ប្រតិកម្ម​របស់​សាធារណជន​អំពី​ព្រះរាជ​បន្ទូល​របស់​ព្រះមហាក្សត្រ​រឿង​កម្ពុជា​ឈរ​ខាង​ចិន

ដោយ សុ ជីវី
2019-05-16
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA


អ្នកនយោបាយ អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ចង់​ឃើញ​ថ្នាក់ដឹកនាំ​កម្ពុជា មាន​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្ដា​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក ទាំង​ប្រទេស​កុម្មុយនិស្ត និង​ប្រទេស​ប្រជាធិបតេយ្យ​។ ជាពិសេស​ពួកគេ​មិន​ចង់​ឃើញ​កម្ពុជា ទោរទន់​ខ្លាំង​ទៅ​រកតែ​ប្រទេស​ចិន​តែមួយ​នោះ​ទេ​។ ប្រតិកម្ម​នេះ​ធ្វើឡើង ក្រោយពេល​អង្គ​ព្រះមហាក្សត្រ​បាន​បង្ហាញ​ព្រះ​ជំហរ​គាំទ្រ​ចិន គ្រប់​បញ្ហា​ទាំងអស់ ហើយ​ភាគី​ចិន​ក៏បាន​សន្យា​ជួយ​ជ្រោមជ្រែង​កម្ពុជា​លើ​មាគ៌ា​អភិវឌ្ឍន៍​របស់​ខ្លួន​ដែរ។

សាធារណជន​មួយ​ចំនួន មើល​ឃើញ​ថា ទំនាក់ទំនង​កម្ពុជា​-​ចិន ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​នេះ ផ្ដល់​ផលប្រយោជន៍​ច្រើន​ទៅ​ឱ្យ​ខាង​ប្រទេស​ចិន ហើយ​កម្ពុជា​វិញ​ច្រើនតែ​ជា​អ្នក​ខាតបង់ និង​រង​សោកនាដកម្ម​គ្រប់យ៉ាង។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ដែល​កំពុង​ភៀសខ្លួន​នៅ​អាមេរិក​ថ្លែង​ថា សង្គ្រាមស៊ីវិល​រាប់​សិប​ឆ្នាំ និង​របប​កាប់សម្លាប់​ខ្មែរក្រហម សុទ្ធ​សឹង​តែ​មាន​ចិន​នៅ​ពី​ក្រោយខ្នង ហើយ​នៅ​សម័យ​បច្ចុប្បន្ន​នេះ​វិញ ចិន​បាន​ប្រមូល​យក​ធនធានធម្មជាតិ​របស់​ខ្មែរ និង​កេងប្រវ័ញ្ច​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​មិន​ស្មើភាព​គ្នា​ជាមួយ​កម្ពុជា​។ លោក​ថា មេដឹកនាំ​កម្ពុជា​គួរតែ​ស្វែងយល់​ឱ្យ​បាន​ច្បាស់​អំពី​អ្វី​ជា​ផលប្រយោជន៍​ជាតិ និង​ចៀសវាង​ឱ្យ​បាន​នូវ​ការ​ឈ្លក់​វង្វេង​នឹង​ពាក្យ​លើក​សរសើរ​ដើម្បី​ផលប្រយោជន៍​របស់​ចិន។ «»

ចំណែក​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​វិញ មើល​ឃើញ​ថា ដើម្បី​ការ​អភិវឌ្ឍ កម្ពុជា​ត្រូវ​ចាប់ដៃ​ជាមួយ​ប្រទេស​ទាំងឡាយ​នៅ​លើ​ពិភពលោក ទោះជា​ប្រទេស​កុម្មុយនិស្ត ឬ​ប្រទេស​សេរី​ក៏ដោយ​។ ក៏ប៉ុន្តែ​ក្នុង​វិស័យ​នយោបាយ ពួកគេ​ថា​ថ្នាក់ដឹកនាំ​កម្ពុជា​ត្រូវ​ដឹង​ថា ខ្លួន​ជា​ប្រទេស​ប្រជាធិបតេយ្យ ដូច្នេះ​ទំនាក់ទំនង​ជិតស្និទ្ធ​ខ្លាំង​ពេក​ជាមួយ​ប្រទេស​ចិន​ដែល​ជា​ប្រទេស​កុម្មុយនិស្ត​នោះ មិនមែន​ជា​បច្ច័យ​ល្អ​ឡើយ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​លោក​ខាង​លិច។

កាលពី​ថ្ងៃ​ទី​១៤ ឧសភា កន្លងទៅ ព្រះមហាក្សត្រ ព្រះបាទ បរមនាថ នរោត្តម សីហមុនី បាន​មាន​ព្រះបន្ទូល​ទៅកាន់​ប្រមុខរដ្ឋ​ចិន​ថា ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ឈរ​យ៉ាង​រឹងមាំ​ជាមួយ​ប្រជាជន​ចិន នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់​។ ព្រះអង្គ​បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង​ដែល​សាធារណរដ្ឋ​ប្រជាមានិត​ចិន ឬ​ចិន​កុម្មុយនិស្ត​សម្រេច​បាន ចាប់​តាំង​ពី​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​៧០ ឆ្នាំមុន​។ ព្រះអង្គ​បាន​កោតសរសើរ​អំពី​តួនាទី​ដ៏​សំខាន់​របស់​ប្រទេស​ចិន នៅ​ក្នុង​កិច្ចការ​អន្តរជាតិ ហើយ​ទ្រង់​ក៏បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ របស់​ចិន​ផង​ដែរ​។​

ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង (Xi Jinping) បាន​ឆ្លើយតប​ទៅ​ព្រះអង្គ​វិញ​ថា ប្រទេស​ចិន​គោរព​ស្រឡាញ់​ចំពោះ​មិត្តភាព​ដ៏​ពិសេស​ជាមួយ​ព្រះរាជវង្សានុវង្ស​ខ្មែរ និង​សន្យា​ជួយ​ជ្រោមជ្រែង​កម្ពុជា​បន្ត​ទៀត​លើ​មាគ៌ា​នៃ​ការ​អភិវឌ្ឍ​ដែល​សមស្រប​ទៅ​នឹង​លក្ខខណ្ឌ​ជាតិ​របស់​កម្ពុជា​។ មេដឹកនាំ​ចិន​ដ៏​មាន​ឥទ្ធិពល​រូប​នេះ បាន​អះអាង​ទៀត​ថា ចិន​នឹង​បន្ត​ធ្វើ​ការងារ​ជាមួយ​កម្ពុជា ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ឱ្យ​ឈាន​ដល់​កម្រិត​ថ្មី​មួយទៀត​។​

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មិន​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ទឹក​ព្រះទ័យ​របស់​អង្គ​ព្រះមហាក្សត្រ ដែល​បាន​បង្ហាញ​ព្រះ​ជំហរ​គាំទ្រ​ប្រទេស​ចិន​នោះ​ឡើយ។ ក៏ប៉ុន្តែ​លោក​យល់ថា កម្ពុជា​មិន​គួរ​លម្អៀង​ទៅ​រក​ប្រទេស​ចិន​នោះ​ឡើយ ព្រោះ​រដ្ឋធម្មនុញ្ញ​ចែងថា កម្ពុជា​អនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ សេរី ពហុបក្ស និង​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​នយោបាយ​អ​ព្យា​ក្រឹត្យ​អចិន្ត្រៃយ៍ និង​មិន​ចូល​បក្ស​សម្ពន្ធ។ «»

ចំណែក អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ថ្លែង​ថា ស្រប​ពេល​ដែល​ទំនាក់ទំនង​ជាមួយ​ចិន​កាន់តែ​ល្អ​ឡើងជា​លំដាប់​បែបនេះ ថ្នាក់ដឹកនាំ​កម្ពុជា​ក៏​ត្រូវ​ធ្វើ​ឱ្យ​មាន​តុល្យភាព​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​ផង​ដែរ​។ លោក​យល់ថា ការ​ចាប់​យក​ចិន​តែមួយ នឹង​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​ឃ្លាតឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ហើយ​ដំណើរការ​អភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព​នឹង​មិន​អាច​សម្រេច​បាន​ដោយ​ជោគជ័យ​នោះ​ឡើយ។ «»

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន ថ្លែង​ថា ការ​រីកចម្រើន​របស់​កម្ពុជា គឺ​អាស្រ័យ​លើ​ការ​គាំទ្រ​របស់​ប្រទេស​ចិន ហើយ​អ្នក​ដែល​រិះគន់​ថា ចិន​ចំណេញ​ច្រើន​ពី​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា គឺជា​អ្នកមាន​ចេតនា​ទុច្ចរិត។ លោក​បន្ត​ថា កម្ពុជា​មិនបាន​រើសអើង​ប្រទេស​ណាមួយ​នោះ​ឡើយ ក៏ប៉ុន្តែ​ប្រទេស​ជា​មិត្ត​មួយ​ចំនួន​មិន​អាច​ជួយ​កម្ពុជា​ចំ​ទិសដៅ​ដែល​កម្ពុជា​ចង់បាន ទើប​ទំនាក់ទំនង​ជាមួយ​ប្រទេស​ទាំងនោះ​មិនបាន​ល្អ​ដូច​ជាមួយ​ប្រទេស​ចិន។ «»

ខណៈ​របប​ក្រុងភ្នំពេញ​មានការ​ពេញចិត្ត​ពេញ​ថ្លើម​ខ្លាំង​នឹង​ចិន​បែបនេះ ប្រជាពលរដ្ឋ​ឯណោះ​វិញ បាន​បង្ហាញ​ពី​ភាព​ខកចិត្ត​ចំពោះ​រឿង​នេះ ព្រោះ​ពួកគេ​មើល​ឃើញ​ថា ជនជាតិ​ចិន​ខិលខូច​មួយ​ចំនួន កំពុង​ប្រើប្រាស់​ទឹកដី​កម្ពុជា​ជា​កន្លែង​ប្រព្រឹត្ត​បទល្មើស ហើយ​ចិន​ក៏​ជាប់​ឈ្មោះ​ជា​ជនជាតិ​បរទេស​ដែល​ប្រព្រឹត្ត​បទល្មើស​ច្រើន​ជាងគេ​នៅ​កម្ពុជា​ដែរ។ របាយការណ៍​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនជាតិ​ចិន​នៅ​កម្ពុជា ប្រព្រឹត្ត​បទល្មើស​ច្រើនជាង កាលពី​ចុង​ឆ្នាំ ២០១៨ និង​ដើម​ឆ្នាំ ២០១៩​នេះ​។ ព្រឹត្តិការណ៍​ចុងក្រោយ គឺ​ការ​បាញ់​សម្លាប់​ជនជាតិ​ចិន​ម្នាក់ មាន​លក្ខណៈ​សាហាវ ដោយ​ជនល្មើស​បាញ់សម្លាប់​ជនរងគ្រោះ​ជា​ជន​ជាតិ​ចិន​ដូចគ្នា ក្នុង​រថយន្ត ហើយ​ធាក់​ទម្លាក់​ចេញពី​រថយន្ត និង​បើកឡាន​កិន​ជើង​ជនរងគ្រោះ​ថែមទៀត។

ពលរដ្ឋ​មួយ​រូប​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្លែង​ថា លោក​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​អំពី​ទំនាក់ទំនង​ដ៏​ជិត​ស្និទ្ធ​រវាង​កម្ពុជា និង​ចិន ដែល​កំពុង​បើកផ្លូវ​ឱ្យ​មាន​លំហូរ​ចូល​យ៉ាង​គំហុក​នៃ​ជនជាតិ​ចិន​មក​ស្រុក​ខ្មែរ​។ លោក​ឱ្យ​ដឹង​ថា ក្នុង​មូលដ្ឋាន​របស់​លោក ជនជាតិ​បាន​បើក​រកស៊ី​ដណ្ដើម​មុខរបរ​ពលរដ្ឋ​ខ្មែរ ខ្លះ​ទៀត​ហ៊ាន​ដល់​ថ្នាក់​ប្រើ​អំពើ​ហិង្សា ចាប់​ជំរិត ប្រព្រឹត្ត​អំពើ​ចោរកម្ម និង​ប្លន់​ប្រដាប់​អាវុធ ជាដើម​។ លោក​បន្ត​ថា ក្នុងនាម​ជា​ពលរដ្ឋ​មួយ​រូប លោក​មិន​គាំទ្រ​ឱ្យ​ថ្នាក់ដឹកនាំ​លម្អៀង​ទៅ​រក​ប្រទេស​ចិន​នោះ​ឡើយ ហើយ​លោក​ចង់​ឱ្យ​មេដឹកនាំ​កម្ពុជា​ប្រាប់​ទៅ​ភាគី​ចិន​អំពី​រឿង​ដែល​ជនអន្តោប្រវេសន៍​ចិន​កំពុង​បង្ក​បញ្ហា​ជាច្រើន​នៅ​ស្រុក​ខ្មែរ។

ដោយឡែក អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) មួយ​ចំនួន ក៏បាន​បញ្ចេញមតិ​រិះគន់​ព្រះរាជ​បន្ទូល​របស់​អង្គ​ព្រះមហាក្សត្រ​រឿង​គាំទ្រ​ប្រទេស​ចិន​ផង​ដែរ​។

អ្នកខ្លះ​សរសេរ​ថា ប្រទេស​ខ្មែរ​រលាយ​រលត់​គ្រប់​ជំនាន់ ដោយសារតែ​ចិន​កុម្មុយនិស្ត​នេះឯង ក៏ប៉ុន្តែ​នៅតែ​មិន​រាងចាល​។ អ្នកខ្លះ​សម្ដែង​ការ​ងឿងឆ្ងល់​ថា ហេតុអ្វី​បានជា​ថ្នាក់ដឹកនាំ​ខ្មែរ​គ្រប់​ជំនាន់ ស្រឡាញ់ និង​ចូលចិត្ត​រាប់អាន​តែ​ជាមួយ​កុម្មុយនិស្ត​ចិន​បែបនេះ ខណៈ​ចិន​មានគំនិត​ខ្សែ​លើ កេងប្រវ័ញ្ច​ប្រទេស​ក្រីក្រ ជាពិសេស​ប្រទេស​ខ្មែរ​តែម្ដង​។ មាន​ខ្លះ​ទៀត​លើកឡើង​ថា ជិត​១០០ ឆ្នាំ​មក​នេះ ខ្មែរ​នៅតែ​ជាមួយ​ប្លុក​កុម្មុយនិស្ត ខណៈ​ប្រទេស​ថៃ​វិញ នៅ​ជាមួយ​ប្រទេស​លោក​សេរី​រហូត ធ្វើ​ឱ្យ​គេ​រីកចម្រើន​យ៉ាង​ខ្លាំង​។ អ្នក​ខ្លះ​ទៀត​រិះគន់​ថា ព្រះអង្គ​គាំទ្រ​ចិន តែ​ពលរដ្ឋ​ខ្មែរ​មិន​គាំទ្រ​ចិន​ឡើយ​។ មាន​ម្នាក់ទៀត​សរសេរ​ថា គាត់​គោរព​ស្រឡាញ់​ព្រះមហាក្សត្រ ក៏ប៉ុន្តែ​មិន​ចង់​ឱ្យ​កម្ពុជា​ផ្ដេកផ្ដួល​ទៅលើ​មិត្ត​ចិន​តែមួយ​នោះ​ឡើយ​។ ហ្វេសប៊ុក​ដដែល ស្នើ​ឱ្យ​ព្រះមហាក្សត្រ​គោរព​ឆន្ទៈ​រាស្ត្រ ហើយ​ថា កម្ពុជា​ត្រូវ​ងើបឈរ​ដោយ​ខ្លួនឯង និង​រឹងមាំ​ដោយ​ខ្លួនឯង៕

ព្រះមហាក្សត្រ ព្រះបាទ បរមនាថ នរោត្តម សីហមុនី បាន​យាង​និវត្តន៍​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ឧសភា បន្ទាប់ពី​បាន​បំពេញ​ព្រះរាជ​កិច្ច​រយៈពេល​៤ ថ្ងៃ យាង​ចូលរួម​វេទិកា​សន្ទនា​អរិយធម៌​អាស៊ី នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។ ក្នុង​វេទិកា​នោះ ព្រះអង្គ​បាន​បង្ហាញ​ព្រះ​ហឫទ័យ​ចង់​ឱ្យ​សាកលលោក​ពង្រឹង​តួនាទី​សាសនា និង​លើក​តម្កើង​សីលធម៌​ឱ្យ​បាន​ខ្លាំងក្លា​ឡើងវិញ ដើម្បី​ទប់ស្កាត់​ការ​ស្រុត​ចុះ​សីលធម៌ និង​គុណធម៌​ក្នុង​សង្គម ទន្ទឹម​នឹង​ការ​រីក​ចម្រើន​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment