អាមេរិក-ចិន វាយប្រហារ​គ្នា​ទៅវិញ​ទៅមក​ជុំវិញ​ទំនាក់​ទំនងពាណិជ្ជកម្មជាមួយកម្ពុជា​


|
https://www.vodhotnews.com

មេដឹកនាំអាមេរិក​លោក ដូណាល់ ត្រាំ និង លោក ស៊ី ជីនពីង ជួបគ្នាកាលពីថ្ងៃទី៨ខែកក្កដា ឆ្នាំ២០១៧ ក្រៅជំនួប G20 នៅក្នុងប្រទេសអាល្លឺម៉ង់ (រូបពី AFP)

អាមេរិក និងចិន ដែលជាប្រទេសមហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​១ និងទី២​ ​ប្រើ​​​ពាក្យសម្តី​វាយប្រហារ​គ្នា​ទៅវិញ​ទៅមកជុំវិញ​ទំនាក់​ទំនង​ពាណិជ្ជកម្មរវាងប្រទេស​ទាំងពីរជាមួយកម្ពុជា។

វាមិនមែនជាលើកទី១ទេនៅក្នុងឆ្នាំ២០១៩នេះដែល​ប្រទេសមហាអំណាចទាំងពីរ​ឌឺដងផ្លែផ្កាឲ្យគ្នា​ជុំ​វិញ​បញ្ហាកម្ពុជា។ កាលពីខែកុម្ភៈកន្លងទៅ អាមេរិក បានលើកឡើងថា​ក្រុម​ខ្មែរ​ក្រហម​បាន​ពឹង​ផ្អែក​យ៉ាង​ងប់ងល់​ទៅ​លើ​មហា​អំណាច​ធំ​មួយដែល​សំដៅ​ដល់​ប្រទេស​ចិន។ ជាការឆ្លើយតប ភាគីចិន​ បាន​រំលឹកថា​ ​រដ្ឋប្រហារ​ដែល​នាំ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​ភ្លើង​សង្រ្គាម​រ៉ាំរ៉ៃ​អស់​រយៈពេល​យ៉ាង​យូរ​នោះ​មិន​មាន​ទំនាក់​ទំនង​អ្វី​នឹង​សហរដ្ឋ​អាមេរិក​ទេ ប៉ុន្តែ​មាន​ទាក់ទង​នឹង​ «CIA» របស់​អាមេរិក​។

ស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំកម្ពុជា​ បាន​សរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់​ខ្លួន​កាលពីថ្ងៃ​ទី​១៩ ខែមេសា ថា​ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំងទៅខាងប្រទេសចិន។

ស្ថានទូតសហរដ្ឋអាមេរិក សរសេរបន្តថា៖ «​ប្រហែល៨៧% នៃទំនិញដោះដូរគ្នាគឺជាទំនិញនាំចូលមកពីប្រទេសចិន ដែលមិនជួយដល់ការធ្វើឲ្យ​មានការងារឬជួយដល់ឧស្សាហកម្មដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជាជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ។»

ជាការឆ្លើយតបស្ថានទូតចិនប្រចាំកម្ពុជា បាន​សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា​អាមេរិកកំពុងតែ​បង្កបញ្ហាម្តងទៀតជាមួយនឹងអ្វី​ដែល​គេហៅថាឱនភាពពាណិជ្ជកម្ម។ ស្ថានទូតចិនទទួលស្គាល់ថា​កម្ពុជាពិតជាបាន​នាំចូលនូវ​វត្ថុធាតុដើម និងគ្រឿងម៉ាស៊ីន​វាយនភ័ណ្ឌយ៉ាងច្រើន​សម្រាប់​ប្រើប្រាស់​ក្នុងវិស័យកាត់ដេរ ហើយ​នាំចេញ​ផលិតផលសម្រេច​ទៅ​កាន់​ប្រទេសផ្សេងៗទួទាំងសកលលោកដែលក្នុងនោះក៏មាន​អាមេរិក និងសហភាព​អឺរ៉ុប​ផងដែរ។

ស្ថានទូតចិនប្រចាំកម្ពុជា បាន​លើកឡើងផងដែរថាទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ គឺមិនមែនត្រឹមតែដើម្បីពាណិជ្ជកម្មនោះឡើយ។ ភាគីចិន ក៏បានរំលឹក​ពីការ​រួម​ចំណែក​របស់ខ្លួន​ក្នុងការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ននៅ​កម្ពុជារាប់​តាំង​ពី​ស្ពាន ផ្លូវ​ និង​ទំបន់​វារី​អគ្គិសនី​ជាដើមហើយដាក់ជាសំណួរត្រលប់​ទៅ​អាមេរិក​វិញ​ថា​ប្រទេសនេះបាន​ជួយអ្វីខ្លះដល់កម្ពុជា​។

ស្ថានទូតមហាអំណាចកុម្មុយនីស្តមួយនេះបាន​សរសេរលើទំព័រហ្វេសប៊ុករបស់​ខ្លួន​យ៉ាងដូច្នេះថា៖« អ្វីដែលគួរឲ្យកត់សម្គាល់គឺប្រទេសចិនបានកសាងផ្លូវចំនួន៣១ខ្សែ និងស្ពានចំនួន ៨ សម្រាប់ប្រទេសកម្ពុជាដែលមានប្រវែងសរុបជាង ៣,០០០គីឡូម៉ែត្រ។ចុះតើសហរដ្ឋអាមេរិកវិញធ្លាប់បានជួយធ្វើអ្វីខ្លះដល់កម្ពុជាសម្រាប់វិស័យមួយនេះ? ចិនបានជួយកសាងស្ថានីយ៍វារីអគ្គិសនីទាំងអស់នៅកម្ពុជា (ស្មើនឹង៨០%នៃសមត្ថភាពផលិតថាមពលអគ្គិសនី ដែលមានដំណើរការនៅកម្ពុជា)។ ចុះតើសហរដ្ឋអាមេរិកបានធ្វើអ្វីខ្លះដែរ?»។

គិត​ត្រឹម​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៨​ ចិន​ ជា​ម្ចាស់​បំណុល​ធំ​បំផុត​របស់​​កម្ពុជា​ ដែល​មាន​ចំនួន​ដល់​ទៅ​ជិត ៧​ពាន់​លាន​ដុល្លារ​ ឬ​​បាន​កាន់​កាប់​ចំណែក​បំណុល​កម្ពុជា​ដល់​ទៅ​ជាង ៤២​ភាគរយ ក្នុង​ចំណោម​បំណុល​សរុប​ដែល​កម្ពុជា​ជំពាក់​បរទេស។

អ្នក​ជំនាញ​កិច្ច​ការអន្តរជាតិ​និងសារ​ព័ត៌មានដែល​មាន​និន្នាការ​ទៅ​លោក​ខាង​លិច​​មួយ​ចំនួន​តែងតែលើកឡើងថា​​ការ​ផ្ដល់​ប្រាក់​កម្ចីរបស់​ចិន​​ដល់​ប្រទេស​មួយ​ចំនួនមាន​លក្ខណៈជាអន្ទាក់បំណុល​​ ហើយចិនប្រើវា​ដើម្បីពង្រីក​ឥទ្ធិពលរបស់ខ្លួន។ ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំងតែងតែ បដិសេធចោល​រាល់​ការ​ចោទប្រកាន់​ទាំងនេះ។

​​អ្នក​ជំនាញ​គោល​នយោបាយ​ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ការទូតនិង​កិច្ចការ​ពិភពលោក​នៃ​មហា​វិទ្យាល័យ Occidental សហ​រដ្ឋ​អាមេរិកលោក អៀ សុផល បាន​ថ្លែងប្រាប់​វី.អូ.ឌី ថា​ អ្វីដែលស្ថានទូតអាមេរិក សរសេរលើទំព័រហ្វេសប៊ុក​របស់​ខ្លួនគឺ​គ្រាន់​តែចង់​បង្ហាញឲ្យឃើញ​​ពីការជៀសវាងនិងការព្រងើយកន្តើយរបស់​អាជ្ញាធរ​កម្ពុជានិងចិន ក្នុងការ​និយាយពីទំហំ​នៃពាណិជ្ជកម្ម​រវាងប្រទេស​ទាំង​ពីរ។ លោកបន្តថា​ ចិននឹងក្លាយ​ជាដៃគូពាណិជ្ជកម្ម​ទី១របស់កម្ពុជាជាមួយនឹង​ទឹក​ប្រាក់​រាប់​ពាន់លាន ប៉ុន្តែវា​​មានន័យ​តិចតួចណាស់សម្រាប់កម្ពុជាដោយសារតែ​ ពាណិជ្ជកម្មនេះភាគច្រើនចិននាំចូលកម្ពុជា។

លោកបន្ថែមថា៖ «​គ្មានប្រទេសណាមួយរីកចម្រើន​ដោយសារតែមានគោល​នយោបាយសេដ្ឋកិច្ចផ្អែកលើការនាំចូល​នោះទេ។ មាន​តែសេដ្ឋកិច្ច​តម្រង់​ទិស​បែបនាំចេញ​តែប៉ុណ្ណោះ ទើបនាំមកនូវការអភិវឌ្ឍន៍»។

ជាមួយគ្នានេះបើតាម​អ្នក​ជំនាញ​គោល​នយោបាយរូបនេះ ​ចិន ក​៏​កំពុងប្រើឱកាស​ដើម្បីកេង​ចំណេញ​តាមរយៈការផ្ដល់​កម្ចិីឲ្យកម្ពុជាក្នុងការសាងសង់​ហេដ្ឋារចនាសម្ព័ននានាដែល​មានតម្លៃថ្លៃ។ លោក អៀ សុផល យល់ថាក្នុងស្ថានភាព​បច្ចុប្បន្ននេះ កម្ពុជាគួរតែពិនិត្យមើលឡើងវិញនូវគោលនយោបាយ​សេដ្ឋកិច្ចរបស់ខ្លួននិងផ្លាស់ប្តូរទិសដៅពីកន្លែងដែលខ្លួនកំពុងធ្វើដំណើរឆ្ពោះទៅ​ ដើម្បី​នាំមកនូវសិទ្ធិមនុស្សនិងប្រជាធិបតេយ្យមកវិញ​។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បាន​សរសេរ​នៅបណ្ដាញ​ទំនាក់​ទំនងសង្គម​តេលេក្រាម កាលពីម្សិលមិញ​ថា​ដោយសារកម្ពុជាជាប្រទេសតូចនិងមានប្រជាជនតិចត្រឹមតែ​១៥ទៅ​ ១៦លាននាក់​ទំហំពាណិជ្ជកម្មនៅ​តិច បេីប្រៀបធៀបនឹងប្រទេសចិនដែលជាមហាប្រទេសដែលមានទំហំធំនិងមានប្រជាជនជាង១៥០០​លាននាក់ទើប​កម្ពុជាមិនអាចរកតុល្យភាពពាណិជ្ជកម្មជាមួយប្រទេសនេះបាន​​ ។

លោក សុខ ឥសាន សរសេរបន្តថា៖ «តែក្នុងនាមជាមហាប្រទេសនិងជាមហាមិត្តរបស់កម្ពុជា​ ប្រទេសចិនបានជួយកម្ពុជាឲ្យមានការរីកចម្រេីនលេីគ្រប់វិស័យ ​ហេដ្ឋាសម្ព័ន្ធ ​ផ្លូវថ្នល់ ​ស្ពាន ​អគារសណ្ឋាគារ​ សំណង់ធំៗ ​សាលារៀន​ មន្ទីរពេទ្យ​ ទំនប់វារីអគិ្គសនីច្រេីនកន្លែង។ មានការដាក់ទុនវិនិយោគលេីគ្រប់វិស័យ ជាពិសេសវិស័យកាត់ដេរដែលនាំឲ្យយុវជនខ្មែរមានការងារធ្វេីរាប់លាននាក់​ កែប្រែជីវភាពរស់នៅដល់ក្រុមគ្រួសាររាប់លាននាក់នៅទូទាំងប្រទេស​។»

ទោះយ៉ាងណាក៏ដោយអ្នកពាក្យបក្សកាន់​អំណាចរូបនេះបាន​បញ្ជាក់ថា សម្រាប់ប្រទេសដទៃនៅលេីសកលលោក​ក៏កម្ពុជាមានគោលនយោបាយយកជាមិត្តទាំងអស់ដោយ​ឈរលេីមូលដ្ឋានគោរពឯករាជ្យ ​អធិបតេយ្យភាព បូរណភាពទឹកដី និងមិនលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នា​ជាដើម​។

យោងតាមរបាយការណ៍របស់ការិយាល័យស្ថិតិសហរដ្ឋអាមេរិក នៅឆ្នាំ២០១៧ ប្រទេសនេះ បាននាំទំនិញ​ចូល​ពីប្រទេសកម្ពុជាមានតម្លៃជាទឹកប្រាក់​ជាង៣០៦៦​លានដុល្លាខណៈដែល​ប្រទេសនេះនាំចេញ​ទៅកម្ពុជាមាន​ប្រមាណ​តែ​ជាង៤០០លាន​ដុល្លាប៉ុណ្ណោះ។

ដោយឡែកបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងឆ្នាំ២០១៧ កម្ពុជាបាន​នាំ​ចូល​ទំនិញ​ពីចិនមានតម្លៃ​ជាទឹកប្រាក់​សរុប​ជាង៥២៨៦លានដុល្លា។​ រីឯតម្លៃទឹក​ប្រាក់ដែល​កម្ពុជានាំទំនិញ​ចេញ​ទៅចិន​មាន​​ជាង​៧៥៣លានដុល្លា។

ទោះយ៉ាងណាក្តី អំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ប្រទេស​ចិន​កាល​ពី​ខែមករា  លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អះ​អាង​ថា រូប​លោកផ្ទាល់ និងប្រធានាធិបតី​ចិន លោក ស៊ី ជិនភីង បានប្ដេជ្ញា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឲ្យ​ដល់​ចំនួន ១០​ពាន់​លាន​ដុល្លារ​នៅ​ត្រឹម​ឆ្នាំ​២០២៣​ខាង​មុខ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "អាមេរិក-ចិន វាយប្រហារ​គ្នា​ទៅវិញ​ទៅមក​ជុំវិញ​ទំនាក់​ទំនងពាណិជ្ជកម្មជាមួយកម្ពុជា​"

  1. Anonymous says:

    WOW….. HUN SEN is so smart he can make his sad nation facing world’s problem. in the near future we can see what going on. all I knew was world community will not accept CHINA take over the shout CHINA sea. the big question is about what going to happen in this region????? if ww3 happen it will be not even an ant can be alive. this massage is for all ACHESS in Cambodia.