មន្ត្រី​បក្ស​ប្រឆាំង​ចំនួន ៥នាក់​បន្ថែម​ទៀត ចូល​ខ្លួន​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​

ដោយ ជុន ច័ន្ទបុត្រ
2019-05-17
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​បក្ស​ប្រឆាំង​ចំនួន ៥នាក់​បន្ថែម​ទៀត ក្នុង​នោះ មាន​លោក ថោង សារឿន (ពាក់​កម្រង​ផ្កា) មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ស្រុក​គាស់ក្រឡ ចូល​ខ្លួន​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី១៧ ឧសភា ឆ្នាំ២០១៩។ រូប៖ ពលរដ្ឋ
មន្ត្រី​បក្ស​ប្រឆាំង​ចំនួន ៥នាក់​បន្ថែម​ទៀត ក្នុង​នោះ មាន​លោក ថោង សារឿន (ពាក់​កម្រង​ផ្កា) មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ស្រុក​គាស់ក្រឡ ចូល​ខ្លួន​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី១៧ ឧសភា ឆ្នាំ២០១៩។ រូប៖ ពលរដ្ឋ


សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បាត់ដំបង​ចំនួន ៥នាក់​បន្ថែម​ទៀត​នៅ​ថ្ងៃ​ទី១៧ ឧសភា បាន​ចូល​ខ្លួន​បំភ្លឺ​តាម​ការ​កំណត់​​​របស់​តំណាង​អយ្យការ​​នៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ ដោយ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​នាក់​ឃ្លាំមើល​នៅ​ខាង​ក្រៅ​របង​តុលាការ​ដូច​ថ្ងៃ​មុនៗ ដែរ។

សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ស្រុក​គាស់ក្រឡ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ថោង សារឿន​ ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​១៧​ឧសភា​ថា​ មន្ត្រី​តុលាការ​ចំនួន​២នាក់​បាន​សាកសួរ​លោក​ជាង​១ម៉ោង អំពី​ការ​ជួប​ជុំ​គ្នា​ហូប​នំបញ្ចុក​នៅ​ផ្ទះ​របស់​លោក ជា ជីវ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បាត់ដំបង​កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ៖ «ហើយ​សួរ​ថា ខ្ញុំ​បាន​ទៅ​ចូល​ផ្ទះ​កញ្ញា ស៊ិន ចាន់ពៅ​រ៉ូហ្សេត ដែរ​ទេ? ខ្ញុំ​ថា ខ្ញុំ​អត់​ចូល​ទៅ​ទេ ហើយ​ក៏​មិន​បាន​ធ្វើ​ចលនា​អ្វី​ដែរ។ បើ​តាម​មើល ខ្ញុំ​គិត​ថា ដីកា​នេះ​ប្រហែល​គេ​បំភិតបំភ័យ​ពួក​ខ្ញុំ​ហើយ ដោយ​សារ​យើង​មើល​ទៅ​អ្នក​ដែល​ហូប​នំបញ្ចុក និង​អ្នក​លើក​ម្រាម​ដៃ​ស្អាត​នោះ គឺ​មិន​មាន​ពាក់​ព័ន្ធ​នឹង​សាលដីកា​របស់​តុលាការ​កំពូល​នោះ​ទេ»

លោក​បន្ត​ថា ពួកគាត់​ទាំង ៥នាក់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់​ហើយ បន្ទាប់​ពី​ចូល​បំភ្លឺ​តុលាការ​រួច​នៅ​ពី​រសៀល​ថ្ងៃ​ដដែល។

តំណាង​អយ្យការ​នៃ​សាលាដំបូង​ខេត្ត​បាត់ដំបង​លោក គឺ ប៊ុណ្ណារ៉ា​ បាន​កោះ​ហៅ​លោក​ ថោង សារឿន​ និង​មន្ត្រី​បក្ស​ប្រឆាំង ៤នាក់​ផ្សេង​ទៀត​ដែល​បាន​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី១៧ ឧសភា ដោយ​ចោទ​ប្រកាន់​ប្រឆាំង​សាលដីកា​តុលាការ​កំពូល​ រឿង​រំលាយ​គណបក្ស សង្គ្រោះ​ជាតិ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៧។

ប៉ុន្តែ​កន្លង​មក​មន្ត្រី​សង្គម​ស៊ីវិល​​និង​​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ហៅ​ដីកា​កោះ​នេះ​ថា ជា​អំពើ​គំរាមកំហែង​បំភិតបំភ័យ​ដល់​មន្ត្រី​បក្ស​ប្រឆាំង​ ដើម្បី​កុំ​ឱ្យ​ពួកគាត់​ធ្វើ​សកម្មភាព​នយោបាយ​គាំទ្រ​លោក សម រង្ស៊ី និង​ លោក កឹម សុខា បន្ត​ទៀត។

គិត​ត្រឹម​ថ្ងៃ​ទី១៧ ខែ​ឧសភា តំណាង​អយ្យការ​នៃ​សាលាដំបូង​ខេត្ត​បាត់ដំបង បាន​កោះ​ហៅ​មេឃុំ​ចៅសង្កាត់ ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ស្រុក ក្រុង និង​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង គណបក្ស សង្គ្រោះ​ជាតិ ឱ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​ចំនួន ៣៥នាក់​ហើយ ចាប់​តាំង​ពី​ថ្ងៃ​ទី៨ ឧសភា​មក ក្នុង​នោះ​មាន​ចៅសង្កាត់​អូរចារ​ជាប់​ឆ្នោត គឺ​កញ្ញា ស៊ិន ចាន់​ពៅរ៉ូហ្សេត និង​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ២២នាក់​ផ្សេង​ទៀត ដែល​បាន​ចូល​បំភ្លឺ​រួច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles