តើ​មេរៀន​អ្វី​ខ្លះ​ ​ដែល​កម្ពុជា​ ​គួរ​រៀន​សូត្រ ដើម្បី​ចៀសវាង​កុំ​ឲ្យ​របប​ខ្មែរ​ក្រហម​ ​កើត​មាន​ឡើង​សា​ជា​ថ្មី​ក្នុង​សង្គម​ខ្មែរ?

ដោយ មាន ឫទ្ធិ
2019-04-18
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សិស្សានុសិស្ស នៃ​វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង វេទិកា​ថ្នាក់​រៀន​លើក​ទី៣៥ ស្ដីពី​ការ​ផ្ដល់​ចំណេះ​ដឹង​បន្ថែម​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ដែល​ផ្ដល់​មន្ត្រី​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។ ហ្វេសប៊ុក Genocide Education in Cambodia
សិស្សានុសិស្ស នៃ​វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង វេទិកា​ថ្នាក់​រៀន​លើក​ទី៣៥ ស្ដីពី​ការ​ផ្ដល់​ចំណេះ​ដឹង​បន្ថែម​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ដែល​ផ្ដល់​មន្ត្រី​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។ ហ្វេសប៊ុក Genocide Education in Cambodia


របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ក្រុម​ខ្មែរ​ក្រហម​ ត្រូវ​បាន​បញ្ចប់​ជាង​ ៤ទសវត្ស​ទៅ​ហើយ​។ ​របប​នេះ​ ​បាន​បន្សល់​ទុក​នូវ​សោកនាដកម្ម​ធំធេង​ដល់​ប្រជាជាតិ​ខ្មែរ​ និង​កេរ​ដំណែល​ប្រវត្តិសាស្ត្រ ដែល​គ្មាន​ខ្មែរ​ណា​ម្នាក់​អាច​បំភ្លេច​ចោល​បាន​នោះ​ឡើយ។ ​តើ​មេរៀន​សំខាន់ៗ អ្វី​ខ្លះ ដែល​កម្ពុជា​គួរ​រៀន​សូត្រ ដើម្បី​ចៀសវាង​កុំ​ឲ្យ​របប​នេះ​វិល​ត្រឡប់​មក​កើត​មាន​ឡើង​សា​ជា​ថ្មី​ក្នុង​សង្គម​ខ្មែរ​សព្វ​ថ្ងៃ​ ​និង​នា​ពេល​អនាគត​នោះ?

អ្នក​ដែល​បាន​ហែល​ឆ្លងកាត់​របប​ខ្មែរ​ក្រហម​ យល់ឃើញ​ផ្សេងៗ គ្នា​ជុំវិញ​រឿងរ៉ាវ​ និង​ហេតុផល​ផ្សេងៗ ដែល​បាន​ជំរុញ​ឲ្យ​របប​នេះ​ ​អាច​ឡើង​មក​កាន់​អំណាច​បាន កាល​ពី​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ១៩៧៥។ ក៏​ប៉ុន្តែ អ្វី​ដែល​ពួក​គេ​យល់ស្រប​គ្នា​នោះ​គឺ គ្មាន​ខ្មែរ​ណា​ម្នាក់​ចង់​ឃើញ​របប​ដូចគ្នា​នេះ​វិល​ត្រឡប់​មក​គ្រប់គ្រង​ ​និង​លង​បន្លាច​កម្ពុជា​សា​ជា​ថ្មី​ឡើង​វិញ​នោះ​ឡើយ។

លោក​ ​កែវ​ ឌួង ​អ្នកនិពន្ធ​កម្មវិធី​តាម​ទូរស័ព្ទ​ដៃ​ ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​ នៃ​មជ្ឈមណ្ឌល​បុប្ផា​ណា ​ថ្លែង​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរី​ ​នៅ​​​ថ្ងៃ​ទី១៦ ​មេសា​ថា មេរៀន​សំខាន់ៗ ចំនួន៤ ​ដែល​លោក​យល់​ថា ពលរដ្ឋ​ខ្មែរ​ទូទៅ​ ​និង​អ្នក​នយោបាយ​ ​គួរ​រៀន​សូត្រ​ពី​របប​នេះ​ ​និង​គួរ​ជៀសវាង​។ ​មេរៀន​ទាំងនោះ រួម​មាន ការ​អនុវត្ត​គោល​នយោបាយ​ដោយ​ពុំ​បាន​គិត​ពី​ផល​ប៉ះពាល់​ អវត្តមាន​ប្រព័ន្ធ​ច្បាប់​តាម​រយៈ​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​អំពើ​ជ្រុល​និយម​ និង​ការ​យក​អ្នក​មិន​ចេះ​ទៅ​គ្រប់គ្រង​អ្នក​ចេះ៖ «ទី​មួយ​ ​យើង​ឃើញ​ថា​ ​ទោះ​បី​ជា​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​មាន​គោលដៅ​ល្អ​យ៉ាង​ណា​ក៏​ដោយ​ ​ប៉ុន្តែ​ដោយសារ​ការ​អនុវត្ត​នូវ​គោល​នយោបាយ​របស់​ខ្លួន អត់​បាន​គិត​ពី​ផល​ប៉ះពាល់​នេះ ជា​ចំណុច​មួយ​សំខាន់ ដែល​យើង​គួរ​រៀន​សូត្រ។ ចំណុច​ទី​ពីរ គឺ​អវត្តមាន​នូវ​នីតិរដ្ឋ​ ​ឬ​ក៏​ផ្លូវ​ច្បាប់​។ ​ការ​សម្លាប់​ក្រៅ​ច្បាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ គឺជា​ផល​ប៉ះ​ពាល់​មួយ​សំខាន់​ណាស់ យើង​ឃើញ​សូម្បី​តែ​នៅ​ហ្វីលីពីន ដែល​ចោទ​ប្រកាន់​អ្នក ដែល​ជក់​គ្រឿងញៀន​ ឬ​ជួញដូរ​គ្រឿងញៀន​ផង​ក៏​ត្រូវ​បាន​គេ​សម្លាប់។ នេះ​ក៏​គឺ​ជា​ការ​សម្លាប់​ក្រៅ​ច្បាប់ ដែល​ជា​រឿង​មិន​ល្អ​ទៅ​ហើយៗ ទម្រាំ​តែ​ប្រទេស​កម្ពុជា​ទាំងមូល​ទៅ​ទៀត។ មាន​ផ្សេងៗ ទៀត​ ​យើង​ឃើញ​ការ​ប្រើ​ប្រជាជន​នៅ​តាម​ថ្នាក់​ក្រោម ដូច​ជា​យក​អ្នក​អត់​ចេះ​ទៅ​គ្រប់គ្រង​អ្នក​ចេះ​ទៅ​វិញ គំនិត​ជ្រុល​និយម​ជា​ដើម​ហ្នឹង​ ​គឺ​ជា​កត្តា​ចម្បង​ដែល​នាំឲ្យ​មាន​ផល​ប៉ះ​ពាល់ ដែល​យើង​គួរ​រៀន​សូត្រ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​នេះ»

លោក​ ​កែវ​ ​ឌួង​ បន្ត​ថា​ ​ក្រៅពី​នោះ​ តាម​រយៈ​ការ​បង្កើត​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ​ការ​ដាក់​បញ្ចូល​នូវ​មេរៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​ ​ការ​បង្កើត​កម្មវិធី​ទូរស័ព្ទ​ ស្ដីពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​ និង​ការ​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ​សង្គម​ស៊ីវិល​នានា ​ក៏​ចូល​រួម​ចំណែក​ និង​ផ្ដល់​ឱកាស​ឲ្យ​មនុស្ស​ខ្មែរ​ជំនាន់​ក្រោយ​ ​អាច​សិក្សា​ស្វែង​យល់​បាន​ច្រើន​បន្ថែម​ទៀត​ពី​របប​នេះ។

អ្នក​ដែល​បាន​ហែល​ឆ្លង​របប​ខ្មែរ​ក្រហម​ម្នាក់​ទៀត​ ​បណ្ឌិត​ លី ​សុខ​ឃាង​ នាយក​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា យល់​ឃើញ​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ​អប់រំ​អំពី​បរិបទ​ខ្មែរ​ក្រហម នឹង​ផ្ដល់​សារ​ដាស់​តឿន​ដល់​មនុស្ស​ជំនាន់​ក្រោយ​ថា រាល់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ទម្រង់​ណា​ក៏​ដោយ គឺ​ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​ពី​សំណាក់​អ្នក​ប្រព្រឹត្តិ៖ «អ្វី​ដែល​យើង​ទាញ​ផលប្រយោជន៍​ចេញ​អំពី​ប្រវត្តិសាស្ត្រ​របស់​យើង​ ​គឺ​ថា​យើង​ប្រើប្រាស់​ការអប់រំ។ ការ​អប់រំ​ហ្នឹង​ហើយ​ដែល​យើង​បាន​បង្កើត​នូវ​លំហ​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​មួយ​ដើម្បី​ជជែក​ទៅលើ​ហេតុការណ៍​ដែល​ប្រទេស​កម្ពុជា​យើង​បាន​ឆ្លងកាត់។ លំហ​ហ្នឹង​ហើយ​ដែល​យើង​បង្កើត​ឲ្យ​មាន​បង្កើត​ឲ្យ​មាន​ការ​ពិភាក្សា​អំពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ជំនាន់​ខ្មែរ​ក្រហម។ វា​ហាក់​ដូច​ជា​សារ​មួយ​ប្រាប់​មនុស្ស​ជំនាន់​ក្រោយ​ថា បើ​សិន​ជា​ធ្វើ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ទម្រង់​បែប​ណា​មួយ​ ការ​ទទួល​ខុស​ត្រូវ​នឹង​កើត​មាន​នៅ​ក្នុង​សង្គម ឬ​ក្នុង​បរិបទ​មនុស្សជាតិ»

រីឯ​អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម​ ​និង​ជា​អ្នកវិភាគ​នយោបាយ​ ​បណ្ឌិត​ ​មាស​ នី ​យល់​ថា​ ​មេរៀន​ចំនួន​ ៣ ​ដែល​ខ្មែរ​គួរ​រៀន​សូត្រ និង​ជៀស​វៀង​មិន​ត្រូវ​អនុវត្ត​តាម​របប​ខ្មែរ​ក្រហម​នោះ គឺ​ថ្នាក់ដឹកនាំ​រដ្ឋ​មិន​ត្រូវ​យក​ពលរដ្ឋ​ខ្លួន​ឯង​ធ្វើ​ជា​សត្រូវ​ ​មិន​ត្រូវ​បំផ្លាញ​ចោល​ធនធាន​មនុស្ស​ខ្លួន​ឯង និង​មិន​ត្រូវ​លើក​ទ័ព​ទៅ​វាយ​ប្រទេស​ជិត​ខាង​ដោយ​ខ្វះ​ការ​ពិចារណា​ជា​មុន​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ដែល​អាច​ធ្លាក់​ចូល​ក្នុង​អន្ទាក់​របស់​បរទេស។ បណ្ឌិត មាស នី បន្ត​ថា បញ្ហា​សំខាន់​មួយ​ទៀត ដែល​មិន​ថា មេ​ដឹក​នាំ​ខ្មែរ ឬ​ពលរដ្ឋ​ខ្មែរ​ទូទៅ​ ​ចាំបាច់​ត្រូវ​រៀន​សូត្រ​នោះ គឺ​មិន​ត្រូវ​ចំណាយ​ពេល​បង្ក​ទំនាស់​រវាង​ខ្មែរ និង​ខ្មែរ​គ្នា​ឯង​នោះ​ទេ ជា​ពិសេស​តាម​រយៈ​ការ​បង្កើត​ជម្លោះ​បែងចែក​វណ្ណៈ និង​គម្លាត​ខ្លាំង​រវាង​អ្នក​មាន និង​អ្នក​ក្រ​នោះ​ទេ៖ «របៀប​ ​ឬ​យុទ្ធសាស្ត្រ​ដែល​ខ្មែរ​ក្រហម​ធ្វើ​ពេល​នោះ គឺ​ទី​មួយ​ការ​បង្កើត​នូវ​វប្បធម៌​មួយ​ ​គឺ​វប្បធម៌​បង្ក​ជម្លោះ​រវាង​ខ្មែរ​គ្នាឯង​ ​ធ្វើ​ឲ្យ​មើល​មុខ​គ្នា​មិន​ចំ​ រវាង​អ្នក​មាន​ ​និង​អ្នក​ក្រ​រវាង​បញ្ញវន្ត ​នឹង​អ្នក​ដែល​មិន​មាន​ការ​អប់រំ។ រឿង​សំខាន់​មួយ​ទៀត​នោះ គឺ​ការបែងចែក​រវាង​ប្រជាជន​ថ្មី​ ​និង​ប្រជាជន​ចាស់។ ខ្ញុំ​គិត​ថា​ រឿងរ៉ាវ​មួយ​ចំនួន​នៃ​វប្បធម៌​ដែល​ធ្វើ​ឲ្យ​បង្វិល​ខ្មែរ​ឲ្យ​មក​ឈ្លោះ​ ​ឬ​មក​បង្ក​ជម្លោះ​រវាង​គ្នា​ឯង​ ​គឺ​ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ​ ​គឺ​នៅ​បន្សល់​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃ​ហ្នឹង​ឯង។ នេះ​ជា​រឿង ដែល​កូន​ខ្មែរ​គួរ​ចងចាំ»

បណ្ឌិត​ ​មាស​ នី ​ពន្យល់​បន្ត​ថា ការ​ប្រើ​យុទ្ធសាស្ត្រ​បំបែកបំបាក់​ខ្មែរ​គ្នាឯង​ជា​ជាង​ការ​ធ្វើ​ឲ្យ​មាន​ក​ឯកភាព​ជាតិ​ ​គឺ​ជា​ចំណុច​ខ្សោយ​មួយ​របស់​របប​ខ្មែរ​ក្រហម​ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​របប​នេះ​ ងាយ​នឹង​ទទួល​នូវ​ការ​បរាជ័យ​យ៉ាង​ឆាប់​រហ័ស។ លោក​ថា មិន​ត្រឹមតែ​ប៉ុណ្ណោះ ឥទ្ធិពល​របស់​យុទ្ធសាស្ត្រ​នេះ​ ​មិន​បាន​បិទ​បញ្ចប់​ទៅ​ជាមួយ​នឹង​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​នេះ​ឡើយ​ តែ​បាន​អូស​បន្លាយ​ ​ពង្រីក​ឥទ្ធិពល និង​ផ្ដល់​ផល​វិបាក​ ធ្វើ​ឲ្យ​ខ្មែរ​កាន់​តែ​បែក​បាក់​គ្នា​រឹត​តែ​ខ្លាំង​ឡើង​ ​ជា​បក្ស​ជា​ពួក​ខ្មែរ​ច្រើន​ក្រុម​បន្ថែម​ទៀត។ លោក​ព្រមាន​ក្រុម​ខ្មែរ​អ្នក​ប្រជាធិបតេយ្យ​ឲ្យ​ចេះ​រៀន​សូត្រ​ដក​ស្រង់​បទ​ពិសោធន៍​ពី​ប្រវត្តិសាស្ត្រ​មួយ​នេះ​ ​ដោយ​មិន​ត្រូវ​ឈ្លោះ​គ្នា​ឥត​ឈប់ឈរ​នោះ​ឡើយ៖ «​នេះ​ហើយ​ ​គឺ​មិន​ខុសគ្នា​អី​ពី​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​យើង​សព្វ​ថ្ងៃ​ ​គឺ​ថា​ ​កើតឡើង​មក​មួយ​ ​បើ​មាន​បី​នាក់​ ​គឺ​ឈ្លោះ​គ្នា​ទាំង​បី។ នេះ​ជា​កេរ​ដំណែល​មួយ​ដែល​ខ្ញុំ​គិត​ថា​ ​យុវជន​ជំនាន់​ក្រោយ​គួរតែ​នាំគ្នា​រៀន​សូត្រ ​ហើយ​ទាំង​អ្នក​នយោបាយ​ផង​ដែរ​ ​បើសិនជា​យើង​ចង់​ឲ្យ​ខ្មែរ​ខ្លាំង​នៅ​ក្នុង​ពេល​អនាគត​ ​គឺ​ចៀសវាង​ធ្វើ​ម៉េច​ ​កុំ​ប្រើ​យុទ្ធសាស្ត្រ​ ដើម្បី​បំបែកបំបាក់​ខ្មែរ​គ្នាឯង​នៅ​ខាងក្នុង​ ​ឬ​បង្ក​ឲ្យ​មាន​ទៅ​ជា​ជម្លោះ​ផ្ទៃក្នុង​ ​ចៀស​ជាង​ការ​បង្កើត​ឲ្យ​មាន​នូវ​ការ​សាមគ្គីភាព​ ​ទើប​យើង​មាន​តម្លៃ។ តែ​បើ​យើង​នៅ​តែ​បន្ត​ឈ្លោះ​គ្នា​ឯង​នោះ​ ​យើង​កុំ​សង្ឃឹម​ថា ប្រទេស​ជិត​ខាង​គេ​ឲ្យ​តម្លៃ​នោះ»

បន្ថែម​ពីលើ​ការយល់ឃើញ​ និង​អនុសាសន៍​របស់​បណ្ឌិត​ ​មាស​ នី ​ពី​ខាងលើ​នេះ​ ​បណ្ឌិត​ ​អៀ ​សុផល​ ​អ្នក​ជំនាញ​ខាង​កិច្ចការ​អន្តរជាតិ​ ​ប្រាប់​អាស៊ី​សេរី​តាម​សារ​អេឡិចត្រូនិក​ថា​ ​មាន​ចំណុច​សំខាន់​មួយ​ចំនួន​ ​ដែល​ខ្មែរ​គួរ​រៀន​សូត្រ​ពី​បទពិសោធន៍​ពី​របប​ខ្មែរ​ក្រហម​នេះ​។ ​ក្នុង​វិស័យ​កិច្ចការ​បរទេស​ លោក​ថា​ ​មេរៀន​ដែល​ត្រូវ​រៀន​នោះ​ ​គឺ​មិន​ត្រូវ​ដាក់​កម្រិត​ ​ចំពោះ​ការ​រាប់អាន ​ឬ​មិន​ធ្វើ​ទំនាក់ទំនង​ជាមួយ​បរទេស​ណា​មួយ​នោះ​ឡើយ​ ​ព្រោះ​ថា​ ប្រសិន​បើ​ធ្វើ​ដូច្នេះ​ ​ការ​ចាប់​យក​ប្រទេស​ចិន​តែ​មួយ​ ​មិន​មែន​ជា​ជម្រើស​ល្អ​នោះ​ឡើយ។ ក្នុង​វិស័យ​ការពារ​ជាតិ​វិញ​ ​លោក​ថា​ ​កម្ពុជា​មិន​ត្រូវ​ជ្រុល​ផុង​ខ្លួន​ ​លើក​ទ័ព​ទៅ​វាយប្រហារ​ប្រទេស​ជិតខាង​នោះ​ឡើយ​ ​ព្រោះ​ទីបំផុត​ទៅ​ ​នឹង​រង​ការ​លើក​ទ័ព​ឈ្លានពាន​ពី​ប្រទេស​នោះ​វិញ​ ​ជាក់​ស្ដែង ​គឺ​ករណី​ជាមួយ​ប្រទេស​វៀតណាម​តែ​ម្តង។ ​ទាក់ទង​នឹង​វិស័យ​សេដ្ឋកិច្ច​ លោក​ពន្យល់​ថា​ ​ការ​រឹតត្បិត​ជំនួញ​ជាមួយ​ពិភពលោក​ ​ការលុបចោល​ប្រាក់កាស​ចាយវាយ និង​ទ្រព្យ​សម្បត្តិ​ឯកជន ​គឺជា​ទស្សន​អាក្រក់​បំផុត​នៃ​របៀបរបប​គ្រប់គ្រង​ប្រទេស ​ដែល​ត្រូវ​ចៀសវាង។ ចំណុច​ចុង​ក្រោយ​ ​លោក​ថា​ ​ការ​បំផុស​ឲ្យ​មាន​មនោសញ្ចេតនា​ស្រលាញ់​អតីតកាល​រុងរឿង​ហួសហេតុ​របស់​ចក្រភព​ខ្មែរ​ ​អាច​ជា​គំនិត​យល់​ខុស​ ​នៅ​ពេល​ដែល​អ្នក​ដឹក​នាំ​ ​បង្ខំ​ឲ្យ​ពលរដ្ឋ​ខ្លួន​ឯង ​ធ្វើ​ឲ្យ​ដូច​សម័យ​កាល​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles