រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ថា ទូត​អាមេរិក​ផ្សាយ​ព័ត៌មាន​មិន​ពិត​ករណី​ពាណិជ្ជកម្ម​កម្ពុជា​ចិន

ដោយ ថន ថារ៉ូ
2019-04-21
RFA

លោក ខៀវ កាញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន (រូប៖ ក្រសួងព័ត៌មាន)
លោក ខៀវ កាញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន (រូប៖ ក្រសួងព័ត៌មាន)


ក្រោយ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ក្រុងភ្នំពេញ បង្ហោះ​សារ​មួយ​កាលពី​ថ្ងៃទី​១៩ ខែ​មេសា ដោយ​លើកឡើង​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ចិន បាន​ផ្ដល់​ផល​ចំណេញ​ខ្លាំង​ទៅ​ឱ្យ​ខាង​ភាគី​ប្រទេស​ចិន​នោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដោយ​និយាយ​មិន​ចំ​ឈ្មោះ​ដាក់​ផ្លែផ្កា​ឱ្យ​អាមេរិក​ថា ជា​អ្នក​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត។ លោក ខៀវ កាញារីទ្ធ បាន​លើកឡើង​នៅ​ក្នុង​សារ​ដែល​បង្ហោះ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​នេះ​ថា ប្រហែល​មានតែ​នៅ​ស្រុក​ខ្មែរ​ទេ ដែល​ស្ថានទូត​មួយ​បញ្ចេញ​ដំណឹង​ក្លែងបន្លំ (fake news) វាយប្រហារ​ប្រទេស​ម្ចាស់​ផ្ទះ​ផង វាយប្រហារ​ប្រទេស​មួយទៀត​ដែល​ខ្លួន​មាន​ទំនាក់ទំនង​ស្ថានទូត​ជាមួយ​ផង។ លោក​និយាយ​ក្នុង​ន័យ​ឌឺដង​ឱ្យ​អាមេរិក​ថា មាន​តែ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ទេ​ដែល​បាន​បង្កើត​ការងារ​នៅ​ស្រុក​ខ្មែរ តែ​អាមេរិក​ភ្លេច​បង្ហាញ​រឿង​មួយ​ដ៏​សំខាន់​នៅ​ក្នុង​សេដ្ឋកិច្ច​ផង​ដែរ នោះ​គឺ​ទំហំ​វិនិយោគ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ​តើ​មាន​ប៉ុន្មាន? លោក ខៀវ កាញារីទ្ធ បន្ត​ទៀត​ថា កម្ពុជា​មានតែ​ចង់​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រប់​ប្រទេស ពិសេស​ជាមួយ​សហរដ្ឋអាមេរិក តែ​មនុស្ស​ខ្លះ​ប្រឹង​ដុត​កម្លោច​ទំនាក់ទំនង​នេះ ព្រោះតែ​ភាព​អគតិ​របស់​ខ្លួន​ទៅវិញ។

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៩ ខែ​មេសា បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​លើកឡើង​ថា ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​ប្រទេស​កម្ពុជា តែ​ទំនាក់ទំនង​ពាណិជ្ជកម្ម​នេះ​ចំណេញ​ខ្លាំង​ទៅ​ខាង​ប្រទេស​ចិន។ សារ​របស់​ស្ថានទូត​បន្ត​ទៀត​ថា ប្រហែល ៨៧% នៃ​ទំនិញ​ដោះដូរ​គ្នា​គឺជា​ទំនិញ​នាំចូល​មកពី​ប្រទេស​ចិន ដែល​មិន​ជួយ​ដល់​ការ​ធ្វើ​ឱ្យ​មាន​ការងារ ឬ​ជួយ​ដល់​ឧស្សាហកម្ម​ដូច​ទំនាក់ទំនង​របស់​ប្រទេស​កម្ពុជា​ជាមួយ​សហរដ្ឋអាមេរិក ឬ​សហភាព​អឺរ៉ុប​នោះ​ទេ។ សារ​របស់​ស្ថានទូត​អាមេរិក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា នេះ​គ្រាន់តែ​ជា​ផ្លូវ​មួយទៀត​ដែល​ប្រទេស​កម្ពុជា បាន​ងាក​ចេញពី​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដែល​មាន​តុល្យភាព និង​លក្ខណៈ​ចម្រុះ ឆ្ពោះ​ទៅ​រក​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដែល​មាន​ការ​ពឹងផ្អែក​កាន់តែ​ខ្លាំង​ទៅ​លើ​ប្រទេស​ចិន។

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក លោក អេរិន ឆ្វាតជេស (Arend Zwartjes) បាន​ប្រាប់​អាស៊ីសេរី​ថា ស្ថានទូត​មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​នៅឡើយ​ទេ នៅ​ពេល​នេះ ទាក់ទង​នឹង​ការ​លើកឡើង​របស់​លោក ខៀវ កាញារីទ្ធ នោះ។

ផ្អែក​តាម​ទិន្នន័យ​ក្រាហ្វិក​ដែល​ស្ថានទូត​អាមេរិក​បង្ហោះ​នេះ គឺ​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក កម្ពុជា​នាំចូល​ពី​អាមេរិក​ក្នុង​បរិមាណ​តិច តែ​កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ដាក់​លក់​នៅ​អាមេរិក​ក្នុង​បរិមាណ​ច្រើន គឺ​ក្នុង​តម្លៃ​សរុប​ដល់​ទៅ​ជាង ៣​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ។ រីឯ​ជាមួយ​ចិន​វិញ កម្ពុជា​អាច​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ក្នុង​តម្លៃ​សរុប​ប្រមាណ​តែ​ជាង ៧៥០ លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ក្នុង​ឆ្នាំ ២០១៧។

កន្លងមក​ក្រុម​អ្នកវិភាគ និង​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ ធ្លាប់​ព្រមាន​ជា​ចំហ​រថា ការពឹងផ្អែក​ហួសហេតុ​ពេក​តែ​ទៅលើ​មហាអំណាច​ចិន​តែមួយ អាច​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​អន្ទាក់​បំណុល​វ័ណ្ឌក​ជាមួយ​ចិន ដែល​អាច​ធ្វើ​ឱ្យ​ចិន​ដាក់​អាណានិគម​សម័យថ្មី​នៅ​កម្ពុជា​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles