១៧​មេសា​៤៤​ឆ្នាំ​មុន​៖​ ភ្នំ​ពេញ​ក្លាយ​ជា​ទី​ក្រុង​ស្ងាត់​សូន្យ​ នៅ​គ្រា​ប្រ​ជាជន​ត្រូវ​បាន​បណ្តេញ​ចេញ​ទាំង​បង្ខំ

ដោយ អ៊ឹង ប៊ុនថន
17/04/2019
RFI

media
យោធាខ្មែរក្រហមដៃកាន់កាំភ្លើង ស្រែកគំរាមអ្នកទីក្រុងភ្នំពេញ
@RFI


ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៩​នេះ គឺ​ជា​ខួប​លើក​ទី​៤៤​ឆ្នាំ នៃ​ការ​ឡើង​កាន់​អំណាច​របស់​ពួក​ខ្មែរ​ក្រហម។ ពួក​ខ្មែរ​ក្រហម​ដែល​បាន​បណ្តេញ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ចាក​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ ទៅ​កាន់​ទី​ជន​បទ ធ្វើ​ស្រែ​ចំការ។ ៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ នៃ​ការ​គ្រប់​គ្រង​ដោយ​របប​អាវ​ខ្មៅ​នេះ​ ធ្វើ​ឲ្យប្រជាជន​ស្លាប់​ជាង​១.៧​លាន​នាក់ ដោយ​​សារ ការ​សម្លាប់ ការ​បង្អត់​អាហារ និង​អំពើ​ឃោរឃៅ​ផ្សេងៗ​ទៀត។

ថ្ងៃនេះ កាលពី៤៤ឆ្នាំមុន ទីក្រុង​ភ្នំពេញ​ត្រូវបាន​ក្លាយជាទីក្រុងស្ងាត់សូន្យ ក៏ព្រោះតែ​កង​ទ័ព​របស់​ខ្មែរ​ក្រហម បានរាំងខ្ទប់​មិន​ឲ្យ​ប្រជាជនដែលទៅលេង​ស្រុក​កំណើតក្នុងឱកាលបុណ្យ​ចូលឆ្នាំថ្មី ​វិល​ចូល​ទីក្រុងភ្នំពេញវិញ។ នៅគ្រានោះហើយ ដែល​កង​ទ័ព​ខ្មែរ​ក្រហម​បាន​ប្រកាសពីជ័យជំនះរបស់​ខ្លួន​លើ​របប​សាធារណៈ លន់ នល់ ដែលគាំទ្រ ដោយ​សហរដ្ឋអាមេរិក។

ឧបករណ៍បំពងសំឡេង​របស់ពួក​ខ្មែរ​ក្រហម ត្រូវបាន​ចាក់​យ៉ាងកង​រំពង​ពេញ​ទីក្រុង​និងទីប្រជុំជន ដែល​ស្ថានីយ​វិទ្យុនិងទូរទស្សន៍របស់​រដ្ឋ​ត្រូវបានខ្មែរ​ក្រហម​ចូល​កាន់​កាប់។

​១៧​មេសា ឆ្នាំ១៩៧៥ គឺជាថ្ងៃដែលកងទ័ព​សាធារណរដ្ឋ​ខ្មែរ​របស់ សេនាប្រមុខ លន់ នល់ លើក​ទង់ជ័យ​ស ព្រម​ចុះចាញ់​ពួកខ្មែរក្រហម។ រីឯ​ប្រជាជន​ដែលនៅសេសសល់ក្នុង​ទីក្រុង​ទាំងអស់ត្រូវបានបញ្ជាឲ្យ​ចេញមក​ស្វាគមន៍​ការចូល​មកដល់​របស់​កងទ័ព​ខ្មែរក្រហម​ដែល​ពាក់​ឈុតខ្មៅ អាយុត្រឹម១៦ ទៅដល់​១៧​ឆ្នាំ ដៃកាន់​អាវុធ​ អាកា ៤៧ គ្រាប់បែក និង ស្ពាយ បេ​ មានទឹក​មុខមាំ​បានប្រកាស​ឲ្យ​ប្រជាជន​ចេញពី​ទីក្រុង ២ ទៅ​៣​ថ្ងៃ និងមិនឲ្យ​យក​សម្ភារៈ​ទៅតាមខ្លួន​ច្រើនប៉ុន្មាន​ទេ។ ពេលនោះ ប្រជាជន​ខ្មែរជាច្រើនមាន​សង្ឃឹមថា ប្រទេសជាតិ​នឹងមានសុខ​សន្តិភាព ព្រោះ​កងទ័ព​ខ្មែរក្រហម​​កាលណោះ​ស្ថិតក្រោម​រដ្ឋាភិបាល​ដែលមាន​សម្តេច​សីហនុ​ជា​ប្រមុខ​​។
ប៉ុន្តែមិនយូរប៉ុន្មានក្តីសង្ឃឹមមួយនេះបានរលាយសូន្យសុង នៅគ្រាដែលប្រជាជនក្នុងទីក្រុង ត្រូវបានពួកខ្មែរ​ក្រហម​បណ្តេញចេញទាំងបង្ខំទៅកាន់ទីជនបទឲ្យធ្វើស្រែចំការដោយប្រើជាកំលាំងអូសទាញដូចសត្វពាហនៈ។

ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ ក្តី​រំពឹង​ចំពោះ​របប​ថ្មី​ដែល​កើត​ចេញ​ពី​បដិវត្ត​របស់​ខ្មែរ​ក្រហម​ថា ​នឹង​នាំឱ្យ​ពួក​គេទទួល​បាន​ការ​រីក​ចម្រើន​មហាលោត​ផ្លោះនោះ​ បាន​ប្រែក្លាយ​ទៅ​ជា​រលាយ​សូន្យ​សុង​ និង​មាន​ការ​កាប់​សម្លាប់​យ៉ាង​រង្គាល​។​ ជា​បន្ត​បន្ទាប់​ ប្រជាជន​ណា​ដែល​ដើរ​ចេញពី​ទី​ក្រុង​ភ្នំពេញ​យឺត​ត្រូវ​កងទ័ព​ខ្មែរ​ក្រ​ហាម​បាញ់​សម្លាប់ចោល​​នៅតាម​ផ្លូវ​។ ប្រជាជន​ខ្លះ​ដែល​ចាស់ជរា​បាន​ដួល​ឈឺ​ដេករ​ណូ​ក​រណែល​តាមផ្លូវ សូម្បី​អ្នកជំងឺ​ដែល​ដើរ​មិន​រួច​នោះ​ក៏ត្រូវ​បង្ខំចិត្តលួន​ចេញពី​មន្ទីរពេទ្យ​ផងដែរ។

​ក្រៅពី​ជម្លៀស​មនុស្ស​ចេញពី​ក្រុង ខ្មែរក្រហម​បាន​លុបចោល​រាល់​កម្មសិទ្ធិឯកជន ហើយ​រូបី​យ​វត្ថុ​ជាតិ​ត្រូវគេ​បោះបង់ ធនាគារជាតិ​រង​ការបំផ្លិចបំផ្លាញ​មិន​ដំណើការ​ឡើយ​។ ទីតាំង​រោងចក្រ​ឧស្សាហកម្ម​វិញ​នោះ​ត្រូវគេ​បោះបង់ចោល គ្មាន​ឡើយ​កម្ម​សិទ្ធ​ឯកជន ព្រោះ​គ្រប់យ៉ាង​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់រ​ដ្ឋ​។ វត្ត​អា​រ៉ា​ម​ដែល​ធ្លាប់ជា​កន្លែង​សក្ការៈបូជា​តាមបែប​ព្រះពុទ្ធសាសនា​នោះ​ត្រលប់​ទៅ​កន្លែង​ចិញ្ចឹម​ជ្រូក ហើយ​ព្រះសង្ឃ​ត្រូវ​ខ្មែរក្រហម​ចាប់​ផ្សឹក​និង​ធ្វើទុក្ខបុកម្នេញ​ឬ​សម្លាប់​ផង​ក៏មាន​។

តុល្យការ​នៃការ​កាន់​អំណាច​រយៈ​ពេល​៣ឆ្នាំ ៨ខែ និង​២០​ថ្ងៃ​របស់​ខ្មែរ​ក្រហម គឺ​បាន​ធ្វើ​ឲ្យ​ស្លាប់​ប្រជាជន​ខ្មែរ​ជាង​១.៧លាន​នាក់ ទៅ​២.២​លាន​នាក់ ដោយ​ការ​សម្លាប់ ការ​បង្អត់​អាហារ ជំងឺ និង​អំពើ ​ឃោឃៅ​ផ្សេងៗ​ទៀត​៕

What Next?

Recent Articles

One Response to "១៧​មេសា​៤៤​ឆ្នាំ​មុន​៖​ ភ្នំ​ពេញ​ក្លាយ​ជា​ទី​ក្រុង​ស្ងាត់​សូន្យ​ នៅ​គ្រា​ប្រ​ជាជន​ត្រូវ​បាន​បណ្តេញ​ចេញ​ទាំង​បង្ខំ"

  1. Anonymous says:

    ខ្មែរក្រហមធ្វើនយោលីលា យកពលរដ្ធទៅសម្លាប់ ឬ ក៍អោយធ្វើជាងសត្វធាត រហូតដល់អស់ខ្មែរស្លាប់ ជឹតកន្លះនរគ។

Leave a Reply

Submit Comment