វៀតណាម​២​នាក់ និង​ខ្មែរ​៨​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​មណ្ឌលគិរី ករណី​ដឹក​ឈើ​ចេញ​ពី​ព្រៃ​អភិរក្ស

ដោយ អាស៊ីសេរី
2019-04-21

ជនសង្ស័យ ៣​នាក់​ ក្នុង​ចំណោម ១០នាក់ ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន បន្ទាប់​ពី​ដឹក​ឈើ​ចេញ​ពី​ព្រៃ​អភិរក្ស ក្នុង​ស្រុក​កោះញែក កាល​ពី​ថ្ងៃទី១៩ ខែ​មេសា ឆ្នាំ​២០១៩។ Photo Provided
ជនសង្ស័យ ៣​នាក់​ ក្នុង​ចំណោម ១០នាក់ ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន បន្ទាប់​ពី​ដឹក​ឈើ​ចេញ​ពី​ព្រៃ​អភិរក្ស ក្នុង​ស្រុក​កោះញែក កាល​ពី​ថ្ងៃទី១៩ ខែ​មេសា ឆ្នាំ​២០១៩។ Photo Provided


ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក កែវ សុភ័ក្រ ឱ្យ​ដឹង​នៅ​ថ្ងៃទី ២១ មេសា​ថា សមត្ថកិច្ច​ជំនាញ បញ្ជូន​ពលរដ្ឋ​ខ្មែរ ៨​នាក់ និង​ជនជាតិ​វៀតណាម ២​នាក់ ទៅ​តុលាការ នៅ​រសៀល​ថ្ងៃ​ទី ២១ មេសា​។

ទន្ទឹម​នឹង​នេះ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​បាន​ឃាត់​គោយន្ត ៥​គ្រឿង រថយន្ត​ស្លាក​លេខ​វៀតណាម ១​គ្រឿង ម៉ូតូ​មួយ​គ្រឿង និង​ឈើ​ជាង ៦០០​កំណាត់​។ លោក​ថា ឈើ​ទាំងនោះ ជនសង្ស័យ បាន​ប្រមូល​ចេញ ពី​តំបន់​ព្រៃ​របៀង ជា​ព្រៃ​អភិរក្ស​ជីវចម្រុះ នៅ​ជាប់​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ ឋិត​នៅ​ស្រុក​កោះ​ញែក។

លោក​បញ្ជាក់​ថា ជនជាតិ​វៀតណាម​ទាំងនោះ​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ ប៉ុន្តែ​ប្រសិនបើ​រក​ឃើញ​ថា ពួកគេ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នោះ នឹង​ត្រូវ​ទទួលទោស​តាមច្បាប់​របស់​កម្ពុជា៖ «រឹបអូស​វត្ថុ​តាង​បាន គោយន្ត​កន្ត្រៃ ៥​គ្រឿង រថយន្ត​ស្លាក​លេខ វៀតណាម ១​គ្រឿង ម៉ូតូ​មួយ​គ្រឿង និង​ឈើ​ជាង ៦​រយ​កំណាត់​មាន​តូច​ធំ ចេញ​តែ​រាប់​ទាំងអស់​។ ក្នុងនាម​មន្ទីរ​បរិស្ថាន​ជា​អ្នក​ចងក្រង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ ដឹង​តែ​ចោទប្រកាន់ គឺ​ចោទ​ប្រកាន់ ដើម្បី​ដាក់​ទៅ​តុលាការ​តែម្ដង»

សេចក្ដី​រាយការណ៍​ពី​សហគមន៍​ការពារ​ព្រៃឈើ​ស្រុក​កោះ​ញែក ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង ១០​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន ៣​នាក់ ជា​អ្នក​ទិញ​ឈើ​យ៉ាង​សកម្ម ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ ក្នុងស្រុក​កោះ​ញែក​។ ឈើ​ដែល​រឹបអូស​ភាគច្រើន ជា​ប្រភេទ​ឈើ​សុក្រំ និង​កកោះ ដែល​ប្រមូល​ចេញ ពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច ឋិត​ក្រោម​ការគ្រប់គ្រង​របស់​មន្ត្រី​ឧទ្យានុរក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្ត។

សហគមន៍​ការពារ​ព្រៃឈើ ខេត្ត​មណ្ឌលគិរី លោក ក្រើង តុលា សាទរ​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ​ជំនាញ ក្នុង​ការ​អនុវត្ត​ច្បាប់​​រឿង​នេះ ក៏ប៉ុន្តែ​ពួកគេ​បារម្ភ​ខ្លាចក្រែង តុលាការ​អាច​នឹង​ដោះលែង​ជនជាតិ​វៀតណាម​ទាំងនោះ ដោយសារ​ឥទ្ធិពល​នៃ​អំពើពុករលួយ។ លោក​ទទូច​ឱ្យ​អាជ្ញាធរ​ត្រូវ​ដាក់ទោស​ជនជាតិ​វៀតណាម​ទាំងនោះ តាមច្បាប់​របស់​កម្ពុជា​ជា​មុន​សិន មុននឹង​ដោះលែង​ពួកគេ​ឱ្យ​ត្រឡប់​ទៅវិញ ព្រោះ​កន្លងទៅ​អាជ្ញាធរ​ខេត្ត​នេះ ធ្លាប់​បញ្ជូន​ជនជាតិ​វៀតណាម​ទៅ​ប្រទេស​គេ​វិញ នៅ​គ្រា​ដែល​ឆ្លងដែន​មក​កាប់​ឈើ​ខុសច្បាប់​ក្នុង​ទឹកដី​ខ្មែរ៖ «សំណូមពរ​ទៅ​តុលាការ សុំ​ឱ្យ​គាត់​ដាក់​ទោស​ទណ្ឌ​ជនជាតិ​វៀតណាម ល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​ហ្នឹង តាមច្បាប់​ផង កុំ​ឱ្យ​តែ​ឃើញ បានតែ​មួយ​ខែ​ឬ​កន្លះ​ខែ ដោះលែង ជា​ធម្មតា​ខ្ញុំ​ឃើញ​ភាគច្រើន​យ៉ាង​យូរ ៣​ខែ ដោះលែង គេ​ធ្វើ​លេស​បញ្ជូន​ជនជាតិ​វៀតណាម​ទៅ​ប្រទេស​របស់​គេ ដល់​ប្រទេស​គេ គេ​ដោះលែង»

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍ នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ សង្កេត​ឃើញ​ថា បើ​ទោះ​បីជា​សមត្ថកិច្ច​ជំនាញ ឃាត់ខ្លួន​ជនសង្ស័យ​បែបនេះ​ក្តី តែ​អ្នក​ដែល​កាង​បទល្មើស​ព្រៃឈើ និង​អ្នក​ដែល​នៅ​ពីក្រោយ​ខ្នង នៅតែ​រួចខ្លួន​ដដែល។ លោក​គិត​ថា ជំនួញ​ឈើ​ខ្នាត​ធំ​នេះ អាច​នឹង​ពាក់ព័ន្ធ​អ្នក​មាន​អំណាច​គ្រាក់ៗ​ជាច្រើន​ទៀត ដែល​ទាមទារ​ឱ្យ​សមត្ថកិច្ច និង​តុលាការ​ត្រូវ​ស៊ើបអង្កេត​មក​ផ្ដន្ទាទោស​តាមច្បាប់​ឱ្យ​គ្រប់​ជ្រុងជ្រោយ៖ «ព្រោះតែ​ចាប់​តែ​កូនចៅ​តូចតាច តែ​បទល្មើស​បន្ត​ទៀត នៅ​តែ​មាន​បន្ត​រហូត។ សូម​ឱ្យ​ស្រាវជ្រាវ​ចាប់​មេខ្លោង នៃ​ជំនួញ​ឈើ​ខុសច្បាប់ មក​ផ្ដន្ទាទោស ទើប​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​មាន​ប្រសិទ្ធភាព»

ទោះ​យ៉ាងណា​សហគមន៍​ការពារ​ព្រៃឈើ និង​សកម្មជន​បរិស្ថាន បន្ថែម​ថា ការអនុវត្ត​ច្បាប់​ព្រៃឈើ​របស់​អាជ្ញាធរ​ពាក់​ព័ន្ធ និង​គណៈកម្មការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​មិនទាន់​ធ្វើ​ឱ្យ​ពួកគេ​ស្ងប់​អារម្មណ៍​នៅឡើយ​ទេ ខណៈ​ដែល​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ជាច្រើន​នៅ​ស្រុក​កោះ​ញែក នៅ​បន្ត​បើក​ការដ្ឋាន​អារ​ច្រៀក​ឈើ ទិញ​ឈើ​និង​ដឹកជញ្ជូន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ហើយ​ឈើ​ទាំងនោះ ភាគច្រើន​ក្រុម​ឈ្មួញ​បាន​ដឹកជញ្ជូន​ចេញពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច និង​ព្រៃ​ការពារ​ធម្មជាតិ​មួយ​ចំនួន​ទៀត។ ពួកគេ​អំពាវនាវ​ឱ្យ លោក សៅ សុខា និង លោក ហ៊ុន សែន អនុវត្ត​ច្បាប់ និង​បញ្ឈប់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ទាំងនោះ​ដែល​ពួកគេ​រក​ឃើញ​ថា ជា​ប្រភព​នៃ​វិនាសកម្ម​ព្រៃឈើ​នៅ​ខេត្ត​ភាគ​ឦសាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles