ក្រសួង​ការ​បរទេស ​ស.រ.អា.​ បង្ហាញ​ក្តី​បារម្ភ​អំពី​ការ​គាប​សង្កត់​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ

អាមេរិក


សេចក្តី​ថ្លែង​ការណ៍​ក្រសួង​ការ​បរទេស​ស.រ.អា. មាន​ចំណង​ជើង​ថា  «មរណភាព​លោកទិត្យ រ៉ន​និង​ចំណាត់​ការ​ប្រឆាំង​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ»​ សម្តែង​ក្តី​បារម្ភ​ទាក់ទង​នឹង​រមណភាព​និង​គាបសង្កត់​​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ។


18 ឧសភា 2019
ពិន ស៊ីសុវណ្ណ
វីអូអេខ្មែរ

សេចក្តី​ថ្លែង​ការណ៍​ក្រសួង​ការ​បរទេស​ ស.រ.អា. មាន​ចំណង​ជើង​ថា  «មរណភាព​លោក ទិត្យ រ៉ន​ និង​ចំណាត់​ការ​ប្រឆាំង​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ»​ សម្តែង​ក្តី​បារម្ភ​ទាក់ទង​នឹង​មរណភាព​និង​គាបសង្កត់​​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​ ស.រ.អា.​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​សម្តែង​ក្តី​បារម្ភ​ទាក់ទង​នឹង​មរណ​ភាព​គួរ​ឲ្យ​អាណោច​អាធ័ម​របស់​លោក ​ទិត្យ រ៉ន ​អាយុ​៣៧​ឆ្នាំ​អតីត​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ដែលបាន​ស្លាប់ក្រោយ​ពី​ប៉ូលិស​ចាប់​ឃុំ​ឃាំង​មិនទាន់​បាន​៤៨​ម៉ោង​ផង។​

សេចក្តី​ថ្លែង​ការណ៍​ដែល​មាន​ចំណង​ជើង​ថា «មរណភាព​លោក ទិត្យ រ៉ន​ និង​ចំណាត់​ការ​ប្រឆាំង​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ» ​បាន​អំពាវនាវ​ឲ្យ​មានការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​និង​ជា​បន្ទាន់​ទាក់​ទង​នឹង​ការ​ចាប់​ខ្លួន​និង​ការ​ឃុំឃាំង​ដោយ​ប៉ូលិស​នៅ​ស្រុក​ស្ទឹងត្រង់ ​ខេត្ត​កំពង់ចាម​ដែល​ជា​ស្រុកកំណើត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន។​

ក្រសួង​ការ​បរទេស​ ស.រ.អា. បង្ហាញ​កង្វល់​និង​ការ​សោក​ស្តាយ​ទាក់ទង​នឹង​វិធាន​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​នឹង​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជិត​៧០​នាក់។ក្រសួង​ការ​បរទេស​ស.រ.អា.​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លោកហ៊ុន សែន​បញ្ឈប់​ការ​រឹត​បន្តឹង​ខាង​នយោបាយ​ ​និង​ដោះលែង​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​តាមអំពើចិត្តដោយ​ខុសច្បាប់រួម​មាន​លោក​ កឹម សុខា និង​សកម្មជន​ជាច្រើន​ទៀត​ រួមទាំង​អ្នក​ដែល​ត្រូវចាប់​ខ្លួន​ថ្មីៗនេះ ​ហើយស្តារ​សិទ្ធិ​មនុស្ស​ ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស​ឡើង​វិញ​ព្រមទាំង​គោរពច្បាប់​អន្តរជាតិ​ស្តីពី​សិទ្ធិ​មនុស្ស។​

កាលពី​ដើម​ខែ​នេះ ​លោក​ អ៊ាម ទិត្យ ​អាយុ​៦២​ឆ្នាំ អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​ឪពុក​លោក ​ទិត្យ រ៉ន​ បាន​អំពាវនាវ​ឱ្យ​អ្នកស្រី ​រ៉ូណា ស្មីត ​ជួយ​រក​យុត្តិធម៌​ដល់​កូន​លោក​របស់​លោក​ដែល​ស្លាប់​នៅ​ក្នុង​ការ​ឃុំឃាំង​របស់​ប៉ូលិស ​អំឡុង​ពេល​អ្នក​រាយ​ការណ៍​ពិសេស​របស់ ​អ.ស.ប. ​ផ្នែកសិទ្ធិ​មនុស្ស​ទៅទស្សនកិច្ចនៅ​ប្រទេស​កម្ពុជា។

កូន​របស់​លោក​ស្លាប់​ដោយ​អាថ៌កំបាំង ​ដោយ​បាក់ក​ ​ជាំ​ភ្នែក​និង​មាន​ស្នាម​ជាំ ពេញ​ខ្លួន។ វីដេអូ​អំពី​សាកសព​លោក​ ទិត្យ រ៉ន ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​លើទំព័រ​ហ្វេសប៊ុក​ដោយ​មាន​ការ​ចែករំលែក​យ៉ាង​ច្រើន។​

លោក​ ទិត្យ រ៉ន ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍ទួល​ព្រះឃ្លាំង​ ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់​ចាម​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី១៥ខែ​មេសា​ ស្រាប់តែ​នៅថ្ងៃ​ទី១៨​ខែ​មេសា​ខាង​ពន្ធនាគារ​បាន​ប្រាប់​ថា ​លោក​បាន​ស្លាប់​នៅ​ពន្ធនាគារ ​ស្រប​ពេល​កូន​របស់​លោក​គ្មានជំងឺ​អ្វី​សោះ​ពី​មុន​មក។

ទោះជា​យ៉ាង​ណា​ព្រះរាជ​អាជ្ញា​អមសាលា​ដំបូង​ខេត្ត​កំពង់ចាមបក​ស្រាយ​ថា ​លោក​ ទិត្យ រ៉ន​ ត្រូវ​ចាប់​ខ្លួន​ដោយសារ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ពីមុន។​ ហើយ​ លោក ​ទិត្យ រ៉ន ស្លាប់​ដោយ​សារ​ដួល​បោក​ក្បាល​ទៅនឹង​ជ្រុង​អាង​ទឹក​ក្នុង​បន្ទប់ឃុំ​ខ្លួន​បណ្តោះ​អាសន្ន។​

ទោះជា​យ៉ាងណាក្តី​ស្នាមជាំ​ពេញ​ខ្លួន​លោក ទិត្យ​ រ៉ន​ ទំនង​ជា​លទ្ធផល​នៃ​ការ​ធ្វើទារុណ​កម្មជាជាង​ការ​ដួល ​ព្រោះ​ថា ការ​ដួល​មិន​អាច​បង្ក​ស្នាម​ជាំ​ពេញ​ខ្លួន​ដូច្នេះ​ទេ៕​

What Next?

Recent Articles

Leave a Reply

Submit Comment