អង្គការ លីកាដូ​ កំពុង​តាម​ដាន​​ករណី​​អតីត​​មន្ត្រី​ក្រុមប្រឹក្សា​​បក្ស​​ប្រឆាំង ដែល​​ត្រូវ​ជន​មិន​ស្គាល់​មុខ​​គប់​ដប​ស្រា

ដោយ ទីន ហ្សាការីយ៉ា
2019-04-18
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​គណបក្សប្រឆាំង​លោកស្រី ស ចាន់ឌី។ រូបថត​ពី ហ្វេសប៊ុក​លោកស្រី ស ចាន់ឌី
អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​គណបក្សប្រឆាំង​លោកស្រី ស ចាន់ឌី។ រូបថត​ពី ហ្វេសប៊ុក​លោកស្រី ស ចាន់ឌី


អង្គការ​សិទ្ធិ​លីកាដូ (Licadho) ស៊ើបអង្កេត​ករណី​ជនសង្ស័យ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​សមាជិក​ក្រុមប្រឹក្សា​ពី​បក្ស​ប្រឆាំង​ម្នាក់​នៅ​ភ្នំពេញ បណ្ដាល​ឱ្យ​របួស។ ការ​ស៊ើបអង្កេត​ដោយសារតែ​អង្គការ​លីកាដូ ទទួល​បាន​ពាក្យ​បណ្តឹង​ពី​អតីតមន្ត្រី​បក្ស​ប្រឆាំង និង​ជា​ជនរងគ្រោះ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ឱ្យ​ដឹង​ថា អង្គការ​លីកាដូ​កំពុងតែ​ស្រាវជ្រាវ​ករណី​ជនសង្ស័យ​ប្រើប្រាស់ ដប​ស្រា​បៀរ​វាយប្រហារ​លើ​មន្ត្រី​បក្ស​ប្រឆាំង ដើម្បី​ស្វែងយល់​ពី​មូលហេតុ និង​តាមដាន​ការអនុវត្ត​សំណុំរឿង​របស់​សមត្ថកិច្ច ថា​តើ​ស៊ើបអង្កេត ឬ​ធ្វើការ​ងារ​នេះ​ដល់​ណា​ហើយ? លោក​ឱ្យ​ដឹង​ទៀត​ថា អតីត​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ជន​មិន​ស្គាល់​មុខ​គប់​ដប​ស្រា បណ្ដាល​ឱ្យ​របួស​នៅតែ​ភាព​ខ្លាច​ព្រោះ​មាន​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​ឆ្វែល​ជុំវិញ​ផ្ទះ​លោកស្រី​ជា​ញឹកញាប់៖ «តើ​សមត្ថកិច្ច​ចាត់វិធានការ​ដល់​ណា​ហើយ​ទាក់ទង​ការប្រើប្រាស់​អំពើ​ហិង្សា​នេះ ហើយ​មួយទៀត​គាត់​(​លោកស្រី ស ចាន់ឌី) ក៏​មាន​ការភ័យខ្លាច​ពី​សុវត្ថិភាព​ដែរ គាត់​ថា មនុស្ស​ចម្លែក​នៅមុខ​ផ្ទះ​និង​តាម​ដាន​សកម្មភាព​គាត់​ជាដើម»

លោក អំ សំអាត បន្តថា លោកស្រី ស ចាន់​ឌី បាន​ដាក់​ពាក្យ​បណ្តឹង​កាលពីដើម​ខែ​មេសា គឺ​ក្រោយពេល​លោកស្រី​ត្រូវ​គេ​គប់​ដប​ស្រា និង​បន្ទាប់ពី​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន។

អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ លោកស្រី ស ចាន់ឌី ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​ជិះ​ម៉ូតូ​យក​ដប​ស្រា​បៀរ​គប់​ទៅលើ​លោកស្រី​បណ្ដាល​រងរបួស​កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា។ លោកស្រី ស ចាន់ឌី ធ្លាប់​ឱ្យ​អាស៊ីសេរី​ដឹង​ថា ក្នុង​ពេល​លោកស្រី​កំពុង​ឈរ​នៅមុខ​ផ្ទះ​មាន​យុវជន​ពី​នាក់​ជិះ​ម៉ូតូ​គ្មាន​ស្លាក​លេខ​ម៉ាក​ហុងដា​គ្លីក (Honda Click) ពណ៌​ស យក​ដប​ស្រា​ចំនួន​បី​ដប​គប់​ចំ​ដៃ​និង​ឆ្អឹងជំនី​បណ្ដាល​ឱ្យ​លោកស្រី រង​បួស​ជាំ​ហើយ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ទៅ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ លោកស្រី ស ចាន់ឌី ដើម្បី​បញ្ជាក់​បន្ថែម​ពី​រឿង​នេះ បាន​នៅឡើយ​ទេ​នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល។

ទាក់ទង​បញ្ហា​សន្តិសុខ​សុវត្ថិភាព​នេះ​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹម​ខឿន ប្រាប់​អាស៊ីសេរី​ថា ក្រោយ​សមត្ថកិច្ច​ទទួល​ពាក្យ​បណ្តឹង ពេលនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​ជន​បង្ក​មក​ទទួលទោស៖ «តាម​ដែល​ខ្ញុំ​ដឹង​គឺ​ក្រុម​ក្មេង​ជា​គប់​ឥឡូវ​យើង​កំពុង​ស្រាវជ្រាវ​ករណី​ហ្នឹង»

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ដែល​ជា​អតីត​ប្រធាន ក្រុមការងារ​របស់​លោក​ស្រី ស ចាន់ឌី ឱ្យ​អាស៊ីសេរី​ដឹង​ថា ក្រៅពី​ដាក់ពាក្យ​ប្តឹង​ទៅ​អង្គការ​លីកាដូ លោក ស្រី សចាន់ឌី ក៏បាន​ប្តឹង​ទៅ​អង្គការ​សិទ្ធិមនុស្ស​ផ្សេងទៀត និង​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ការិយាល័យ​ឧត្ដមស្នងការ​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​ដើម្បី​អាច​ទទួល​បាន​ការ​អន្តរាគមន៍​ឬ​ការ​ឃ្លាំមើល​ករណី​នេះ​។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន នៅ​ក្រៅ​ប្រទេស​រូប​នេះ​មិនសូវ​មាន​ជំនឿ​ថា​សមត្ថ​កិច្ច​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​របប​ក្រុងភ្នំពេញ​អាច​ការពារ​ឬ​វែកមុខ​ជន​ប្រព្រឹត្ត​ឃើញ​លើ​ករណី​នេះ​ឡើយ៖ «សង្ឃឹមថា​អង្គការ​ក៏ដូចជា​អាជ្ញាធរ​រដ្ឋ​ត្រូវតែ​មាន​យន្តការ​ឃ្លាំមើល​និង​អន្តរាគមន៍​ទាក់ទង​បញ្ហា​រំលោភបំពាន​លើ​ករណី​ហិង្សា​នេះ»

នៅ​រយៈ​ចុងក្រោយ​សកម្មជន និង​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ជន​មិន​ស្គាល់​បង្ក​របួស​ស្នាម​ជា​បន្ត​ត​បន្ទាប់ លោក ហ៊ុន សែន ក៏​ធ្លាប់​ព្រមាន​តាម​កម្ទេច​គណ​បក្ស​ប្រឆាំង​បន្ថែម​ទៀត។

លោក អំ សំអាត ឱ្យ​ដឹង​ទៀត​ថា នៅ​រយៈពេល​ពីរ​ខែ​ចុងក្រោយ​នេះ អង្គការ​លីកាដូ​ទទួល​បាន​ពាក្យ​បណ្ដឹង​បាន ១០​ពី​អតីតមន្ត្រី​គណបក្សប្រឆាំង​និង​អ្នក​ធ្វើការងារ​សង្គម​ពី​ការព្រមាន​និង​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​ពួកគេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles