ជនជាតិ​ដើម​ភាគតិច​នៅ​មណ្ឌលគិរី​ប្ដេជ្ញា​តវ៉ា​រឿង​មេភូមិ​ចាស់​ដែល​ត្រូវ​គេ​ដូរ​ដោយ​គ្មាន​មូលហេតុ

ដោយ ហេង រស្មី
2019-04-21
RFA

ផែនទី​​​ខេត្ត​មណ្ឌលគិរី (Photo: RFA)
ផែនទី​​​ខេត្ត​មណ្ឌលគិរី (Photo: RFA)


ជនជាតិ​ដើម​ភាគតិច​ជាង ១០០​គ្រួសារ រស់នៅ​ឃុំ​រយ៉ ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី ព្រមាន​ថា នឹង​លើកគ្នា​តវ៉ា​ជាថ្មីទៀត ប្រសិនបើ​អាជ្ញាធរ​ឃុំ មិន​ដោះស្រាយ​ការ​សំណូមពរ​របស់​ពួកគេ ដែល​សុំ​កុំ​ឱ្យ​ផ្លាស់ប្ដូរ​មេភូមិ​នោះ​ទេ។ កាល​ពី​ពេល​ថ្មីៗ​នេះ អ្នកភូមិ​ជាង ២០​នាក់ បាន​ធ្វើ​ដំណើរ​ទៅ សាលាស្រុក​កោះ​ញែក និង​សាលា​ឃុំ​រយ៉ រយៈពេល ២​ថ្ងៃ​ជាប់​គ្នា បំណង​ស្នើ​ឱ្យ​អាជ្ញាធរ​បង្ហាញ​មូលហេតុ​ច្បាស់លាស់ ករណី​ផ្លាស់ប្ដូរ​មេភូមិ​មេមុំ។ ពួកគេ​អះអាង​ថា មេភូមិ​ថ្មី ដែល​អាជ្ញាធរ​ទើប​តែងតាំង​នោះ ធ្លាប់​មាន​រឿងអាស្រូវ លក់​ដី​ព្រៃ​ដោយ​ខុសច្បាប់ អស់​ជាច្រើន​ហិកតារ។

ជនជាតិ​ដើម​ភាគតិច​ព្នង​ជាង ២០​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ជាង ១​រយ​គ្រួសារ រស់នៅ​ភូមិ​មេមុំ ឃុំ​រយ៉ ស្រុក​កោះញែក នៅ​ថ្ងៃ​ទី២១ មេសា ប្ដេជ្ញា​ថា ពួកគេ​នឹង​បន្ត​ទាមទារ ឱ្យ​អាជ្ញាធរ​ឃុំ ពិចារណា​រឿង​នេះ​ឡើងវិញ។

តំណាង​ជនជាតិ​ដើម​ភាគតិច រស់នៅ​ភូមិ​មេមុំ លោក គឹម ដុម ឱ្យ​ដឹង​ថា ការតែងតាំង​មេភូមិ​ថ្មី ធ្វើឡើង​ដោយ​ស្ងាត់ៗ មិន​បាន​ផ្តល់​ដំណឹង​ឱ្យ​អ្នកភូមិ​ដឹង​នោះ​ទេ​។ លោក​ចោទ​ប្រកាន់​ថា មេភូមិ​ថ្មី​ដែល​អាជ្ញាធរ​ឃុំ​តែងតាំង​នោះ មាន​ជាប់​ពាក់ព័ន្ធ ការ​លក់​ដី​ព្រៃ​រាប់​សិប​ហិកតារ ដោយ​ខុសច្បាប់ នៅ​ភូមិ​រយ៉លើ ឧបសម្ពន្ធ​ភូមិ​មេមុំ។ លោក​បារម្ភ​ថា ពលរដ្ឋ​ជាង ២​រយ​គ្រួសារ​គ្រោង​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ បង្កើត​សហគមន៍​ការពារ​ព្រៃឈើ​មាន​ផ្ទៃដី​ជាង ២​ពាន់​ហិកតារ​ឋិត​នៅ​ភូមិ​មេមុំ បំណង​អភិរក្ស​ធនធានធម្មជាតិ​បន្សល់​ចុងក្រោយ ក៏ប៉ុន្តែ​ផែនការ​នេះ អាច​នឹង​រាំងស្ទះ ប្រសិនបើ​មេភូមិ​ថ្មី គ្មាន​ឆន្ទៈ​ការពារ​ព្រៃឈើ​ដូច​មេភូមិ​ចាស់​នោះ​ទេ។ លោក​បញ្ជាក់​ថា ពលរដ្ឋ​រាប់​រយ​គ្រួសារ នឹង​លើកគ្នា​តវ៉ា​ទៀត ប្រសិនបើ​អាជ្ញាធរ​ឃុំ​មិន​ដោះស្រាយ​ការ​ទាមទារ​របស់​ពួកគេ​នោះ​ទេ៖ «ដល់​មេភូមិ​ថ្មី ពួក​ខ្ញុំ​អត់​ចូលចិត្ត​អីចឹង​។ គាត់​ដូរ​ថ្មី​យើង​អត់​ដឹង​ចរិត​គាត់​អីចឹង កន្លែង​គាត់​ដីធ្លី​អី កន្លែង​ពួកគាត់​លក់​អស់ នៅ​ដី​ពួក​ខ្ញុំ​អី​នៅ។ ដី​សហគមន៍​ពួក​ខ្ញុំ​ចង់​ធ្វើ (​អភិរក្ស​) ដល់​ដូរ​មេភូមិ​ថ្មី ខ្លាច​គេ​មិន​ឱ្យ​ធ្វើ​។ ពួក​ខ្ញុំ​តវ៉ា ខ្លាច​យក​ដីធ្លី​ពួក​ខ្ញុំ​ខំ​ថែ និង​ខំ​មើល ដី​ដែល​គ្រោង​បង្កើត​សហគមន៍»

ថ្មីៗ​នេះ ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​រយ៉ លោក ពិល ដិត បាន​សម្រេច​ផ្លាស់ប្ដូរ​មេភូមិ​មេមុំ លោក តោន ក្រេះ ដោយ​ដាក់​ជំនួស លោក ផាន់ មឿន ជា​មេភូមិ​មេ​មុំ​ថ្មី។

អាស៊ីសេរី​មិន​អាច​ទាក់ទង មេភូមិ​មេមុំ​ថ្មី លោក ផាន់ មឿន ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​អាទិត្យ ទី​២១ មេសា។

មេភូមិ​មេមុំ​ចាស់ ដែល​ត្រូវ​អាជ្ញាធរ​ដកចេញ​ពី​តំណែង គឺ​លោក តោន ក្រេះ មាន​ប្រសាសន៍ថា ការ​ដក​ដំណែង​លោក​នេះ អាជ្ញាធរ​ឃុំ​មិនបាន​បង្ហាញ​មូលហេតុ​ច្បាស់លាស់​នោះ​ទេ ហើយ​លោក​ក៏​មិនបាន​ប្រព្រឹត្ត​កំហុស​ដែរ​។ លោក​សង្ស័យ​ថា មេភូមិ​ថ្មី លោក ផាន់ មឿន អាច​នឹង​សូកប៉ាន់​ប្រាក់​ជាច្រើន ដើម្បី​ធ្វើជា​មេភូមិ​៖ «ខ្ញុំ​ថា ខ្ញុំ​មិន​ខឹង​ទេ គេ​ដក​ព្រោះ​យើង​ធ្វើការ​ជាមួយគ្នា​យូរ​ឆ្នាំ​ហើយ ប៉ុន្តែ កុំ​ឱ្យ​យក​អា​អ្នកលក់​ដី​ច្រើន​ទៅ​ធ្វើ​ដើមទុន ដើម្បី​សូកប៉ាន់​មេឃុំ ហើយ​មេឃុំ​ទម្លាក់​យើង​ចោល។ កាប់​ទន្ទ្រានព្រៃ​ខ្លួនឯង យក​ដើម​ទុក​ធ្វើ​មេភូមិ ពលរដ្ឋ​គេ​ខឹង​អីចឹង»

ចំណែក​មេ​ឃុំ​រយ៉ លោក ពិល ដិត បដិសេធ​ថា មេភូមិ​ថ្មី ដែល​ទើប​តែងតាំង មិន​ជាប់​ពាក់ព័ន្ធ​លក់​ដី​ព្រៃ​ខុសច្បាប់​នោះ​ទេ​។ លោក​ថា ការ​ផ្លាស់ប្ដូរ​មេភូមិ​ថ្មី ធ្វើឡើង​ត្រឹមត្រូវ​តាមច្បាប់ ដោយមាន​ការ​ចង្អុលបង្ហាញ​ពី​ថ្នាក់លើ ខណៈ​ដែល​មេភូមិ​ចាស់​អសមត្ថភាព​ធ្វើ​ការងារ និង​មិន​គោរព​វិន័យ​រដ្ឋបាល។ លោក​បញ្ជាក់​ថា ការ​ទាមទារ​របស់​ពលរដ្ឋ គឺជា​ទង្វើ​មិន​សម​ហេតុផល និង​ប្រើ​សិទ្ធិ​ហួស​ដែល​កំណត់៖ «ច្បាស់​ជា​អត់​ហើយ អនុវត្ត​តាម​គោលការណ៍​អត់​មាន​បុគ្គល​ណា រៀបចំ​អី​ណា។ បើ​យើង​អនុវត្ត​តាម​ពួកគាត់​មិនបាច់​អនុវត្ត​ច្បាប់​ទេ មិនបាច់​ធ្វើ​ច្បាប់​ក៏បាន​ដែរ អនុវត្ត​តាម​ពលរដ្ឋ តាម​ចំណង់​ទៅ»

អាស៊ីសេរី​ព្យាយាម​ទាក់ទង អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី លោក ចឹង សុចិន្ថា ដើម្បី​សុំ​អធិប្បាយ​ជុំវិញ​ការ​តវ៉ា​របស់​ពលរដ្ឋ មិន​ទាន់​បាន​នៅឡើយ​ដែរ​នៅ​ថ្ងៃ អាទិត្យ ទី២១ មេសា។

ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ​/​សង្កាត់ ចែងថា មេឃុំ​មាន​សិទ្ធិ​ផ្លាស់ប្ដូរ​មេភូមិ ដោយ​ត្រូវ​បង្ហាញ​មូលហេតុ​ច្បាស់លាស់ ទី​១ យោង​តាម​ពលរដ្ឋ​ប្ដឹង ទី​២ មេភូមិ​មិន​គោរព​វិន័យ​រដ្ឋបាល ទី​៣ អស់​កាយសម្បទា និង​ទី៤ មេភូមិ​មរណភាព។ លើស​ពី​នេះ មេឃុំ​មាន​សិទ្ធិ​កោះ​ប្រជុំ សមាជិក​ក្រុម​ប្រឹក្សាឃុំ អនុម័ត​តែងតាំង មេភូមិ​ថ្មី ដោយ​យក​សំឡេង​ភាគច្រើន។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក អ៊ាង ម៉េងលី យល់ថា ការ​តវ៉ា​របស់​ពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ ដោយ​មិន​ត្រូវ​រារាំង និង​ហាមឃាត់ ឬ​គំរាមកំហែង​នោះ​ទេ។ លោក​ថា ការ​ទាមទារ​របស់​ពលរដ្ឋ អាជ្ញាធរ​ខេត្ត គួរតែ​ស៊ើបអង្កេត​ឱ្យ​ស៊ីជម្រៅ​រឿង​នេះ និង​ត្រូវ​បង្ហាញ​មូលហេតុ​ច្បាស់លាស់ ករណី​ផ្លាស់ប្ដូរ​មេភូមិ​ថ្មី ថា​តើ ត្រឹមត្រូវ​តាម​ក្របខ័ណ្ឌ​ច្បាប់​ឬទេ? «»

ភូមិ​មេមុំ របស់​ឃុំ​រយ៉ ស្រុក​កោះញែក មាន​ពលរដ្ឋ​រស់នៅ​ជាង ២​រយ​គ្រួសារ (២២៣) ភាគច្រើន​ជា​ជនជាតិ​ដើម​ភាគតិច ព្នង និង​ជនជាតិ​ដើម​ភាគតិច​ថ្មន។ កាល​ពី​មុន​ឆ្នាំ២០១០ ភូមិ​នេះ​ហ៊ុមព័ទ្ធ​ដោយ​ព្រៃស្រោង និង​ព្រៃឈើ ផ្ដល់​ម្លប់​បៃតង​ស្ទើរ​គ្រប់​តំបន់ ក៏ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដើមឈើ​ធំៗ​ត្រូវ​គេ​កាប់​ចោះ​ធ្វើ​អាជីវកម្ម​អស់ទាំង​ស្រុង បន្សល់​ដើមឈើ​តូចៗ​មិនទាន់​មានតម្លៃ​អាច​ប្រើប្រាស់​បាន ហើយ​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ​មួយ​ផ្នែក​ធំ ត្រូវ​គេ​ឈូសឆាយ​ហ៊ុមព័ទ្ធ​ជា​សម្បត្តិ​បុគ្គល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles