តុលាការខេត្តបាត់ដំបងបន្តសាកសួរអតីតមន្រ្តីបក្សប្រឆាំងរឿងបំពានសាលដីការំលាយគណបក្ស

នយោបាយ


តុលាការ​ខេត្ត​បាត់ដំបង​បន្ត​សាកសួរ​អតីត​មន្ត្រី​បក្ស​ប្រឆាំង​រឿង​បំពាន​សាលដីកា​រំលាយ​គណបក្ស


16 ឧសភា 2019
ស៊ុន ណារិន
វីអូអេខ្មែរ

នៅថ្ងៃព្រហស្បតិ៍នេះ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិចំនួន ៦ នាក់បានចូលបំភ្លឺនៅតុលាការខេត្តបាត់ដំបង ក្នុងករណីសង្ស័យថាបំពានសាលដីការបស់តុលាការកំពូលក្នុងការរំលាយគណបក្សសង្រ្គោះជាតិ កាលពីខែវិច្ឆិកាឆ្នាំ ២០១៧។

លោក​ជា ជីវ ​អតីត​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​ខេត្ត​បាត់ដំបង ​ត្រូវ​បាន​តុលាការ​ខេត្ត​សាក​សួរ​ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​ដោយសង្ស័យ​ថា​ ​បំពាន​ដីកា​របស់​តុលាការ​កំពូល​ក្នុង​ការ​រំលាយ​គណបក្ស​សង្រ្គោជាតិ ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧។

មនុស្ស​ចំនួន​ ៦​ នាក់​ ដែល​ជា​អតីត​មន្រ្តីរបស់​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​តុលាការ​ខេត្ត​បាត់​ដំបងសាក​សួរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ក្រោយ​ការ​ចូល​បំភ្លឺ លោក​ជា ជីវ​ បាន​បដិសេធ​មិន​អត្ថាធិប្បាយ​អំពី​ចំណុច​ដែល​តុលាការ​បាន​សួរ។ ​ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​ ​លោក​ជា​មនុស្ស​ស្អាត​ស្អំ ​មិន​ដូច​ការសង្ស័យ​របស់​តុលាការ​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​មិន​ដឹង​ថា​ ​តុលាការ​ចោទ​ ឬ​មិន​ចោទ​ទេ​ ​ប៉ុន្តែ​ខ្ញុំ​បាន​ឆ្លើយ​នឹង​ព្រះ​រាជ​អាជ្ញា​រង​រួច​អស់​ហើយ។ ​សំខាន់​គឺ​ខ្ញុំ​អត់​បាន​ធ្វើ​អ្វី​ផ្ទុយ​អំពី​ច្បាប់»។​

រហូត​មក​ដល់​ពេល​នេះ ​មនុស្ស​យ៉ាង​តិច​ ៣៥ ​នាក់​ក្នុង​ខេត្ត​បាត់ដំបង ត្រូវ​តុលាការ​កោះ​ហៅ​ដោយ​សង្ស័យ​ថា​ បំពាន​សាល​ដីកា​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ។​ ​នេះ​បើ​យោង​តាម​អតីត​មន្រ្តី​បក្ស​ប្រឆាំង ដែល​បាន​ប្រមូល​ផ្តុំ​នៅ​ក្បែរ​បរិវេណ​តុលាការ។​

លោក ជា ជីវ អតីតប្រធានប្រតិបត្តិគណបក្សសង្រ្គោះជាតិ ប្រចាំខេត្តបាត់ដំបង ត្រូវបានមន្រ្តីថ្នាក់ក្រោមគាំទ្រ ក្រោយចេញពីតុលាការបាត់ដំបង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA Khmer)

លោក ជា ជីវ អតីតប្រធានប្រតិបត្តិគណបក្សសង្រ្គោះជាតិ ប្រចាំខេត្តបាត់ដំបង ត្រូវបានមន្រ្តីថ្នាក់ក្រោមគាំទ្រ ក្រោយចេញពីតុលាការបាត់ដំបង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA Khmer)


លោក ថោង សារឿន អតីតក្រុមប្រឹក្សាស្រុកកោះក្រឡ មកពីគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការខេត្តបាត់ដំបង កោះហៅឲ្យ​ចូល​បំភ្លឺ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ។ (ស៊ុន ណារិន/VOA Khmer)

លោក ថោង សារឿន អតីតក្រុមប្រឹក្សាស្រុកកោះក្រឡ មកពីគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការខេត្តបាត់ដំបង កោះហៅឲ្យ​ចូល​បំភ្លឺ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ។ (ស៊ុន ណារិន/VOA Khmer)


អ្នកគាំទ្រត្រៀមស្វាគមន៍លោក ជា ជីវ អតីតប្រធានប្រតិបត្តិគណបក្សសង្រ្គោះជាតិ ប្រចាំខេត្តបាត់ដំបង នៅខាងក្រៅតុលាការ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA Khmer)

អ្នកគាំទ្រត្រៀមស្វាគមន៍លោក ជា ជីវ អតីតប្រធានប្រតិបត្តិគណបក្សសង្រ្គោះជាតិ ប្រចាំខេត្តបាត់ដំបង នៅខាងក្រៅតុលាការ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA Khmer)


គណបក្ស​សង្រ្គោះ​ជាតិត្រូវ​បាន​រំលាយ​ចោល​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​ ​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាលដោយ​មានសហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។​ អាមេរិក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។​

លោក​ថោង សារឿន​ អាយុ​ ៥២ ​ឆ្នាំ​ អតីត​ក្រុម​ប្រឹក្សា​ស្រុក​គាស់​ក្រឡមក​ពី​គណបក្ស​សង្រ្គោះ​ជាតិ ​បាន​មក​ចូលរួម​គាំទ្រ​លោក​ជា ជីវ​ នៅ​ថ្ងៃ​នេះ។ ​លោក​ក៏​ត្រូវ​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​ផង​ដែរ។​

លោក​មាន​ប្រសាសន៍​ថា ​ការ​សាកសួរ​ដែល​លោក​បាន​ដឹង​គឺ​ពាក់​ព័ន្ធ​នឹង​ការ​ជួប​ជុំ​គ្នាកាល​ពី​កន្លង​ទៅ។​

លោក​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖​ «បើ​សិន​ជាសួរ​ចំ​ចំណុច​របស់​ខ្ញុំ ​បើ​សិន​ជា​ខ្ញុំ​ជិះ​ម៉ូតូ ​ឬ​ក៏​ទៅ​ហូប​កាហ្វេ ​ខ្ញុំ​ថា​ ជួប​គ្នា​ដោយ​ចៃ​ដន្យ​ អត់​មាន​ណាត់​គ្នា»។

លោក​ចាត់​ទុក​ករណី​នេះ​ជា​រឿង​នយោបាយ។​

លោក​បាន​បញ្ជាក់​បន្ថែម​ថា​ ​កន្លង​ទៅលោក​ក៏​ត្រូវ​បាន​តាម​ដាន​ដោយ​អាជ្ញាធរ​ជា​បន្ត​បន្ទាប់​ផង​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖​ «តាំង​ពី​គេ​រំលាយ​មក​ ​ការ​បិទ​សិទ្ធិ​សេរីភាពមាន​តែ​ការ​តាម​ដាន។ ​មន្រ្តី​រាជ​ការ​ គាត់​តាម​ដាន​យើង​គ្រប់​ពេល​វេលា។ ​យើង​ទៅ​ណា​ ក៏​តាម​ដាន​យើង​ដែរ។ ​បាត់​តែ​ពីរ​ថ្ងៃ​ក៏​គេ​តាម​សួរ​ដល់​គ្រួសារ​ខ្ញុំ​មួយ​ទៀត»។​

ការ​តាម​ដាន​នោះ​ត្រូវ​បាន​ក្រុម​មន្រ្តី​បក្ស​ប្រឆាំង​អះអាង​ថា​ ដោយសារ​ខ្លាច​ពួក​គេ​មាន​គម្រោង​តវ៉ា​ និង​គាំទ្រ​មេ​ដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ​គឺ​លោក​សម រង្ស៊ី ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ​និង​លោក​កឹម សុខា ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ។​

អ្នកស្រី សេង រ័ត្នមុនី (ស្តាំដៃ)អតីតមេឃុំជ្រៃ ស្រុកមោងឬស្សី និងអ្នកស្រី លឿម អឿប អតីតមេឃុំមោងឬស្សី ក៏ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA Khmer)

អ្នកស្រី សេង រ័ត្នមុនី (ស្តាំដៃ)អតីតមេឃុំជ្រៃ ស្រុកមោងឬស្សី និងអ្នកស្រី លឿម អឿប អតីតមេឃុំមោងឬស្សី ក៏ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA Khmer)


អ្នកស្រី​សេង រ័ត្នមុនី ​អាយុ​ ៤៧ ​ឆ្នាំ ​ជា​អតីត​មេឃុំ​ជ្រៃ ​ស្រុក​មោង​ឫស្សី​ក៏​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​ ២៤ ​ខែ​ឧសភា​ដែរ។ ​អ្នកស្រី​បានបញ្ជាក់​ថា​ អ្នកស្រី​មាន​សិទ្ធិ​សេរីភាព ​ព្រោះ​អ្នកស្រីមិន​ស្ថិត​នៅ​ក្នុង​បញ្ជី​នៃ​មន្រ្តី​ដែល​ត្រូវ​បាន​កាត់​សិទ្ធិ​នយោបាយ​ ក្រោយ​គណបក្ស​ត្រូវ​បាន​រំលាយ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​ «អ៊ីចឹង​ពួក​ខ្ញុំ​គឺ​មិន​មែន​នៅ​ក្នុង​ ១១៨ ​នាក់​ទេ។​ ​អ៊ីចឹង​ខ្ញុំ​មាន​សិទ្ធិ​បញ្ចេញ​មតិ​យោបល់​ និយាយ​ស្តី​ ចូល​រួម»។​

អតីត​មេឃុំ​មោង​ឫស្សី ​អ្នកស្រី​លឿម អឿប​ ដែល​បាន​មក​គាំទ្រ​លោក​ជា ជីវ​ បាន​ថ្លែង​ថា​ ​ ករណី​នេះ​ជា​រឿង​នយោបាយ។​

អ្នក​ស្រី​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​យល់​ថា​ ​ដីកា​កោះ​ហៅ​នាង​ខ្ញុំ​នេះ​ជា​រឿង​នយោបាយ។ ​អ៊ីចឹង​ហើយ​នាង​ខ្ញុំ​គ្មាន​ភ័យ​តក់​ស្លុត​អី​ទេ»។​

នៅ​ពេល​ទាក់ទង​តាម​ទូរស័ព្ទ​ អ្នក​នាំពាក្យ​របស់​តុលាការ​ខេត្ត​បាត់​ដំបង​លោក​ហេង លុយ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ និង​ចោទ​សួរ​ថា​ ​តើ​ជា​អ្នក​យក​ព័ត៌មាន​ពិត​ប្រាកដ​ ឬ​យ៉ាងណា។​

លោក​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​អត់​ដឹងបង​ជា​អ្នក​ណា​ដែរ​ទេ។​ បង​តេ​មក​អ៊ីចឹង​ ខ្ញុំ​អត់​យល់​ពី​បង»។​

នៅ​ក្បែរ​របង​តុលាការ​ក៏​មាន​កម្លាំង​សមត្ថ​កិច្ច​យាមកាម​ការ​ប្រមូល​ផ្តុំ​នេះ​ផង​ដែរ។ ​អ្នក​តវ៉ា​ពីរបី​រយនាក់បាន​រង់ចាំ​នៅ​ចំហៀង​របង​តុលាការ ​និង​ចាំ​ទទួល​លោក​ជា ជីវ។​

រហូត​មក​ដល់​ពេល​នេះ​ ​មិន​ទាន់​មាន​ការ​ឃុំ​ខ្លួន​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​ណា​មួយ​នៅ​ឡើយ​ទេ ​បើ​ទោះ​ពួកគេ​មួយ​ចំនួន​ត្រូវ​បាន​សាកសួរ​រួច​ទៅ​ហើយ​ក៏​ដោយ៕

What Next?

Recent Articles

Leave a Reply

Submit Comment