នយោបាយ
|
https://www.vodhotnews.com
រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង បានអះអាងនៅថ្ងៃនេះថា ស្ថានភាពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនបានធ្លាក់ចុះដូចការរិះគន់នោះឡើយ ខណៈដែលលោកលើកឡើងអំពីការផ្លាស់ប្ដូររបបគ្រប់គ្រងជាបន្តបន្ទាប់និងតម្លៃនៃសន្តិភាពនៅកម្ពុជាផងដែរ។
ថ្លែងក្នុងពិធីបុណ្យគ្រិស្តសាសនាមួយដែលរៀបចំឡើងនៅខេត្តបាត់ដំបងនៅព្រឹកថ្ងៃនេះរដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជាផងដែរនោះបានលើកឡើងថា កម្ពុជាកំពុងដើរលើផ្លូវត្រូវ និងនៅតែមានមូលដ្ឋានគ្រឹះប្រជាធិបតេយ្យដដែល។
លោក ស ខេង អះអាងបែបនេះ ដោយលោកសំអាងថា រដ្ឋាភិបាលបានអនុញ្ញាតឲ្យមានការចុះបញ្ជីអង្គការសមាគមជាង ៥ពាន់ស្ថាប័ន ការចូលរួមរបស់គណបក្សនយោបាយជាច្រើន ប្រព័ន្ធផ្សព្វផ្សាយនិងការរៀបចំការបោះឆ្នោតជាទៀតទាត់នៅក្នុងប្រទេស។
រដ្ឋមន្ត្រីមហាផ្ទៃរូបនេះ បានអះអាងបែបនេះជាការឆ្លើយតបទៅនឹងការរិះគន់ថា កម្ពុជាកំពុងតែដើរផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យនិងអព្យាក្រឹត្យភាពនៃទំនាក់ទំនងការទូតរបស់ខ្លួននៅលើឆាកអន្ដរជាតិ។
ក្នុងពិធីដដែលនោះ លោក ស ខេង អះអាងបន្ដថា គ្មានផ្លូវណាក្រៅពីប្រជាធិបតេយ្យនោះទេដែលអាចធ្វើឲ្យកម្ពុជារស់បាន និងអាចកសាងសន្ដិភាពទៅថ្ងៃមុខ។
លោក ស ខេង ថ្លែងថា៖ «ប៉ុន្ដែយោបល់ខ្ញុំថា លទ្ធិប្រជាធិបតេយ្យទៅមុខ ពីព្រោះអ្វីក៏ដោយ វាតែងតែមានការប្រែប្រួលមានការវិវឌ្ឍន៍។ អ៊ីចឹង លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា វាអត់មានអីថយក្រោយទេហើយកំពុងតែទៅមុខ ពីព្រោះមូលដ្ឋានគ្រឹះសំខាន់ៗ វានៅតែមានទេ […] ខ្ញុំអាចនិយាយជាចុងក្រោយថា កម្ពុជាគ្មានផ្លូវណាក្រៅពីលទ្ធិប្រជាធិបតេយ្យទេដែលអាចឲ្យកម្ពុជារស់បាន»។
យ៉ាងណាក៏ដោយ លោក ស ខេង ក៏បានថ្លែងព្រមានដល់អតីតក្រុមមេដឹកនាំបក្សប្រឆាំង ដែលលោកចោទថាពួកគេមានចេតនាចង់បំផ្លាញសន្ដិភាពនៅកម្ពុជា។
សហគមន៍អន្ដរជាតិនាំមុខដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានប្រកាសថ្កោលទោសការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជាកាលពីខែកក្កដាឆ្នាំមុនថា មិនមានភាពសេរី ត្រឹមត្រូវ និងយុត្ដិធម៌នោះទេខណៈគ្មានវត្តមានអតីតគណបក្សសង្គ្រោះជាតិ ដែលជាអតីតបក្សប្រឆាំងដ៏ធំនិងជាដៃគូប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចនោះ។
ក្រុមអង្គការអន្ដរជាតិ និងអង្គការធ្វើការលើផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យសុទ្ធតែបានព្រមានពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាជាពិសេសនៅអំឡុងពេលបោះឆ្នោតថ្នាក់ជាតិកន្លងទៅ ដោយពេលនោះ អតីតបក្សប្រឆាំងត្រូវបានគេផាត់ចេញពីការបោះឆ្នោតសង្គមស៊ីវិលក្នុងស្រុកមួយចំនួនរងការចោទប្រកាន់ និងសារព័ត៌មានឯករាជ្យមួយចំនួនបានផ្អាកដំណើរឬបិទការិយាល័យរបស់ខ្លួន៕