កម្ពុជា​បន្តធ្លាក់​ចុះ​ផ្នែក​សេរីភាព​សារព័ត៌មានក្នុង​ឆ្នាំ២០១៩


|
https://www.vodhotnews.com

រូបភាពពី​គេហទំព័រ​របស់​អង្គការ RSF

អង្គការ​អ្នក​សារព័ត៌មានគ្មាន​ព្រំដែន ​(RSF) ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​ក្នុងលំដាប់​លេខ​១៤៣​សម្រាប់​សេរីភាពសារព័ត៌មាន​ប្រចាំ​ឆ្នាំ២០១៩ ក្នុង​ចំណោម​ប្រទេស​១៨០ក្នុង​ពិភពលោក។

យោងតាម​របាយការណ៍ស្តីពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ២០១៩ ដែល​ចេញ​ដោយ​អង្គការ​ RSF នៅ​ថ្ងៃ​ព្រហស្បត្តិ៍ ទី​១៨ ខែ​មេសា ឆ្នាំ​២០១៩ អង្គការ​ដែលមានមូលដ្ឋាន​នៅ​ប្រទេស​បារាំង​នេះ បាន​ដាក់​ចំណាត់​ថ្នាក់ប្រទេសកម្ពុជា​លេខ​១៤៣ ដោយ​ទទួល​បាន​ពិន្ទុ៤៥.៩០។ យោងតាម​ពិន្ទុនេះ​ធ្វើ​ឲ្យ​ប្រទេសកម្ពុជា​បន្តធ្លាក់​ចុះ​មួយលេខ​ទៀត​បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១៨ ដែល​ត្រូវ​បាន​ចាត់​ចំណាត់​ថ្នាក់​លេខ​១៤២។ សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេសកម្ពុជា​បានធ្លាក់​ចុះ​ជាបន្ត​បន្ទាប់ក្នុង​រយៈ​​ពេល​៣ឆ្នាំចុងក្រោយនេះ។ អង្គការ RSF​ បាន​ដាក់​ចំណាត់​ថ្នាក់ប្រទេសកម្ពុជា​លេខ​១៣២ក្នុង​ឆ្នាំ​២០១៧ក្នុង​ចំណោម​១៨០ប្រទេស។ ​

ក្នុងរបាយការណ៍​របស់ខ្លួន RSF បាន​កត់សំគាល់​អំពីភាព​ស្ងៀម​ស្ងាត់​នៅក្នុងការ​បោះឆ្នោត​ឆ្នាំ២០១៨​ ក្រោយ​ពេល​ស្ថានីយ៍វិទ្យុ​ប្រមាណជា​៣០​ត្រូវ​បាន​បិទ​កាលពី​ចុង​ឆ្នាំ២០១៧។ របាយការណ៍ក៏បានកត់​ត្រា​បញ្ចូល​នូវ​ការ​បង្ខំ​ឲ្យ​បិទ​ទ្វា​កាសែតខេមបូឌាដេលី និងការ​ផ្លាស់ប្តូរ​ម្ចាស់​សារព័ត៌មានភ្នំពេញប៉ុស្តិ៍។

របាយការណ៍​ដដែល​បាន​សរសេរថា «ជាលទ្ធផល​នៃការ​បោសសំអាតនេះ ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ពេល​បច្ចុប្បន្នអាច​ត្រឹម​តែ​ទទួលបាន​ព័ត៌មានដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​សំខាន់​ៗមួយចំនួន​ដែលត្រូវ​បាន​ភ្ជាប់​ទំនាក់ទំនងទៅ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន ដូចជាភ្នាក់​ងារ​ព័ត៌មាន​អនឡាញ Fresh News ដែលជា​ប្រព័ន្ធ​ឃោសនាការ​របស់​រដ្ឋាភិបាល។»

របាយការណ៍ដដែល​កត់សំគាល់ដែរ​ថា មានតែ​សំឡេង​ប្រជាធិបតេយ្យ ​(Voice of Democracy) ដែល​បន្ទាប់ពីការ​បិទ​ស្ថានីយ៍វិទ្យុ បានព្យាយាម​បន្ត​វត្តមាន​របស់ខ្លួន​ជា​មួយនឹង​បណ្តាញ​អ៊ិនធើណិត។​

ប្រទេស​បី​ដែលទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​ជាង​គេ​ក្នុងពិភពលោក​គឺ​ប្រទេស​ន័រវ៉ែស (Norway) ហ្វាំងឡង់ ​(Finland) ជាប់ចំណាត់​ថ្នាក់លេខ២ និង​ប្រទេស​ស៊ុយអែត (Sweden) ជាប់ចំណាត់​ថ្នាក់លេខ៣។​ ប្រទេស​កូរ៉េខាងជើង​​ដែល​ស្ថិតនៅ​ទ្វីអាស៊ី​ជាប់​ចំណាត់​ថ្នាក់​លេខ​១៧៩លើ​១៨០ប្រទេស​។ ​ប្រទេស​ចិន​ដែល​នៅជាប់គ្នា​នោះជាប់​ចំណាត់ថ្នាក់លេខ​១៧៧ និង​ប្រទេសវៀតណាម​ដែលស្ថិតនៅ​ជាប់​ព្រំដែន​ខាងកើ​តប្រទេសកម្ពុជា​ជាប់ចំណាត់​ថ្នាក់​លេខ​១៧៦៕​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles