តុលាការ និងច្បាប់
|
https://vodhotnews.com
សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សពីរនាក់នៅក្រុមហ៊ុនមួយ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនដំណឹងថាការភ្ជាប់ឈ្មោះលោកថាជាអ្នកគាំទ្រមុខរបស់ក្រុមហ៊ុនខ្លួនជា«សន្តិសុខជាតិបន្ទាន់»។
កាលពីយប់មិញ លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថានៅពេលថ្មីៗនេះមានក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បានយករូបថតលោក និងឈ្មោះលោកទៅបង្ហោះនៅក្នុង Website របស់ខ្លួន និងថា លោកជាអ្នកគាំទ្រនិងចូលរួមសម្ពោធកាត់ខ្សែបូក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២០ ខែ ឧសភា២០១៩។
មេដឹកនំារូបនេះ បញ្ជាក់ថាមិនតែប៉ុណ្ណោះ ៖«ក្រុមហ៊ុននេះ បានយកឈ្មោះធនាគារជាតិនិងធនាគារចិននៅកម្ពុជាថាជាដៃគូទទួលខុសត្រូវក្នុងជំនួញដូរលុយក្នុងរូបភាពគ្រីបតូឃឺរិនស៊ី (Crypto Currency)។តាមព័ត៌មានពីស្ថានទូតឥណ្ឌូណេស៊ីនៅកម្ពុជាគឺបញ្ជាក់ថា GCG Asia ជាក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវហើយត្រូវបានដាក់ចូលក្នុង Blacklist»។
លោក ហ៊ុន សែន បដិសេធព័ត៌មាននេះ និងបញ្ជាទៅអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋ ស្រាវជ្រាវរកមុខជនខិលខូចយកមកផ្តន្ទាទោសតាមច្បាប់។
ក្រុមហ៊ុន GCG Asia ដាក់រូបលោក ហ៊ុន សែន ក្នុងបដារបស់ខ្លួនហើយផ្សព្វផ្សាយថា គាំទ្រ និងចូលរួមសម្ពោធ(រូបពីហ្វេសប៊ុក លោក ហ៊ុន សែន)
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹម ឃឿន ឱ្យVODដឹង នៅថ្ងៃសុក្រនេះថាសមត្ថកិច្ច បានចាត់វិធានការក្រុមហ៊ុននេះ ហើយ ប៉ុន្តែនៅពេលសួរថា តើពួកគេបានប្រព្រឹត្តបទល្មើសអ្វីបង្កដល់សន្តិសុខជាតិរបស់កម្ពុជា អ្នកនាំពាក្យរូបនេះសុំមិនទាន់ធ្វើអត្ថាធិប្បាយ ។
លោកថា៖«ជាបណ្តោះអាសន្នយើងបានបិទក្រុមហ៊ុនហ្នឹងហើយនាំខ្លួនមនុស្ស២នាក់មកសាកសួរ។ យើង កំពុងតែសាកសួរ មិនទាន់អាចបញ្ចាក់បានថាពួកគេប្រព្រឹត្តបទអីទេ»។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ អះអាងថាលោកមិនច្បាស់រឿងអាជ្ញាធរម៉ាឡេស៊ីដាក់ក្រុមហ៊ុននេះក្នុងបញ្ជីខ្មៅទេ ប៉ុន្តែថាមានក្រុមហ៊ុនមួយឈ្មោះដូចក្រុមហ៊ុនដែលសមត្ថកិច្ចកំពុងចាត់វិធានការ បានចុះបញ្ជីកាលពីឆ្នាំ២០១៦ តែថា ប្រធានក្រុមហ៊ុនមិនមែនជាជនបរទេសដូចសារព័ត៌មានចុះផ្សាយទេ។
លោកបន្តថា៖«ប៉ុន្តែឥឡូវខ្ញុំចែកនៅក្នុងក្រសួងពាណិជ្ជកម្មដែលចុះបញ្ជីក្រុមហ៊ុន GCG Asia Co., LTD ឈ្មោះ ដូចគ្នា ប៉ុន្តែ ជា ក្រុមហ៊ុន ខ្មែរ។ ឈ្មោះ ដូចគ្នា សុទ្ធ តែ ម្ចាស់ ខ្មែរ មិនមែន លោក យ៉េវ លោកយ៉ អីហ្នឹង ផង»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាសនី មានប្រសាសន៍ថា នៅកម្ពុជា មានក្រុមហ៊ុនជាច្រើនបានយករូបថតថ្នាក់ដឹកនាំឬថតជាមួយ យកទៅតាំងនៅកន្លែងធ្វើអាជីវកម្មរបស់ពួកគេ។
អ្នកឃ្លាំមើលរូបនេះ ផ្តល់ជាយោបល់ថា ឆ្លងតាមបទពិសោធនេះរដ្ឋាភិបាលគួរនិត្យឡើងវិញ ដើម្បីឱ្យប្រាកដថា ក្រុមហ៊ុនដទៃទៀត មិនយករូបថតថ្នាក់ដឹកនាំទៅបិទបាំងអំពើខុសច្បាប់។
បើតាមលោក មាស នី បង្ហាញការព្រួយបារម្ភថា ភាពធូរលុងនៃការផ្តល់អាជ្ញាប័ណ្ណនិងភាពខ្វះចន្លោះអនុវត្តច្បាប់ជាជម្រើសរបស់ក្រុមហ៊ុនខិលខូច កម្ពុជាធ្វើជាឈ្នាន់ដើម្បីបិទបាំងអំពើខុសច្បាប់របស់ពួកគេជ្រកក្រោមរូបភាពស្និទ្ធស្នាលជាមួយរដ្ឋាភិបាល។
តាមតារាងរាយនាមប្រធានក្រុមហ៊ុន GCG Asia លោក Dato Sri Dr DarrenYaw &; Madame បានឧបត្ថម្ភប្រាក់១០ម៉ឺនដុល្លារដល់កាកបាទក្រហមកម្ពុជាក្នុងពិធីប្រារព្វខួបនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ឧសភាឆ្នាំ២០១៩នេះ៕