“លោក ដាហ្គ អេរ៉ិចសិន គួរ​បញ្ឈប់​កិច្ចសន្យា​ជាមួយ​របប​លោក ហ៊ុន សែន ឬ​ចុះ​ចេញពី​តំណែង”

ដោយ មួង ណារ៉េត
2019-05-16
RFA

សមាជិក​ព្រឹទ្ធសភា​អាមេរិក ពី​ខាង​គណបក្ស​សាធារណៈ នៅ​រដ្ឋ​វ៉ាស៊ីនតោន ស្តេត (Washington State) លោក ដាហ្គ អេរ៉ិចសិន (Doug Erickson) (ឆ្វេង) ជួប​លោក ហ៊ុន សែន នា​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​២០១៩។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
សមាជិក​ព្រឹទ្ធសភា​អាមេរិក ពី​ខាង​គណបក្ស​សាធារណៈ នៅ​រដ្ឋ​វ៉ាស៊ីនតោន ស្តេត (Washington State) លោក ដាហ្គ អេរ៉ិចសិន (Doug Erickson) (ឆ្វេង) ជួប​លោក ហ៊ុន សែន នា​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​២០១៩។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


ផ្នែក​និពន្ធ​នាយក​នៃ​សារព័ត៌មាន​នៅ​រដ្ឋ Washington State ស្នើ​ឲ្យ​លោក​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​រដ្ឋ​លោក ដាហ្គ អេរិកសិន (Doug Erickson) បញ្ឈប់​កិច្ចសន្យា​ជាមួយ​របប​លោក ហ៊ុន សែន ឬ​ចុះ​ចេញពី​តំណែង ដោយសារ​ការបំពាន​ក្រមសីលធម៌​របស់​សមាជិក​ព្រឹទ្ធសភា និង​គាំទ្រ​របប​មួយ ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មិន​គាំទ្រ។

គណៈ​និពន្ធ​នាយក​នៃ​សារព័ត៌មាន ឌឹ ស៊ីអាធល ថែមស៍ (the Seattle Times) នៃ​រដ្ឋ Washington State ចុះផ្សាយ​កាលពី​ថ្ងៃទី១៤ ខែ​សភា ក្នុងនាម​ជា​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​រដ្ឋ​មួយ​រូប ដែល​ពលរដ្ឋ​ក្នុង​ស្រុក​របស់​គាត់​បោះឆ្នោត​ឲ្យ គាត់​ត្រូវតែ​បម្រើ​រាស្ត្រ​ម្ចាស់​ឆ្នោត​ក្នុង​មណ្ឌល​គាត់ មិនមែន​បម្រើ​រដ្ឋាភិបាល​បរទេស​មួយ ដែល​រង​ការរិះគន់ និង​ថ្កោលទោស​ជុំ​ទិស​ថា ជា​របប​ដឹកនាំ​ផ្ដាច់ការ និង រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​បែបនេះ​នោះ​ទេ។

គណៈ​និពន្ធ​នាយក​ដដែល បន្ថែម​ថា មេដឹកនាំ​សហគមន៍​ខ្មែរ​នៅ​រដ្ឋ Washington State ខកចិត្ត​នឹង​លោក ដាហ្គ អេរ៉ិចសិន យ៉ាង​ខ្លាំង ដែល​បង្ហាញ​ជំហរ​គាំទ្រ​របប​លោក ហ៊ុន សែន ដែល​ជា​របប​មិន​ស្របច្បាប់​បែប​នេះ។

របប​លោក ហ៊ុន សែន ជួល​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​រដ្ឋ​របស់​អាមេរិក ពី​ខាង​គណបក្ស​សាធារណៈ នៅ​រដ្ឋ​វ៉ាស៊ីនតោន លោក ដាហ្គ អេរ៉ិចសិន ដើម្បី​ពិគ្រោះ​យោបល់ និង​ជា​ភ្នាក់ងារ​បញ្ចុះបញ្ចូល​មួយ​រូប ដើម្បី​របប​ក្រុងភ្នំពេញ។ លោក ដាហ្គ អេរ៉ិចសិន ស៊ីឈ្នួល​ឱ្យ​របប​លោក ហ៊ុន សែន នេះ ក្នុងនាម​ក្រុមហ៊ុន​មួយ​របស់​លោក​ឈ្មោះ ផែករិម ប្រ៊ិចជឹះស៍ (PacRim Bridges) ដែល​គិត​ថ្លៃ ៥០​ម៉ឺន (៥០០.០០០) ដុល្លារ​ក្នុង​មួយ​ឆ្នាំ ឬ ជាង ៤​ម៉ឺន​ដុល្លារ (៤១.៦៦៦ ដុល្លារ​) ក្នុង​មួយ​ខែ។

ពលរដ្ឋ​ខ្មែរ​អាមេរិក និង​ជា​អភិបាលរងក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត លោក នួន វាសនា ភ្ញាក់ផ្អើល​ដែល​របប​លោក ហ៊ុន សែន ចំណាយ​លុយ​កន្លះ​លាន​ដុល្លារ​មួយ​ឆ្នាំ ដើម្បី​ជួល​លោក ដាហ្គ អេរ៉ិចសិន ដែល​ជា​ការចាយវាយ​មិន​ចំណេញ​ដល់​ជាតិខ្មែរ​ទេ តែ​ចំណេញ​របប​នេះ ក្នុង​ការ​បំភ្លៃ​ព័ត៌មាន អំពី​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles