អាជ្ញាធរ​វៀតណាម កោះ​ហៅ​យុវជន​ម្នាក់ និង​អតីត​ព្រះចៅ​អធិការ​វត្ត​​ទៅ​​សួររឿង​ប្រើ​បណ្ដាញ​សង្គម​​ខុស​​ច្បាប់

ដោយ យន់ សាមៀន
2019-05-17
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

យុវជន​បង្ហោះ​រូប​ថត ក្នុង​បណ្ដាញ​សង្គម​ដោយ​ពាក់​អាវ​យឺត មាន​និមិត្ត​សញ្ញា ៧០ឆ្នាំ នៃ​ខួប​បាត់បង់​ទឹក​ដី​ខ្មែរ​កម្ពុជា។ រូបថត៖ ពលរដ្ឋ​ផ្ដល់​ឱ្យ
យុវជន​បង្ហោះ​រូប​ថត ក្នុង​បណ្ដាញ​សង្គម​ដោយ​ពាក់​អាវ​យឺត មាន​និមិត្ត​សញ្ញា ៧០ឆ្នាំ នៃ​ខួប​បាត់បង់​ទឹក​ដី​ខ្មែរ​កម្ពុជា។ រូបថត៖ ពលរដ្ឋ​ផ្ដល់​ឱ្យ


អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ព្រះត្រពាំង និង​ខេត្ត​ឃ្លាំង បាន​កោះ​ហៅ​យុវជន​ម្នាក់ និង​អតីត​ព្រះចៅ​អធិការ​វត្ត​ម្នាក់​ទៀត ទៅ​សាកសួរ ករណី​ដោយ​ឡែក​ពី​គ្នា ជុំវិញ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម ដោយ​អាជ្ញាធរ​វៀតណាម​ចាត់​ទុក​ថា ជា​ករណី​ខុស​ច្បាប់។

នៅ​ដើម​សប្ដាហ៍​នេះ អាជ្ញាធរ​វៀតណាម បាន​កោះ​ហៅ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ឈ្មោះ តូ វ៉ាងជឿង ដោយ​ចោទ​ប្រកាន់​ការ​បាន​បំពាន​ច្បាប់​ករណី​ប្រើប្រាស់​បណ្ដាញ​សង្គម (Facebook)។ ការ​កោះ​ហៅ​នេះ ក្រោយ​ពេល​ដែល​យុវជន តូ វ៉ាងជឿង បាន​បង្ហោះ​រូបភាព ពាក់​អាវ​យឺត ដែល​មាន​រូបភាព សញ្ញា ៧០ឆ្នាំ ជា​និមិត្តរូប នៃ​ខួប​បាត់បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​រយៈ​ពេល ៧០ឆ្នាំ ជាមួយ​នឹង​យុវជន​មួយ​ចំនួន​ផ្សេង​ទៀត។

ចំណែក​ករណី អតីត​ព្រះចៅ​អធិការ​វត្ត លោក លីវ នី វិញ អាជ្ញាធរ​ខេត្ត​វៀតណាម​បាន​កោះ​ហៅ​ឲ្យ​ទៅ​ជួប កាល​ពី​ថ្ងៃ​ទី១៤ ឧសភា ប៉ុន្តែ​មិន​បាន​បញ្ជាក់​មូលហេតុ​នោះ​ទេ គ្រាន់​តែ​ថា លោក​មាន​ពាក់ព័ន្ធ​ករណី​មួយ​ចំនួន។

អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​យុវជន តូ វ៉ាងជឿង និង​លោក លីវ នី ដើម្បី​សាកសួរ​ជុំវិញ​ការ​កោះ​ហៅ​របស់​អាជ្ញាធរ​វៀតណាម​បាន​នៅ​ឡើយ​ទេ។

លោក លីវ នី ធ្លាប់​ជាប់​ពន្ធនាគារ រយៈ​ពេល ៤ឆ្នាំ ដោយសារ​តែ​អាជ្ញាធរ​វៀតណាម​ចោទ​ថា បាន​ផ្ដល់​ព័ត៌មាន​ឲ្យ​អាស៊ី​សេរី និង​សមាគម​នៅ​បរទេស។

មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​ប្រសាសន៍​ថា ការ​ឃាត់​ខ្លួន​នេះ ដោយ​សារ​តែ​អាជ្ញាធរ​វៀតណាម​បារម្ភ​ថា ខ្មែរ​កម្ពុជា​ក្រោម​អាច​ងើប​ឡើង​បះបោរ តវ៉ា​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ខ្លួន នៅ​លើ​ទឹក​ដី​កំណើត​នៅ​ខ្មែរ​កម្ពុជា​ក្រោម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment