​ចាម​រស់នៅ​ប្រទេស​កម្ពុជា នៅមុន​របប​កម្ពុជា​ប្រជាធិបតេយ្យ​មាន​ប្រមាណ​ជា ៦​សែន​នាក់ ហើយ​នៅ​ក្រោយ​ពី​របប​នេះ ដួល​រលំ​ជនជាតិ​ចាម​នៅ​រស់រាន​មានជីវិត​ប្រមាណ​ជា ២​សែន​នាក់ ពោល​គឺ​ជនជាតិ​ចាម​បាត់​ខ្លួន​និង​ខ្មែរក្រហម​សម្លាប់​នៅ​ក្នុង​របប​នេះ​ប្រមាណ ៤​សែន​នាក់។ ឯកសារ​នេះ បាន​បញ្ជាក់ ថា ខ្មែរក្រហម​មានបំណង​លុប​បំបាត់​ចោល​ពូជសាសន៍​ចាម តាម​វិធី ៣​យ៉ាង គឺ​ទី​១ បំបាត់​តាមរយៈ​សម្លាប់​អ្នក​ចេះដឹង​ខាង​សាសនា​ឥស្លាម ទី​២ ការ​ហាម​ប្រាម​មិន​ឱ្យ​ជនជាតិ​ចាម គោរព​ប្រតិបត្តិ​សាសនា និង​ទី​៣ ប៉ុនប៉ង​លុបបំបាត់​អត្តសញ្ញាណ​ជនជាតិ​ចាម តាមរយៈ​ជម្លៀស​ជនជាតិ​ចាម ឱ្យ​ទៅ​នៅ​លាយឡំ​ជាមួយ​ជនជាតិ​ខ្មែរ និង​បង្ខំ​ឱ្យ​បរិភោគ​សាច់​ជ្រូក​ជាដើម។

អ្នក​ចូលរួម​បះបោរ​នៅ​ភូមិ​ស្វាយ​ឃ្លាំង ឃុំ​ស្វាយ​ឃ្លាំង​វិញ ក៏​ធ្លាប់​ឱ្យ​អាស៊ីសេរី​ដឹង​កន្លងមក​ដែរ​ថា ជនជាតិ​ចាម​ងើប​ប្រឆាំង​តតាំង​និង​ខ្មែរក្រហម នៅ​ពេល​នោះ មូលហេតុ​ចម្បង​គឺ​ខ្មែរក្រហម​បំផ្លាញ​វប្បធម៌​សាសនា​ឥស្លាម ដែល​ជា​សាសនា​របស់​ព្រះ​អល់ឡោះ ដែល​ឥសា្លម​សាសនិក​ទាំងអស់​មិន​អាច​បោះបង់​បាន ទោះបីជា​ប្រឈម​នឹង​សេចក្ដី​ស្លាប់​ក៏​ពួកគាត់​មិន​ខ្លាច​ដែរ ដើម្បី​បុព្វហេតុ​សាសនា​៖ «រឿង​ផ្ទុះ​បះបោរ​នោះ ពេលយប់​នោះ គេ​រៀន​អក្ខរកម្ម ពេល​រៀន​ទៅ ខ្មែរក្រហម​មិន​ឱ្យ​រៀន​ទេ ហើយ​គេ​មក​ចាប់​មនុស្ស​២០​នាក់ ដូច្នេះ​យើង​នាំគ្នា​បះបោរ​តែម្ដង រឿង​ហ៊ាន​ងើប​បះបោរ​នេះ គឺ​ដោយសារតែ​យើង​គិត​ថា បើ​យើង​មិន​រើ​ក៏​ងាប់ បើ​យើង​រើ​តបត ក៏​ត្រូវ​ស្លាប់ ហើយក៏​អាច​រស់​ខ្លះ​ដែរ ដូច្នេះ​ហើយ​ទើប​យើង​អាច​ងើប​បះបោរ»

លោក អ៊ីសា អូស្មាន ដែល​លោក​ធ្លាប់​បាន​ផ្ដល់​សក្ខីកម្ម​លើ​សំណុំរឿង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ប្រឆាំង​ជនជាតិ​ចាម​កាលពី​ឆ្នាំ​២០១៦​ដែរ​នោះ លោក​ធ្លាប់​បាន​ស្នើ​ឱ្យ​សាលាក្ដី​ខ្មែរក្រហម ហៅ​មេដឹកនាំ​បច្ចុប្បន្ន លោក ហ៊ុន សែន និង លោក ហេង សំរិន ដែល​ជា​កម្មាភិបាល​ខ្មែរក្រហម ហើយ​លោក​បាន​រក​ឃើញ​ឯកសារ លោក ហ៊ុន សែន និង លោក ហេង សំរិន ជាប់​ទាក់ទង និង​ការ​សម្លាប់​ជនជាតិ​ចាម​នៅ​ក្នុង​របប​ខ្មែរក្រហម​៖ «អ្វី​ដែល​ខ្ញុំ​និយាយ​គឺ​សំអាង​លើ​សាក្សី និង​ឯកសារ​ភស្តុតាង ឈ្មោះ​ដែល​លោក​រៀបរាប់​មិញ​នេះ គឺជា​ថ្នាក់ដឹកនាំ​នៅ​តំបន់២១ ជា​ថ្នាក់ដឹកនាំ​នៅ​មជ្ឈិមបូព៌ា ប៉ុន្តែ​ខ្ញុំ​មិនដែល​ឃើញ​ឯកសារ​មនុស្ស​ទាំង​៤​នាក់​នោះ មាន​សម្ដេច ហ៊ុន សែន ហេង ផង​ហ្នឹង​ថា​សម្លាប់​ចាម​នោះ ខ្ញុំ​មិនទាន់​ទទួល​ព័ត៌មាន​នេះ នៅឡើយ​ទេ ប៉ុន្តែ​អ្នក​ជាប់​ពាក់ព័ន្ធ​ទាំងនេះ នៅ​រស់​រាន​នៅឡើយ​ទេ តុលាការ​អាច​ហៅ​មនុស្ស​ទាំងនេះ​មក​សួរ​បាន»

ក៏ប៉ុន្តែ​ការ​ផ្ដល់​សក្ខីកម្ម​នេះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម លោក និល ណុន បាន​ព្រមាន​លោក អ៊ីសា អូស្មាន ទៅវិញ នៅ​ពេល​លោក បាន​ទាមទារ​ឱ្យ​សាលាក្ដី​កោះហៅ លោក ហ៊ុន សែន និង លោក ហេង សំរិន មក​ផ្ដល់​សក្ខីកម្ម​បន្ថែម ថា​តើ លោក ហ៊ុន សែន និង លោក ហេង សំរិន ពិត​ជាប់​ទាក់ទង​និង​ការ​សម្លាប់​ជនជាតិ​ចាម ដែរ ឬ​យ៉ាងណា​នោះ​?«អ្នក​ជំនាញ​លោក​ត្រឹម​ឆ្លើយ​ត្រឹមតែ​ជំនាញ​របស់​លោក​បាន​ហើយ រឿង​កោះហៅ​ឬ​មិន​កោះហៅ​ជា​សមត្ថកិច្ច​របស់​ចៅក្រម​ជំនុំជម្រះ កុំ​ប្រូប្រាច​ច្រើនពេក លោក​នឹង​ប្រឈម​កាន់តែ​ខ្លាំង​ដោយ​ខ្លួនឯង»

លោក អ៊ីសា អូស្មាន ឱ្យ​ដឹង​ថា ឯកសារ​ដែល​លោក​រក​ឃើញ​គឺ​មាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ៤​នាក់​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​ជនជាតិ​ចាម ក្នុង​នោះ​ក៏​មាន​លោក ហ៊ុន សែន និង លោក ហេង សំរិន ដែរ​៖ «អ្នកស្រាវជ្រាវ​បាន​រក​ឃើញ ឈ្មោះ ហ៊ុន សែន ហ៊ុន សំរិន អ៊ុក ប៊ុនឈឿន សោ ភឹម ជាប់​ពាក់ព័ន្ធ​ការ​សម្លាប់​ជនជាតិ​ចាម ពិសេស​នៅ​ក្នុង​ការបះបោរ ហើយ​ការស្រាវជ្រាវ​របស់ខ្ញុំ ការ​សម្លាប់​ចាម​នេះ គឺ​មានតែ​ថ្នាក់​តំបន់ ថ្នាក់​មជ្ឈិម ដែល​អាច​សម្លាប់​ចាម​បាន ព្រោះ​ថ្នាក់​មូលដ្ឋាន​អត់​មាន​កាំភ្លើង​ក្នុង​ការ​បង្ក្រាប​ទេ»

សហ​ចៅក្រម​ជាតិ និង​អន្តរជាតិ​នៃ​សាលាក្ដី​ខ្មែរក្រហម​មាន​ភាព​ចម្រូងចម្រាស់​ទៅលើ​ការ​កោះហៅ​មន្ត្រី​ជាន់ខ្ពស់​នៃ​របប​លោក​ក្រុងភ្នំពេញ រួម​ទាំង​លោក ហ៊ុន សែន ផង​កាលពី​ឆ្នាំ​២០១៦​។ លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ថា លោក​មិន​ឱ្យ​មន្ត្រី​នៃ​របប​លោក ទៅ​ផ្ដល់​សក្ខីកម្ម​នៅ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​នេះ​ជាដាច់ខាត លោក សុខ ចិត្ត ឱ្យ​សាលាក្ដី​នេះ បរាជ័យ តែ​មិន​ឱ្យ​មន្ត្រី​របស់​លោក​ទៅ​ឆ្លើយ​បំភ្លឺ​ឬ​ផ្ដល់​សក្ខីកម្ម​ទេ រួម​ទាំង​ខ្លួន​លោក​ផង។

ច្បាប់​ស្តីពី​ការ​បង្កើត​សាលា​ក្តី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​មាត្រា​៧ បាន​ចែងថា អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​មានអំណាច​វិនិច្ឆ័យ​ទោស ទៅលើ​ជនសង្ស័យ​ទាំងឡាយ​ណា​ដែល​ទទួលខុសត្រូវ​ខ្ពស់​បំផុត​ក្នុង​ការ​បំផ្លាញ​សម្បត្តិ​វប្បធម៌ យោង​តាម​អនុសញ្ញា​ក្រុង​ឡាអេ​ឆ្នាំ​១៩៥៤ ស្ដីពី​ការ​ការពារ​សម្បត្តិ​វប្បធម៌​ក្នុង​ជម្លោះ​ចន្លោះ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩។

មេដឹកនាំ​ខ្មែរក្រហម ដែល​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​ចោទប្រកាន់​បន្ថែម​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ប្រឆាំង​ជនជាតិ​ចាម និង​វៀតណាម​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ មាន ៤​នាក់​រួមមាន នួន ជា អតីត​ប្រធាន​សភា​តំណាង​ប្រជាជន អៀង សារី អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស អៀង ធីរិទ្ធ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច និង ខៀវ សំផន ប្រធាន​គណៈ​ប្រធាន​រដ្ឋ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles